"រោងចក្រ​និង​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​ដើម្បី​កាត់​បន្ថយ​កម្មករ​ដួល​សន្លប់"

សហជីព​ឯករាជ​ទាមទារ​ឲ្យ​ភាគី​ខាង​រោងចក្រ និង​ក្រសួង​ពាក់ព័ន្ធ ត្រូវតែ​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​នៅ​តាម​រោងចក្រ​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​តាម​ស្តង់ដារ ដើម្បី​កាត់បន្ថយ​ការ​ដួល​សន្លប់​របស់​កម្មករ​កាត់ដេរ​សំលៀកបំពាក់។ សំណើ​នេះ​ធ្វើឡើង​ដោយសារតែ រោងចក្រ វីងស្តារ ស៊ូ (Wing Star Shoe) ស្ថិតនៅ​ភូមិអង្គសុគន្ធា ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ប្រមាណ ១០០​នាក់ បាន​ដួល​សន្លប់។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​ដួល​សន្លប់​ដោយសារតែ​កម្មករ​ហូប​មិន​គ្រប់គ្រាន់ ដូច្នោះ​ដើម្បី​បំបាត់​ការ​ដួល​សន្លប់​ទាល់តែ​របប​លោក ហ៊ុន សែន និង​ក្រុមហ៊ុន​រោងចក្រ​បន្ថែម​ប្រាក់ខែ​ឲ្យ​កម្មករ ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព​ទិញ​អាហារ​ដែល​មាន​កាឡូរី​គ្រប់គ្រាន់៖ «ខ្ញុំ​គិត​ថា បញ្ហា​ដួល​សន្លប់​នេះ​ជា​បញ្ហា​មួយ​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​សូម្បីតែ​ពេលព្រឹក​មិញ​ក៏បាន​ជជែក​គ្នា​ដែរ​ខាង​រដ្ឋាភិបាល រក​យុត្តិសាស្ត្រ​ដើម្បី​កាត់បន្ថយ​ការ​ដួល​សន្លប់ និង​ដែរ ហើយ​បញ្ហា​កន្លងមក​ដែល​យើង​ឃើញ​គឺ​ដោយ​សារ​តែ​កម្មករ​គាត់​ធ្វើការ​ច្រើន ដែល​គាត់​ហូប និង​អាហារ​វា​មិន​សូវ​មាន​ជីវជាតិ ហើយ​ទណ្ឌកម្ម​ការ​ដាក់​ការងារ​ឲ្យ​ធ្វើ​នៅ​ក្នុង​កន្លែង​ការងារ និង​វា​មាន​សម្ពាធ​ហើយ​ការងារ​វា​ច្រើន ពេល​ខ្លះ​ទៅ​សារជាតិ​គីមី​នៅ​ក្នុង​ក្រណាត់ សារធាតុ​ដែល​គេ​បាញ់​សត្វល្អិត ឫ​ក៏​សារធាតុ​គីមី​ដែល​គេ​ប្រើ​នៅ​ក្នុង​ផលិតកម្ម​វា​ខ្លាំង ហើយ​កម្មករ​យើង​វា​ខ្សោយ កម្មករ​ធ្វើការ​យូរ ហើយ​បរិយាកាស​នៅ​ក្នុង​រោងចក្រ​វា​មិនល្អ»។

ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក ចឹក បូរិន ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុង​ដឹង​ថា កម្មករ​ដួល​សន្លប់​នេះ​គឺ​បណ្ដាលមកពី​កម្មការិនី​ម្នាក់​មាន​ជំងឺឆ្កួតជ្រូក ហើយ​បាន​ប្រកាច់​វង្វេងវង្វាន់​ស្រែក​ឡូឡា​ធ្វើ​ឲ្យ​កម្មការិនី​ដែល​នៅ​ក្បែរ​នោះ​ភ័យខ្លាច​ហើយក៏​ដួល​សន្លប់​តៗ​គ្នា​តែម្ដង។

លោក អាត់ ធន់ ព្រមាន​ថា ស្ថានភាព​កម្មករ​នឹង​កាន់តែ​យ៉ាប់យ៉ឺន ប្រសិន​បើ​សហភាព​អឺរ៉ុប​លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “ ឬ EBA” នៅ​ពេល​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។