សង្គម​ស៊ីវិល​រៀបចំ​វេទិកា​ស្ដីពី​ការ​លើក​កម្ពស់​តម្លាភាព​និង​គណនេយ្យ​ភាព​នៅ​សាលា​រៀន

ដោយ សូត សុខប្រាថ្នា
2014.12.31
ជួយ​មើល​សាលា​រៀន ៦២០ អាវ​សរសេរ​ឈ្មោះ​គម្រោង​ជួយ​មើល​សាលា​រៀន។ រូបថត​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤
RFA/Saut Sokprathna

វេទិកា​ស្ដីពី​គម្រោង​ត្រួត​ពិនិត្យ​សាលា​រៀន​នៅ​ខេត្ត​កំពង់ចាម ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​៣០ ធ្នូ គឺ​ដើម្បី​ផ្តល់​ឱកាស​សម្រាប់​អ្នក​ពាក់ព័ន្ធ និង​អ្នក​ទទួល​ផល​ប្រយោជន៍​ពី​វិស័យ​អប់រំ អាច​បញ្ចេញ​នូវ​មតិ ឬ​សេចក្តី​ត្រូវ​ការ​របស់​ខ្លួន សម្រាប់​រួម​ចំណែក​លើក​កម្ពស់​វិស័យ​អប់រំ​ឲ្យ​បាន​ប្រសើរ​ឡើង។

វេទិកា​ដែល​មាន​អ្នក​ចូលរួម ១៣០​នាក់ ក្រោម​ការ​រៀបចំ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន គឺ​ដើម្បី​ឲ្យ​អ្នក​ចូលរួម​ទាំងអស់ អាច​យល់​ដឹង​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា រួម​មាន​ទូរស័ព្ទ ឬ​ការ​ផ្ញើ​សារ​ជា​សំឡេង និង​បណ្ដាញ​សង្គម​ផ្សេងៗ​ក្រោម​គម្រោង​ឈ្មោះ​ថា ជួយ​មើល​សាលា​រៀន ឬ​ហៅ​ថា​ឆែក​ម៉ាយស្កូល (Check My School) គឺ​ដើម្បី​ជា​ប្រយោជន៍​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​នូវ​បញ្ហា​ផ្សេងៗ​របស់​សិស្ស ឬ​អ្នក​ពាក់ព័ន្ធ និង​ធ្វើ​ឲ្យ​វិស័យ​អប់រំ​កាន់​តែ​ប្រសើរ​ឡើង។

តំណាង​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក (ANSA-EAP ) លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​រៀបចំ​វេទិកា​នេះ​ឡើង គឺ​ដើម្បី​ណែនាំ​អ្នក​ចូលរួម​ទាំងអស់​ឲ្យ​មាន​ឱកាស​លើក​ឡើង​ពី​បញ្ហា ឬ​មតិ​របស់​ខ្លួន ចំពោះ​ស្ថានភាព​ទូទៅ​នៅ​ក្នុង​សាលា​រៀន​ដែល​ពួក​គាត់​ជួប​ប្រទះ និង​ដើម្បី​ស្វែង​យល់​ពី​អត្ថប្រយោជន៍​នៃ​គម្រោង​ជួយ​មើល​សាលា​រៀន​មួយ​នេះ៖ «ប្រព័ន្ធ​ឆ្លើយ​តប​សារ​ជា​សំឡេង​សម្រាប់​ប្រជាពលរដ្ឋ សហគមន៍ សិស្ស​ហ្នឹង រាយការណ៍​ពី​តម្រូវ​ការ​ពួក​គេ​នៅ​សាលា​រៀន ហើយ​ពួក​គេ​ក៏​អាច​ទូរស័ព្ទ​មក​កាន់​លេខ​ទូរស័ព្ទ ០៧០ ២២១ ១២៥ ដើម្បី​រាយការណ៍​ថា​អ្វី​ខ្លះ​ជា​តម្រូវ​ការ អ្វី​ខ្លះ​ជា​កត្តា​ប្រឈម»

លោក​បន្ត​ថា បច្ចុប្បន្ន​បញ្ហា​ប្រឈម​មួយ​ចំនួន​កើត​ឡើង​ទៅ​លើ​វិស័យ​អប់រំ ដូចជា តំបន់​ខ្លះ​ជួប​ប្រទះ​កង្វះ​សាលា​រៀន សៀវភៅ​សិក្សា បញ្ហា​បង្គន់​អនាម័យ បញ្ហា​ទីធ្លា​សម្រាប់​លេង​កម្សាន្ត ជាដើម។ លោក​ថា បញ្ហា​ទាំង​នេះ​ក៏​ជា​ហេតុផល​មួយ​ដែល​នាំ​ឲ្យ​សិស្ស​មួយ​ចំនួន ពិសេស​នៅ​ថ្នាក់​អនុវិទ្យាល័យ សម្រេច​ចិត្ត​បោះ​បង់​ចោល​ការ​សិក្សា​តែ​ម្តង៖ «ការ​ខ្វះ​ខាត​សេវា​នៅ​សាលា​រៀន គឺ​ជា​ឧបសគ្គ​មួយ​ដែរ។ យើង​ដឹង​ហើយ​ថា សាលា​រៀន គឺ​ជា​កន្លែង​មួយ​ដែល​មាន​ផាសុកភាព ជា​កន្លែង​មួយ​ដែល​អាច​ទទួល​យក​បាន»

