អ្នកជំនាញ​អប់រំ​ថា សីលធម៌​សង្គម​ធ្លាក់ចុះ​ខ្លាំង​ដែល​ចាំបាច់​ត្រូវ​ពង្រឹង​ឡើងវិញ

អ្នក​ធ្វើការងារ​លើ​វិស័យ​អប់រំ​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សីលធម៌​សង្គម​កំពុង​ធ្លាក់ចុះ​ខ្លាំង ដែល​ចាំបាច់​ត្រូវ​មាន​វិធានការ​ពង្រឹង​ឡើងវិញ។ ពួកគាត់​យល់​ថា នៅ​ពេល​សង្គម​មួយ បាត់បង់ ឬ​ធ្លាក់ចុះ​សីលធម៌​នោះ នឹង​ធ្វើ​ឲ្យ​មនុស្ស​រស់នៅ​ក្នុង​សង្គម​នោះ​រស់នៅ​គ្មាន​សេចក្តី​សុខ និង​សន្តិភាព​ទាំង​ផ្លូវចិត្ត​និង​ផ្លូវកាយ​ឡើយ ព្រោះ​សង្គម​នោះ ពោរពេញ​ទៅ​ដោយ​ជម្លោះ ការ​ជេរ​ប្រមាថ ការ​ព្យាបាទ អំពើ​ហិង្សា និង​សង្គ្រាម​កាប់សម្លាប់​គ្នា​ជាដើម។

អ្នកជំនាញ​ធ្វើ​ការងារ​ពាក់ព័ន្ធ​វិស័យ​អប់រំ​លើកឡើង​ថា សីលធម៌​នៅក្នុង​សង្គម​នៅពេល​បច្ចុប្បន្ន​កំពុងតែ​ធ្លាក់ចុះ​ខ្លាំង​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ និង​សុវត្ថិភាព​ចាប់ពី​បុគ្គល​ម្នាក់ៗ រហូត​ដល់​សហគមន៍ និង​ឈាន​ដល់​ការ​បែកបាក់​សង្គមជាតិ ដែល​ករណីនេះ​ចាំបាច់​ត្រូវ​មាន​ការ​យកចិត្តទុកដាក់​ក្នុង​ពង្រឹង​ឡើងវិញ។

ប្រធាន​ក្រុមប្រឹក្សា និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ម៉េងលី ជេគួច ជា​ស្ថាប័ន​ផ្តល់​សេវា​អប់រំ​មួយ​នៅ​កម្ពុជា លោក គួច ម៉េងលី មាន​ប្រសាសន៍​ថា សីលធម៌​សង្គម​បច្ចុប្បន្ន​ធ្លាក់ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ។ បើ​វាយតម្លៃ​ចន្លោះ​ពី​១​ដល់​១០០​លោក​សន្និដ្ឋាន​ថា ធ្លាក់ចុះ​រហូត​ជាង​៦០​ភាគរយ។

លោក គួច ម៉េងលី៖ «ច្បាប់ទម្លាប់​វិន័យ ជា​ច្បាប់​ទម្លាប់​ដែល​យើង​ទទួលស្គាល់​អនុវត្ត​ប្រចាំថ្ងៃ វា​ហាក់ដូចជា​ខ្វះខាត​ហើយ​អត់​សូវ​មាន​អ្នក​អនុវត្តន៍​តាម​ទៀត។ ហើយក៏​អត់​មាន​អ្នក​យកចិត្តទុកដាក់​ចង​ក្រង​ទិសដៅ​ប្រដៅ​ធ្វើជា​មេរៀន ក៏​អត់​ទៀត​អ៊ីចឹង​វា​មានតែ​បាត់​លើស​ដើម​។ ចឹ​ង​បើ​យើង​និយាយ​រួម​តាម​និយមន័យ​វា​ចុះ ខ្សោយ​ខ្លាំង បច្ចុប្បន្ន​សឹងតែ​អាច​ថា ៦៥​ភាគរយ​ហើយ​បាត»។

