ក្រុមកម្មករត្អូញត្អែរពីទុក្ខលំបាកផ្នែកជីវភាពអំឡុងពេលជំងឺកូវីដ១៩ ពីព្រោះពួកគាត់ត្រូវរកប្រាក់ដោះស្រាយជីវភាព បង់ទឹកភ្លើង បង់បន្ទប់ជួល និងសងម្ចាស់បំណុលជាដើម។ ពួកគាត់ស្នើរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយទុក្ខកង្វល់ទាំងនេះដោយផ្តល់ជំនួយសង្គម និងធានានូវសុវត្ថិភាពកន្លែងធ្វើការខណៈពួកគាត់ទៅធ្វើការទាំងភ័យខ្លាច។
កម្មកររោងធ្វើការនៅចក្រឌីនហានលោកស្រី ជា ស៊ីណែត រៀបរាប់ថា លោកស្រីបានចូលធ្វើការឡើងវិញហើយ បន្ទាប់ពីរោងចក្រផ្ទុះជំងឺកូវីដ១៩ ប៉ុន្តែលោកស្រីនិងកម្មករផ្សេងទៀតមិនអាចធ្វើការថែមម៉ោងដូចមុននោះទេ ខណៈរោងចក្រនេះមិនទាន់បើកលុយអត្ថប្រយោជន៍ការងារជូនកម្មករនៅឡើយ។ លោកស្រី បន្តថា ប្រាក់ឈ្នួលដូចបច្ចុប្បន្ននេះមិនឆ្លើយតបតម្រូវការ និងផលប៉ះពាល់ជីវភាពគ្រួសារលោកស្រីទេ។ កម្មការិនីរូបនេះប្រាប់ថា កម្មករទៅបំពេញការងារទាំងភ័យខ្លាចឆ្លងជំងឺកូវីដ ហើយប្រសិនបើរោងចក្រផ្អាកម្តងទៀតនឹងទាញជីវភាពកម្មករឲ្យធ្លាក់ក្នុងស្ថានភាពក្រីក្របន្ថែមទៀត។ លោកស្រីស្នើក្រសួងសុខភិបាលចុះពិនិត្យសុវត្ថិភាពសុខភាព និងផ្សព្វផ្សាយអប់រំជូនកម្មករបន្ថែមទៀត ខណៈរោងចក្រនេះមិនទាន់អនុវត្តពេញពេញតាមវិធានការសុខាភិបាល៖ «ខ្ញុំក៏ដូចជាកម្មករទូទៅដែរ ចង់សំណូមពរទៅរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធនានា សូមមេត្តាជួយដល់ពួកខ្ញុំកម្មករផង ព្រោះអីពេលនេះលំបាកខ្លាំងណាស់ ម្នាក់ៗសុទ្ធតែជំពាក់លុយធនាគារដល់ពេលអ៊ីចឹងសូមរាជរដ្ឋាភិបាលជួយបើអាចពន្យារបានសូមឱ្យគាត់ជួយពន្យារខាងធនាគារអី ព្រោះឥឡូវនេះខាងពួកខ្ញុំអត់បានធ្វើការពេញទេ ដល់ពេលអ៊ីចឹងលុយក៏តិចទៅតាមហ្នឹង ហើយនិយាយទៅគ្រាន់យកមកដោះស្រាយថ្លៃផ្ទះ ហូបចុកម្ហូបអីក៏វាថ្លៃសព្វបែបយ៉ាង »។
ចំណែកកម្មកររោងចក្រកាត់ដេរនៅស្រុកកៀនស្វាយ ខេត្តកណ្តាលលោកស្រី លាស់ សុខនា ប្រាប់ថា ចាប់តាំងការរីករាលជំងឺកូវីដ១៩ គ្រួសារលោកស្រីទទួលរងទុក្ខលំបាកផ្អែកជីវភាពដោយសាររោងចក្របើកបិទចុះឡើងដោយសារពុំសូវសំបូរការងារ។ លោកស្រីបន្តថា ប្រាក់ឈ្នួលសម្រាប់ខែនេះ លោកស្រីនិងកម្មករដទៃទៀតទទួលបាន ៦០ ដុល្លារប៉ុណ្ណោះ ដែលមិនអាចដោះស្រាយតម្រូវការគ្រួសារបានទេ ជាពិសេសបង់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុ។ កម្មការិនីរូបនេះ ស្នើឱ្យរដ្ឋាភិបាលជួយគិតគូរផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលពួកគាត់ក៏កំពុងជួបទុក្ខលំបាកដោយសារបាត់បង់ការងារ៖ «កន្លែងការងារខ្ញុំជួនណាមានការងារខ្លះអត់អ៊ីចឹង ដល់ចឹងអត់មានអាវយើងមកផ្ទះវិញមកដល់មានអាវធ្វើទៅជួបបញ្ហាច្រើន ព្រោះយើងអត់លុយបង់គេ អត់លុយក្នុងជីវភាពគ្រួសារវាពិបាកដែរ ព្រោះយើងខ្វះខាតចឹងបានធ្វើខ្លះចឹងទៅបានជួយទប់គ្នា »។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ ដើម្បីបកស្រាយរឿងនេះបានទេ នៅថ្ងៃទី១១ ខែកក្កដា ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
