សាច់​​ញាតិអ្នក​ជាប់​ឃុំ​​​ទាមទារ​ឲ្យដោះ​លែង​​អ្នក​​នយោបាយ ដើម្បី​​​កាត់​​បន្ថយ​​​ហានិភ័យ​​​ឆ្លង​ជំងឺ​​កូវីដ-​១៩ ក្នុង​​ពន្ធនាគារ​

ដោយ មួង ណារ៉េត
2021-05-10
Share
សាច់​​ញាតិអ្នក​ជាប់​ឃុំ​​​ទាមទារ​ឲ្យដោះ​លែង​​អ្នក​​នយោបាយ ដើម្បី​​​កាត់​​បន្ថយ​​​ហានិភ័យ​​​ឆ្លង​ជំងឺ​​កូវីដ-​១៩ ក្នុង​​ពន្ធនាគារ​ ភរិយាសកម្មជនគណបក្សសង្គ្រោះជាតិតវ៉ាឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួននាពេលកន្លងមក។
រូប៖ គេ​ផ្ដល់​ឱ្យ

​ចាប់​​តាំង​​ពី​​ជំងឺ​កូវីដ​​-១៩ ​​ឆ្លង​រាលដាល​​​កាន់​​តែ​​ខ្លាំង ​សាច់ញាតិអ្នកទោស​នយោបាយ​ចាប់​ផ្តើម​បាត់​ដំណឹង​ប្តី ឬ​​បងប្អូន ដែល​កំពុង​ជាប់ឃុំទាំង​នោះ ដោយ​សារ​​តែ​អាជ្ញាធរ​ផ្អាក​ការ​សួរសុខទុក្ខគ្នា​ទាំង​ស្រុង។ ​ប្រព័ន្ធទូរស័ព្ទនៅ​ពន្ធនាគារ ដែល​អ្នក​ជាប់​ឃុំធ្លាប់​អាច​សន្ទនាគ្នាបាន​ខ្លះ​ជា​មួយ​ក្រុម​គ្រួសារ​ខាង​ក្រៅ ក៏​ត្រូវ​កាត់ផ្តាច់​ទៀត។ ការ​បាត់​ដំណឹង​​ឈឹង​និង​​គ្មាន​មធ្យោបាយ​ទាក់ទង​គ្នា​នេះ​ធ្វើឲ្យ​សាច់​ញាតិ​​នៅ​ខាង​ក្រៅ​ចាប់​​ផ្ដើម​​ព្រួយ​បារម្ភ​ពី​​សុខភាព​​របស់​​អ្នក​ជាប់ឃុំទាំង​នោះកាន់​តែ​ខ្លាំង ជា​ពិសេស​​បន្ទាប់​ពី​ដឹង​ថា ជំងឺ​កូ​វីដ-​១៩ ​បាន​ឆ្លង​​ចូល​ក្នុង​​ពន្ធនាគារ​​ជា​លើក​ដំបូង​ នៅ​​ខេត្ត​ព្រះសីហនុ និង​មាន​អ្នក​​ជាប់​ឃុំជាង​ ៣០ (៣៤) នាក់​បាន​ឆ្លង​ជំងឺនេះ កាលពី​ថ្ងៃទី៩ ខែឧសភា​។

