កម្មករ​កម្មការិនី​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា

ដោយ សុជីវី
2022.09.27
Share on WhatsApp
Share on WhatsApp
កម្មករ​កម្មការិនី​ចាក​ចេញ​ពី​ស្រុក​កំណើត​មក​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា កម្មករកម្មការិនីវិលត្រលប់មកភ្នំពេញវិញ ក្រោយពីទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្តល់ឱ្យ

កម្មករ​កម្មការិនី និង អ្នកធ្វើការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​សម្រុក​ចាកចេញ​ពី​ស្រុកកំណើត​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ជា​បណ្ដើរៗ​វិញ​ហើយ ក្រោយ​ចប់​ការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ។ ពលរដ្ឋ​ខ្លះ​ត្អូញត្អែរ​តម្លៃ​ឡាន​ឈ្នួល​ហក់​ឡើងថ្លៃ​ខុស​ថ្ងៃ​ធម្មតា។

កម្មករ​កម្មការិនី និង អ្នកធ្វើការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យ​ដឹង​ថា បញ្ហា​តម្លៃ​សំបុត្រ​ឡាន​ឈ្មួញ​ហក់​ឡើង​ថ្លៃ ពេល​មាន​បុណ្យជាតិ​ម្តងៗ​នៅតែ​កើតមាន​ដដែលៗ ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​រដ្ឋាភិបាល​មិន​ចាត់វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ។ ប្រការ​នេះ កម្មការិនី​ខ្លះ​រស់​នៅ​ខេត្តព្រៃវែង ខេត្ត​ស្វាយរៀង និង​ខេត្ត​ផ្សេងៗ​ទៀត បាន​បង្ខំចិត្ត ជិះ​ម៉ូតូ​ទៅ​លេង​ស្រុក​កំណើត​ដោយ​ខ្លួនឯង។

ពលរដ្ឋ​រស់នៅ​ខេត្ត​កណ្តាល លោក ជិន សុធីរ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តម្លៃ​សំបុត្រ​ឡាន​ហក់​ឡើងថ្លៃ ចាប់ពី​ថ្ងៃទី​២៣ ដល់ ថ្ងៃទី​២៦ កញ្ញា លើស​ពី​ថ្ងៃ​ធម្មតា​ជាង ១​ម៉ឺន​រៀល (១០.០០០) ហើយ​ក្រោយ​ចប់​បុណ្យ​ភ្ជុំបិណ្ឌ តម្លៃ​សំបុត្រ​ឡាន នឹង​បន្ត​ឡើងថ្លៃ​ទៀត​ដល់​ថ្ងៃ​២៨ កញ្ញា លើស​ថ្ងៃ​ធម្មតា​ជាង ១​ម៉ឺន​រៀល (១០.០០០) ទៅ ២​ម៉ឺន​រៀល (២០.០០០) ។ លោក​ថា ម្ចាស់​រថយន្ត​ឈ្នួល​ខ្លះ ដាក់​មនុស្ស​លើស​ចំណុះ ចង្អៀត​ណែន​តាន់តាប់ បង្ក​ការ​លំបាក​ដល់​អ្នក​ដំណើរ និង​សុវត្ថិភាព។

លោក​បញ្ជាក់​ថា ឡាន​ខ្លះ​ដាក់​អីវ៉ាន់​សំពីងសំពោង​តាម​ដងផ្លូវ​ស្ទះចរាចរណ៍​ជាច្រើន​គីឡូម៉ែត្រ តាម​ផ្លូវជាតិ​មួយ​ចំនួន​រួម​មាន ផ្លូវជាតិ​លេខ ១ ផ្លូវជាតិ​លេខ ០៦ អា និង ផ្លូវជាតិ​លេខ ៣ ជាដើម៖ «ពី​ភ្នំពេញ​មក​ខេត្ត​នានា​តម្លៃ​ខុស​ថ្ងៃ​ធម្មតា​ជាង ១​ម៉ឺន​រៀល មាន​ន័យ ថា ចាប់ពី​ភ្នំពេញ​ទៅ​សៀមរាប តម្លៃ​ចាប់ពី ៥​ម៉ឺន ដល់​ថ្ងៃ បុណ្យទាន តម្លៃ​ស្មើ ៦ ម៉ឺន​រៀល ហើយ​ខេត្ត​ផ្សេងៗ​ទៀត ឡើង​តាម​ហ្នឹង។

ចំណែក​កម្មការិនី រស់នៅ​នៅ​ខេត្ត​សៀមរាប កញ្ញា ឡោម រាត្រី ថ្លែង​ថា កម្មការិនី​រោងចក្រ មកលេង​ស្រុក​កំណើត​ភាគច្រើន ចាយវាយ​ត្បិតត្បៀត ដោយ​ពួកគាត់​ពុំ​សូវ​មាន​ប្រាក់ សម្រាប់​ធ្វើ​បុណ្យទាន​នោះ​ទេ ព្រោះ​ជីវភាព​ខ្វះខាត​។ កញ្ញា​បន្ថែម​ថា អ្នក​ធ្វើ​ដំណើរ​ភាគច្រើន មិន​សូវ​បារម្ភ​នឹង​ជំងឺឆ្លង កូវីដ១៩ នោះ​ឡើយ ហើយ​ពួកគាត់​ភាគច្រើន​មិន​សូវ​ពាក់​ម៉ាស និង​ប្រើ​អាល់កុល (Alcohol) នោះ​ទេ»

