អ្នក​ជំនាញ៖ កម្ពុជា​មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​ធនធាន​មនុស្ស​បាន​នៅ​ឡើយ

ដោយ យ៉ង ចាន់តារា
2015.07.21
ហង់ ជួនណារ៉ុន ៦២០ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ថ្លែង​ក្នុង​ពិធីសម្ពោធ​សមាគម​ធនធាន​មនុស្ស នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Yang Chandara

កម្ពុជា​នៅ​មាន​បញ្ហា​ខ្វះខាត​ធនធាន​មនុស្ស បើ​ទោះ​បី​ជា​មាន​ការ​ខិតខំ​​ដោះស្រាយ​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ក៏ដោយ។ វិស័យ​ធនធាន​មនុស្ស​ដើរ​តួសំខាន់​ក្នុង​​ការ​សម្រប​សម្រួល​ឱ្យ​អង្គភាព​មួយ​ដំណើរ​ការ​ទៅ​ប្រកប​ដោយ​ចីរភាព ដែល​​ស្រប​ទៅ​តាម​ច្បាប់​ការងារ​ និង​ជា​តម្រូវការ​រវាង​បុគ្គលិក​និង​ម្ចាស់​ស្ថាប័ន។

អ្នក​ជំនាញ​បាន​អះអាង​ថា កម្ពុជា​នៅ​តែ​មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​វិស័យ​ធនធានមនុស្ស​របស់​ខ្លួន​បាន​នៅ​ឡើយ ខណៈ​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ខិត​ជិត​មក​ដល់​នោះ។

ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែ​ក្នុង​ពិធី​សម្ពោធ​សមាគម​ធនធានមនុស្ស កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែ​កក្កដា លោក គ្រីស្តុបហ្វឺ លី (Christopher Lee) ជា​ស្ថាបនិក និង​ទីប្រឹក្សា​នៃ​អង្គការ អេច្ឆ.អ៊ី.ឌី.ស៊ី (HEDC) អន្តរជាតិ និង​ជា​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍ​មនុស្ស បាន​បកស្រាយ​ថា ការ​មិន​ទាន់​ឱ្យ​តម្លៃ​លើ​វិស័យ​ធនធាន​មនុស្ស និង​ការ​មិន​ទាន់​ផ្លាស់ប្តូរ​ផ្នត់​គំនិត​តាម​បណ្តា​ស្ថាប័ន​ការងារ​នីមួយៗ នៅ​តែ​ជា​ឧបសគ្គ​ដែល​ធ្វើ​ឱ្យ​កម្ពុជា មិន​ទាន់​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។

លោក គ្រីស្តុបហ្វឺ លី៖ «មាន​ក្រុមហ៊ុន អង្គភាព​ជា​ច្រើន មិន​ទាន់​បាន​យល់​ច្បាស់​អំពី​សារសំខាន់​នៃ​ធនធាន​មនុស្ស​នោះ​ទេ។ គេ​កំណត់​ត្រឹម​ថា HR (ធនធានមនុស្ស) គឺ​គេ​គិត​ត្រឹម​ថា ជួល​បុគ្គលិក បញ្ឈប់​បុគ្គលិក ហើយ​និង​ផ្តល់​ជា​វគ្គ​បណ្តុះបណ្តាល​ដល់​បុគ្គលិក ហើយ​ឱ្យ​ប្រាកដ​ថា ប្រាក់​បៀវត្ស​ដែល​ផ្តល់​ទៅ​ហ្នឹង គឺ​ត្រូវ​ទៅ​តាម​ច្បាប់ ឬ​ក៏​គោលការណ៍»

​លោក គ្រីស្តុបហ្វឺ លី បាន​សង្កត់​ធ្ងន់​ពី​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ធនធាន​មនុស្ស​នៅ​កម្ពុជា​ ដែរ ដោយ​លោក​បាន​លើក​ឡើង​ថា ការ​អប់រំ​នៅ​ថ្នាក់​ឧត្តមសិក្សា​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​ដែល​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​ឡើយ៖ «ម្យ៉ាងទៀត បច្ចុប្បន្ន​បើ​យើង​មើលទៅ​ស្ថាប័ន​ផ្នែក​ឧ​ត្ត​មសិ​ក្សា បើ​យើង​មើលទៅ​សាកលវិទ្យាល័យ វិទ្យាស្ថាន​អី​ជាដើម មិនអាច​ដោះស្រាយ​បញ្ហា​ហ្នឹង​បានទេ​។ មានន័យ​រហូតមកដល់​ពេលនេះ គឺ​ពិបាក​សម្រាប់​យុវជន ឬ​បុគ្គលិក​ដែល​គាត់​ចង់​ស្វែងរក​សាលារៀន​ណា ឬក៏​វគ្គ​ដែល​គេ​បង្រៀន​អំពី​វិស័យ​ធនធានមនុស្ស​ច្បាស់​ថា​ពេលដែល​គេ​រៀន​ចប់​ហើយ គេ​ទៅ​ធ្វើការ​ហ្នឹង​ឱ្យ​ត្រូវ​ទៅតាម​ជំនាញ​គេ​ហ្នឹង​តែម្តង»។​

​លោក​បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​ដែរ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​ការ​ពេល​វេលា​យ៉ាង​ហោច​ណាស់​ក៏ ៥ ទៅ ១០​ឆ្នាំ​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

លោក​បញ្ជាក់​ថា វា​ចាំបាច់​ណាស់​ដែល​អ្វីៗ​ត្រូវ​ផ្ដើម​ចេញ​ពី​ការ​សិក្សា​ទាំង​ផ្នែក​ជំនាញ​រឹង និង​ជំនាញ​ទន់ ដែល​ផ្ដល់​ឱ្យ​ប្រជាជន​កម្ពុជា នូវ​ចំណេះដឹង ចំណេះធ្វើ សីលធម៌ និង​ការ​រស់​នៅ​ថ្លៃថ្នូរ៖ «អ៊ីចឹង​ហើយ​បាន​ជា​យើង​ពិនិត្យ​ឡើង​វិញ​លើ​កម្មវិធី​សិក្សា ពិនិត្យ​ឡើង​វិញ​លើ​សៀវភៅ​សិក្សា លើក​ទឹក​ចិត្ត​គ្រូបង្រៀន មាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន ទាក់ទាញ​ឱ្យ​មាន​អ្នក​ឆ្នើម​ទៅ​ជា​គ្រូ ធ្វើ​អធិការកិច្ច​នៅ​តាម​សាលារៀន វាយតម្លៃ​ជា​ប្រចាំ​នូវ​លទ្ធផល​សិក្សា កែលម្អ​បរិសា្ថន​សិក្សា​ជាដើម រួមទាំង​កំណែទម្រង់​ក្នុង​ឧត្តមសិក្សា ក្នុង​គោលដៅ​ធ្វើ​យ៉ាង​ណា​ផលិត​ធនធាន​មនុស្ស ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​ធនធាន​មនុស្ស»

សមាគម​ធនធានមនុស្ស​កម្ពុជា ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កក្កដា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-​ជប៉ុន នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​ជប៉ុន។ គោល​បំណង​នៃ​ការ​បង្កើត​សមាគម​នេះ គឺ​ដើម្បី​ប្រមូលផ្តុំ​អ្នក​អាជីព​ខាង​ធនធាន​មនុស្ស​ទាំង​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន​ឱ្យ​មាន​ឱកាស​ពង្រឹង​សមត្ថភាព​ខ្លួន​បន្ថែម​ទៀត ស្រប​ទៅ​តាម​បទដ្ឋាន​តំបន់ និង​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។