ប៉ុន្តែកាលពីពេលថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាថា រដ្ឋាភិបាល នឹងបន្តជួយឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រក្រីចំនួន ៣ ខែបន្ថែមទៀត ដោយត្រូវចំណាយប្រាក់ប្រមាណ ៤០ លានដុល្លារក្នុងមួយខែ។ ប្រាក់ឧបត្ថម្ភនេះនឹងផ្តល់ជូនកម្មករផងដែរ ប៉ុន្តែផ្តល់ជូនតែកម្មករមួយចំនួនប៉ុណ្ណោះហើយត្រូវមានលក្ខខណ្ឌដោយអ្នកក្រ ត្រូវដែលមានបណ្ណក្រីក្របញ្ជាក់ និងកម្មករដែលត្រូវបានប្រាក់គឺទាល់តែរោងចក្រឬសហគ្រាសដែលបិទឬព្យួរនោះបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងការងារដែលបញ្ជាក់អំពីផលវិបាកផ្នែកហិរញ្ញាវត្ថុដោយសារជំងឺកូវីដ-១៩។
លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលបានសន្សំសាច់ប្រាក់ជាង ៣ ពាន់លានដុល្លារដើម្បីជួយអន្តរាគមន៍ក្នុងវិស័យសង្គមនេះ និងថា រដ្ឋាភិបាលលោកមិនក្លាយជារដ្ឋក្ស័យធនគ្មានប្រាក់បើកឲ្យពលរដ្ឋដែលរងគ្រោះនោះទេ។
ទោះបីជាលោក ហ៊ុន សែន អះអាងថា រដ្ឋមានប្រាក់មិនខ្វះ ដើម្បីជួយដោះស្រាយបញ្ហារបស់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នេះក្ដី ថ្មីៗនេះលោកធ្លាប់សារភាពថា រដ្ឋាភិបាលគ្មានយន្តការ ក្នុងការចែកប្រាក់ជូនពលរដ្ឋ សូម្បីតែអ្នកក្រុងភ្នំពេញ កាលក្នុងអំឡុងពេលបិទខ្ទប់ កាលពីខែមេសា៖ «សុំបងប្អូនមេត្តាយោគយល់ ! អធ្យាស្រ័យ ចំពោះការលំបាក រួមរបស់យើង។ ប្រសិនបើម្នាក់ៗគិត តែទាមទារ យើង ពុំមានរបស់របរ ប្រាក់គ្រប់គ្រាន់ យើង មានប្រាក់ក៏ប៉ុន្តែ យើងមិនដឹងថាតើយើងចែករបៀបណា យន្តការនៃការចែករបៀបណា »។
ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋស្នើឱ្យរដ្ឋាភិបាលពង្រីកជំនួយទាំងនេះឱ្យបានទៅដល់ពលរដ្ឋកាន់តែច្រើនថែមទៀតដើម្បីធានាថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានទុកចោលឱ្យនៅដោយឡែកនោះទេ ពីព្រោះគ្រប់គ្នាសុទ្ធតែរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩។ ពួកគាត់ក៏ចង់ឲ្យរដ្ឋាភិបាល ជួយអន្តរាគមន៍ផ្អាកបង់សងបំណុលទាំងការ ទាំងដើមក្នុងរយៈពេលសមរម្យដែរ ព្រោះថា បំណុលធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបំណុលឯកជន គឺជាដើមចមក៏សំខាន់ដែលទាញជីវភាពពលរដ្ឋឱ្យរងទុក្ខលំបាកវេទនាក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩។
