ប្តីរបស់ស្រ្តីរងគ្រោះ គឺលោក អ៊ុន សំរឹត រៀបរាប់ប្រាប់អាស៊ីសេរីថា ប្រពន្ធលោកឈ្មោះ វ៉ា សុខគីម អាយុ ២៩ ឆ្នាំ រស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីម៉ោង ១ យប់ឈានចូលថ្ងៃទី១៨ ខែមិថុនា។ ប្តីរបស់ជនរងគ្រោះអះអាងថា គ្រូពេទ្យ មិនបានយកចិត្តទុកដាក់ទើបបណ្តាលឱ្យប្រពន្ធលោកហូរឈាមខ្សោះពីខ្លួនរហូតដល់ស្លាប់ ក្រោយពេលវះកាត់សម្រាលកូន។ លោកចង់ឱ្យគ្រូពេទ្យចេញមុខទទួលខុសត្រូវ និងបកស្រាយការពិត ប៉ុន្តែលោកមិនដឹងពឹងពាក់ស្ថាប័នណាដើម្បីរកយុត្តិធម៌នោះទេ។
ប្តីជនរងគ្រោះ បន្តថា ប្រពន្ធរបស់លោក បានចូលទៅវះកាត់សម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ កាលពីពេលព្រឹកថ្ងៃទី១៧ ខែមិថុនា ដោយសារប្រពន្ធលោកមិនអាចសម្រាលកូនតាមធម្មជាតិ។ ក្រោយពេលវះកាត់ប្រពន្ធរបស់លោកបានហូរឈាមខ្លាំងតាមទ្វារមាសហើយភ្លាមៗនោះលោកក៏ប្រាប់គ្រូពេទ្យដើម្បីតាមដានពីស្ថានភាពប្រពន្ធ ប៉ុន្តែគ្រូពេទ្យមិនអើពើហើយថែមទាំងស្តីឱ្យទៀតផង។ លោកបន្តថា ប៉ុន្មានម៉ោងក្រោយមកប្រពន្ធលោកហូរឈាមស្លេកស្លាំង ទើបរសៀលថ្ងៃដដែលគ្រូពេទ្យបញ្ជូនប្រពន្ធលោកចូលវះកាត់ម្តងទៀត។ លោករៀបរាប់បន្ថែមថា ក្រោយពេលវះកាត់លើទី២នេះ ប្រពន្ធលោកហាក់សភាពធ្ងន់ធ្ងរជាងលើកមុន ដោយសន្លប់និងហើមពោះ។ ជាអកុសលប្រពន្ធលោកបានបាត់បង់ជីវិតនៅវេលាម៉ោង ១ យប់ឈានចូល ថ្ងៃទី១៨ ខែមិថុនា។ បុរសរូបនេះ ថ្លែងទាំងក្តុកក្តួលថា លោកខកចិត្តជាខ្លាំងចំពោះគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដែលធ្វេសប្រហែលនិងយឺតយ៉ាវក្នុងការជួយសង្គ្រោះប្រពន្ធរបស់លោក៖ «ខ្ញុំខកចិត្ត ខ្ញុំអស់ទំនុកចិត្ត អស់នឹងភាពជឿជាក់លើមន្ទីរពេទ្រខេត្តគាត់ធ្វើអីដូចអត់មានទំនួលខុសត្រូវដូចអត់មានប្រឹងក្នុងការមើល ដូចចង់និយាយថាធ្វើទៅតាមចិត្តរបស់គាត់ចង់មើលៗ ពេទ្យខេត្តខ្ញុំហ្នឹងល្បីច្រើនរឿងថា គ្រូពេទ្យគាត់មិនសូវយកចិត្តទុកដាក់មើលប្រជាជនភាគច្រើនគាត់ព្រងើយកន្តើយចឹង » ។
ជុំវិញរឿងនេះ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំលោក ស្រី ស៊ីន ប្រាប់ថា លោកមិនអាចបកស្រាយជុំវិញរឿងនេះបានទេ ដោយលោកនឹងសាកសួរខាងគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យបង្អែកសិន ដើម្បីដឹងច្បាស់ជុំវិញរឿងនេះ។ លោកបញ្ជាក់ថា ប្រសិនមានករណីស្លាប់ គឺគណៈកម្មការបច្ចេកទេសតែងតែស្វែងរកមូលហេតុដើម្បីអភិវឌ្ឍន៍ជំនាញរបស់គ្រូពេទ្យបន្ថែមទៀត