គ្រួសារ​កុមារ​ដែល​​ស្លាប់​ដោយសារ​លិច​ទូកដ​ទាំង​១១​នាក់ គ្រោង​ប្ដឹង​ទាមទារ​រក​យុត្តិធម៌

0:00 / 0:00

គ្រួសារ​កុមារ​រង​គ្រោះ​ពី​ការ​លិច​ទូកដ​ទាំង​១១ នាក់​គ្រោង​ពិភាក្សា​គ្នា ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ស្វែងរក​យុត្តិធម៌​ក្នុង​ពេល​ឆាប់ៗ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ឃើញ​ថា អាជ្ញាធរ​ខេត្​តកណ្ដាល ត្រូវតែ​ទទួលខុសត្រូវ ក្នុងករណី​លិច​ទូកដរ​បណ្ដាល​ឱ្យ​ស្លាប់​កុមារ ជា​សិស្សានុសិស្ស​ទាំង​១១​នាក់​នេះ​។​

សាច់ញាតិ​កុមារ​រងគ្រោះ​ដោយសារ​ការ​លិច​ទូកដ​ស្លាប់​នៅ​ខេត្ត​កណ្ដាល លើកឡើង​ថា ពួកគាត់ មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។

ឪពុក​កុមារ ភារម្យ ដាវីន ដែល​បាន​ស្លាប់​ដោយសារ​ការ​លិច​ទូកដ គឺ​លោក យ៉ែម ភារម្យ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅ​ថ្ងៃទី​១៩ ខែ​តុលា គ្រួសារ​សព​កុមារ​ទាំង​១១​នាក់​បាន​ធ្វើ​បុណ្យប្រាំពីរថ្ងៃ​រួមគ្នា​នៅ​វត្ត គិរីរតនារាម ហៅ​វត្ត​កំពង់ភ្នំ​ក្នុង។ លោក យ៉ែម ភារម្យ បន្ថែម​ថា រហូត​មក​ដល់​ថ្ងៃនេះ គ្រួសារ​របស់​លោក​នៅតែ​សោកស្ដាយ​ចំពោះ​ការបាត់បង់​កូនប្រុស​។ លោក​ថា នឹង​ពិភាក្សា​ជាមួយ​គ្រួសារ​កុមារ​រងគ្រោះ​ដទៃទៀត ដើម្បី​ដាក់ពាក្យ​បណ្ដឹង​រក​យុត្តិធម៌​ក្នុង​ពេល​ឆាប់ៗ៖ «ខ្ញុំ​នឹង​ជំនុំ​គ្នា​ជាមួយ​គ្រួសារ​ទាំង​១១​សព​ហ្នឹង ប៉ុន្តែ​រឿង​ហ្នឹង​មិនទាន់​បញ្ចប់​ទេ​ព្រោះ ការងារ​វា​បាត់បង់​អាយុ​ជីវិត​កូន​គ្រប់គ្នា ឱ្យ​ត្រូវ​បាត់​បង់​ស្រួល​យ៉ាងនេះ គឺ​ដូចជា​ស្រួល​ពេក​ហើយ យុត្តិធម៌​នឹង​ត្រូវ​តែ​រក​ទៅលើ​ម្ចាស់​ទូកដ​។​

​រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិនទាន់​ឃើញ​មាន​អាជ្ញាធរ​រដ្ឋ ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការ​លិច​ទូក​បណ្តាល​ឲ្យ​ស្លាប់​សិស្សសាលា​១១​នាក់​និង​របួស​៤​នាក់ កាលពី​ថ្ងៃទី​១៣ ខែតុលា​នៅឡើយ​ទេ ក្រៅតែ​ពី​ចាប់ខ្លួន​ម្ចាស់​អាជីវកម្ម​ទូកដ​២​នាក់ ឈ្មោះ ឆឹង ស្រី​នាង អាយុ​៦៣​ឆ្នាំ និង​ឈ្មោះ ឆឹង វណ្ណា អាយុ​៥២​ឆ្នាំ និង​ក្មេងប្រុស​អ្នក​បើកទូក​ម្នាក់​អាយុ​១៥​ឆ្នាំ​។ ប៉ុន្តែ​ចុងក្រោយ​តុលាការ បាន​ដោះលែង​អ្នក​ទាំង​៣​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ​នោះ​។ លើស​ពី​នេះ គ្រួសារ​ជនរងគ្រោះ ក៏​មិនទាន់​ទទួល​បាន​សំណង់​រដ្ឋប្បវេណី​មួយ​រៀល​ពី​ម្ចាស់​ទូក ឬ​រដ្ឋាភិបាល​ឡើយ ប៉ុន្តែ​បាន​ទទួល​លុយ​ជំនួយ​មនុស្សធម៌​ខ្លះ​ពី​អាជ្ញាធរ និង​សប្បុរសជន​។​

