លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បញ្ជាឱ្យអាជ្ញាធរទាំងអស់បង្កើនការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ស្របពេលដែលក្រុមមេក្លោងផលិតគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណមាស កំពុងរកវិធីនាំគ្រឿងញៀនចេញ ដោយឆ្លងកាត់ប្រទេសមួយចំនួន ក្នុងនោះក៏រួមមានកម្ពុជាផងដែរ ដើម្បីយកទៅលក់នៅលើទីផ្សារអន្តរជាតិ ។ សង្គមស៊ីវិលយល់ ថារដ្ឋាភិបាល ចេញតែបទបញ្ជា តែខ្វះការអនុវត្តជាក់ស្ដែង ដែលជាហេតុបណ្ដាលឲ្យការអនុវត្តគ្មានប្រសិទ្ធភាព។
មន្ត្រីជាន់ខ្ពស់នគរបាលជាតិអះអាងថា ការចេញសារាចរ ឲ្យទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀននេះ ដោយសាររដ្ឋាភិបាល រកឃើញថា ក្រុមផលិតគ្រឿងញៀន នៅតំបន់ត្រីកោណមាសត្រួតគ្នាលើភ្នំរវាងព្រំដែន ថៃ ឡាវ និងមីយ៉ាន់ម៉ា កំពុងចាល់គ្រឿងញៀន ព្រោះការផលិតក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ (Covid-19) មិនអាចនាំចេញទៅលក់នៅបរទេសបាន។
អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៨ វិច្ឆិកា ថា ការចាប់បានគ្រឿងញៀនទ្រង់ទ្រាយធំ មានទម្ងន់ជាច្រើនគីឡូក្រាម នៅពេលថ្មីៗនេះ គឺជាសញ្ញានៃការនាំចេញគ្រឿងញៀន ឆ្លងកាត់កម្ពុជា យកទៅលក់នៅប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ។ លោកបញ្ជាក់ថា ក្រុមដឹកជញ្ជូនគ្រឿងញៀន បានប្ដូររូបភាព ពីការដឹកតាមផ្លូវអាកាស មកដឹកតាមផ្លូវគោក និងផ្លូវទឹកវិញ ព្រោះតែមានវិបត្តិជំងឺកូវីដ-១៩ ។ លោក ឲ្យដឹងទៀតថា ក្រុមផលិតគ្រឿងញៀនខ្លះ មានអង្គការចាត់តាំង និងមានកងកម្លាំងប្រដាប់អាវុធ ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំង ដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យអស់។
មន្ត្រីប៉ូលិសជាន់ខ្ពស់រូបនេះ ព្រមានថា អាជ្ញាធរ នឹងលែងអប់រំមន្ត្រីក្នុងជួរកងកម្លាំងណា ដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនទៀតហើយ ក្នុងករណីបើរកឃើញមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន អាជ្ញាធរនឹងបញ្ជូនពួកគេទៅតុលាការតែម្ដង៖ «អាអ្នកផលិត វាផលិតបានច្រើន វាពិបាកលក់ចេញ ។ អ៊ីចឹង ! វាស្ទុះស្ទា ព្រោះថាអាហ្នឹង តែផលិតបាន វាមិនអាចហូបបានដូចស្រូវឯណា ។ អ៊ីចឹង ! វាត្រូវតែលក់ចេញ ។ ហេតុអ្វីបានវាផលិត ព្រោះទីផ្សារ ដើមទី កណ្ដាលទី ចុងទី ។ យើងហ្នឹង កណ្ដាលទី ហើយចុងនៅតាមបណ្ដាប្រទេសធំៗ ដូចនៅអាមេរិក នៅអឺរ៉ុប បណ្ដាប្រទេសជឿនលឿនមួយចំនួន ។ ប្រទេសទាំងអស់វាត្រូវការសម្បើមណាស់ ហើយអ្នកប្រើប្រាស់ត្រូវការសម្បើមណាស់ដែរ ។ វាប្រឹងលក់ ដើម្បីបានចំណេញ ។ ឧទាហរណ៍ថា អំហ្វេតាមីន វាផលិត១០០គីឡូ ចំណាយអត់ដល់១០០ដុល្លារផងហ្នឹង ។ វាឆ្លងកាត់យើង នាំចេញទៅអាមេរិក រាប់ម៉ឺនដុល្លារ ១លានដុល្លារ ឯណោះ ក្នុងមួយគីឡូ ។ អ៊ីចឹង ! បានថាការងារហ្នឹង យើងនៅតែប្រឹងប្រែង»។
