អ្នកប្រើប្រាស់បណ្ដាញសង្គម រិះគន់វិធានការបិទទីក្រុងដើម្បីប្រឆាំងកូវីដ-១៩ ធ្វើឡើងដោយតក់ក្រហល់ គ្មានផែនការច្បាស់លាស់ និងពុំមានការទទួលខុសត្រូវពិតប្រាកដ លើការផ្គត់ផ្គង់ស្បៀងអាហារ ចំពោះគ្រួសារទីទាល់ក្រីក្រ។
អ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើនចាប់អារម្មណ៍ លើព្រឹត្តិការណ៍ឆ្លងកូវីដ-១៩ ចូលសហគមន៍ ២០ កម្ភៈ រហូតអាជ្ញាធររដ្ឋាភិបាលប្រកាសបិទទីក្រុង ខេត្តកណ្តាល និងតំបន់មួយចំនួននៃបណ្តាខេត្តនានានៅទូទាំងប្រទេស មិនឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់រកគ្នាបានឡើយ។
ម្ចាស់គណនីហ្វេសប៊ុក ViReak Seth Fsp បាន សរសេរថា៖ ជីវិតអ្នកក្រដូចខ្ញុំ មានតែពាក្យថា តស៊ូ…ជាមួយនឹងរូបភាពកម្មករ ឈរតម្រៀបគ្នាជាច្រើននៅលើអគារស្នាក់នៅមួយកន្លែង ដែលទំនងជាមិនអាចចេញទៅណារួច។
ម្ចាស់គណនីហ្វេសប៊ុកដដែលសរសេរទៀតថា៖ យើងខ្ញុំជាកូនអ្នកក្រីក្រមកធ្វើការនៅភ្នំពេញ ហើយដោយសារមេរោគកូវីដ១៩ កន្លែងធ្វើការត្រូវបិទ ហើយពួកខ្ញុំនៅជាប់នៅក្នុងផ្ទះ គ្មានស្បៀងអាហារសំរាប់ហូបទេ សូមអាជ្ញាធរមេត្តាជួយពួកខ្ញុំផង អាសយដ្ឋាន សង្កាត់ ទឹកថ្លា ផ្លូវ 2004 លេខទូរស័ព្ទ 0973192319 និង 0712686802។
ឆ្លើយតបនឹងរឿងនេះ ម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ Chantha Muth Comment បន្តថា៖ "មានការបង្ហើយរកជំនួយស្បៀងអាហារសង្គ្រោះ" ខ្ញុំបានអានសារមួយបង្ហោះដោយគណនេយ្យហ្វេសប៊ុកឈ្មោះ «ViReak Seth Fsp» ខ្ញុំសូមសំណូមពរដល់អាជ្ញាធររាជធានីភ្នំពេញ និងគណៈកម្មការ មេត្តាពិនិត្យមើលស្ថានភាពរស់នៅរបស់ពួកគាត់ និងជួយឆ្លើយតបតាមការអំពាវនាវរបស់គាត់ផង។
ចំណែកម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ AN Vicheth ផុស និងចែករំម្លែក (Share) នូវ ទស្សននយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានជុំវិញវិធានការបិទខ្ទប់(lockdown) ទីក្រុង របស់អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ថា៖ វិធានការបិទខ្ទប់ក្រុងត្រូវតែផ្សាភ្ជាប់ជាមួយវិធានការដោះស្រាយបញ្ហាស្បៀងជូនប្រជាជន ទើបបានជោគជ័យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សង្កេតឃើញថា វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហាក់ដូចជាមិនបានផ្សាភ្ជាប់ឱ្យបានល្អប្រសើរជាមួយវិធានការផ្គត់ផ្គង់ និងបែងចែកស្បៀង។ អ្នកដឹកស្បៀងចូលទីក្រុងមានបញ្ហាទាក់ទងលិខិតស្នាមរដ្ឋបាល អ្នកដឹកស្បៀងទៅផ្គត់ផ្គង់តាមផ្ទះមានបញ្ហាលិខិតស្នាមរដ្ឋបាល អ្នកធ្វើការកន្លែងផលិត កែច្នៃ វិចខ្ចប់ លក់ដូរស្បៀងមានបញ្ហាលិខិតរដ្ឋបាល។ ដើម្បីដោះស្រាយបញ្ហានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គាំទ្រការមានសេចក្ដីណែនាំរួមមួយដែលរដ្ឋបាលរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីជួយសម្រួលដល់អ្នកដែលពាក់ព័ន្ធការងារផ្គត់ផ្គង់ស្បៀងទទួលបានលិខិតស្នាមច្បាស់លាស់ និងជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់។ លើសពីនេះទៀតរដ្ឋបាលមូលដ្ឋានទាំងអស់សូមជួយសម្របសម្រួលដោះស្រាយបញ្ហាខ្វះស្បៀងជូនប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំងឱ្យបានគ្រប់គ្នា។ គណបក្សនេះ សូមអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានការលំបាកតិចបង្កើនសាមគ្គីភាពជួយដល់អ្នកដែលមានការលំបាកខ្លាំងដើម្បីរួមគ្នាទប់ទល់វិបត្តិកូវីដ-១៩ បានជោគជ័យទាំងអស់គ្នា។
ចំណែកម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Lor Krem បានសរសេរដាស់តឿនថា៖ ក្នុងអំឡុងពេលនេះ យើងទាំងអស់គ្នាមិនគួរផុសរូបថតដើរលេង រូបថតហូបចុកចាស់ៗ ដែលមានលក្ខណៈជួបជុំគ្នាឡើយ។ ប្រសិនបើផុស គប្បីបញ្ជាក់កាលបរិច្ឆេទឱ្យបានច្បាស់ផង ចៀសវាងការភាន់ច្រឡំជាយថាហេតុ និងនាំទុក្ខដល់ខ្លួន។ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង។
រីឯម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Sam Inn ក៏បានសរសេរដែរថា៖ ធូររលុងពេកក៏មិនល្អ បង្កការឆ្លងរាលដាលខ្លាំង តែរឹតបន្តឹងពេកក៏លំបាក បង្កការខ្វះស្បៀងដោយបញ្ហាដឹកជញ្ជូន និងចែកចាយ។ ដូច្នេះ ត្រូវស្វែងរកផ្លូវកណ្តាល។
ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Ratna Leak បានប្រកាសជាដំណឹងថា៖ ទំនិញប្រភេទស្បៀង នៅតាមម៉ាត (ផ្សារ) មួយចំនួន ចាប់ផ្តើមអស់ស្តុកបណ្តើរៗ ហើយ។
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនក៏បាន Comments ដឺដងតបវិញថា ម្ហូបអាហារបម្រុងទុក នៅក្នុងទូទឹកកក ក៏អស់ដែរ នៅសល់តែទូរទទេ មកដល់ថ្ងៃនេះ។
ចំណែកម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ Sem Kung បានសរសេរ ដោយលើកជាសំណួរថា៖ «ឃុំខ្លួននៅក្នុងផ្ទះ បាត់បង់ចំណូល ទំនិញឡើងថ្លៃ អត់លុយបង់ធនាគារ! សួរថាស្លាប់ដោយសារកូវីដ ឬស្លាប់ដោយសារអ្វី?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។