អ្នកជំនាញពុទ្ធសាសនា និងសុខភាព សម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងនូវពេលពលរដ្ឋខ្មែរភាគច្រើនជ្រើសរើសការជួបជុំផឹកគ្រឿងស្រវឹងតាមផ្ទះ និងកន្លែងកម្សាន្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សង្គម និងវប្បធម៌ប្រពៃណីជាតិជាដើម។ អ្នកជំនាញ ស្នើសុំឲ្យរបបក្រុងភ្នំពេញ ពន្លឿនអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង។ រីឯអ្នកនាំពាក្យរដ្ឋាភិបាល មិនទាន់ដឹងថា សេចក្ដីព្រាង ច្បាប់នេះ ត្រូវការពេលវេលាប៉ុណ្ណានោះទេ ព្រោះកំពុងសិក្សាបន្ថែមទៀត ដើម្បីកុំឲ្យសេចក្ដីព្រាង ច្បាប់នេះ ប៉ះពាល់ដល់ចំណូលពន្ធដារ និងចំណងចំណូលចិត្តរបស់ប្រជាពលរដ្ឋ។
ពិធីបុណ្យចូលឆ្នាំថ្មីសម័យបច្ចុប្បន្ននេះ ត្រូវបានអ្នកជំនាញពុទ្ធសាសនា អ្នកជំនាញផ្នែកសុខភាព និងសង្គម មើលឃើញថា ហាក់កំពុងត្រូវបានគេប្រារព្ធឡើងក្នុងន័យគ្រាន់តែជាពិធីកម្សាន្តសប្បាយទៅតាមការនឹកឃើញរៀងៗ ខ្លួនច្រើនជាងការប្រារព្ធពិធីផ្សេងៗ តាមប្រពៃណីជាតិ។
អ្នកតស៊ូមតិឱ្យមានច្បាប់ត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង និងជាមន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) លោក ហេង គឹមហុង លើកឡើងថា ពិធីបុណ្យចូលឆ្នាំ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋខ្មែរភាគច្រើន ពុំសូវទៅជួបជុំធ្វើបុណ្យទាន និងលេង ល្បែងប្រជាប្រិយរួមទាំងរាំលែងតាមចង្វាក់ប្រពៃណីជាតិ នៅតាមទីវត្តអារាមទេ គឺភាគច្រើនប្រជាពលរដ្ឋ តែងតែជួបជុំទទួលទានសាច់ក្លែម និងផឹកគ្រឿងស្រវឹងតាមផ្ទះរៀងៗ ខ្លួន ឬតាមកន្លែងកម្សាន្តនានា។ លោកបន្តថា ឥរិយាបថអវិជ្ជមានបែបនេះ អាចធ្វើឲ្យប៉ះពាល់ដល់អត្តសញ្ញាណសម្គាល់បុណ្យចូលឆ្នាំខ្មែរ និងទំនៀមទម្លាប់ វប្បធម៌ដ៏ល្អរបស់ខ្មែរ ហើយនឹងធ្វើឲ្យពិធីកម្សាន្តសប្បាយច្រើនតែក្លាយជាជម្លោះកាប់ចាក់គ្នា និងបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលក្លាយទៅជាថ្ងៃកាន់ទុក្ខ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ៖ «ប្រជាពលរដ្ឋខ្មែរគប្បីយកពេលវេលាចូលឆ្នាំដ៏សំខាន់នេះ ជជែកជិតស្និតជាមួយសមាជិកគ្រួសារ បងប្អូន មិត្តភ័ក្ដិ និងរីករាយ ក៏ដូចជា ចែករំលែកផ្លាស់ប្ដូរបទពិសោធ និងជជែកពីការងារ ដែលអាចឈានទៅរកភាពជោគជ័យក្នុងឆ្នាំថ្មី គឺល្អប្រសើរជាងគ្រាន់តែជួបជុំគ្នា ដើម្បីផឹកគ្រឿងស្រវឹង។ យើងឃើញថា ខ្មែរយើងក៏មានល្បែងរបាំប្រជាប្រិយជាច្រើនដែរ ដែលបង្ហាញពីការពង្រឹងសាមគ្គីភាពរវាងពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់»។
លោក ហេង គឹមហុង បន្តថា ទោះបីជាគ្រឿងស្រវឹងផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរក្ដី ក៏ក្នុងឱកាសពិធីបុណ្យចូលឆ្នាំម្តងៗ គេសង្កេតឃើញថា សកម្មភាពផ្សព្វផ្សាយគ្រឿងស្រវឹង តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសតាមទូរទស្សន៍ បានបង្កើនការផ្សាយពាណិជ្ជកម្ម កាន់តែខ្លាំងឡើង ដើម្បីទាក់ទាញអតិថិជនទាំងក្មេងទាំងចាស់ ដោយគ្មានការទប់ស្កាត់ពីរដ្ឋាភិបាលឡើយ។ ការផ្សព្វផ្សាយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើននោះ គឺតាមរយៈការអួតពីគុណភាព និងផ្ដល់រង្វាន់ដល់អ្នកផឹកជាដើម៖ « មានរឿងពីរដែលរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ គឺទី១ ចាត់វិធានការផ្ទាល់ទៅលើការផ្សាយគ្រឿងស្រវឹងណា ដែលភូតកុហកហួសហេតុ ឬក៏បោកបញ្ឆោតប្រជាពលរដ្ឋខ្មែរឱ្យប្រើប្រាស់គ្រឿងស្រវឹង។ ទី២ រដ្ឋាភិបាលដែលមានក្រសួងសុខាភិបាលបានព្រៀងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ហើយពន្លឿនពិនិត្យពិភាក្សានៅទីស្ដីការគណៈរដ្ឋមន្ត្រីហើយ ស្នើច្បាប់នេះទៅរដ្ឋសភាពិនិត្យ និងអនុម័ត និងអនុវត្តនៅក្នុងប្រទេសកម្ពុជា។ ប្រទេសជិតខាងយើង គឺឡាវ ថៃ មានច្បាប់នេះហើយ រីឯវៀតណាមក៏កំពុងជជែកសេចក្ដីព្រាងច្បាប់នេះទីស្ដីការគណៈរដ្ឋមន្ត្រី ដូច្នេះមានតែកម្ពុជាយើងទេ ដែលនៅនឹងថ្កល់»។
អ្នកជំនាញផ្នែកសុខភាព ទទួលស្គាល់ថា ការនិយមផឹកគ្រឿងស្រវឹងនេះ គឺមិនមានការថយចុះនោះទេ ដោយសារតែយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនគ្រឿងស្រវឹង ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយ ហើយជ្រាបចូលទៅផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងជ្រៅ។
នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ សង្កេតឃើញថា ក្នុងពិធីបុណ្យ ចូលឆ្នាំ គឺពលរដ្ឋខ្មែរទាំងប្រុស ទាំងស្រី បានសេពគ្រឿងស្រវឹងស្មើដៃគ្នា ដែលបណ្ដាលឲ្យមានបញ្ហាជាច្រើនទាំងខ្លួនឯង គ្រួសារ និងសង្គមជាតិ។ លោកបញ្ជាក់ថា ក្នុងស្រា គឺមានសារធាតុអេតាណុល និងមេតាណុល ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សារពាង្គកាយរបស់មនុស្ស៖ «ការប៉ះពាល់មានច្រើនណាស់ទី១ រឿងគ្រោះថ្នាក់ចរាចរណ៍។ ទី២ អំពើហិង្សា និងអំពើហិង្សាផ្លូវភេទ។ ទី៣ គឺការខាត់បង់ថវិកាយ៉ាងច្រើននៅពេលទិញស្រាម្តងៗ និងទី៤ ប៉ះពាល់ដល់សុខភាព។ជំងឺដែលបណ្ដាលមកពីគ្រឿងស្រវឹងនេះ មានជាង ២រយប្រភេទ ដូចជា ប៉ះពាល់ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធតម្រងនោម និងផ្លូវដង្ហើម និងសរសៃឈាម។ល។ ប៉ះពាល់នេះ វាអាស្រ័យលើសុខភាពអ្នកសេពគ្រឿងស្រវឹងម្នាក់ៗ។ អ្នកខ្លះគ្រាន់តែរយៈពេលខ្លីក៏បណ្ដាលឱ្យមានផលប៉ះពាល់ដែរ»។
ចំណែកអ្នកជំនាញផ្នែកព្រះពុទ្ធសាសនាវិញ កត់សម្គាល់ថា ថ្វីត្បិតការលេងល្បែងចាប់ប៉ាតម្សៅ និងគប់ទឹក ដែលនាំឲ្យគ្រោះថ្នាក់ បានថយចុះក្ដី ប៉ុន្តែបញ្ហាទទួលទានគ្រឿងស្រវឹងវិញ គឺមានតែ រីករាលដាលកើនឡើងយ៉ាងខ្លាំងរាប់តាំងពីក្មេងដល់ចាស់។
ព្រះចៅអធិការវត្តប្រាសាទស្រះ កណ្ដាល ហៅវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ ព្រះតេជព្រះគុណ ចាន់ សុជន មានថេរដីកាថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពលរដ្ឋខ្មែរ គួរតែនាំគ្នាប្រតិបត្តិអំពើល្អ ជម្រះចិត្តឲ្យស្អាត នាំគ្នាធ្វើពិធីកតញ្ញូកតវេទីចំពោះអ្នកមានគុណ និងទៅវត្តធ្វើបុណ្យជួបជុំគ្នា ហើយលេងល្បែងប្រជាប្រិយតាមគន្លងប្រពៃណី និងកុំយកគ្រឿងស្រវឹងជាត្រីមុខទៀត ព្រោះជាគ្រឿងនាំឲ្យមានទុក្ខ និងទោស៖ «តាមប្រពៃណីទំនៀមទម្លាប់ខ្មែរយើងពីបុរាណនោះ បើនិយាយពីរឿងសប្បាយ គឺមិនលើសពីល្បែងប្រជាប្រិយទេ។ ល្បែងប្រជាប្រិយនេះរៀបសប្បាយ ហើយហាត់ប្រាណ សុខភាពល្អ ហើយបង្ហាញពីការសាមគ្គី និងរួបរួមគ្នា។ បុរាណយើងនេះនាំលេងនេះ គឺអត់នាំទៅផឹកស្រាទេ មិនមែននាំទៅខូចខិលអំពើអបាយមុខ និងល្បែងដែលនាំឱ្យប៉ះពាល់ដល់សង្គមនោះទេ។ បន្ទាប់មក យើងក៏គួរទៅវត្ត ពូនភ្នំខ្សាច់ ស្ដាប់ធម៌រាល់ថ្ងៃស្រង់ព្រះ រាល់ថ្ងៃធ្វើឱ្យប្រជាពលរដ្ឋ របស់យើងពោពេញដោយគុណធម៌ និងបាននូវសេរីសួស្ដីឆ្នាំថ្មី»។
