ប្រជាពលរដ្ឋនៅស្រុកថ្មគោល ខេត្តបាត់ដំបង ចោទប្រកាន់ក្រុមហ៊ុនធ្វើអាជីវកម្មតភ្ជាប់បណ្ដាញអគ្គិសនីឯកជន តាម៉ឺន ជ្រោយស្ដៅ ថាមានចេតនាផ្ដាច់ចរន្តអគ្គិសនីញឹកញាប់ ធ្វើឲ្យនាឡិកា ឬកុងទ័រភ្លើងដើរលឿនខុសប្រក្រតី ដើម្បីបានប្រាក់ចំណេញពីអតិថិជនច្រើន។ បុគ្គលិកក្រុមហ៊ុនបញ្ជាក់ថា ចរន្តអគ្គិសនីដាច់ញឹកញាប់ពុំមានពាក់ព័ន្ធជាមួយក្រុមហ៊ុនឡើយ។
ប្រជាពលរដ្ឋនៅស្រុកថ្មគោល រៀបរាប់ឲ្យដឹងថា កុងទ័រអគ្គិសនីដែលពួកគាត់ប្រើប្រាស់ប្រចាំថ្ងៃ ដើរលឿនខុសប្រក្រតីជាបន្តបន្ទាប់ ដោយសារតែចរន្តអគ្គិសនីដាច់ញឹកញាប់។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង លោក ប៊ុន បឿន ថ្លែងនៅថ្ងៃទី២៥ វិច្ឆិកា ថា ក្រុមហ៊ុនធ្វើអាជីវកម្មភ្ជាប់បណ្ដាញអគ្គិសនីឯកជន តាម៉ឺន ជ្រោយស្ដៅ ប្រើល្បិចធ្វើឲ្យចរន្តអគ្គិសនីដាច់ញឹកញាប់ ដើម្បីឲ្យកុងទ័រភ្លើងដើរលឿនទទួលបានប្រាក់ចំណេញពីប្រជាពលរដ្ឋ។ លោកអះអាងថា ចរន្តអគ្គិសនីដាច់ប្រមាណ ៥ដងក្នុងមួយថ្ងៃ ធ្វើឲ្យកុងទ័រភ្លើងដើរលឿនខុសប្រក្រតី បើទោះជាការប្រើភ្លើងនៅថេរដូចពេលមុនៗក៏ដោយ តែកុងទ័រភ្លើងបានដើរលឿនជាងមុនទ្វេដងទៅវិញ។ លោកថា ប្រជាពលរដ្ឋដែលប្រើចរន្តអគ្គិសនីរបស់ក្រុមហ៊ុននេះ ត្អូញត្អែរឲ្យម្ចាស់ក្រុមហ៊ុនបញ្ឈប់ការផ្ដាច់ភ្លើងញឹកញាប់ដែរ ប៉ុន្តែពុំទទួលបានលទ្ធផលនោះទេ៖ «បាទ! កុងទ័រភ្លើងដើរលឿន ប្រជាពលរដ្ឋថ្ងូរដូចគ្នាគ្រប់ផ្ទះ ហើយយើងហៅក្រុមហ៊ុនឲ្យមកមើលកុងទ័រភ្លើងក៏គេមិនបានមកមើលឲ្យពួកខ្ញុំដែរ»។
ឆ្លើយតបនឹងបញ្ហានេះ បុគ្គលិកក្រុមហ៊ុនអគ្គិសនីតាម៉ឺន ជ្រោយស្ដៅ លោក ប៊ុន ថេត ទទួលស្គាល់ថា ចរន្តអគ្គិសនីដែលក្រុមហ៊ុនរបស់លោកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនោះ ពិតជាមានការរអាក់រអួលខ្លះមែន។ លោកអះអាងថា ការរអាក់រអួលនេះ កើតឡើងដោយសារចរន្តអគ្គិសនីគោលដែលក្រុមហ៊ុនភ្ជាប់បណ្ដាញដាច់ចរន្តអគ្គិសនីទេ គឺពុំមែនខាងក្រុមហ៊ុនមានចេតនាផ្ដាច់ចរន្តអគ្គិសនីដូចការលើកឡើងរបស់ប្រជាពលរដ្ឋឡើយ៖ «បាទ! ប្រជាពលរដ្ឋភាគច្រើនឲ្យតែមានដាច់ភ្លើង គាត់ចេះតែចោទមកខាងក្រុមហ៊ុនថា ធ្វើឲ្យកុងទ័រភ្លើងឡើងគីឡូ ប៉ុន្តែខាងក្រុមហ៊ុនអត់បានធ្វើអ្វីដល់កុងទ័រភ្លើងរបស់ប្រជាពលរដ្ឋទាល់តែសោះ»។
ទាក់ទងនឹងបញ្ហានេះដែរ អ្នកជំនាញខាងអគ្គិសនី លោក ជិន ចេតនា មានប្រសាសន៍ថា ចរន្តអគ្គិសនីដាច់ញឹកញាប់មានភាគរយតិចតួច ដែលធ្វើឲ្យកុងទ័រភ្លើងដើរលឿនខុសប្រក្រតីនោះ។ លោកពន្យល់ថា ប្រសិនបើខាងក្រុមហ៊ុនមានបំណងមិនល្អជាមួយប្រជាពលរដ្ឋ គេអាចកែច្នៃកុងទ័រភ្លើងដាក់ឲ្យអតិថិជនប្រើប្រាស់ដើរលឿនខុសធម្មតាបាន។ លោកបញ្ជាក់ថា កុងទ័រភ្លើងដែលដាក់លក់នៅតាមទីផ្សារមានគុណភាពល្អ អាចយកទៅប្រើប្រាស់បានដូចគ្នា ដោយពុំមានបញ្ហាអ្វីនោះទេ៖ «បើយើងដឹងថា កុងទ័រនោះដើរលឿន ឬយ៉ាងណា យើងអាចកុងទ័រភ្លើងចំនួន២ ដែលមានទំហំគីឡូវ៉ាត់ប៉ុនគ្នា ហើយដាក់ភ្លើងស្ទង់មើលរយៈពេលមួយនាទី បើវាស់ភ្លើងទៅវាដើរដូចគ្នានោះមិនអីទេ តែបើខុសគ្នា មានន័យថា កុងទ័រនោះដើរលឿនខុសប្រក្រតីហើយ»។
បច្ចុប្បន្ន ក្រុមហ៊ុនធ្វើអាជីវកម្មអគ្គិសនីឯកជនតាម៉ឺន ជ្រោយស្ដៅ ផ្គត់ផ្គង់បណ្ដាញចរន្តអគ្គិសនីដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន២ គឺឃុំតាម៉ឺន និងឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង និងមានប្រជាពលរដ្ឋប្រើប្រាស់ចរន្តអគ្គិសនីរបស់ក្រុមហ៊ុននេះប្រមាណ ៣ពាន់គ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។