គ្រួសារ​អ្នក​ជាប់​ឃុំ​ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ប្រព្រឹត្ត​អំពើ​ពុករលួយ

0:00 / 0:00

ក្រុម​គ្រួសារ​សកម្មជន​គណបក្ស​ភ្លើងទៀន​រិះគន់​អាជ្ញាធរ​ពន្ធនាគារ​ខេត្តពោធិ៍សាត់​ថា ប្រព្រឹត្ត​អំពើពុករលួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ជាប់ឃុំ និង​ជីវភាព​គ្រួសារ​ពួកគេ​ជា​ខ្លាំង។ មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ​ដោយ​តម្លាភាព និង​យុត្តិធម៌ ដើម្បី​ទប់ស្កាត់​អំពើពុករលួយ និង​ការ​គាប​សង្កត់​លើ​សេដ្ឋកិច្ច​របស់​គ្រួសារ​ជន​ជាប់ឃុំ​ដែល​មាន​ជីវភាព​ក្រីក្រ​ស្រាប់​នោះ។

គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ពោធិ៍សាត់​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់​អំពើ​ពុកលួយ​នៅ​ពន្ធនាគារ​ខេត្ត​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។

កូន​ប្រុស​សកម្មជន​គណបក្ស​ភ្លើងទៀន​ដែល​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ លោក អ៊ុក សៅវ៉ារិន គឺ​លោក អ៊ុក សៅសុភារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៨ ខែ​មីនា​ថា ឪពុក​របស់​លោក​តែងតែ​ផ្តាំផ្ញើ​ដល់​កូនចៅ​ឱ្យទៅ​ជួប​និង​ផ្ញើ​បាយ​ម្ហូប​ជូន​គាត់​ឱ្យ​បាន​ញឹកញាប់ ដោយសារ​បាយ​ម្អូប​នៅក្នុង​គុក​ពិបាក​ហូប ហើយ​ទំនិញ​វិញ​ក៏​ថ្លៃ​ហួស​ប្រមាណ។ ប៉ុន្តែ​លោក​ថា រយៈពេល​ចុងក្រោយ​មក​នេះ​មូលហេតុ​ដែល​លោក​ពុំ​សូវ​ទៅ​សួរសុខទុក្ខ ឬ​ផ្ញើ​ចំណី​អាហារ​ជូន​ឪពុក​ឱ្យ​បាន​ដិតដល់​ដូច​ពីមុន​នោះ ដោយសារ​លោក​គ្មាន​ប្រាក់​​បង់ថ្លៃ​ស៊ីម៉ង់​១ប៉ាវ ស្មើនឹង​២ម៉ឺនរៀល​ឱ្យទៅ​មន្ត្រី​ពន្ធនាគារ​នៅ​ទីនោះ។ លើស​ពី​នេះ​លោក​អះអាង​ថា មន្រ្តី​ពន្ធនាគារ​ដែល​បាន​ដឹក​ឪពុក​ចូល​សវនាការ​នៅ​សាលាឧទ្ធរណ៍​បាត់ដំបង​កន្លង​ទៅ​ក៏​ធ្លាប់​ទារ​ថ្លៃ​សាំង​ពី​ឪពុក​របស់​លោក​ចំនួន​៥០​ដុល្លារ និង​ថ្លៃ​ហូបចុក​ថែម​ទៀត​ផង។ លោក អ៊ុក សៅសុភារ៉ា ឱ្យ​ដឹង​ថា ដោយសារ​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​មន្ត្រី​ពន្ធនាគារ​បែបនេះ​ទើប​ឪពុក​របស់​លោក​បានសម្រេច​មិន​ប្តឹង​ជំទាស់​នឹង​សាលដីកា​សាលាឧទ្ធរណ៍​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​ឡើយ ពីព្រោះ​ជីវភាព​គ្រួសារ​ខ្វះខាត ហើយ​គាត់​មិន​សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌។

លោក អ៊ុក សៅសុភារ៉ា៖«ការ​យក​កម្រៃ​ពី​ការ​ចូល​ជួប​របស់​ក្រុម​គ្រួសារ​នៅ​ក្នុង​ពន្ធនាគារ​វា​ពិតជា​មាន​ផល​ប៉ះពាល់​ណាស់​ចំពោះ​អ្នក​ដែល​មាន​ក្រុម​គ្រួសារ​ជាប់ឃុំ ហើយ​រឿង​ផ្ញើ​របស់​របរ​ប្រើប្រាស់​ចូល​ក្នុង​ពន្ធនាគារ​សូម​អស់​លោក​បើក​ទូលំទូលាយ​កុំឱ្យ​មាន​ការ​រឹត​បន្តឹង​ដោយសារ​តែ​មាន​ការ​លក់ដូរ​នៅ​ខាង​ក្នុង​ចំពោះ​ការ​រក​ស៊ី​របស់​អស់លោក​បែរ​ជា​ធ្វើ​ឱ្យ​បាត់បង់​សិទ្ធិ និង​ប្រយោជន៍​របស់​អ្នក​ជាប់ឃុំ»។