មូលហេតុ​ធំៗ​មួយចំនួន​ដែល​លោក គួច ម៉េងលី មើលឃើញ​ថា ជា​កត្តា​នាំ​ឱ្យ​មាន​បញ្ហា​កើត​អសីលធម៌​នេះ​កើតឡើង​ច្រើន​ដោយសារតែ កត្តា​ជីវភាព​គ្រួសារ​មិនបាន​រស់នៅ​ជុំគ្នា ការ​ចុះ​ខ្សោយ​ប្រព័ន្ធ​អប់រំ និង​មនុស្ស​ខ្លាច​គ្នា មិន​ទុកចិត្ត​ដោយសារ​ខ្លាច​មានការ​ប្តឹងផ្តល់។

លោក គួច ម៉េងលី៖ «ដោយសារ​សង្គម​យើង​ទំនើបនិយម ឆាប់​មានការ​ប្តឹងផ្តល់​ចាប់​មានការ​ចោទប្រកាន់​គ្នា មួយៗ​អត់​ហ៊ាន​លូកលាន់​រឿង​អ្នកដទៃ​ទេ​។ ដូច្នេះហើយ​ធ្វើ​ឱ្យ​មួយៗ​ដកថយ អ៊ីចឹង​ធ្វើ​ឱ្យ​មនុស្ស​យើង​ស្ងួត​អត់​ម្ចាស់ការ ក្នុង​ការ​លូកលាន់​ទទួលខុសត្រូវ​ក្នុង​សាច់រឿង​គ្រួសារ សង្គម ដល់​អ៊ីចឹង​ទៅ​វា​ធ្វើ​ឱ្យ​ឃ្លាតឆ្ងាយ​ដែល​គេ​ហៅថា ភាពស្និទ្ធស្នាល​ជុំវិញ​គ្នា»។

មូលហេតុ​ធំ​មួយទៀត លោក គួច ម៉េងលី ក៏​មើលឃើញ​ឥទ្ធិពល​ពី​អ្នកមាន​លុយ មានអំណាច​មួយចំនួន​ដែល​មិន​មាន​សីលធម៌​ផង​ដែរ។

លោក គួច ម៉េងលី៖ «ឥឡូវនេះ​គេ​ហៅថា សីលធម៌​អ្នកចេះដឹង​ផ្តោត​លើ​អ្នកមាន អ្នក​មាន​អំណាច ប៉ុន្តែ​សម័យ​ឥឡូវ​អ្នកមាន និង​អ្នក​មាន​អំណាច​មិនសូវ​ជា​អ្នករៀន​សូត្រ​ផង ច្រើន​ដោយសារ​អ្នក​ចៃដន្យ​និយម អ្នកមាន​ដោយសារ​ដីធ្លី អ្នកមាន​ដោយសារ​ឡើងអំណាច​តាម​បក្ខពួក​។ វា​មាន​ច្រើន អ៊ីចឹង​បាន​ឡើង​ដោយ​ធ្វើ​ធំ​ដោយសារ គេ​ហៅថា អត់​មាន​វិជ្ជាជីវៈ អត់​មាន​ចំណេះដឹង»។

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ លោក គួច ម៉េចលី អំពាវនាវ​ដល់​អ្នកមាន​សមត្ថភាព​ជា​បណ្ឌិត​បញ្ញវន្ត​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​អប់រំ​តាម​មធ្យោបាយ​ផ្សេងៗ ដើម្បី​ពង្រឹង​ចំណេះដឹង សីលធម៌​សង្គម​។ លោក គួច ម៉េងលី ក៏​តែងតែ​លេចមុខ​នៅ​តាម​វេទិកា​សាធារណៈ​នានា​ក្នុង​នាម​ជា​វាគ្មិន ដើម្បី​បណ្ដុះ​គំនិត និង​សីលធម៌​សង្គម។

សីលធម៌​ជា​ចំណុច​មួយ​ដែល​គេ​កំណត់​លក្ខណៈ​មនុស្ស​ខុសពី​សត្វ​ទូទៅ ពេលខ្លះ​គេ​និយាយ​ថា មនុស្ស​បើ​គ្មាន​សីលធម៌​ទេ​គឺ​សាហាវ គ្រោះថ្នាក់ ឬ​គួរ​ឱ្យ​ក្លាយ​ជាង​សត្វ​ក្នុង​ព្រៃ​ទៅទៀត។ ​បើ​និយាយ​ពី​ការ​ពង្រឹង​សីលធម៌​ក៏​មិន​ខុសពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ឬ​គោលការណ៍​ផ្សេងៗ​ទៀត​ដែរ​គឺ​ត្រូវ​ធ្វើ​ពីលើ​ចុះក្រោម​ពី​អ្នកមាន​ឥទ្ធិពល​មុន បើ​សំដៅលើ​ប្រទេស​គឺ​ចាប់ពី​នាយករដ្ឋមន្ត្រី ឬ​ប្រធានាធិបតី បើ​កម្រិត​ក្រុមហ៊ុន​ត្រូវ​ចាប់ផ្តើម​ពី​ប្រធាន​ក្រុមហ៊ុន បើ​គ្រួសារ​ចាប់ពី​ឪពុកម្ដាយ​នេះឯង​តែម្តង។

ទាក់ទង​នឹង​រឿង​សីលធម៌​សង្គម​នេះ​ដែរ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​ជា​អតីត​គ្រូបង្រៀន​នៅ​វិទ្យាល័យ​បាក់​ទូក​ក្នុង​រាជធានី​ភ្នំពេញ អ្នកស្រី ប្រុក វ៉ាន្នី មើលឃើញ​ថា បច្ចុប្បន្ន​សីលធម៌​ធ្លាក់ចុះ​ដែល​គាត់​បាន​ជួប​នោះ មាន​ទាំង​នៅក្នុង​គ្រួសារ អាជីវកម្ម​លក់ដូរ ពេទ្យ​ផ្តល់​សេវា​សុខាភិបាល វិស័យ​អប់រំ មន្ត្រី​សាធារណៈ សន្តិសុខ​តាម​មូលដ្ឋាន និង​ការ​ចែកចាយ​គ្រឿងញៀន​ជាដើម។

អ្នកស្រី ប្រុក វ៉ាន្នី ក៏​ចាប់អារម្មណ៍​ថា បញ្ហា​សីលធម៌​គ្រូពេទ្យ​ដែល​គាត់​ធ្លាប់​បានដឹង​គឺ​សីលធម៌​ពេទ្យ​ខ្មែរ​ចុះ​ទាប​ជាង​ពេទ្យ​ប្រទេស​ថៃ។

អ្នកស្រី ប្រុក វ៉ាន្នី៖ «ពេលខ្លះ​មាន​អ្នកជំងឺ​គាត់​ថា ឱ​!​លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ​អើយ​!ម៉េច​ក៏​សម្ភី​ពីរោះ​ម្ល៉េះ?សឹង​កាប់​ក្បាល​និង​ពូថៅ ហ្នឹង​អាហ្នឹង​មួយ​ដែរ​។ ហើយ​នៅ​មាន​ចំណុច​ទៀត អ្នកជំងឺ​ខ្លះ​គាត់​ទុក​ឱ្យ​ស្រែក យោក​យ៉ាៗ ហើយ​មកដល់​គាត់​ស្តីឱ្យ​អ្នកជំងឺ​ហ្នឹង​ក៏មានដែរ​។ ហ្នឹង​យើង​សួរ​ថា ធ្វើអំពើ​បែប​ហ្នឹង​សុចរិត​ទេ?ថា អត់​សុចរិត​ទេ»។

កាល​ពី​ដើម​ខែកុម្ភៈ​ថ្មីៗ​នេះ​ ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដឹកនាំ​ដោយ​អ្នកស្រី អ៊ុក ឆាយ៉ាវី និង​លោក រ៉ុង ឈុន ក៏បាន​ធ្វើ​ធម្ម​យាត្រា​ដើរ​ដង្ហែ​ក្បួន​ថ្មើរ​ជើង​ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​សីលធម៌​សង្គម​ពី​រាជធានី​ភ្នំពេញ ទៅ​ដល់​ខេត្តពោធិ៍សាត់​ ​រយៈពេល​មួយ​សប្តាហ៍​។ ធម្ម​យាត្រា​ធ្វើឡើង​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ ​ដោះលែង​អ្នក​ជាប់ឃុំ​ដោយសារ​នយោបាយ និង​បើក​លំហ​សេរីភាព ហើយ​បញ្ឈប់​ការប្រើប្រាស់​ពាក្យសម្ដី​គំរាមកំហែង​បង្ក​ការឈឺចាប់​ ​ដើម្បី​ឲ្យ​មាន​ឯកភាព​ជាតិ​ ​និង​ផ្សះផ្សា​ជាតិ​ឡើងវិញ។ ក្រៅ​ពី​នេះ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ សំបូរ មាណ្ណារ៉ា ដែល​ទើបត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ​ ​ក៏បាន​ប្រកាស​ថា លោក​នឹង​រៀបចំ​កម្មវិធី​អប់រំ​ឱ្យ​មាន​ការ​ពង្រឹង​គ្រឹះ សីលធម៌ និង គុណធម៌ ឡើងវិញ។ ការ​លើកឡើង​ពី​គម្រោង​នេះ​ដោយ​លោក មើលឃើញ​ថា សីលធម៌ និង​គុណធម៌​នៅក្នុង​សង្គម​ធ្លាក់ចុះ​ខ្លាំង​អាច​បង្ក​ផល​អាក្រក់​ទាំង​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។

មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​អង្គការ​មួយ កញ្ញា ស៊ឹម សុភា បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា សីលធម៌​សង្គម​មានការ​ធ្លាក់ចុះ​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​។ សុភា មើលឃើញ​មូលហេតុ​២​គឺ កត្តា​ជីវភាព​នាំ​ឱ្យ​មនុស្ស​មិន​ខ្វល់​ពី​ការ​អប់រំ និង​បញ្ហា​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ពី​រឿងរ៉ាវ​អសីលធម៌។

កញ្ញា ស៊ឹម សុភា សង្កេតឃើញ​ថា ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហាក់ដូចជា សេរី មិន​មាន​ការអប់រំ ឬ​ទប់ស្កាត់​ទេ ហើយ​ជាក់ស្តែង​រឿង​អប់រំ​ល្អៗ ហាក់​មិនសូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ច្រើន​ដូច​ការ​បង្ហាញ​រូបភាព កាយវិការ ឬ ពាក្យ​សម្តី​មិន​សមរម្យ​នោះ​ទេ។

កញ្ញា ស៊ឹម សុភា៖ «ឃើញ​សង្គម​យើង​ឥឡូវ​ចាប់អារម្មណ៍​និង​រឿង​ឡប់ៗ​ឆ្កួតៗ បើ​អ្នកណា​គេ​ចេញ​មក​ឡប់ៗ​ឬ​ធ្វើ​អី​ប្លែក សំបូរ​អ្នក​ចាប់អារម្មណ៍​ហើយ​យក​វា​ទៅ​ធ្វើ​ជា​តម្រាប់​តាម​តៗ​គ្នា​អ៊ីចឹង​ទៅ។ ដល់ពេល​ក្មេង​ឥឡូវ​ឃើញ​អី​ល្បី ឃើញ​អី​មានការ​ចាប់អារម្មណ៍ ពួកគាត់​ចេះតែ​គិតថា អាហ្នឹង​ជា​ការ​សប្បាយ​ការ​អី​ទៅ»។

ទន្ទឹម​នឹង​ការ​ផ្សព្វផ្សាយ​មិនបាន​ផ្ដោត​លើ​ការអប់រំ​ហើយ​នោះ​ ​ក៏​មាន​ការ​ផ្សព្វផ្សាយ​ជាច្រើន​ក៏​កំពុងតែ​បំពុល​ថែម​ទៀត​ផង ដូចជា ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ការ​ផ្សព្វផ្សាយ​អ្នកលក់​ផលិតផល ដោយ​ប្រើ​ពាក្យ​ជេរប្រមាថ បង្ហាញ​កេរ្តិ៍ខ្មាស ឬ​សម្ដែង​ជា​ការ​ទាស់ទែង​ប្តី​ប្រពន្ធ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​មហាជន។

