កម្មករកម្មការិនី និង អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្រុកចាកចេញពីស្រុកកំណើតត្រឡប់ទៅធ្វើការនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាជាបណ្ដើរៗវិញហើយ ក្រោយចប់ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។ ពលរដ្ឋខ្លះត្អូញត្អែរតម្លៃឡានឈ្នួលហក់ឡើងថ្លៃខុសថ្ងៃធម្មតា។
កម្មករកម្មការិនី និង អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យដឹងថា បញ្ហាតម្លៃសំបុត្រឡានឈ្មួញហក់ឡើងថ្លៃ ពេលមានបុណ្យជាតិម្តងៗនៅតែកើតមានដដែលៗ ជាច្រើនឆ្នាំមកហើយ ដែលរដ្ឋាភិបាលមិនចាត់វិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនៅឡើយទេ។ ប្រការនេះ កម្មការិនីខ្លះរស់នៅខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តផ្សេងៗទៀត បានបង្ខំចិត្ត ជិះម៉ូតូទៅលេងស្រុកកំណើតដោយខ្លួនឯង។
ពលរដ្ឋរស់នៅខេត្តកណ្តាល លោក ជិន សុធីរ ប្រាប់វិទ្យុអាស៊ីសេរីថា តម្លៃសំបុត្រឡានហក់ឡើងថ្លៃ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ កញ្ញា លើសពីថ្ងៃធម្មតាជាង ១ម៉ឺនរៀល (១០.០០០) ហើយក្រោយចប់បុណ្យភ្ជុំបិណ្ឌ តម្លៃសំបុត្រឡាន នឹងបន្តឡើងថ្លៃទៀតដល់ថ្ងៃ២៨ កញ្ញា លើសថ្ងៃធម្មតាជាង ១ម៉ឺនរៀល (១០.០០០) ទៅ ២ម៉ឺនរៀល (២០.០០០) ។ លោកថា ម្ចាស់រថយន្តឈ្នួលខ្លះ ដាក់មនុស្សលើសចំណុះ ចង្អៀតណែនតាន់តាប់ បង្កការលំបាកដល់អ្នកដំណើរ និងសុវត្ថិភាព។
លោកបញ្ជាក់ថា ឡានខ្លះដាក់អីវ៉ាន់សំពីងសំពោងតាមដងផ្លូវស្ទះចរាចរណ៍ជាច្រើនគីឡូម៉ែត្រ តាមផ្លូវជាតិមួយចំនួនរួមមាន ផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ០៦ អា និង ផ្លូវជាតិលេខ ៣ ជាដើម៖ «ពីភ្នំពេញមកខេត្តនានាតម្លៃខុសថ្ងៃធម្មតាជាង ១ម៉ឺនរៀល មានន័យ ថា ចាប់ពីភ្នំពេញទៅសៀមរាប តម្លៃចាប់ពី ៥ម៉ឺន ដល់ថ្ងៃ បុណ្យទាន តម្លៃស្មើ ៦ ម៉ឺនរៀល ហើយខេត្តផ្សេងៗទៀត ឡើងតាមហ្នឹង។
ចំណែកកម្មការិនី រស់នៅនៅខេត្តសៀមរាប កញ្ញា ឡោម រាត្រី ថ្លែងថា កម្មការិនីរោងចក្រ មកលេងស្រុកកំណើតភាគច្រើន ចាយវាយត្បិតត្បៀត ដោយពួកគាត់ពុំសូវមានប្រាក់ សម្រាប់ធ្វើបុណ្យទាននោះទេ ព្រោះជីវភាពខ្វះខាត។ កញ្ញាបន្ថែមថា អ្នកធ្វើដំណើរភាគច្រើន មិនសូវបារម្ភនឹងជំងឺឆ្លង កូវីដ១៩ នោះឡើយ ហើយពួកគាត់ភាគច្រើនមិនសូវពាក់ម៉ាស និងប្រើអាល់កុល (Alcohol) នោះទេ»។