ស្រដៀង​គ្នា​នេះ​ប្រពន្ធ​សកម្មជន​គណបក្ស​ភ្លើងទៀន​ម្នាក់​ទៀត ដែល​កំពុង​ជាប់ឃុំ​លោក ឈួន ឈឿង គឺ​លោកស្រី ជូ ឈឿន ថ្លែង​ថា​មកដល់​ពេលនេះ​ប្តី​របស់​លោកស្រី​កំពុង​ជាប់ឃុំ​អស់​រយៈពេល​មួយឆ្នាំ​ដោយ​អយុត្តិធម៌។ លោកស្រី​រៀបរាប់​ថា បច្ចុប្បន្ន​លោកស្រី និង​កូនៗ ក្រៅពី​រង​ទុក្ខសោក​លាយឡំ​នឹង​ជីវភាព​ទីទាល់​ក្រ​ហើយ​នោះ លោកស្រី​ត្រូវ​ផ្សែផ្សំ​ប្រាក់​បន្តិច​បន្តូច​សម្រាប់​ផ្ញើ​ជូន​ប្តី​ជា​ប្រចាំខែ។ ប៉ុន្តែ​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ថា អ្វី​ដែល​អ្នកស្រី​ខកចិត្ត​ខ្លាំង​នោះ គឺ​ដោយសារ​ឆ្មាំ​ពន្ធនាគារ​តែងតែ​កម្រិត​ឱ្យ​អ្នកស្រី និង​គ្រួសារ​ជន​ជាប់ឃុំ​ផ្សេងទៀត​ត្រូវ​បង់​ប្រាក់​នៅ​កន្លង​ចុះឈ្មោះ​ចំនួន​៥​ពាន់​រៀល និង​កន្លែង​ត្រួតពិនិត្យ​ចំនួន​២ម៉ឺនរៀល​ក្នុង​ម្នាក់​ដើម្បី​ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឱ្យ​ចូល​សួរសុខទុក្ខ​អ្នកជាប់ឃុំ​នៅ​ទីនោះ។ លោកស្រី ជូ ឈឿន អះអាង​ថា លោកស្រី​ចង់​ដាក់ពាក្យ​ប្តឹង​ករណី​នេះ​ដើម្បី​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​អ្នកស្រី​មិនដឹង​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​កន្លែងណា​នោះ​ទេ។

លោកស្រី ជូ ឈឿន៖ «ម្នាក់​ឡើង​យំ​ជួយ​កាល​អ្នក​ទៅ​អត់​លុយ​ថ្ងៃមុន​នេះ តា​ចាស់​ម្នាក់​គាត់​ទៅ​ជាមួយ​ខ្ញុំ គាត់​អត់​លុយ​មិនបាន​ទៅ​ជួប​កូន​ហើយក៏​ទៅវិញ ខ្ញុំ​អត់​មាន​ភូតភរ​កុហក​ចោទ​ប្រកាន់​គេ​នោះ​ទេ បើ​ធ្វើ​ហួស​ពេក​អ៊ីចឹង​ដូច​អយុត្តិធម៌​ណាស់ មន្ត្រី​នៅ​នោះ​ប្រាក់​ក៏​មាន លុយ​ក៏​មាន ចុះ​ហេតុអ្វី​យក​លុយ​អ្នក​ជាប់​ទោស​តើ​គ្រួសារ​រក​លុយ​ពីណា ហើយ​ណាមួយ​ប្តី​ជាប់​ពន្ធនាគារ ហើយ​ទៅ​ទារ​លុយ​គ្នា​យ៉ាងហ្នឹង»។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​ពន្ធនាគារ​ខេត្តពោធិ៍សាត់​លោក អ៊ី សំអុល ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៨ ខែ​មីនា។

ប៉ុន្តែ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សវនា បកស្រាយ​ថា​តាមច្បាប់​ការ​ផ្ញើ​សម្ភារៈ និង​ការ​ចូល​សួរ​សុខទុក្ខ ឬ​ការ​ដឹកជញ្ជូន​ជន​ជាប់​ឃុំ​ចូល​សវនាការ​ជាដើម​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​ទេ ហើយ​បើ​មន្ត្រី​ពន្ធនាគារ​ប្រព្រឹត្ត​ទង្វើ​បែប​នោះ គឺ​ជា​ទង្វើ​ខុស​ច្បាប់។ លោក នុត សវនា ជំរុញ​ឱ្យ​គ្រួសារ​រាយការណ៍​មក​អគ្គនាយកដ្ឋាន​ពន្ធនាគារ ឬ​សរសេរ​ពាក្យ​ប្តឹង​ភ្ជាប់​អង្គហេតុ​ឱ្យ​បាន​ត្រឹមត្រូវ​ផ្ញើ​ចូល​ហ្វេសប៊ុក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ដើម្បី​ស្នើសុំ​អន្តរាគមន៍​ដោះស្រាយ។

លោក នុត សវនា៖«គឺ​គេ​មិន​តម្រូវ​ឱ្យ​យក​ប្រាក់​លើ​សេវា​សាធារណៈ​របស់​ខ្លួន ហើយ​យើង​ទៅ​ទារ​លុយ​គេ ហ្នឹង​ស្មើនឹង​យើង​មិន​បំពេញ​តួនាទី​ដោយ​ស្របច្បាប់​បាត់​ហើយ។ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ធ្លាប់​អំពាវនាវ​បើសិន​មាន​ករណី​មន្រ្តី​ណា​ជំរិត​ទារ​ប្រាក់​នៅ​ពេលណា​ក្រុម​គ្រួសារ​ទៅ​សួរសុខទុក្ខ ឬ​ផ្ញើ​ឥវ៉ាន់​ចូល​ហ្នឹង​ឱ្យ​គាត់​ប្រាប់​ឈ្មោះ អត្តលេខ​មន្ត្រី​ហ្នឹង​ឱ្យ​មក​អគ្គនាយកដ្ឋាន​ពន្ធនាការ​ដើម្បី​យើង​មាន​វិធានការ»។

ទោះជា​មាន​ការ​បកស្រាយ​បែបនេះ​ពី​មន្ត្រី​ជាន់ខ្ពស់​ពន្ធនាគារ​យ៉ាង​ណា​ក្តី ក៏​កន្លង​មក​សកម្មជន​នយោបាយ សកម្មជន​ការពារ​សិទ្ធិមនុស្ស​ក្រោយ​ចេញ​ពី​ពន្ធនាគារ​ធ្លាប់​រិះគន់​ភាព​អសកម្ម​នានា​ដែល​កើតឡើង​ក្នុង​ពន្ធនាគារ​អំឡុង​ពេល​ពួកគេ​ជាប់ឃុំ ដូចជា​បញ្ហា​ពុករលួយ ការ​គំរាមកំហែង កង្វះ​អនាម័យ ភាព​ចង្អៀត​ណែន ទំនិញ​ក្នុង​គុក​ថ្លៃ​ហួស​ប្រមាណ​ជាដើម។

ជុំវិញ​រឿង​នេះ អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ចឹក ចិត្ត្រា មាន​ប្រសាសន៍​ថា គ្រួសារ​អ្នក​ជាប់ឃុំ​តែងតែ​ត្អូញត្អែរ​ជុំវិញ​អំពើ​ពុករលួយ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ជា​បន្តបន្ទាប់ ស្របពេល​ពួកគាត់​មាន​ជីវភាព​ក្រីក្រ។ លោក​ទទូច​ដល់​ក្រសួង​មហាផ្ទៃ​គួរ​ចុះ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ដើម្បី​ស្វែង​រក​ការ​ពិត និង​ទប់ស្កាត់​អំពើ​ពុករលួយ​ឱ្យ​ទាន់​ពេល​វេលា។

លោក ចឹក ចិត្ត្រា៖«ទាក់ទង​ជីវភាព​អ្នកជាប់ឃុំ​នៅ​តាម​ពន្ធនាគារ​នីមួយៗ​សុទ្ធសឹងតែ​មាន​ភាព​លំបាក​សម្រាប់​ជីវភាព​របស់​ពួកគាត់ អ៊ីចឹង​ទេ បើសិន​មាន​បែបនេះ​យើង​គួរ​ពិនិត្យ​ពិចារណា ហើយ​រឿង​ទាំងអស់​ហ្នឹង​បើសិន​កើត​មាន​អ៊ីចឹង​មែន​ជា​រឿង​មួយ​ធ្វើ​ឱ្យ​ជនជាប់​ឃុំ​ជា​ពិសេស​សកម្មជន​នយោបាយ​ទទួលរង​ភាព​អយុត្តិធម៌​បន្ថែម​ទៀត»។

បច្ចុប្បន្ន​មាន​សកម្មជន​បក្ស​ភ្លើងទៀន​ខេត្តពោធិ៍សាត់​ចំនួន​ពីរ​នាក់​កំពុង​ជាប់​ពន្ធនាគារ គឺ​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ លោក អ៊ុក សៅវ៉ារិន និង​បេក្ខជន​មេឃុំ​ស្រែស្តុក ស្រុក​កណ្ដៀង​លោក ឈួន ឈឿង។ ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​ខេត្តពោធិ៍សាត់​ចាប់​ឃុំខ្លួន​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០២២ ពាក់ព័ន្ធ​ការរៀបចំ​បញ្ជី​ដាក់ពាក្យ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ អាណត្តិទី៥ ហើយ​ក្រោយមក​សាលាដំបូង​ខេត្ត​នេះ​បាន​ផ្ដន្ទាទោស​ពួកគាត់​ដាក់​ពន្ធនាគារ​ម្នាក់​២ឆ្នាំ ពី​បទ «ក្លែងបន្លំ​ឯកសារ​សាធារណៈ»។

ទោះជាយ៉ាងណា សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ចាត់ទុក​រឿង​ក្ដីក្ដាំ​ទាំងនេះ ថា​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បង្ក្រាប​សំឡេង​គណបក្ស​ភ្លើងទៀន ដែល​លេចធ្លោ និង​អាច​ជា​ដៃគូ​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់អំណាច។ ទន្ទឹម​នឹង​នេះ ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​សកម្មជន​ទាំងនោះ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។