កម្មកររោងចក្រកាត់ដេរមួយចំនួនស្នើដល់រដ្ឋាភិបាលទប់ស្កាត់ការដំឡើងថ្លៃជួលផ្ទះ ឬបន្ទប់ជួលឱ្យមានប្រសិទ្ធភាព។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់នៃកិច្ចសន្យាផ្ទះជួលឱ្យម៉ឺងម៉ាត់ ព្រមទាំងដំឡើងប្រាក់ឈ្នួលសមរម្យដើម្បីប្រយោជន៍កម្មករក្នុងវិស័យកាត់ដេរ។
កម្មកររោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរអំពាវនាវដល់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍កុំឱ្យម្ចាស់ផ្ទះជួល ឬបន្ទប់ជួលដំឡើងថ្លៃដូចឆ្នាំកន្លងទៅ។ ទន្ទឹមនឹងនេះ ពួកគេស្នើឲ្យដោះស្រាយបញ្ហាតម្លៃទំនិញនៅលើទីផ្សារកុំឱ្យឡើងខ្ពស់ ព្រមទាំងត្រូវពិនិត្យមើលឲ្យបានជាក់លាក់នូវតម្លៃអគ្គិសនី និងតម្លៃទឹកសម្រាប់កម្មករកម្មការិនីផងដែរ ក្នុងការជួយដោះស្រាយទុក្ខលំបាករបស់ពួកគេ។
កម្មករធ្វើការនៅរោងចក្រផលិតកាបូប ឌីឡាក់ នៅរាជធានីភ្នំពេញលោក សួន រតនា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ ខែកញ្ញា ថា លោកចំណាយ៤០ដុល្លារក្នុងមួយខែក្នុងការបង់ថ្លៃជួលបន្ទប់មួយទំហំ ២ម៉ែត្រ គុណនឹង ៣ម៉ែត្រ នៅជិតកន្លែងធ្វើការដើម្បីស្នាក់នៅមួយជាមួយប្រពន្ធ ដោយពុំមានកិច្ចសន្យាជួលបន្ទាប់តាមច្បាប់នោះទេ។ លោកមើលឃើញថា ដំណើរការចរចាដំឡើងប្រាក់ខែគោល ប្រចាំឆ្នាំគ្រាន់តែផ្តល់ប្រាក់ឈ្នួលជូនកម្មកររស់នៅក្នុងជីវភាពសមរម្យ ហាក់ធ្វើឡើងតឹងតែង ប៉ុន្តែម្ចាស់ផ្ទះអាចដំឡើងថ្លៃជួលបន្ទប់ ទឹកភ្លើង រួមទាំងការឡើងថ្លៃទំនិញនៅលើទីផ្សារជាហូរហែមកនេះ ដោយគ្មានអាជ្ញាធរចុះត្រួតពិនិត្យ និងចាត់វិធានការដោះស្រាយនោះឡើយ។
លោក សួន រតនា៖ «ខ្ញុំស្នើសុំដល់ម្ចាស់ផ្ទះជួលទាំងអស់មិនថា នៅតំបន់របស់ខ្ញុំទេ គឺទូទាំងប្រទេសតែម្តងសូមកុំដំឡើងថ្លៃអី ពីព្រោះកម្មករដូចខ្ញុំធ្វើរោងចក្រតាំងពីដើមមកហើយ ប្រាក់ខែឡើងតែតួលេខតែលុយដែលកម្មករទទួលបាននៅដដែល»។
ស្រដៀងគ្នានេះដែរ កម្មកររោងចក្រកាត់ដេរម្នាក់ទៀតជួលបន្ទប់នៅសង្កាត់ស្ទឹងមានជ័យ លោកស្រី ព្រហ្ម សុភី ប្រាប់ថា បច្ចុប្បន្នជីវភាពគ្រួសារលោកស្រីរស់នៅកាន់តែលំបាក ដោយសារតែចំណូលដែលរកបានពុំអាចផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារឱ្យបានគ្រប់គ្រាន់ ខណៈលោកស្រីត្រូវបង់ថ្លៃជួលបន្ទប់ប្រចាំខែ ៥៥ដុល្លារ ដែលឆ្នាំមុនលោកស្រីចំណាយតែ៥០ដុល្លារ បូករួមទាំងការចំណាយថ្លៃទឹកភ្លើង១៥ទៅ២០ដុល្លារក្នុងមួយខែៗថែមទៀត។ លោកស្រីបន្ថែមថា អំឡុងការចរចាប្រាក់ខែគោលកំពុងដំណើរការមិនទាន់ទទួលបានលទ្ធផលនៅឡើយនោះ ម្ចាស់ផ្ទះជួលមួយចំនួននៅក្នុងតំបន់លោកស្រីរស់នៅបានបង្ហើបព័ត៌មានពីការដំឡើងថ្លៃផ្ទះជួលបណ្តើរៗដែរ។ លោកស្រីស្នើអាជ្ញាធរជួយឲ្យម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃបន្ទប់ ដោយសារស្ថានភាពលំបាកនេះ ពីព្រោះកម្មករមិនអាចទ្រាំទ្រនឹងការចំណាយបន្ថែមទៀតនេះបានទេ។