ចំណែក អ្នក​រត់​តាក់ស៊ី​តាម​ផ្លូវជាតិ​លេខ​១ ពី​ភ្នំពេញ​មក​ខេត្ត​ព្រៃវែង និង​ស្វាយរៀង គឺ​លោក ឈួន ពេជ្រ ទទួល​ស្គាល់​ថា លោក​ពិតជា​ដំឡើង​ថ្លៃ​តាក់ស៊ី​នៅ​ថ្ងៃបុណ្យ​ខុស​ថ្ងៃ​ធម្មតា​ជាង​មួយ​ម៉ឺន​រៀល (១០.០០០) ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​ដំឡើង​ថ្លៃ​ដូច្នេះ ដោយសារ​តម្លៃ​ប្រេងសាំង​ហក់​ឡើងថ្លៃ ហើយ​ក្នុង​មួយថ្ងៃ លោក​រត់​តាក់ស៊ី​បានតែ មួយ​ជើង​ប៉ុណ្ណោះ៖ «ឡាន​តូច តម្លៃ ៤​ម៉ឺន​រៀល សម្រាប់​មនុស្ស​ម្នាក់ តែ​ឡាន សាំង​យ៉ុង តែ ៣​ម៉ឺន​។ ដឹក​តែមួយ​ជើង មិន​ហ៊ាន​បក​មួយ​ជើង​ទៀត ខ្លាច​ខាត​ប្រេង»

ចំណែកឯ​នៅ​រាជធានី​ភ្នំពេញ ស្ទើរ​គ្រប់​តាម​ដងផ្លូវ​មាន​ការ​កកស្ទះ​ខ្លាំង ដោយសារតែ​កម្មករ​សម្រុក​វិល​មក​ធ្វើការ​វិញ ក្រោយពី​ពួកគាត់​បាន​ទៅ​ដើរ​លេង​កម្សាន្ត ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។

ដោយឡែក​គ្រោះថ្នាក់​ចរាចរ នៅ​ថ្ងៃ​ពិធីបុណ្យ​ឆ្លង​ភ្ជុំបិណ្ឌ​កើតឡើង​ជាង ១០​ករណី (១៣) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ១១​នាក់​។ របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៥ កញ្ញា ក្នុង​ថ្ងៃបុណ្យ​ឆ្លង​ភ្ជុំបិណ្ឌ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១១​នាក់ (​ស្រី ៣​នាក់​) រង​របួស​សរុប​ចំនួន ១៩​នាក់។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី ២៦ កញ្ញា​នេះ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ សង្កេត​ឃើញ​ថា បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ អ្នក​ធ្វើការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ខ្លះ​បាន​ទៅ​លេង​ស្រុកកំណើត ហើយ​ខ្លះ​ទៀត មិន​បាន​ទៅ​នោះ​ទេ ព្រោះតែ​ជីវភាព​ខ្វះខាត​។ លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​សម្រុក​ទៅ​វត្ត​អារាម​ច្រើន​កុះករ​នៅ​ឆ្នាំនេះ ដោយ​ពួកគាត់​មិន​ខ្វល់​ពី​ជំងឺឆ្លង កូវីដ​១៩​នោះ​ទេ៖ «អ្នក​ធ្វើដំណើរ​នៅ​ដាក់​អ៊ី​វាន់​សំពីងសំពោង ដោយសារ​ឡាន​អ្នក​ជនបទ​តាម​ភូមិ ឡាន​មិនសូវ​សំបូរ ដូច្នេះ​ពួកគាត់​នាំគ្នា​ជិះ​ប្រជ្រៀត​គ្នា​ទៅ»

ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​មួយចំនួន​លើកឡើង​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មាន​មនុស្សម្នា​ច្រើន​កុះករ​ចូលរួម​ពិធីបុណ្យ​ទាន​តាម​វត្ត​អារាម និង​ខ្លះទៀត ជួបជុំ​បងប្អូន​ហូបចុក​ទទួលទាន​ស្រា​តាម​ផ្ទះ និង​រាំ​ចាក់​ធុងបាស ។ ពលរដ្ឋ​ខ្លះទៀត​បាន ធ្វើដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា នៅ​ខេត្ត​មួយ​ចំនួន។

រីឯ​នៅ​ខេត្តសៀមរាប​មាន​ភ្ញៀវ​ទេសចរ​យ៉ាងច្រើន មក​ទស្សនា​តាម​ប្រាសាទបុរាណ និង​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម នៅ​តំបន់​អង្គរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។