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ មេ​ប៉ុស្តិ៍​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល លោក តុង ទីន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៩ តុលា​ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្ដាល បាន​ដោះ​លែងឱ្យ​ម្ចាស់​ទូកដ និង​អ្នក​បើក​ទូកដ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន និង​រង់ចាំ​នីតិវិធី​ដោះស្រាយ​តាម​ក្រោយ កាលពី​ថ្ងៃទី​១៥ ខែ​តុលា ។ លោក តុង ទីន បន្ថែម​ថា អាណាព្យាបាល​សិស្ស​ដែល​ស្លាប់​នោះ​មិន​អាច​បន្ទោស​លើ​អាជ្ញាធរ​បាន​ឡើយ​ចំពោះ​ករណី​ស្លាប់​កុមារ​ទាំងនេះ ព្រោះ​កន្លងមក​អាជ្ញាធរ​ក៏បាន​គិតគូរ​ពី​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ​ដែរ​៖ « ការ​គិតគូរ​របស់​អាជ្ញាធរ យើង​អត់​មាន​អី​ត្រូវ​បន្ទោស​ទេ អាជ្ញាធរ​តាំងពី​ថ្នាក់​ភូមិ ដល់​ថ្នាក់​ខេត្ត​គឺ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ទីមួយ ទី​ពីរ ទាក់ទង​ជាមួយនឹង​គម្រោង​ហ្នឹង​យើង​បាន​សិក្សា​ដែរ កំពុង​រៀបចំ​ធ្វើ​ស្ពាន​ហ្នឹង​ណា »

នៅ​កម្ពុជា មាន​ហេតុការណ៍​អកុសល​ជាច្រើន​កើតឡើង ដែល​ត្រូវ​បាន​គេ​ចោទ​សួរ​ថា តើ​អ្នកណា​ទទួលខុសត្រូវ ដូចជា​ករណី​ហេតុការណ៍​លិច​ទូក​នេះ​ជា​ឧទាហរណ៍​ស្រាប់។ ជាទូទៅ ថ្នាក់ដឹកនាំ ឬ​អាជ្ញាធរ​ដែនដី តែងតែ​លើក​ហេតុផល​យករួចខ្លួន និង​ទម្លាក់កំហុស​ទៅលើ​អ្នកដទៃ​វិញ​ដោយ​មិនដែល​បាន​បង្ហាញ​ការទទួលខុសត្រូវ​ធ្វើជា​គំរូ​ឡើយ ទោះបីជា​គេ​ដឹង​ថា ហេតុការណ៍​ទាំងនោះ ជាប់​ទាក់ទង​នឹង​ការ​ធ្វេសប្រហែស ឬ​កំហុស​វិជ្ជាជីវៈ ក្នុង​ការ​រៀបចំ​របស់​អាជ្ញាធរ​ដែនដី​ក្តី ឬ​ថ្នាក់​ដឹកនាំ​ក្តី​។ សង្គម​ស៊ីវិល និង​អ្នកច្បាប់​យល់​ថា ប្រសិនបើ​កម្ពុជា មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ប្រហែល​ជា​មាន​មន្ត្រី​ជាច្រើន អាច​ត្រូវ​ទទួលទោស​កំហុស មិន​ត្រឹមតែ​ម្ចាស់​ទូកដ​នោះ​ទេ ដើម្បី​បង្ហាញ​នូវ​ភាព​ទទួលខុសត្រូវ និង​ដើម្បី​ប៉ះប៉ូវ​នូវ​កំហុស​វិជ្ជាជីវៈ​របស់​ខ្លួន​ដែល​អសមត្ថភាព​ក្នុង​ការ​រក្សាសន្តិសុខ​សុវត្ថិភាព​ជូន​សាធារណជន​។

