អគ្គិសនីកម្ពុជា ទើបបានចេញផ្សាយសេចក្ដីបំភ្លឺមួយជុំវិញចម្ងល់របស់សាធារណជន បន្ទាប់ពីមានការរអ៊ូរទាំពីសំណាក់សាធារណជនមួយចំនួន ជុំវិញភាពមិនប្រក្រតីនៃនាឡិកាស្ទង់អគ្គិសនី។
ឆ្លើយតបនឹងការចោទប្រកាន់របស់សាធារណជនមួយចំនួន ដែលថាអគ្គិសនីកម្ពុជា កែច្នៃនាឡិកាស្ទង់ដើម្បីកេងប្រវ័ញ្ចពីអតិថិជន អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី៧ កក្កដា បកស្រាយជុំវិញការចោទប្រកាន់ទាំងនេះ។
ក្នុងសេចក្ដីជូនដំណឹងនោះ អគ្គិសនីកម្ពុជា អះអាងថា អង្គភាពរបស់ខ្លួនមិនមានគោលការណ៍ណាមួយកេងប្រវ័ញ្ចពីអតិថិជននោះទេ ក្នុងនាមជាក្រុមហ៊ុនរបស់រដ្ឋ ១០០%។ លិខិតនោះបញ្ជាក់ថា គ្រប់នាឡិកាស្ទង់ទាំងអស់សុទ្ធតែមានប្លុមបេពីរោងចក្រផលិតពីក្រៅប្រទេស និងមិនត្រូវបានកែសម្រួលដោយអគ្គិសនីកម្ពុជា នោះទេ។ ការផ្គត់ផ្គង់នាឡិកាស្ទង់ទាំងអស់ អគ្គិសនីកម្ពុជា អះអាងថា បានឆ្លងកាត់ការដេញថ្លៃប្រកបដោយតម្លាភាព។
ចំពោះមន្ទិលសង្ស័យទាំងឡាយណាដែលអតិថិជនមាន អគ្គិសនីកម្ពុជា ជំរុញឲ្យទាក់ទងទៅអង្គភាពខ្លួនតាមរយៈលេខទូរស័ព្ទដែលមាននៅលើវិក្កយបត្រប្រចាំខែ ឬមកជួបមន្ត្រីអគ្គិសនីកម្ពុជា ដោយផ្ទាល់។ ក៏ប៉ុន្តែជាក់ស្តែង អតិថិជនដែលបានទៅជួបភ្នាក់ងាររបស់អគ្គិសនីកម្ពុជា ផ្ទាល់ បានឲ្យដឹងថា មន្ត្រីទាំងនោះតែងសម្ដែងអាកប្បកិរិយាមិនសមរម្យចំពោះអតិថិជន ព្រមទាំងតម្រូវឲ្យអតិថិជនដែលជួបបញ្ហានោះ បង់កម្រៃ ១ម៉ឺនរៀលបន្ថែមទៀតសម្រាប់ថ្លៃចុះត្រួតពិនិត្យ។
រស់នៅក្នុងបុរី ប៉េង ហួត ម្ដុំបឹងស្នោ អ្នកស្រី ធីតា ជាអតិថិជនអគ្គិសនីកម្ពុជា មួយរូប ទើបតែជួបប្រទះបញ្ហាបរិមាណគីឡូវ៉ាត់នៃអគ្គិសនីកើនឡើងខុសប្រក្រតីនេះ។ អ្នកស្រីរៀបរាប់ថា អគ្គិសនីកម្ពុជា គួរតែមានការទទួលខុសត្រូវឲ្យបានប្រសើរជាងនេះ ក្នុងការដោះស្រាយបញ្ហាជូនអតិថិជន៖ «យើងព្យាយាមទាក់ទងទៅគាត់តាមលេខទូរស័ព្ទដែលគាត់ដាក់នៅលើវិក្កយបត្រភ្លើងហ្នឹង ប៉ុន្តែគាត់នៅតែព្យាយាមថាឲ្យយើងហ្នឹងទៅដល់កន្លែងគេ គេមិនអាចធ្វើអីឲ្យយើងបាន លុះត្រាតែយើងទៅបំពេញទម្រង់បែបបទឲ្យគេ បានគេអាចចុះទៅបាន