មន្ត្រីរដ្ឋាភិបាល សមត្ថកិច្ចចម្រុះជាច្រើន មានទាំងក្រុមសង្គ្រោះបន្ទាន់ ក្រុមគ្រូពេទ្យផង បានចុះជួយដល់កន្លែងកើតហេតុ និងបានដឹកទៅមន្ទីរពេទ្យសង្គ្រោះភ្លាម។
ក្នុងចំណោមកម្មករទាំងជាង ១០នាក់នោះ គេរកឃើញអ្នកស្លាប់ក្រោមបំណែកថ្មភ្លាមៗចំនួន ២នាក់ និងម្នាក់ទៀតត្រូវគេសង្គ្រោះដោយទាញចេញពីគំនរពិតានថ្មធ្លាក់លើជាមួយអ្នករងគ្រោះដទៃទៀត ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យទើបមានសេចក្ដីរាយការណ៍ថាស្លាប់។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោក អ៊ិត សំហេង មានប្រសាសន៍នៅទីកើតហេតុផ្ទាល់ថា កម្មកររបួសក្នុងហេតុការណ៍នោះ បានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នាខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ ហើយក្រោយមកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត នៅទីក្រុងភ្នំពេញ ទាំងអស់ ចាប់ពីម៉ោងប្រមាណ ៨ព្រឹក រហូតដល់ជាង ១០ព្រឹក។
លោកបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារសំណង់នៃអគាររោងចក្រស្បែកជើង វីង ស្តារ នោះ សង់ឡើងដោយមិនស្របតាមលក្ខណៈបច្ចេកទេស។
កម្មការិនីម្នាក់ឈ្មោះ ទុយ សុខលាភ ដែលបានឃើញហេតុការណ៍នោះភ្លាមបានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា ថា ដំឡើងកម្មករទើបចូលធ្វើការបានប្រមាណជាង ១០នាទីប៉ុណ្ណោះ ស្រាប់តែកម្មករនៅទីកើតហេតុនោះផ្ទាល់ បានឮស្នូរដូចដូចបាក់អ្វីម្យ៉ាង ប៉ុន្តែពុំមានការប្រកាសអាសន្នពីមេការរោងចក្រ ហើយអ្នកខ្លះចាប់អារម្មណ៍ក៏រត់ចេញ អ្នកខ្លះមិនចាប់អារម្មណ៍ក៏នៅធ្វើការបន្តរហូតបាក់ពិតាននោះសង្កត់លើតែម្ដង។
ផ្ទាំងពិតានថ្មដែលបាក់នោះមានទទឹងប្រមាណ ៩ម៉ែត្រ គុណនិង ១៤ម៉ែត្រ ហើយកម្មករស្ថិតនៅក្រោមពិតាននោះផ្ទាល់មានជាង ២០នាក់ ក្នុងចំណោមកម្មករដែលនៅជួរជាមួយគ្នានោះប្រមាណជាង ២០០នាក់។
ចំណែកមន្ត្រីរដ្ឋបាលនៃរោងចក្រ វីងស្តារ ស៊ូ លោក ម៉ៅ ឈីវសុង បានឲ្យដឹងថា សំណង់ទាំងនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែនេះជាហេតុការណ៍ចៃដន្យ។ ចំពោះរឿងសំណងដល់ជនរងគ្រោះវិញ លោកមិនទាន់ដឹងច្បាស់ថា ត្រូវធ្វើយ៉ាងណាឡើយទេ។
ស្ត្រីអ្នកនាំពាក្យរបស់រោងចក្រ អេស៊ិក (Asics) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានបញ្ជាក់ថា រោងចក្រដែលកើតហេតុនោះ មានកិច្ចសន្យាផលិតស្បែកជើងកីឡាយីហោ អេស៊ិក។ អ្នកស្រីបានឲ្យដឹងថា ក្រុមហ៊ុនកំពុងពិនិត្យសិក្សាអំពីរឿងហេតុដែលកើតគ្រោះថ្នាក់នោះ។
ស្រ្តីអ្នកនាំពាក្យរបស់ក្រុមហ៊ុន ឈ្មោះ ម៉ាសាយូ ហាសេហ្គាវ៉ា (Masayo Hasegawa) បាននិយាយថា ក្រុមហ៊ុនចូលរួមមរណទុក្ខចំពោះអ្នកកើតមានគ្រោះថ្នាក់នោះ។ អ្នកស្រីបានបន្ថែមថា គាត់មិនបានដឹងព័ត៌មានអំពីការត្រួតពិនិត្យការសាងសង់អគារនោះពីមុនមកឡើយ ប៉ុន្តែយើងតែងតែចាត់ទុកថា សុវត្ថិភាព និងការការពារអាយុជីវិត គឺជាអាទិភាពជានិច្ច។
តែទោះយ៉ាងណា លោក អ៊ិត សំហេង ថា ភាគីខាងរោងចក្រត្រូវទទួលខុសត្រូវក្នុងរឿងនេះ ហើយនេះជាលើដំបូងហើយដែលអាគាររោងចក្រនៅកម្ពុជា បានកើតហេតុការណ៍បែបនេះកើតឡើង។
លោកបន្តថា នេះជាករណីគ្រោះថ្នាក់ការងារ ដូច្នេះកិច្ចជួយសង្គ្រោះបឋម គឺប្រើប្រាស់ថវិការបស់របបសន្តិសុខសង្គមរបស់រដ្ឋាភិបាលទទួលរាប់រងទាំងស្រុងលើពិធីបុណ្យសព ការព្យាបាលអ្នករងគ្រោះ។ របបសន្តិសុខសង្គមនេះ មានតំណាងខាងរោងចក្រ និងកម្មករ ជាសមាជិកបង់វិភាគទានជាប្រចាំ។
រោងចក្រស្បែកជើង វីង ស្តារ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយពីភ្នំពេញ ប្រមាណ ៦០គីឡូម៉ែត្រ។ រោងចក្រនេះបានដំណើរការប្រមាណមួយឆ្នាំមកហើយ ដោយដេរស្បែកជើងកីឡា មានម៉ាក អេស៊ិក ជាដើម។ គេមិនទាន់ដឹងថា កម្មកររោងចក្រនេះនឹងត្រូវចូលធ្វើការវិញនៅពេលណានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។