​ផ្ទុយ​ពី​ប្រទេស​ផ្សេងៗ ដែល​មាន​មេដឹកនាំ ឬ​មន្ត្រី​ពាក់ព័ន្ធ​លា​ចេញពី​តំណែង ឬ​សម្លាប់​ខ្លួនឯង​ដើម្បី​បញ្ជាក់​នូវ​ទឹកចិត្ត​សោកស្ដាយ​ក្រោយពី​ព្រឹត្តិការណ៍​អកុសល​ណាមួយ​បាន​កើត​ឡើង ដែល​ក្នុង​នោះ​ពួកគេ​មាន​ចំណែក​ទទួលខុសត្រូវ​ខាង​ផ្លូវ​សីលធម៌​ក្ដី ផ្លូវច្បាប់​ក្ដី​។

​ជុំវិញ​រឿង​នេះ សមាជិក​ក្រុម​អ្នកឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន យល់​ថា ការ​ស្លាប់​របស់​កុមារ​ដែល​ជា​សិស្ស​ពេល​ជិះ​ទូកដ​ត្រឡប់​មកពី​រៀន​វិញ​នេះ គឺ​បណ្ដាល​មក​ពី​ថ្នាក់ដឹកនាំ​ខេត្ត មិនបាន​យកចិត្តទុកដាក់​គ្រប់គ្រាន់​គិតគូរ​ពី​សុវត្ថិភាព​របស់​សិស្ស​តូចៗ​ទាំងនោះ​។ លោក​បន្ថែម​ថា មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​សោកនាដកម្ម​ស្លាប់​ប្រជាពលរដ្ឋ​ច្រើន​នាក់​នៅតែ​បន្ត​កើត​មាន​ដូចនេះ គឺ​បណ្ដាល​មក​ពី​អាជ្ញាធរ​មូលដ្ឋាន​គេចវេស​មិន​ទទួល​ខុសត្រូវ​ពី​ភាព​ទន់ខ្សោយ​ការងារ​របស់​ខ្លួនឯង​។ លោក រ៉ុង ឈុន ជំរុញ​ឱ្យ​អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ គួរតែ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​សោកនាដកម្ម​ដែល​បាន​កើត​ឡើង​នេះ៖ «ករណី​នៅ​កោះ​ពេជ្រ ករណី​លំបាក់​អគារ​នៅ​កំពង់សោម នៅ​កែប​ក្ដី គ្មាន​ឃើញ​មន្ត្រី​ចេញ​ទទួលខុសត្រូវ​រឿង​ទាំងអស់​នេះ រួម​ទាំង​រឿង​កុមារ​ទាំង​១១​នាក់​បាន​លង់ទឹក​ស្លាប់​ថ្មីៗ​នេះ ហើយ​យើង​ចង់​ឃើញ​អ្នកដឹកនាំ ត្រូវ​មាន​សេចក្ដីក្លាហាន​ក្នុង​ការ​ចេញ​ទទួលខុសត្រូវ​ចំពោះមុខ​បញ្ហា​ដែល​កើត​ឡើង។

ជាមួយគ្នា​នេះ មេធាវី​ការិយាល័យ​ក្រុម​អ្នក​ច្បាប់ និង​ទីប្រឹក្សា​អមរិន្ទ​លោក សុក សំអឿន ថ្លែង​ថា ម្ចាស់​ទូកដ អាច​ប្រឈម​នឹង​ការចោទប្រកាន់​ពី​បទ​ធ្វេសប្រហែស​ធ្ងន់ធ្ងរ ប្រសិនបើ​អាជ្ញាធរ​ធ្លាប់​បាន​ណែនាំ​ឲ្យ​ពួកគាត់​រៀបចំ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​នៅ​លើ​ទូក ប៉ុន្តែ​ពួកគាត់​មិនបាន​អនុវត្ត​តាម​។​ដោយឡែក ប្រសិនបើ​អាជ្ញាធរ ធ្វេសប្រហែស មិន​បាន​ចុះ​ត្រួតពិនិត្យ​ណែនាំ​ម្ចាស់​ទូក​នោះ​ទេ គឺជា​រឿង​ពិបាក​ក្នុង​ការ​ចោទប្រកាន់​លើ​ម្ចាស់​ទូក​និង​អ្នក​បើកទូក ហើយ​ផ្ទុយ​ទៅវិញ វា​អាច​ជា​កំហុស​របស់​អាជ្ញាធរ ឬ​រដ្ឋាភិបាល​តែម្តង​ដែល​មិន​បាន​គិត​គួរ​អំពី​បញ្ហា​នេះ។ ទោះជា​យ៉ាងណា អ្នកជំនាញ​ច្បាប់​រូប​នេះ បន្ត​ថា ករណី​លិច​ទូក​នេះ ម្ចាស់​ទូក និង​រដ្ឋាភិបាល ត្រូវ​ទទួលខុសត្រូវ​ផ្តល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ ហើយ​ប្រសិនបើ​ម្ចាស់​ទូក​និង​រដ្ឋាភិបាល មិន​បាន​ផ្តល់​សំណង​ទេ គឺ​ក្រុម​គ្រួសារ​ជនរងគ្រោះ មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ ហើយ​ត្រូវ​ទារ​សំណង​ឲ្យ​ច្រើន​ពី​រដ្ឋាភិបាល ច្រើនជាង​ម្ចាស់​ទូក។

កាលពី​យប់​ថ្ងៃទី​១៣ តុលា ទូកដ​ខ្នាត​តូច​សម្រាប់​ចម្លង​ប្រជាពលរដ្ឋ​ពី​ភូមិ​កំពង់​ពោធិ និង​ភូមិ​អំពិល​ទឹក ទៅ​ភូមិ​កោះ​ចំរើន បាន​លិច និង​បណ្តាល​ឱ្យ​សិស្ស​១១​នាក់​បាន​ស្លាប់ ។ បន្ទាប់ពី​មាន​ករណី​លិច​ទូក​ចម្លង​គួរ​ឱ្យ​រន្ធត់​នេះ ព្រះមហាក្សត្រ រដ្ឋាភិបាល អង្គការ​ជាតិ​និង​អន្តរជាតិ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​នៅ​តាម​បណ្តេញ​សង្គម​ជា​បន្តបន្ទាប់ ចំពោះ​ការ​បាត់​បង់ជីវិត​កុមារ​ទាំងនេះ​។ ករណី​លិច​ទូក​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទាំង​ក្រុមៗ​នេះ បាន​កើត​ឡើងជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល ហាក់​មិនបាន​ចាត់​វិធានការ​ទប់ស្កាត់​រឿង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​បណ្តោយ​ឲ្យ​ទូក​ចម្លង​ដែល​គ្មាន​ប្រព័ន្ធ​សុវត្ថិភាព​ត្រូវ​បន្តដំណើរ​ការ​ដដែល​។ លើសពីនេះ នៅ​ពេល​មាន​ហេតុការណ៍​កើត​ឡើង ប្រជាពលរដ្ឋ សង្កេត​ឃើញ​ថា អាជ្ញាធរ ហាក់​យឺតយ៉ាវ​គ្មាន​ជំនាញ និង​គ្មាន​ឧបករណ៍​គ្រប់គ្រាន់​ក្នុង​ការ​ជួយសង្គ្រោះ​ឡើយ ដោយ​ភាគច្រើន​បាន​ត្រឹមតែ​ឈរ​មើល​មុខ​គ្នា រង់ចាំ​ទទួល​សាកសព។

ទោះជា​យ៉ាងណា ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ និង​សង្គម​ស៊ីវិល សង្ឃឹម​ថា ម្ចាស់​អាជីវកម្ម​ទូកដ និង​រដ្ឋាភិបាល ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​នេះ ព្រមទាំង​ចាត់វិធានការ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​ការពារ​ជីវិត​អ្នក​ធ្វើ​ដំណើរ​ឆ្លង​ទូកដ ឬ​សាឡាង ដើម្បី​កុំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ដ៏​រន្ធត់​សោកសៅ​នេះ​កើតឡើង​ម្តង​ហើយ​ម្តង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។