មន្រ្តីគ្រប់គ្រងកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធមនុស្សហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា សហជីពព្រួយបារម្ភកម្មករនិយោជិតអំឡុងផ្ទុះរាលដាលជំងឺកូវីដ១៩ ដែលត្រូវបង្ខំចិត្តទៅធ្វើការងារទាំងប្រថុយប្រថានដោយគ្មានជម្រើសដើម្បីប្តូរយកប្រាក់ឈ្នួលផ្គត់ផ្គង់ជីវភាព ខណៈពួកគាត់កំពុងប្រឈមនឹងបំណុល។ លោកមើលឃើញថា កម្មករវិស័យកាត់ដេរ ប្រឈមការរំលោភបំពានសិទ្ធិជាមូលដ្ឋាន និងការកេងប្រវ័ញ្ចអត្ថប្រយោជន៍ការងារពីនិយោជកក្រោមហេតុផលកូវីដ១៩។
ជាមួយគ្នានេះលោក ឃុន ថារ៉ូ យល់ថា កន្លែងធ្វើការរបស់កម្មករមិនទាន់ធានាការអនុវត្តត្រឹមត្រូវតាមវិធានការសុខាភិបាលនៅឡើយទេ ដូចជា ការផ្តល់សម្ភារៈការពារ ការរក្សាគម្លាតសុវត្ថិភាព និងអនាម័យនៅក្នុងរោងចក្រជាដើម។ លោកថា ប្រសិនបើរដ្ឋាភិបាលមិនបានត្រួតពិនិត្យនិងតាមដានដោយយកចិត្តទុកចំពោះវិធានការរបស់ខ្លួនទេ នឹងធ្វើឱ្យរោងចក្រមួយចំនួនធ្វេសប្រហែស ឬល្មើសនឹងវិធានការសុខាភិបាលដែលនាំឲ្យប៉ះពាល់ដល់ស្ថេរភាពការងារនិងជីវភាពរបស់កម្មករ៖ «ការធានាឱ្យវាមានស្ថេរភាពការងារនេះ គឺសំខាន់ណាស់ពីព្រោះអីប្រសិនបើមិនមានស្ថេរភាពការងារកម្មករក៏អត់មានស្ថេរភាពនៃប្រាក់ចំណូលរបស់គាត់ទេ ហើយការរក្សាស្ថេរភាពការងារនេះវាធ្វើឱ្យដំណើរការទាំងសេដ្ឋកិច្ចនិងដំណើរការជីវភាពរបស់កម្មករហ្នឹងអាចដោះស្រាយក្នុងកាលៈទេសៈមួយដែរ » ។
មន្រ្តីសង្គមស៊ីវិលផ្នែកសិទ្ធិការងាររូបនេះបានឱ្យដឹងថា អង្គការសងត្រាល់បានប្រមូលព័ត៌មានកម្មករនៅតាមរោងចក្រចំនួន១១៩ ដើម្បីវិភាគពីទំហំខាតបង់ប្រាក់ឈ្នួលរបស់កម្មករនិយោជិតនៅអំឡុងពេលបិទខ្ទប់និងបន្ទាប់ពីបិទខ្ទប់ដោយសារជំងឺកូវីដ១៩។ លទ្ធផលនៃទិន្នន័យវិភាគបង្ហាញថា កម្មករនិយោជិតខាតបង់ប្រាក់ឈ្នួលប្រមាណ ១០០ លានដុល្លារដែលនិយោជកមិនផ្តល់ឱ្យពួកគាត់ដោយមិនរួមបញ្ជូលការខាតបង់ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត។ ទំហំទឹកប្រាក់ដ៏ច្រើនបែបនេះបណ្តាលឱ្យកម្មករនិយោជិតធ្លាក់ចុះប្រាក់ចំណូល បណ្តាលឱ្យប៉ះពាល់ដល់ជីវភាព និងសេចក្តីត្រូវការចាំបាច់ប្រចាំថ្ងៃពួកគាត់ ដែលកំពុងរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩។ អង្គការសងត្រាល់ក៏គ្រោងផ្សព្វផ្សាយរបាយការណ៍ និងដាក់លិខិតទៅក្រុមហ៊ុនបញ្ជាទិញនាពេលខាងមុខនេះ ដើម្បីជំរុញក្រុមហ៊ុនបញ្ជាទិញយកចិត្តទុកដាក់លើប្រាក់ឈ្នួល បញ្ហាសុខភាពសុវត្ថិភាព ជីវភាពសម្រាប់កម្មករអំឡុងពេលកូវីដ១៩។
ក្រុមកម្មករស្នើឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ឲ្យបានខ្ពស់ជុំវិញសុវត្ថិភាព និងជីវភាពរបស់ពួកគាត់ ក្នុងស្ថានភាពដ៏លំបាកនេះ។ លើសពីនេះពួកគាត់ក៏ទទូចដល់រដ្ឋាភិបាលផ្តល់ជំនួយគាំពារសង្គម និងជួយការពារផលប្រយោជន៍ការងាររបស់កម្មករ ដើម្បីធានាថា ពួកគាត់អាចរស់នៅបានដោយសមរម្យអំឡុងពេលស្ថានភាពការងារមិនច្បាស់លាស់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។