សង្គមស៊ីវិល​ថា ​ចំណាត់ការ​លើ​អធិការ​ប៉ូលិស​ម្នាក់​នៅខេត្តបាត់ដំបង​មិនអាច​ទប់ស្កាត់​មេខ្យល់​បានទេ​

ដោយ មួង ណារ៉េត
2021.02.16
សង្គមស៊ីវិល​ថា ​ចំណាត់ការ​លើ​អធិការ​ប៉ូលិស​ម្នាក់​នៅខេត្តបាត់ដំបង​មិនអាច​ទប់ស្កាត់​មេខ្យល់​បានទេ​ (កណ្តាល) លោក គឹម ពន្លក​ អតីតអធិការស្រុកកំរៀងខេត្តបាត់ដំបង។
រូប៖ ប្រភពទំព័រហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។

មន្ត្រី​អង្គការ​សង្គមស៊ីវិល ចាត់ទុក​វិធានការ​របស់​លោកហ៊ុន សែន​នេះ​ ថា​ជាការធ្វើឱ្យល្អមើល​ច្រើន​ជាង​ការយក​ចិត្តទុកដាក់​ដល់​សង្គមជាតិ និង​សេចក្ដីសុខ​របស់​ប្រជាពលរដ្ឋ

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ​ប្រាប់​អាស៊ីសេរី​នៅព្រឹក​ថ្ងៃទី១៦​ ខែកុម្ភៈ ​ឆ្នាំ២០២១​ថា​ ប៉ូលិស​និង​ទាហាន​ប្រចាំការ​នៅតំបន់ព្រំដែន​ជាប់ប្រទេសថៃ​ភាគច្រើន​ប្រព្រឹត្ត​អំពើពុករលួយ​ពាក់ព័ន្ធនឹងការនាំ​ពលករឆ្លងដែន​ខុសច្បាប់​លោកបញ្ជាក់​ថា​ បញ្ហានេះ​កើតមាន​ជាច្រើន​ឆ្នាំមកហើយ ហើយពុំមាន​អាជ្ញាធរ​ណាចាត់​វិធានការ​បាននោះដែរ​ លោកថា ប្រសិន​បើ​កងកម្លាំង​ទាំង​នោះ ​អនុវត្តច្បាប់​បាន​ត្រឹមត្រូវ​ នោះ​ក្រុមមេខ្យល់​នឹងមិនអាច​លួចនាំ​ពលករ​ឆ្លងដែន​បានឡើយ​៖ «អ៊‍ីចឹងទេ ​យើងគួរតែមើល​ហេដ្ឋារចនាសម្ព័ន្ធ​របស់ប្រព័ន្ធ​និង​ក្រុមជន​ពុករលួយ​ទាំង​អស់​ហ្នឹង​ព្រោះអី​វាមាន​មេមានកើយ​មិនមែន​មានតែម្នាក់​ហ្នឹងទេ ​គេមាន​បណ្ដាញ​របស់​គេរដ្ឋាភិបាល​លោកដឹងហើយ​គ្រាន់តែថា​ ការចាត់​វិធានការណ៍​ហ្នឹងច្រើនតែ​ប៉ះសាច់ឯង ​បើសាច់ស្អុយ​ហើយគួរតែកាត់​បោះចោល​ឱ្យអស់ទៅ​កុំឱ្យវាកើត​មហារីកបន្តទៀត​វាបំផ្លាញ​សង្គមជាតិ​ច្រើន បំផ្លាញ​ផលប្រយោជន៍​និង​អាយុជីវិត​របស់ប្រជាពលរដ្ឋ​ច្រើនមែនទែន​ពាក់ព័ន្ធអំពើ​ពុករលួយ​ដែល​បណ្ដោយ​ឱ្យពលករ​ចេញ​ខុស​ច្បាប់​ហ្នឹង»

ស្រដៀង​គ្នានេះដែរ​ មន្ត្រីសម្របសម្រួល​សមាគមការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc)​បាត់ដំបង លោក យិន ម៉េងលី យល់ថា ការដកតំណែង​អធិការនគរបាលស្រុក​កំរៀង​លោក គឹម ពន្លក មិនទាន់​គ្រប់គ្រាន់​នោះទេ​ ពីព្រោះ​រឿងនេះ ​អាចមាន​មន្ត្រីពាក់ព័ន្ធ​ជាច្រើននាក់​ទៀត​ ទើប​បណ្ដាល​ឱ្យពលករ​អាចលួចឆ្លងដែន​ចេញ និង​ចូលកម្ពុជា​បាន​ បន្ថែមពីនេះ រដ្ឋាភិបាល​គួរតែចាត់វិធានការ​លើមន្ត្រី​ខិលខូចទាំងនោះ​ឱ្យបាន​ធ្ងន់ធ្ងរ​តាមច្បាប់ ​បន្ទាប់ពី​ដកស័ក្តិពួកគាត់ ​ដើម្បី​កុំឱ្យមន្ត្រី​ព្រំដែន​បណ្ដែត​បណ្ដោយ​ឱ្យពលករ​លួចឆ្លងដែន​តាមអំពើចិត្តទៀត​៖ «មេខ្យល់​គឺជាមនុស្ស​ម្នាក់ ​ឬជា​មនុស្ស​មួយ​ក្រុម​ដែលគេ​ស្គាល់ច្រក​របៀង​ច្បាស់លាស់ ហើយ​ច្រក​របៀងបើ​តាមខ្ញុំដឹង​គឺមានកម្លាំង​នគរបាល ​និងទាហាន​ព្រំដែន​ប្រចាំការ អីចឹង​កាលណា​ឆ្លងកាត់​ច្រករបៀង​ត្រូវឆ្លងកាត់​មន្ត្រី​ទាំង​អស់​ហ្នឹង​អីចឹង​បានយើង​ចង់ឱ្យមានការ​រឹតបន្តឹង​ទៅលើ​មន្ត្រីទាំងអស់​ហ្នឹងថែមទៀត​ ដើម្បី​ធានា​ថា​មិនមាន​នរណាម្នាក់​ដែលឆ្លងកាត់​ច្រករបៀងបាន​ដោយមិនមានការ​ធ្វើចត្តាឡឺស័ក​នោះ​»