បងស្រី​របស់​​សកម្មជន​បក្ស​​ប្រឆាំងលោក​ស្រី ស្រីផុន ដែល​​ប្អូនស្រី​លោកស្រី កំពុង​ជាប់ឃុំ​នៅ​​ក្នុង​​ពន្ធនាគារ​ម២ ​ស្នើសុំ​​ឲ្យ​​អាជ្ញាធរ​​មាន​​សមត្ថកិច្ច ​​ដោះ​​លែង​​​ប្អូន​ស្រីរបស់​លោកស្រី ឲ្យ​​មាន​​សេរីភាព​​វិញ ព្រោះ​​លោក​​ស្រី បារម្ភ​ពី​​ការ​​ឆ្លង​​ជំងឺ​កូវីដ​-១៩ នៅ​ក្នុង​​ពន្ធនាគារ​។ លោក​ស្រី​អះអាង​​ថា ប្អូនស្រីរបស់លោកស្រី​ឈ្មោះ ម៉ី សុផន ​មាន​​កូន​​តូច​​ក្នុង​បន្ទុក​​ត្រូវ​ថែរក្សា​ជា​​ចាំបាច់ និង​​គួរ​តែ​​អាជ្ញាធរ​​អនុញ្ញាត​​ឲ្យ​នៅ​​ក្រៅ​ឃុំ ដើម្បី​កាត់​​ប​ន្ថយ​​ការ​​ប្រឈម​​ចំនួន​​អ្ន​ក​​ជាប់​ឃុំ ដើម្បី​​រក្សា​​គម្លាត​​​អ្នក​​ទោស​​​​ក្នុង​​ពន្ធនាគារ​ជាដើម៖​ «សំណូមពរ​ម្យ៉ាង​ដែរ គាត់​មាន​កូន​តូច បើ​សិនជាគេ​អនុគ្រោះឲ្យ​គាត់​នៅ​​ក្រៅ​ឃុំ​ក្រៅ​អ្វីក៏​ល្អ។ កូន​គាត់​នៅ​តូច​មែនទែន​ណា។ បារម្ភ​សព្វ​គ្រប់​ហ្មង សម្រាប់​គាត់​មួយ»

ដូច​គ្នា​ដែរ ប្រពន្ធ​របស់​​​​អនុ​​ប្រធាន​​ប្រតិបត្តិ​​គណបក្ស​សង្គ្រោះ​ជាតិ​​ខេត្ត​ត្បូងឃ្មុំ​លោក ស៊ូ យាន គឺលោកស្រី ស្រី សៀត ក៏​ទាមទារ​​ឲ្យ​​មន្ត្រី​មាន​​សមត្ថកិច្ចដោះលែង​ប្ដី​​របស់​​លោកស្រី ឲ្យ​មាន​សេរីភាព​​វិញ​ដែរ។ លោកស្រី ស្រី សៀត នៅ​តែ​អះអាង​ថា ប្ដី​គ្មាន​កំហុស និង ​ចង់​ឲ្យ​មន្ត្រី​តុលាការដោះលែង​លោក ស៊ូ យាន​ វិញ។ លោកស្រី ព្រួយ​​បារម្ភ​ថា បើ​​សិន​មាន​ករណី​​ជំងឺ​កូវីដ-​១៩ ឆ្លង​ចូល​ក្នុង​ពន្ធនាគារ​​ខេត្ត​ត្បូងឃ្មុំ លោក ស៊ូ យាន នឹង​ប្រឈម​ការ​ឆ្លង ហើយ​ធ្លាក់​ខ្លួន​ឈឺ ព្រោះ​លោកកំពុង​មាន​ជំងឺ​ប្រចាំ​កាយ ​និង​មាន​សុខភាព​ទ្រុឌទ្រោម​ស្រាប់៖ ​«ខ្ញុំ​បារម្ភ​ដែរ​ហ្នឹង​ណា ព្រោះ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ផង ហើយ​ខ្ញុំ​សុំ​សំណូម​ពរ​ឲ្យ​គេ​ដោះលែង​ប្ដី​របស់​ខ្ញុំ​ផង​ហ្នឹង​ណា​។ ប៉ុន្តែ មិន​ដឹង​ដល់​ឬ​អ្វី​ទេ! ខ្ញុំ​ពិបាក​ណាស់ រាល់​ថ្ងៃ​នេះ»

Su_Yean_Tbaung_Khmum.jpg
​ លោក ស៊ូ យាន អតីតអនុ​​ប្រធាន​ប្រតិបត្តិ​​គណបក្ស​សង្គ្រោះ​ជាតិ​​ខេត្ត​ត្បូងឃ្មុំ កំពុងជាប់ពន្ធនាគារនៅក្នុងខេត្តត្បូងឃ្មុំ។