ហើយខ្ញុំក៏ថា គួរណាស់តែមានការសម្រួលដល់ប្រជាពលរដ្ឋផង ព្រោះថា ប្រជាពលរដ្ឋរវល់រកស៊ីដែរ ធ្វើការដែរ។ អ៊ីចឹងគួរតែនៅពេលដែលយើង complain (តវ៉ា) តាមទូរស័ព្ទអី គួរតែចុះទៅមើលចុះទៅអី ចាំបាច់យើងទៅដល់កន្លែងចំណាយពេលទៅដល់កន្លែងហើយ ត្រូវបំពេញបែបបទអីអ៊ីចឹងទៀត វាធ្វើឲ្យនីតិវិធីវាស្មុគស្មាញ»។
បញ្ហាអគ្គិសនីដែល អ្នកស្រី ធីតា បានជួបប្រទះ គឺមិនខុសពីបទពិសោធន៍របស់អតិថិជនមួយចំនួនទៀតនោះទេ គឺបរិមាណអគ្គិសនីដែលអ្នកស្រីប្រើប្រាស់កើនឡើងទ្វេដង ថ្វីបើទម្លាប់ប្រើប្រាស់ជាក់ស្តែងនៅគេហដ្ឋានអ្នកស្រី មិនមានការប្រែប្រួលធំដុំក៏ដោយ៖ «ភ្លើងហ្នឹងនៅពេលដែលយើងប្រើ ចូលទៅនៅដំបូងៗ ពីរបីខែដំបូងហ្នឹង គឺវាអស់មិនដល់ ២០ម៉ឺន ថា ២០ម៉ឺនចុះ វាក្បែរៗ ២០ម៉ឺន វាចេះតែឡើងបន្តិចម្ដងៗរហូតដល់ ៣០ម៉ឺន។ អ៊ីចឹងយើងគិតថា បើវាឡើងតិចតួច វាអត់បញ្ហាអីទេ ប៉ុន្តែមកដល់ខែបួន ស្រាប់តែវាឡើងដល់គុណនឹងពីរ។ យើងមានការភ្ញាក់ផ្អើលដែរ ព្រោះការប្រើប្រាស់ភ្លើងហ្នឹង គឺយើងប្រើប្រាស់ដដែល»។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក (facebook) ឯណោះវិញ គេសង្កេតមានការបញ្ចេញកំហឹង និងចម្ងល់ជាហូរហែពីសំណាក់អតិថិជនដែលជួបប្រទះកំណើនមិនប្រក្រតីនេះ។
ជាក់ស្ដែង អតិថិជនអគ្គិសនីកម្ពុជា មួយរូប បានបង្ហោះរូបវិក្កយបត្រអគ្គិសនីខែចាស់ និងខែថ្មីរបស់ខ្លួនដាក់ប្រៀបធៀបគ្នា ហើយសរសេរថា «ខែមុនអស់ ៩២.០០០រៀល ស្រាប់តែខែនេះអស់ដល់ ១៨៨.១០០រៀល ខុសគ្នា ២ដង ផ្ទះមានមនុស្សតែ ២សោះ។ ចង់សួរថា EDC ធ្វើការយ៉ាងម៉េច? ចង់សម្លាប់ប្រជាជនមែនទេ?»។
ស្រដៀងគ្នានេះ មន្ត្រីរាជការមួយរូបបម្រើការនៅក្រសួងមហាផ្ទៃ ដែលជួបបញ្ហានេះដែរ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា «បានទៅពិនិត្យមើលហើយ ប៉ុន្តែនៅតែឆ្ងល់។ អ្នកបច្ចេកទេសប្រាប់ថា មានមូលហេតុពីរយ៉ាង ទី១ គឺអាកាសធាតុឡើងកម្ដៅ។ ទី២ គឺឧបករណ៍ប្រើប្រាស់កាន់តែចាស់។ ខ្ញុំគិតមុនគាត់និយាយ ថានឹងទទួលបានចម្លើយអ៊ីចឹង។ បងប្អូនណាដឹងថាត្រូវធ្វើម៉េចទេ?»។