ចំណែក អ្នករត់តាក់ស៊ីតាមផ្លូវជាតិលេខ១ ពីភ្នំពេញមកខេត្តព្រៃវែង និងស្វាយរៀង គឺលោក ឈួន ពេជ្រ ទទួលស្គាល់ថា លោកពិតជាដំឡើងថ្លៃតាក់ស៊ីនៅថ្ងៃបុណ្យខុសថ្ងៃធម្មតាជាងមួយម៉ឺនរៀល (១០.០០០) ។ លោកបញ្ជាក់ថា មូលហេតុដែលលោកដំឡើងថ្លៃដូច្នេះ ដោយសារតម្លៃប្រេងសាំងហក់ឡើងថ្លៃ ហើយក្នុងមួយថ្ងៃ លោករត់តាក់ស៊ីបានតែ មួយជើងប៉ុណ្ណោះ៖ «ឡានតូច តម្លៃ ៤ម៉ឺនរៀល សម្រាប់មនុស្សម្នាក់ តែឡាន សាំងយ៉ុង តែ ៣ម៉ឺន។ ដឹកតែមួយជើង មិនហ៊ានបកមួយជើងទៀត ខ្លាចខាតប្រេង»។
ចំណែកឯនៅរាជធានីភ្នំពេញ ស្ទើរគ្រប់តាមដងផ្លូវមានការកកស្ទះខ្លាំង ដោយសារតែកម្មករសម្រុកវិលមកធ្វើការវិញ ក្រោយពីពួកគាត់បានទៅដើរលេងកម្សាន្ត ជួបជុំក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ដោយឡែកគ្រោះថ្នាក់ចរាចរ នៅថ្ងៃពិធីបុណ្យឆ្លងភ្ជុំបិណ្ឌកើតឡើងជាង ១០ករណី (១៣) បណ្ដាលឲ្យមនុស្សស្លាប់ ១១នាក់។ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍នៃអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា កាលពីថ្ងៃទី២៥ កញ្ញា ក្នុងថ្ងៃបុណ្យឆ្លងភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសកើតឡើងចំនួន ១៣លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១១នាក់ (ស្រី ៣នាក់) រងរបួសសរុបចំនួន ១៩នាក់។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បាននៅឡើយទេ នៅថ្ងៃទី ២៦ កញ្ញានេះ។
ជុំវិញរឿងនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ សង្កេតឃើញថា បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្លះបានទៅលេងស្រុកកំណើត ហើយខ្លះទៀត មិនបានទៅនោះទេ ព្រោះតែជីវភាពខ្វះខាត។ លោកសង្កេតឃើញថា ពលរដ្ឋសម្រុកទៅវត្តអារាមច្រើនកុះករនៅឆ្នាំនេះ ដោយពួកគាត់មិនខ្វល់ពីជំងឺឆ្លង កូវីដ១៩នោះទេ៖ «អ្នកធ្វើដំណើរនៅដាក់អ៊ីវាន់សំពីងសំពោង ដោយសារឡានអ្នកជនបទតាមភូមិ ឡានមិនសូវសំបូរ ដូច្នេះពួកគាត់នាំគ្នាជិះប្រជ្រៀតគ្នាទៅ»។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានមនុស្សម្នាច្រើនកុះករចូលរួមពិធីបុណ្យទានតាមវត្តអារាម និងខ្លះទៀត ជួបជុំបងប្អូនហូបចុកទទួលទានស្រាតាមផ្ទះ និងរាំចាក់ធុងបាស ។ ពលរដ្ឋខ្លះទៀតបាន ធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា នៅខេត្តមួយចំនួន។
រីឯនៅខេត្តសៀមរាបមានភ្ញៀវទេសចរយ៉ាងច្រើន មកទស្សនាតាមប្រាសាទបុរាណ និងធ្វើបុណ្យទានតាមវត្តអារាម នៅតំបន់អង្គរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។