កន្លងមក អង្គការសង្គមស៊ីវិលផ្នែកឃ្លាំមើលសិទ្ធិមនុស្សជាច្រើន ក៏បានលើកឡើង​អំពី​ការព្រួយបារម្ភ​ពីហានិភ័នៃការឆ្លងជំងឺ​កូវីដ-១៩ ដែល​បើ​ឆ្ល​ង​ដល់​ពន្ធនាគារ គឺនឹង​មានគ្រោះថ្នាក់ខ្ពស់ ដោយសារតែ​ការ​រស់​នៅ​​ផ្តុំគ្នា​ក្នុង​បន្ទប់​ចង្អៀត​ណែន​របស់​អ្នក​ជាប់​ឃុំ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារលោក នុត សាវនា បញ្ជាក់​ថា ការ​សម្រេច​​ដោះលែង​អ្នក​ជាប់​ឃុំ​ ​គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។ តែ​លោកអះអាងថា ​ខាង​ពន្ធនាគារកំពុង​ស្នើសុំ​​ទៅ​តុលាការ ដើម្បី​​ដោះលែង​អ្នក​ជាប់​ឃុំ​ស្រាលៗ​មួយ​ចំនួន ដែល​​ជិត​​ដល់​ថ្ងៃ​កំណត់​ទោស ឲ្យ​​ចេញ​ក្រៅ​ឃុំ​​មុន​កាល​កំណត់នោះ​ដែរ៖ «ស្នើ​ទៅ​ខាង​តុលាការ គេ​ក៏​ពិចារណា ថា​អាច​ឲ្យ​នៅ​ក្រៅ​ឃុំ ឬ​ក៏​​ដោះលែងមុន​កាល​កំណត់​ទេ អា​ហ្នឹងជា​សមត្ថកិច្ច​របស់​តុលាការ។ អ៊ីចឹងសំណើ​ហ្នឹង គេ​កំពុង​ពិចារណា​ហើយ តែ​វា​ជា​សមត្ថកិច្ច​របស់ខាង​ស្ថាប័ន​​តុលាការ»

ចំពោះ​ករណី​ការ​ឆ្លង​ជំងឺ​​កូវីដ​-១៩ ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​នោះ​លោក នុត​ សវនា អះអាងដែរថា ខាង​អគ្គ​នាយកដ្ឋានពន្ធនាគារ​កំពុង​ដឹកនាំ​មន្ត្រី​ជំនាញ​ ចុះ​​ស្រាវជ្រាវ​​រក​​មូលហេតុ​នៃ​​ការ​​ឆ្លង ​និង​បាន​​​យក​អ្នក​​ជាប់​ឃុំ​ដែល​សង្ស័យ​ទាំង​អស់ ដាក់​នៅ​ដាច់​ដោយ​ឡែក​អស់ហើយ។ លោកបញ្ជាក់ទៀត​​ថា សម្រាប់​ពន្ធនាគារ​ផ្សេង​ទៀត គឺនៅ​មិន​ទាន់​មាន​ករណី​សង្ស័យ​ឆ្លង​ជំងឺ​កូវីដ-​១៩​​នេះនៅឡើយទេ​ ហើយ​អាជ្ញាធរ​​គ្រប់​ពន្ធនាគារ កំពុង​បង្កើន​វិធានការ​បង្ការ​យ៉ាង​តឹងរ៉ឹង។

មន្រ្តីអង្គការសង្គមស៊ីវិល យល់ស្របឲ្យមានដំណោះស្រាយណាមួយ ដើម្បី​កាត់បន្ថយភាពចង្អៀតណែន​ក្នុងពន្ធនាគារ។ ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស និង​ដីធ្លី នៃ​សមាគម​អាដហុកលោក នី សុខា យល់​ស្រប​នឹង​សំណើ​ដោះលែង​អ្នក​ជាប់​ឃុំ ដែល​មាន​ទោស​ស្រាលៗ និងអ្នក​ជាប់​ឃុំ​​ពាក់ព័ន្ធ​រឿង​នយោបាយ ដីធ្លី សកម្មជន​បរិស្ថានជាដើម ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ពន្ធនាគារ៖ «អ៊ីចឹង វិធានការ​ទាំង​អស់​ហ្នឹង យើង​គួរ​តែ​ពិចារណា​គួរ​តែ​រក​វិធី​ក្នុង​ការ​ដោះស្រាយ​ឲ្យ​​បាន​ទាន់​ពេលវេលា​ដែរ ដើម្បី​បន្ធូរ​បន្ថយ​ដល់​ការ​ចង្អៀត​ណែន នៅ​ក្នុង​ពន្ធនាគារ​។ អា​ហ្នឹង វា​គឺ​ជា​រឿង​មួយ ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ទៅ​បាន​»