ទាក់ទង​គម្រោង​ជួយ​ត្រួត​ពិនិត្យ​សាលា​រៀន​ពេល​នេះ ប្រធាន​អធិការកិច្ច​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ចាម លោក ហង្ស ប៊ុនឡេង មាន​ប្រសាសន៍​ថា គោល​នយោបាយ​របស់​ក្រសួង​អប់រំ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ គឺ​ធ្វើ​យ៉ាង​ណា​ធានា​នូវ​ការ​អប់រំ​មួយ​ប្រកប​ដោយ​សមធម៌ លើក​កម្ពស់​គុណភាព​អប់រំ និង​ការ​ឆ្លើយ​តប រីឯ​ចុង​ក្រោយ គឺ​ធានា​ប្រសិទ្ធភាព​នៃ​ការ​ដឹក​នាំ និង​ការ​គ្រប់គ្រង​របស់​ថ្នាក់​ដឹក​នាំ​វិស័យ​អប់រំ​ទាំងអស់។ លោក​បញ្ជាក់​ថា ដើម្បី​ឲ្យ​គោល​នយោបាយ​របស់​ក្រសួង​អប់រំ ទាំង​បី​ចំណុច​អាច​សម្រេច​បាន លុះត្រា​តែ​មាន​ការ​ចូលរួម​ពី​ដៃគូ​ពាក់ព័ន្ធ ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ពិសេស​គម្រោង​ត្រួត​ពិនិត្យ​សាលា​របស់​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ ហៅ​ថា ខាញដ៍ (KIND) សហការ​ជាមួយ​សម្ព័ន្ធ​គណនេយ្យ​សង្គម​ពេល​នេះ ក៏​អាច​ជា​មធ្យោបាយ​ដ៏​ល្អ​សម្រាប់​លើក​កម្ពស់​វិស័យ​អប់រំ​ដែរ៖ «គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​អង្គការ​ជាតិ ឬ​អន្តរជាតិ ឬ​សហគមន៍​ចូលរួម​ដើម្បី​សម្រេច​កិច្ចការ​នេះ។ ក្រសួង​អប់រំ ក៏​បើក​ទូលាយ»

យ៉ាង​ណា លោក សន ជ័យ បន្ថែម​ថា ស្ថានភាព​លំបាក​មួយ​ចំនួន​របស់​សិស្ស នឹង​អាច​ប្រសើរ​ឡើង​បន្ថែម​ទៀត ប្រសិន​បើ​ថវិកា​ជាតិ​សម្រាប់​វិស័យ​អប់រំ​នៅ​តែ​កើន​ឡើង ហើយ​ធានា​ថា​ថវិកា​ដែល​ប្រើប្រាស់​ទាំង​នោះ គឺ​ចំ​គោលដៅ និង​មាន​តម្លាភាព។ លោក​បញ្ជាក់​ថា ផែនការ​បន្ត ខាង​លោក និង​អង្គការ​ជា​ដៃគូ ខិតខំ​ប្រឹងប្រែង​ប្រមូល​ព័ត៌មាន ឬ​សេចក្តី​ត្រូវ​ការ​របស់​សិស្ស​នៅ​តាម​មូលដ្ឋាន​ឲ្យ​ច្រើន សម្រាប់​ដាក់​ជូន​ទៅ​រាជ​រដ្ឋាភិបាល​ឲ្យ​ដោះស្រាយ​នូវ​រាល់​តម្រូវ​ការ​របស់​ពួក​គាត់ ពីព្រោះ​លោក​យល់​ថា កត្តា​ធនធាន​មនុស្ស គឺ​ជា​បញ្ហា​យ៉ាង​សំខាន់​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​នៅ​ពេល​សមាហរណកម្ម​អាស៊ាន (ASEAN) ចូល​មក​ដល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្ស៊ី ប្រកាស​បង្កើត​ចលនា​ជាតិ​តស៊ូ ដើម្បី​ប្រឆាំង​ការ​ដឹកនាំ​របស់​គ្រួសារ​លោក ហ៊ុន សែន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។