អង្គការសង្គមស៊ីវិល និងអ្នកតស៊ូមតិរឿងគ្រឿងស្រវឹង តែងតែស្នើសុំឱ្យរបបក្រុងភ្នំពេញ ពន្លឿនដំណើរការនៃការតាក់តែងច្បាប់គ្រប់គ្រងផលិតផលគ្រឿងស្រវឹងឱ្យបានឆាប់រហ័ស ដោយសារពួកគេមើលឃើញថា គ្រឿងស្រវឹងកំពុងបំពុល និងរាំងស្ទះដល់ការអភិវឌ្ឍសង្គម តាមរយៈឥទ្ធិពលអវិជ្ជមានរបស់វា។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្លាំង ចំពោះបញ្ហាគ្រឿងស្រវឹង និងគ្រឿងញៀនក្នុងឱកាសបុណ្យចូលឆ្នាំដោយបានពង្រាយកម្លាំងប៉ូលិស និងប្រជាការពារភូមិ ដើម្បីទប់ស្កាត់កុំឲ្យមានការប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាផ្សេងៗ ដែល បណ្ដាលមកពីគ្រឿងស្រវឹង។ ដោយឡែក ចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង នោះ លោកអះអាងថា កំពុងត្រូវការពេលវេលាសិក្សាស្រាវជ្រាវបន្ថែមទៀត ព្រោះច្បាប់នេះ ធ្វើឲ្យ ប៉ះពាល់ចំណូលពន្ធដាររបស់ជាតិ ប៉ះពាល់ការងាររបស់ប្រជាពលរដ្ឋនៅក្នុងវិស័យគ្រឿងស្រវឹង និង ប្រឆាំងចំពោះចំណង់ចំណូលចិត្ត ឬការប្រើប្រាស់ជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ៖ «ទី១ ការប្រើប្រាស់គ្រឿងស្រវឹង គឺវាជាជម្រើសឯកជនរបស់ប្រជាពលរដ្ឋ។ ដូច្នេះ យើងមិនអាចប្រឆាំងនូវជម្រើសរបស់មហាជនបានទេ ប៉ុន្តែយើងកំពុងរិះរកការកាត់បន្ថយបន្តិចម្តងៗ ការផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈ។ ទី២ ការពង្រឹងការអប់រំអំពីសុខុមាលភាព អំពីការប្រើប្រាស់គ្រឿងស្រវឹង។ ទី៣ គឺការអនុវត្តនូវវិធាននៅនឹងកន្លែង ដើម្បីកាត់បន្ថយនូវការទទួលឥទ្ធិពលនៃគ្រឿងស្រវឹងដែលក្លាយទៅជាការប្រើអំពើហិង្សានៅក្នុងគ្រួសារក្នុងសង្គម និងការប្រើប្រាស់ដងផ្លូវសាធារណៈនេះឯង»។
សង្គមស៊ីវិលយល់ថា ការលើកឡើងរបស់រដ្ឋាភិបាលនេះ គឺបង្ហាញថា គ្មានឆន្ទៈបង្កើតច្បាប់ស្ដីពីការ គ្រប់គ្រងគ្រឿងស្រវឹងនោះទេ ខណៈផលប៉ះពាល់នៃគ្រឿងស្រវឹងនេះ មានទំហំធំធេងជាងផលប្រយោជន៍ដែលទទួលបានពីគ្រឿងស្រវឹងទៅទៀត។ ភាគីពាក់ព័ន្ធដែលធ្វើការទាក់ទងនឹងការបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង អះអាងថា បើសិនជាមានច្បាប់នេះមែន កម្ពុជានឹងអាចកាត់ បន្ថយហានិភ័យដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹង ដូចជាអំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ លើសពីនេះ ច្បាប់នេះនឹងក្លាយជាយន្តការដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាពសាធារណៈ សុខុមាលភាពសង្គម សីលធម៌សង្គម ព្រមទាំងជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ និងបង្កើតភាពជាដៃគូពិតប្រាកដរវាងបុរស និងស្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។