ទាក់ទងនឹងការបញ្ចេញមតិនៅលើបណ្ដាញហ្វេសប៊ុកអំពីបញ្ហាអគ្គិសនីនេះ អង្គភាពអគ្គិសនីកម្ពុជា តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន ចាត់ទុកការចុះផ្សាយតាមប្រព័ន្ធព័ត៌មានសង្គម ថាមិនមែនជាដំណោះស្រាយទេ ដោយសារភ្នាក់ងារអគ្គិសនីមិនអាចទទួលបានព័ត៌មានស្ដីពីបញ្ហារបស់សាធារណជន។ លិខិតជូនដំណឹងនោះ ក៏លើកឡើងដែរថា ការចោទប្រកាន់មួយចំនួនគ្មានមូលដ្ឋានត្រឹមត្រូវ ដែលអាចធ្វើឲ្យសាធារណជនប្រឈមមុខនឹងការទទួលខុសត្រូវចំពោះមុខច្បាប់។
ជុំវិញការបកស្រាយរបស់អគ្គិសនីកម្ពុជា នេះ អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ យល់ថា ភាពមិនប្រក្រតីពិតជាកើតមាន ហើយថាអគ្គិសនីកម្ពុជា គួរតែស្វែងរកដំណោះស្រាយពិតប្រាកដចំពោះភាពមិនប្រក្រតីដែលកើតមានជូនអតិថិជន៖ «បើសិនជាវាមិនមានភាពមិនប្រក្រតីនៃកុងទ័រណាមួយនោះ កុងទ័រភ្លើងវាមិនដើររហូតដល់ប្រជាពលរដ្ឋភ័យព្រួយបារម្ភពីការខាតបង់ផលប្រយោជន៍របស់គេទេ។ អ៊ីចឹងពិតជាមានភាពមិនប្រក្រតីណាមួយហើយ ដូចជារឿងគុណភាពអន់ៗនៃកុងទ័រដែលវាមិនអាចធានាបានជាមួយនឹងការបែងចែកភ្លើងហ្នឹង ធ្វើឲ្យវាមានភាពមិនប្រក្រតី។ ហើយការលើកឡើងរបស់មេអឺដេសេ (EDC) ហ្នឹង វាគ្រាន់តែជាការលុបលាងក្ដីអាម៉ាស់របស់ពួកគេតែប៉ុណ្ណោះ។ រឿងដែលសំខាន់ ត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋ ត្រូវទូទាត់ការខូចខាតរបស់ប្រជាពលរដ្ឋ ជាជាងការថ្លែងការពារខ្លួនបែបនេះ»។
សេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នេះ បញ្ជាក់ថា ក្នុងករណីដែលអតិថិជនពុំអស់ចិត្តចំពោះដំណោះស្រាយរបស់អគ្គិសនីកម្ពុជា ពួកគាត់អាចស្នើសុំអាជ្ញាកណ្ដាល គឺអាជ្ញាធរអគ្គិសនីកម្ពុជា ឲ្យពិនិត្យនាឡិកាស្ទង់ដោយឯករាជ្យ។
អគ្គិសនីកម្ពុជា ឲ្យដឹងថា បច្ចុប្បន្នអង្គភាពខ្លួនកំពុងស្នើសុំជំនួយបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា ចៃកា (JICA) ឲ្យជួយបង្កើតមជ្ឈមណ្ឌលពិនិត្យនាឡិកាស្ទង់ឯករាជ្យថ្នាក់ជាតិមួយ ហើយថា ចៃកា កំពុងពិនិត្យសំណើនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។