ប្រតិកម្ម​របស់​មន្ត្រីសង្គមស៊ីវិល​នេះ ធ្វើឡើង​ក្រោយពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​អធិការនគរបាល​ស្រុកកំរៀង​លោក គឹម ពន្លក បន្ទាប់ពី​អាជ្ញាធរ​បាន​រក​ឃើញ​ថា ​លោកបាន​ដោះលែង​មេខ្យល់​ជាច្រើន​នាក់ ​ដែលលួចនាំ​ពលករឆ្លងដែន​ចូលមក​កម្ពុជា​ដោយ​ខុស​ច្បាប់​អំឡុងពេល​មានការ​រាតត្បាត​ជំងឺកូវីដ​-​១៩ ​នៅប្រទេស​ថៃ​លើកទី​២​។ តាមដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​របស់​ចៅក្រមស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​កាលពីថ្ងៃទី១២ ខែកុម្ភៈ លោក គឹម ពន្លក វ័យ ៤៦ឆ្នាំរូបនេះ​ត្រូវបាន​បង្គាប់​ឲ្យនាំយកទៅឃុំខ្លួន​នៅពន្ធនាគារ​ខេត្តនេះ​ពីបទនាំពលករឆ្លង​ដែនមិនស្របច្បាប់

មួយថ្ងៃក្រោយ​ការដកតំណែង​មេប៉ូលិសស័ក្តិ៥រូបនេះ ​អាជ្ញាធរខេត្តជាប់​ព្រំដែន​ប្រទេស​ថៃ​ ដូចជា​នៅខេត្តប៉ៃលិន​ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ឧត្ដរមានជ័យ​ជាដើម​ បានដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នាក់​ យាមការពារ​យ៉ាងតឹងតែង​នៅតំបន់ព្រំដែន​ដើម្បី​ទប់ស្កាត់​ពលករ​ខ្មែរ​លួចឆ្លងដែន​​ទៅលេង​ស្រុកកំណើត​ដោយមិន​បាន​ធ្វើចត្តាឡឺស័ក​ចំនួន​១៤​ថ្ងៃ។

ចាប់​តាំង​ពី​ចុង​ឆ្នាំ២០២០​ដល់​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ​មានពលករខ្មែរ​ជាង ​៣ម៉ឺន៥ពាន់នាក់​ហើយ (៣៥,៦៦៥) ​ដែលបាន​ត្រឡប់​មកពីធ្វើការ​នៅ​ថៃ ដោយ​សារការ​រាតត្បាត​ជំងឺកូវីដ១៩​លើកទី​២​នៅក្នុង​ប្រទេសនោះ ​ហើយ​ពួកគាត់​ពុំមានការងារ​ធ្វើដូចមុន​ ក្នុងនោះ​ក្រសួង​សុខាភិបាល​រក​ឃើញ​ពលករខ្មែរ​ចំនួន​ ៨៩នាក់ ​បានឆ្លង​ជំងឺកូវីដ​-​១៩ ​ពេលត្រឡប់​ពី​ប្រទេសថៃ​មកវិញ​ ពលករ​ខ្មែរ​​ជិត ១៦០នាក់​ទៀត​ ត្រូវបាន​ក្រសួង​សុខាភិបាលថៃ​រកឃើញ​ថា​ មានផ្ទុកជំងឺ​នេះ​នៅ​ប្រទេស​ថៃ កាលពី​ខែមករា

ពលករខ្មែរ​នៅក្នុង​ប្រទេសថៃ​ភាគច្រើន ​ជាពិសេស​អ្នកធ្វើការ​ខុសច្បាប់​កំពុង​ជួបវិបត្តិទ្វេដង​ ពោលគឺ​នៅក្នុង​ប្រទេសថៃ​ក៏អត់ការងារធ្វើ​ដោយសារ​ការរាតត្បាត​​នៃ​ជំងឺកូវីដ​ ត្រឡប់​មកកម្ពុជា​វិញក៏​មាន​បញ្ហា​មន្ត្រីសង្គមស៊ីវិល​ឱ្យដឹងថា ​ការលួចឆ្លងដែន​អំឡុងពេលនេះ ​ជាការប្រថុយ​ប្រថាន​នឹង​គ្រោះ​ថ្នាក់​ច្រើនជាង​​ពេលមុនៗ ​ដូចជា​ប្រឈម​នឹង​អាជ្ញាធរថៃ​ចាប់ខ្លួន​ ដើរជាន់គ្រាប់មីន​ផ្ទុះស្លាប់​ និង​ជំងឺ​កូវីដ​ចម្លង​ចូលក្នុង​សហគមន៍​ជាដើម ​ប្រសិនបើ​ពួកគាត់​មិនបាន​ធ្វើចត្តាឡឺស័ក​ចំនួន​១៤​ថ្ងៃ មុន​នឹង​ត្រឡប់ទៅ​ស្រុកកំណើត​នោះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។