Prison_Prah_Sihanouk_02.jpg
អ្នកទោសនៅក្នុងពន្ធនាគារខេត្តព្រះសីហនុ ដែលមានសេចក្តីរាយការណ៍ថា ជំងឺកូវីដ១៩បានឆ្លងចូលដល់ក្នុងពន្ធនាគារជាលើកដំបូង។ (រូប៖ ហ្វេសប៊ុករបស់ពន្ធនាគារខេត្តព្រះសីហនុ)

បច្ចុប្បន្ន​កម្ពុជា មាន​​អ្នក​ជាប់​ឃុំ​សរុប​តាម​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេសប្រមាណ ​បួន​ម៉ឺន ​(៤០.០០០)​នាក់។ ចំនួន​​នេះ ធ្វើ​​ឲ្យ​​ពន្ធនាគារ ​​និង​​មណ្ឌល​អប់រំ​កែប្រែ​ទាំង​​អស់​​​ ចង្អៀត​ណែន​ខ្លាំង និង​លើសចំណុះ។ អ្នករួចពីការជាប់ឃុំ និង​សាច់ញាតិរបស់អ្នកជាប់ឃុំ តែងតែរអ៊ូរទាំអំពីស្ថានភាពក្នុងពន្ធនាគារ។ អ្នក​ជាប់​ឃុំ​ខ្វះ​សេវា​ថែទាំ​ និង​ព្យាបាល​ជំងឺ ​ខ្វះ​សាប៊ូ​​ និង​​ទឹក​ស្អាតសម្រាប់​ប្រើប្រាស់​​ជាដើម​។ កត្តា​នេះធ្វើឲ្យពួកគាត់​បារម្ភដែរថា វាបណ្ដាល​ឲ្យ​អ្នក​ជាប់​ឃុំ ប្រឈម​​​ការ​​ឆ្លង​​ជំងឺ​​កូវីដ-១៩​ ​យ៉ាង​លឿន​​។

​កាល​ពី​ចុង​ឆ្នាំ​២០២០ អង្គការ​សិទ្ធិ​មនុស្ស​ជាតិ ​(លីកាដូ)​ និង​អន្តរជាតិ (Amnesty​International)​ ​ (Human Rights Watch)​​ បាន​ទទូច​ឱ្យ​​រដ្ឋាភិបាល​​​ចាត់​វិធាន​ការ​ឱ្យ​​​ឆាប់​ ដើម្បី​ការពារ​សិទ្ធិ​ទទួល​បាន​សេវា​សុខភាព​របស់​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​​ ក្នុងការ​​អនុវត្ត​វិធានការ​អនាម័យ និង​រក្សា​គម្លាត​សង្គម​នៅ​ក្នុង​ពន្ធនាគារ​​​ឲ្យ​មាន​ប្រសិទ្ធ​ភាព។ តែ​មន្ត្រី​រដ្ឋាភិបាល ច្រាន​ចោល​​សេចក្ដី​ថ្លែងការណ៍​នោះ​។

ស្របពេលជាមួយគ្នានេះ នៅ​ថ្ងៃ​ទី​១០ ខែឧសភា ក្រសួងសុខាភិបាលប្រកាស​ថា មាន​អ្នក​ជំងឺ​កូវីដ-​១៩ ចំនួន ​៦ នាក់ ​ទៀត​ស្លាប់។ ចំនួន​នេះបាន​ធ្វើ​​​ឲ្យ​​​អ្នក​ស្លាប់​​ដោយសារ​ជំងឺ​នេះ ឡើង​ដល់​​មួយ​រយ​ម្ភៃ​ប្រាំ​មួយ (១២៦)​នាក់​។ ចំណែក​អ្នក​ឆ្លង​ថ្មី​នៅ​ថ្ងៃ​ដដែល មាន​​ជាង​​ប្រាំ​រយ (៥០៦)​នាក់។ ស្របពេលដែលចំនួន​អ្នកជា​សះស្បើយ​​មាន​ជិតមួយរយប៉ែត (១៧៩) នាក់ដែរ តែទាបជាងជិតបីដង ធៀបនឹង​ចំនួនអ្នកឆ្លង។ រហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនដល់ជិត ២ម៉ឺន (១៩,៧៤៣) នាក់ ក្នុងពេលដែលអ្នកជាសះស្បើបសរុបមានជិត ៨ ពាន់ (៧,៨២០) នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល