ហេតុអ្វីបានជាអាមេរិកដាក់ទណ្ឌកម្ម «ស្តេចកោះកុង»?
2024.09.16
លោក លី យ៉ុងផាត់ គឺជាមហាសេដ្ឋីខ្មែរមួយរូបដែលសម្បូរណ៍ទៅដោយរឿងរ៉ាវអាស្រូវពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មថ្នាក់ជាតិ។ រឿងអាស្រូវពាក់ព័ន្ធឧក្រិដ្ឋកម្មទាំងនេះ មានរាប់ចាប់ពីការច្បាមយកដីធ្លី ការបណ្តេញពលរដ្ឋចេញដោយបង្ខំ ពលកម្មកុមារពាក់ព័ន្ធនឹងឧស្សាហកម្មស្ករអំពៅ ការជួញដូរមនុស្ស ការបូមខ្សាច់ខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ និងបរិស្ថាន ការរត់ពន្ធថ្នាំជក់ អំពើលាងលុយកខ្វក់ ការបើកបនល្បែង និងអំពើឆបោកតាមអនឡាញជាដើម។
មិនមែនជារឿងចៃដន្យឡើយដែលអាមេរិកដាក់ទណ្ឌកម្មមហាសេដ្ឋីខ្មែរវ័យ៦៦ឆ្នាំ និងជាមនុស្សជំនិតរបស់លោក ហ៊ុន សែន គឺលោក លី យ៉ុងផាត់ ដែលសម្បូរណ៍ទៅដោយរឿងរ៉ាវអាស្រូវពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មថ្នាក់ជាតិ។
រឿងអាស្រូវពាក់ព័ន្ធឧក្រិដ្ឋកម្មទាំងនេះ មានរាប់ចាប់ពី ការច្បាមយកដីធ្លី ការបណ្តេញពលរដ្ឋចេញដោយបង្ខំ ពលកម្មកុមារពាក់ព័ន្ធនឹងឧស្សាហកម្មស្ករអំពៅ ការជួញដូរមនុស្ស ការបូមខ្សាច់ខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ និងបរិស្ថាន ការរត់ពន្ធថ្នាំជក់ អំពើលាងលុយកខ្វក់ ការបើកបនល្បែងអនឡាញខុសច្បាប់ និងអំពើឆបោកតាមអនឡាញ ជាដើម។
ទណ្ឌកម្មនេះ ធ្វើឱ្យលោកក្លាយជាបុគ្គលកម្ពុជាទី៦ហើយនៃទណ្ឌកម្មអន្តរជាតិ ក្រោមច្បាប់ Global Magnitsky Act ដ៏មានឥទ្ធិពលរបស់អាមេរិក។ បុគ្គលកម្ពុជា៥រូបទៀតដែលរងទណ្ឌកម្មអាមេរិកដែរមុនលោក លី យ៉ុងផាត់ គឺមានលោក ហ៊ីង ប៊ុនហៀង លោក ទ្រី ភាព លោក គន់ គីម លោក ទៀ វិញ និងលោក ចៅ ភិរុណ ព្រមទាំងគ្រួសារ និងសម្ព័ន្ធអាជីវកម្មរបស់ពួកគេ នៅចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២១។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ៖ «ពេលណាមានការលាតត្រដាងការពិត ហើយលើសពីនេះទៅទៀតមានដាក់ទណ្ឌកម្មមកលើជនឧក្រិដ្ឋ នេះគឺជាដំណឹងល្អសម្រាប់ប្រទេសកម្ពុជា។ ហើយជាដំណឹងអាក្រក់សម្រាប់របប ហ៊ុន សែន ពីព្រោះ លី យ៉ុងផាត់ គឺគាត់ជាសសរ សសរសេដ្ឋកិច្ច សសរហិរញ្ញវត្ថុ សម្រាប់របប ហ៊ុន សែន ហើយសម្រាប់ត្រកូល ហ៊ុន សែន តែម្តង។ តែបើសសរនោះ វាប្រេះស្រាំ វាត្រូវច្រានដួលរលំ នោះរបប ហ៊ុន សែន និងត្រកូល ហ៊ុន សែន ក៏មិនអាចនៅគ្រប់គ្រងប្រទេសបានយូរទៀតដែរ»។
រដ្ឋាភិបាលកម្ពុជាចាត់ទុកការដាក់ទណ្ឌកម្មនេះថាមាន«ចេតនានយោបាយ» រំលោភអធិបតេយ្យ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមប្រាមមិនឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាអន្តរជាតិពាក់ព័ន្ធនឹងលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្ម៥របស់លោកនេះ ក្លាយជាទណ្ឌកម្មទី១ ដែលអាមេរិកដាក់មកលើបុគ្គលកម្ពុជាក្នុងអាណត្តិនាយករដ្ឋមន្ត្រីកូន គឺលោក ហ៊ុន ម៉ាណែត។
ទណ្ឌកម្មនេះ កើតមានឡើងចំពេលដែលរដ្ឋាភិបាលទំនងជាកំពុងជួបប្រទះបញ្ហាខ្វះខាតថវិកាជាតិ ខណៈរដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការភ្លូកទឹកភ្លូកដីរៃអង្គាសលុយពីពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយអះអាងថា យកទៅ«កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានប្រកាសដំឡើងថ្លៃលក់គោរមងារ«ឧកញ៉ា» និងតម្រូវឱ្យបង់វិភាគទានប្រចាំឆ្នាំរហូតដល់ ១សែនដុល្លារ។
នៅប្រមាណជាង ១ឆ្នាំមុនទទួលបានទណ្ឌកម្មអន្តរជាតិនេះ យីអ៊ុនរបស់មហាសេដ្ឋីកាន់សញ្ជាតិ២ខ្មែរ-ថៃរូបនេះ ហាក់ឡើងស្រើតៗ។ លោកបានក្លាយជាប្រធានសមាគមឧកញ៉ាកម្ពុជា នៅពាក់កណ្ដាលឆ្នាំ២០២៣។ ក្រោយមកនៅចុងឆ្នាំដដែលនោះ លោកទទួលបានតំណែងជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ឬជាអ្នកប្រមូលនិងគ្រប់គ្រងហិបប្រាក់ឱ្យគណបក្សប្រជាជនកម្ពុជា។ នៅពាក់កណ្ដាលខែមេសា លោកទទួលបានគោរមងារខ្ពស់បំផុតជា «លោកអ្នកឧកញ៉ា» ដែលរដ្ឋាភិបាលដាក់លក់ក្នុងតម្លៃ៤លានដុល្លារ។
ការដាក់ទណ្ឌកម្មនេះដែលមានគោលដៅមកលើលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្ម៥របស់លោក រួមមាន សម្ព័ន្ធក្រុមហ៊ុន L.Y.P Group, រមណីយដ្ឋានអូស្មាច់ (O-Smach Resort), សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel), រមណីយដ្ឋានកោះកុង (Koh Kong Resort), និង សណ្ឋាគារភ្នំពេញ (Phnom Penh Hotel)។
ក្រសួងរតនាគារអាមេរិក ផ្តល់អំណះអំណាងថា ការដាក់ទណ្ឌកម្មនេះ គឺដោយសារតែលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោក ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណគ្រីបតូ (Crypto)។
អាមេរិករកឃើញថា រមណីយដ្ឋានអូស្មាច់របស់លោក លី យ៉ុងផាត់ ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ ខណៈអាជ្ញាធរកម្ពុជាបានស៊ើបអង្កេតជាង២ឆ្នាំមកហើយ គឺចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤។ ជនរងគ្រោះបានរាយការណ៍ថា ពួកគេត្រូវបានគេល្បួងដោយផ្តល់នូវឱកាសការងារក្លែងក្លាយ ដកហូតយកទូរស័ព្ទ និងលិខិតឆ្លងដែន និងត្រូវបានបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការឆបោកនានា។ ក្រុមមនុស្សដែលបានស្នើសុំឱ្យគេជួយ រាយការណ៍ថា ពួកគេបានទទួលរងនូវការវាយដំច្រំធាក់ ប្រើដំបងឆក់ ជំរិតទារប្រាក់ ឬគំរាមលក់បន្តទៅឱ្យក្រុមជើងកាងឆបោកអនឡាញដទៃទៀត។ ក្រសួងរតនាគារអាមេរិក ពន្យល់ថា មានសេចក្តីរាយការណ៍ចំនួន២ ដែលថា ជនរងគ្រោះបានលោតពីលើអគារនៅរមណីយដ្ឋាននោះបណ្តាលឱ្យស្លាប់។ ជនរងគ្រោះដែលត្រូវអាជ្ញាធររំដោះបានពីទីតាំងនោះ រួមមានជនជាតិចិន (China) ឥណ្ឌា (India) ឥណ្ឌូណេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) សិង្ហបុរី (Singapore) ថៃ (Thailand) និងវៀតណាម (Vietnam) ជាដើម។
សម្ព័ន្ធក្រុមហ៊ុន L.Y.P Group និងរមណីយដ្ឋានអូស្មាច់ ត្រូវអាមេរិកចោទថា ជាអ្នកទទួលខុសត្រូវ ឬសមគំនិត ឬពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលក្នុងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនេះ។ រីឯការដាក់ទណ្ឌកម្មលើសណ្ឋាគារ ហ្គាឌិន ស៊ីធី, រមណីយដ្ឋានកោះកុង, និង សណ្ឋាគារភ្នំពេញ គឺដោយសារតែលោក លី យ៉ុងផាត់ ជា ម្ចាស់អាជីវកម្មទាំងនេះ។
ក្រសួងរតនាគារអាមេរិក ក៏បានលើកឡើងពីការរកឃើញក្នុងរបាយការណ៍ស្ថានភាពជួញដូរមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិកដែលបានចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០២៤ ដែរថាអំពើពុករលួយ និងការសមគំនិតក្នុងចំណោមមន្ត្រីរដ្ឋាភិបាលក្នុងឧក្រិដ្ឋកម្មជួញដូរមនុស្ស នៅតែកើតមានយ៉ាងរីករាលដាល និងឥតឈប់ឈរនៅកម្ពុជា ខណៈជនរងគ្រោះត្រូវគេបង្ខំឱ្យធ្វើការរហូតដល់១៥ម៉ោងក្នុងមួយថ្ងៃ។ ករណីខ្លះត្រូវគេ«លក់បន្ត»ទៅឱ្យប្រតិបត្តិការឆបោកតាមអនឡាញ ឬក្លាយជាជងរងគ្រោះនៃអំពើជួញដូរផ្លូវភេទក៏មាន។
ក្រសួងការបរទេសអាមេរិកហៅចំណាត់ការដាក់ទណ្ឌកម្មនេះ ថាគឺដើម្បីលើកកម្ពស់គណនេយ្យភាពក្នុងការប្រឆាំងនឹងការជួញដូរមនុស្ស និងអំពើរំលោភបំពានផ្សេងៗទៀត ខណៈបង្អាក់មិនឱ្យមានការកេងប្រវ័ញ្ចឆបោកតាមអនឡាញដែលជនរងគ្រោះជាច្រើនជាពលរដ្ឋអាមេរិកាំង។
កន្លងទៅ ស្ថានទូតសហរដ្ឋអាមេរិក ធ្លាប់លាតត្រដាងថា ពលរដ្ឋអាមេរិកាំងបានចាញ់បោកក្រុមអ្នកឆបោកមានប្រភពចេញពីទឹកដីកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារ។
នៅទូទាំងពិភពលោក វិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (USIP) ប៉ាន់ស្មានថា កម្ពុជាតែឯងលូចលុយពីពិភពលោកយ៉ាងហោចណាស់ជាង ១២ពាន់៥រយ លានដុល្លារក្នុងមួយឆ្នាំៗតាមរយៈឧស្សាហកម្មឆបោកតាមអនឡាញ។ ចំនួននេះ ស្មើនឹងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប (GDP) ផ្លូវការរបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។