បើ​ពិនិត្យ​លើ​ការប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា គឺ​ហ្វេសប៊ុក​មាន​ចំនួន​ប្រើប្រាស់​ច្រើន​ជាង​គេ​រហូតដល់ ១២​លាន​នៃ​ចំនួន​ប្រើប្រាស់ ប៉ុន្តែ​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ផ្សព្វផ្សាយ​ការអប់រំ​ផ្សេងៗ មាន​អ្នកមើល​ច្រើន​បំផុត​ខ្ទង់រយ​ឬ ខ្ទង់ពាន់​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​ការ​សម្ដែង​ជា​ការ​ទាស់ទែង​រឿង​ក្នុង​គ្រួសារ​បកអាក្រាត​គ្នា​វិញ​នោះ មាន​អ្នកមើល​រហូតដល់​រាប់​សែន ឬ​រាប់​លាន​ក៏​មាន។

កញ្ញា ស៊ឹម សុភា អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ ហើយ​រូប​គាត់​ក៏​កំពុង​ចាប់អារម្មណ៍​និង​គាំទ្រ​សកម្មភាព បណ្ណាល័យ​ចល័ត ឬ​ការ​ដាក់​សៀវភៅ​ឱ្យ​អាន​នៅ​ទី​សាធារណៈ ហើយ​អាច​ខ្ចី​យក​ទៅ​អាន​នៅផ្ទះ​បាន​ទៀត​ផង។ កញ្ញា​ថា នេះ​ជា​សកម្មភាព​មួយ​ជួយ​ពង្រឹង​ចំណេះដឹង​ក្នុង​សង្គម។

ប្រភព​ទាំង​៣​រូប​នេះ សុទ្ធតែ​មានការ​យល់ឃើញ​ដូចគ្នា​ថា ស្ថានភាព​ធ្លាក់ចុះ​សីលធម៌​សង្គម​គឺ​ដល់​កម្រិត​ធ្ងន់ធ្ងរ​ត្រូវ​មាន​វិធានការ​អប់រំ​ពង្រឹង​ឡើងវិញ​ជាបន្ទាន់ កុំឱ្យ​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ហើយ​បង្ក​គ្រោះថ្នាក់​ចាប់ពី​បុគ្គល​ម្នាក់ៗ​រហូតដល់​សង្គមជាតិ​ទាំងមូល​។​

លោក គួច ម៉េងលី លើកឡើង​ថា បើសិនជា មិន​មាន​វិធានការ​ដោះស្រាយ​ពង្រឹង​សីលធម៌​សង្គម​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ ផល​ប៉ះពាល់​ជា​ប្រព័ន្ធ​នឹង​កាន់តែ​រីក​ឡើង​នៅក្នុង​សង្គម។

លោក គួច ម៉េងលី៖ «យើង​អត់​ពង្រឹង​ការអប់រំ យើង​អត់​ពង្រឹង​គេ​ហៅថា រចនាសម្ព័ន្ធ​នៃ​គ្រួសារ ហើយ​ការ​បណ្តុះបណ្តាល​ការ​ឈឺឆ្អាល​ក្នុង​សហគមន៍​យើង។ អាហ្នឹង​វា​ប៉ះទង្គិច​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់ សង្គម​គ្រួសារ គេ​ហៅថា សេដ្ឋកិច្ច​គ្រួសារ ហើយ​ដល់​ផុត​ពី​សេដ្ឋកិច្ច​គ្រួសារ ការ​រស់នៅ​របស់​គ្រួសារ ជា​រួម​ទៅ​វា​ពាក់ព័ន្ធ​ទាក់ទង​គ្នា​ទាំងអស់»។

ជ្រុង​មួយ​នៃ​ការ​ចង្អៀត​ក្នុង​ពន្ធនាគារ​ក៏​ឆ្លុះបញ្ចាំង​ពី​សីលធម៌​សង្គម​ដែរ។ នៅ​ឆ្នាំ​២០២២ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ពន្ធនាគារ​ចង្អៀត​ជ្រុល​មិន​មាន​កន្លែង​ឃុំ​មនុស្ស​ដែល​បច្ចុប្បន្ន​មាន​អ្នក​ជាប់ឃុំ​ជិត​៤​ម៉ឺន​ (៣៨.០០០)​នាក់ ក្នុង​នោះ​ជាង​២​ម៉ឺន នាក់ ជាប់​ឃុំ​ក្នុង​ករណី​គ្រឿងញៀន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។