ពលរដ្ឋ​ជាង​៤០០​នាក់​ចូល​រួម​​​ទិវា​មនុស្ស​ចាស់​នៅ​ស្រុក​មោងឬស្សី​ខេត្ត​បាត់ដំបង

0:00 / 0:00

អង្គការ​មនុស្ស​ចាស់​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មេសា បាន​ប្រារព្ធ​ទិវា​មនុស្ស​ចាស់​ជូន​ដល់​ជន​ចាស់ជរា​នៅ​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង ដែល​មាន​ប្រជាពលរដ្ឋ​ និង​មន្ត្រី​រាជការ​ចូលរួម​ប្រមាណ ៤០០​នាក់។ កម្មវិធី​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង និង​បង្កើន​ការ​យកចិត្ត​ទុក​ដាក់​បញ្ហា​សុខភាព​ដល់​​​មនុស្ស​ចាស់ ដែល​ធ្លាប់​​មាន​​គុណ​​មើល​ថែ​កូន​ចៅ​នៅ​ពេល​កន្លង​មក។

នៅ​ក្នុង​​​​​​​​​​​​​កម្មវិធី​​​ដែល​ធ្វើ​ឡើង​នៅ​វត្ត​ចកធំ ឃុំ​កកោះ ស្រុក​មោងឬស្សី នេះ មាន​ការ​សម្ដែង​សាច់រឿង​​ខ្លី​របស់​ក្រុម​យុវជន ដែល​បាន​អប់រំ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មនុស្ស​ចាស់​មក​លើ​​កូន​ចៅ​នៅ​ក្នុង​ក្រុម​​គ្រួសារ។ អ្នក​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ ភាគ​ច្រើន​ជា​មនុស្ស​ចាស់ អាយុ​ប្រមាណ ៥០​ឆ្នាំ​ឡើង​ទៅ មក​ពី​តាម​សហគមន៍​ផ្សេងៗ​គ្នា​ក្នុង​ស្រុក​មោងឬស្សី។

អ្នក​ចូល​រួម​ក្នុង​កម្មវិធី​ម្នាក់ អ្នកស្រី​ លឹម រុន​ ប្រាប់​វិទ្យុ​អាស៊ីសេរី បន្ទាប់​ពី​ចប់​កម្មវិធី​ថា​ អ្នកស្រី​មាន​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​រក​អ្វី​ប្រៀប​មិន​បាន​ឡើយ នៅ​ពេល​ដែល​​មាន​អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​អង្គការ​សង្គម​ស៊ីវិល​យក​ចិត្ត​ទុក​ដាក់​មក​លើ​ពួកគាត់។ អ្នកស្រី​បន្ត​ថា​ កន្លង​មក​ពួកគាត់​រស់​នៅ​ជួប​ការ​លំបាក​ច្រើន​ក្នុង​ជីវិត​ប្រចាំថ្ងៃ​​ ដូច​ជា​ការ​​គ្មាន​លទ្ធភាព​រក​ប្រាក់​ដោះស្រាយ​ជីវភាព​ និង​​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ដើម៖ «ខ្ញុំ​ចង់​ឲ្យ​អង្គការ​រៀបចំ​ពិធី​មនុស្ស​នេះ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​ ដើម្បី​ពួក​ខ្ញុំ​បាន​ជួបជុំ​សប្បាយ​រីករាយ​ជុំ​គ្នា​ទៀត»

​​​​​​​​​​​អភិបាល​ខេត្ត​បាត់ដំបង​ លោក​ ច័ន្ទ សុផល​ ដែល​បាន​ចូល​រួម​ជា​អធិបតី​ក្នុង​កម្មវិធី​មាន​ប្រសាសន៍​សាទរ​ដល់​អ្នក​រៀបចំ​ទិវា​មនុស្ស​ចាស់ ថា​ជា​ការងារ​ល្អ​មួយ​ជួយ​ដល់​សង្គមជាតិ​ ជា​ពិសេស​គឺ​មនុស្ស​ចាស់។