លោកស្រី ព្រហ្ម សុភី៖ «ខ្ញុំមានផលលំបាកខ្លាំងដោយសារប្រាក់ខែឡើងបានតិចហើយផ្ទះជួលកាន់តែកើនឡើងថែម ដល់ពេលការងារឥឡូវអត់បានថែមម៉ោងដូចពីមុនទៀត កម្មករព្រួយបារម្ភត្រង់ចំណុចហ្នឹង អ៊ីចឹងផ្ទះជួលឡើងម្តងសុទ្ធតែ ៥ដុល្លារ ដែលធ្វើកម្មករមានផលលំបាក អ៊ីចឹងខ្ញុំសង្ឃឹមថា នាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត នឹងមើលឃើញពីផលលំបាករបស់កម្មករ»។
ថ្មីៗនេះម្ចាស់ផ្ទះមួយចំនួនចេញសេចក្តីជូនដំណឹងដំឡើងថ្លៃជួលផ្ទះ ឬបន្ទប់ចាប់ពីថ្ងៃទី១ ខែតុលាខាងមុខនេះ ហើយព័ត៌មានទាំងនេះត្រូវបានអ្នកលេងបណ្ដាញសង្គមចែករំលែកតៗគ្នាដែលធ្វើឱ្យអ្នកជួលបន្ទប់គេរស់នៅជាពិសេសកម្មករព្រួយបារម្ភ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីឆ្លើយតបនឹងសំណើរបស់កម្មករនេះបានទេ នៅថ្ងៃទី២៤ ខែកញ្ញា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ប្រាប់វិទ្យុអាស៊ីសេរីថា សព្វថ្ងៃស្ថានភាពកម្មករប្រឈមនឹងការលំបាកជាច្រើនជាពិសេសការចាយវាយកើនឡើង ហើយកម្មករភាគច្រើនចំណាយប្រាក់ចន្លោះពី ៣០ដុល្លារ ទៅជាង ៥០ដុល្លារសម្រាប់បន្ទប់ជួល។ លោកបន្តថាការដំឡើងថ្លៃបន្ទប់ ឬផ្ទះជួលបានកើតឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករ កម្មការិនីរោងចក្របន្ថែមទៀត។ មេសហជីពរូបនេះយល់ថា ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់កម្មករ រដ្ឋាភិបាលគួរតែដំឡើងប្រាក់ឈ្នួលជូនកម្មករឱ្យបានច្រើន ចំណែកអាជ្ញាធរពាក់ព័ន្ធវិញត្រូវតែពង្រឹងការអនុវត្តច្បាប់កិច្ចសន្យាជួលផ្ទះ និងចុះធ្វើអធិការកិច្ចចំពោះបញ្ហានេះឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការដំឡើងថ្លៃផ្ទះជួលតាមតែចិត្ត។
លោក អាត់ ធន់៖ «វាប៉ះពាល់លើការចំណាយរបស់គាត់(កម្មករ)ខ្ញុំបញ្ជាក់ថា ទាល់តែធ្វើទាំងព្រមពីព្រោះច្បាប់មាន ហើយត្រូវមានវិធានការអនុវត្តច្បាប់ ដោយត្រូវចុះតាមដានឱ្យត្រឹមត្រូវកុំថា អ្នកមានខ្សែ ឬអ្នកដែលមានផ្ទះ នៅតំបន់ជួលហ្នឹង បន្ទប់មិនបានសង្កេត តែទៅសង្កេតផ្ទះផ្សេង ហើយការដាក់ពិន័យត្រូវដាក់កម្រិតណាឱ្យសមស្រប នឹងទីផ្សារសេរីដែលគេ(ម្ចាស់ផ្ទះជួល)រកស៊ីអាចធ្វើជំនួញបាន»។
កន្លងទៅកម្មកររោចក្រកាត់ដេរតែងតែរអ៊ូករណីម្ចាស់ផ្ទះជួលមួយចំនួនបានដំឡើងថ្លៃឈ្នួលតាមអំពើចិត្ត បន្ទាប់ពីប្រាក់ឈ្នួលរបស់កម្មករដំឡើងបានតិចតួច។ ពួកគាត់ស្នើដល់ម្ចាស់ផ្ទះជួល ឬបន្ទប់រក្សាតម្លៃជួលសម្រាប់កម្មករកុំឱ្យដំឡើងថ្លៃក្នុងស្ថានភាពដែលពួកគេលំបាកដូចសព្វថ្ងៃនេះ។
ច្បាប់ស្ដីពីភតិសន្យាពិសេស ឬហៅថាច្បាប់ជួលផ្ទះ មិនអនុញ្ញាតឲ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃផ្ទះសម្រាប់កម្មករ និស្សិត និងសិស្ស ដែលជួលផ្ទះ ក្នុងអំឡុងពេលពីរឆ្នាំនៃការជួលផ្ទះ និងផ្តល់សិទ្ធិឲ្យអ្នកជួលផ្ទះអាចឈប់ជួលពេលណាក៏បាន។ ប៉ុន្តែក្រុមកម្មករ និងប្រជាពលរដ្ឋមួយចំនួនដែលរស់នៅផ្ទះជួលមើលឃើញថា ម្ចាស់ផ្ទះជួល មិនបានអនុវត្តច្បាប់នេះមានប្រសិទ្ធភាពនោះទេ ចំណែកអាជ្ញាធរពាក់ព័ន្ធក៏មិនបានចាត់វិធានការម្ចាស់ផ្ទះជួលដែលមិនអនុវត្តត្រឹមត្រូវតាមច្បាប់នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។