កាលពីថ្ងៃទី១៦ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរ ណែនាំឲ្យពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការនៃការផលិត ចរាចរណ៍ និងដឹកជញ្ជូនគ្រឿងញៀន លើសកលលោក បន្តកើនឡើង ដោយគ្មានការថយចុះ។
ជាពិសេសការផលិតអាភៀន មួយភាគធំ ត្រូវបានប្ដូរមកផលិតគ្រឿងញៀនសំយោគ ដែលប្រភេទសារធាតុញៀនទាំងនេះ ងាយស្រួលក្នុងការផលិត កែច្នៃ ងាយរក សារធាតុគីមីផ្សំ និងឧបករណ៍ផលិត ព្រមទាំងមិនរើសភូមិសាស្ត្រ ឬទីតាំងផលិត។
ក្រៅពីនេះ រដ្ឋាភិបាលទទួលស្គាល់ថា សកម្មភាពលបលួចដឹកជញ្ជូនគ្រឿងញៀននាំចូលក្នុងប្រទេសកម្ពុជា នៅតែកើតមានឡើងជាបន្តបន្ទាប់ និងមានរូបភាពកាន់តែធំ ហើយការជួញដូរ និងការប្រើប្រាស់សារធាតុញៀន ក៏កំពុងរីករាលដាលដល់តំបន់ជនបទមួយចំនួនដែរ។
នេះគឺជាសារាចរ យុទ្ធនាការថ្នាក់ជាតិ លើកទី៥ហើយ របស់រដ្ឋាភិបាល ក្នុងការបង្ក្រាប និងទប់ស្កាត់ ការជួញដូរគ្រឿងញៀន ។ ប៉ុន្តែសង្គមស៊ីវិល សង្កេតឃើញថា សារាចរកន្លងមក មិនមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់គ្រឿងញៀនទេ ផ្ទុយទៅវិញ គ្រឿងញៀន កំពុងរីករាលដាលទៅដល់តាមភូមិស្រុក និងទីជនបទ យ៉ាងច្រើនទៅវិញ។
តំណាងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងជាគ្រូបង្រៀន នៅខេត្តតាកែវ លោក មាស ម៉ុង ឲ្យដឹងថា គ្រឿងញៀន បានរីកសាយកាន់តែខ្លាំង នៅតាមជនបទ បណ្ដាលឲ្យសិស្ស និង យុវជន តាមភូមិខ្លះ នាំគ្នាសេពគ្រឿងញៀន ហើយបោះបង់ការសិក្សា។
លោកយល់ថា កត្តាដែលឲ្យធ្វើការអនុវត្តសារាចររបស់រដ្ឋាភិបាល មិនមានប្រសិទ្ធភាព ដោយសារមន្ត្រីមានមុខងារបង្ក្រាបគ្រឿងញៀន គឺជាឈ្មួញរកស៊ីគ្រឿងញៀនផ្ទាល់តែម្ដង ឬទទួលបានផលប្រយោជន៍ពីជនល្មើស ទើបមិនអាចចាប់មេក្លោងគ្រឿងញៀនធំៗបាន៖ «ការអនុវត្តវាអាចទាក់ទងនឹងរឿងផ្ទៃក្នុង អីផង ។ កន្លងមក យើងដឹងហើយថា គេធ្លាប់ចាប់បានមន្ត្រីធំៗមានអំណាច អ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀនហ្នឹង ។ ជាក់ស្ដែង នៅខេត្តតាកែវ កាលពីប៉ុន្មានខែមុននោះ ប្រធានការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ប៉េអិមខេត្តហ្នឹង ជាអ្នកជួញគ្រឿងញៀនតែម្ដង ។ អ៊ីចឹង ! យើងសួរថា ប្រសិទ្ធភាពការអនុវត្តច្បាប់វានៅកន្លែងណា ។ អ្នកទទួលខុសត្រូវរឿងហ្នឹង ជាប្រព្រឹត្ត អ៊ីចឹងអ្នកណាជាអ្នកទទួលខុសត្រូវ»។
រយៈពេល ៩ខែ ឆ្នាំ២០២០ សមត្ថកិច្ច បង្ក្រាបគ្រឿងញៀន បានជិតប្រាំបីពាន់ (៧ ៨០០)ករណី ចាប់បានគ្រឿងញៀនជាងប្រាំពីររយ (៧៥៣)គីឡូក្រាម និងជនសង្ស័យ ជាងមួយម៉ឺន ប្រាំពាន់ (១៥ ៩១៥)នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។