លោក​បន្ថែម​ថា កន្លង​មក​ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ផ្ដល់​ថវិកា​​ដល់​​មនុស្សចាស់​ដោយសារ​ប្រទេស​កម្ពុជា ក្រីក្រ គ្មាន​ថវិកា​គ្រប់គ្រាន់​​ ហើយ​លោក​ថា រដ្ឋាភិបាល​កំពុង​យកចិត្ត​ទុក​ដាក់​លើ​ការងារ​នេះ៖ «បាទ! និយាយ​ឲ្យ​ខ្លី​ទៅ គឺ​មនុស្ស​ចាស់​ជា​អ្នក​ធ្វើ​​ឲ្យ​មាន​អ្វីៗ​នៅ​ថ្ងៃ​នេះ​ ហើយ​មាន​មនុស្ស​ចាស់ ទើប​មាន​អ្វីៗ​នៅ​ថ្ងៃ​នេះ»

ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់​អង្គុយ​រង់ចាំ​អោយ​គេ​មុជ​ទឹក​អោយ​ក្នុង​ពិធី​ចាស់​ជរា​នៅ​វត្ត​ចកធំ ឃុំកកោះ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៦ មេសា ឆ្នាំ​២០១៦។
ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់​អង្គុយ​រង់ចាំ​អោយ​គេ​មុជ​ទឹក​អោយ​ក្នុង​ពិធី​ចាស់​ជរា​នៅ​វត្ត​ចកធំ ឃុំកកោះ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៦ មេសា ឆ្នាំ​២០១៦។ (RFA/Hum Chamroeun)

អ្នក​ចូល​រួម​ក្នុង​កម្មវិធី​ទទួល​បាន​ថវិកា ១​ម៉ឺន​រៀល​ ទឹកក្រូច​មួយ​កំប៉ុង ទឹក​សុទ្ធ​​មួយ​ដប​ និង​នំប៉័ង​ដាក់​សាច់​​មួយ​ដើម។ ក្រៅ​អំពី​នេះ​ ក៏​មាន​រៀប​ចំ​ពិធី​​មុជ​ទឹក​ឲ្យ​មនុស្ស​ចាស់​ដែរ​​ ដោយ​ឲ្យ​ពួកគាត់​អង្គុយ​នៅ​លើ​កៅអី​ជា ២​ជួរ ហើយ​អភិបាល​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ​ជា​អ្នក​មុជ​ទឹក​ឲ្យ​ពួកគាត់។

ប្រធាន​អង្គការ​មនុស្ស​ចាស់​កម្ពុជា​ លោក​ ទុំ វីរ៉ា មាន​ប្រសាសន៍​ថា​ គោល​បំណង​សំខាន់​ដែល​រៀបចំ​​កម្មវិធី​នេះ​ ធ្វើ​យ៉ាង​ណា​ជួយ​ឲ្យ​​មនុស្ស​ចាស់​​មាន​សុខភាព​ល្អ​​ និង​ចង់​​ឲ្យ​​​អាជ្ញាធរ​ខេត្ត​ និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ដឹង​​ពី​ទុក្ខ​លំបាក​ពិតប្រាកដ​របស់​មនុស្ស​ចាស់​ ដើម្បី​មាន​វិធានការ​ជួយ​ដល់​ពួកគាត់​នៅ​ថ្ងៃ​ខាង​មុខ៖ «ប៉ុន្តែ​បើ​សិន​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​គាត់​មិន​បាន​យក​ចិត្ត​ទុកដាក់​ដល់​មនុស្ស​ចាស់​ទេ នោះ​វា​នឹង​ក្លាយ​ទៅ​ជា​បន្ទុក​មួយ​របស់​សង្គម។ ដូច្នោះ​ហើយ​បាន​ជា​យើង​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​មនុស្ស​ចាស់»

របាយការណ៍​របស់​អង្គការ​មនុស្ស​ចាស់​កម្ពុជា​ បង្ហាញ​ថា នៅ​ខែ​ធ្នូ ឆ្នាំ​២០១៤ មនុស្ស​ចាស់​នៅ​កម្ពុជា មាន​ចំនួន​ជាង ១,២​លាន​នាក់ ឬ​ស្នើ​នឹង​ប្រមាណ ៩​ភាគរយ នៃ​​ប្រជាពលរដ្ឋ​​ជាង ១៥​លាន​នាក់។

ចំណែក​ឯ​នៅ​ខេត្ត​បាត់ដំបង មាន​មនុស្ស​ចាស់​ជាង ៩ម៉ឺន​នាក់​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ១,១៧០,០០០​នាក់។ របាយការណ៍​នាយកដ្ឋាន​សុខុមាលភាព​មនុស្ស​ចាស់​នៃ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៥ សមាគម​មនុស្សចាស់​ដែល​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ មាន​ចំនួន​ជាង ៣៦០​សមាគម​ទូទាំង​ប្រទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។