ប៉ុន្តែលោកមិនបញ្ជាក់ថា តើប្រសិនរកឃើញគ្រូពេទ្យអនុវត្តន៍ខុសវិជ្ជាជីវៈ នឹងទទួលទោសទណ្ឌយ៉ាងណានោះទេ៖ «ទាល់តែខ្ញុំសួរនាំសិន ព្រោះថា អត្រាស្លាប់វាមិនអត់ទេ ចំពោះស្រ្តីឆ្លងទន្លេហ្នឹង ជាពិសេសមូលហេតុភាគច្រើន គឺឈាមវាអត់កក ហើយមូលហេតុស្បូនអត់កន្រ្តាក់អី អាហ្នឹងវាបញ្ហាបច្ចេកទេសច្រើន ទាល់តែក្រុមគ្រូពេទ្យអាចបកស្រាយបានអ្នកដែលវះផ្ទាល់មើលផ្ទាល់ »។
ទោះជាយ៉ាងណា ម្តាយស្រ្តីដែលស្លាប់ គឺលោកស្រី ម៉ៅ រី អាះអាងថា កូនលោកស្រីមុនទៅវះកាត់ គឺសុខភាពល្អធម្មតា ប៉ុន្តែដោយសារគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំមិនបានរួសរាន់ជួយសង្គ្រោះអ្នកជំងឺ ទើបធ្វើឱ្យកូនលោកស្រីបាត់បង់ជីវិត។ លើសពីនេះ លោកស្រីអះអាងទៀតថា គ្រូពេទ្យបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យលើសាច់ញាតិរបស់អ្នកជំងឺថែមទៀត តែសាច់ញាតិមិនហ៊ានតបតនោះទេ ព្រោះខ្លាចគ្រូពេទ្យមិនជួយសង្គ្រោះ កូនឲ្យបានត្រឹមត្រូវ៖ «ឆ្លងទន្លេធ្លាក់ឈាមចឹងហើយ បើធ្លាក់ច្រើនកាន់តែល្អ ថាអ៊ីចឹង ដល់ពេទ្យថាចឹងទៅ គ្នាក៏ហីទៅ ដល់ឈាមហ្នឹងចេះតែធ្លាក់ដល់ពេលឃើញធ្លាក់ដុំៗប៉ុនកដៃមកជោកខោសារ៉ុងភួយហៀររហាក់រហាចទៅ ខ្ញុំសំណូមពរថា ធ្វើបាបកូនខ្ញុំចឹងហើយសូមឱ្យគ្រូពេទ្យលើកក្រោយឱ្យយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋគ្នាខំរត់ទៅរកឱ្យគ្រួពេទ្យជួយដល់គ្រូពេទ្យព្រងើយកន្តើយចឹងទឹកចិត្តខ្ញុំក៏តូចចិត្តដែរ»។
នេះគឺជាកូនទី២ហើយ សម្រាប់ជនរងគ្រោះ ដោយកូនទី១ អាយុ ៤ ឆ្នាំ ហើយជនរងគ្រោះធ្លាប់សម្រាលកូនទី១តាមបែបធម្មជាតិមិនដែលវះកាត់នោះទេ។
ជុំវិញរឿងនេះ ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា (CVMA) លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី យល់ថា ករណីស្រ្តីដែលហូរឈាមក្រោយការវះកាត់នេះ ដោយសារគ្រូពេទ្យមិនបានអនុវត្តត្រឹមត្រូវទម្រង់តាមបច្ចេកទេស គួបផ្សំកំហុសដែលគ្រូពេទ្យធ្វេសហែលមិនបានយកចិត្តទុកតាមដានការវិវត្តចំពោះអ្នកជំងឺ។ លោកថាគ្រួសារជនរងគ្រោះអាចដាក់ពាក្យប្តឹងទៅគណៈគ្រូពេទ្យ ដើម្បីស្វែងរកយុត្តិធម៌ជុំវិញករណីនេះ។ គ្រូពេទ្យរូបនេះក៏ជំរុញឱ្យក្រសួងសុខាភិបាលពិនិត្យមើល និងស៊ើបអង្កេតករណីនេះដើម្បីបញ្ជាក់មូលហេតុពិតប្រាកដជូនគ្រួសារជនគ្រោះ ដើម្បីឱ្យពួកគាត់អស់មន្ទិលសង្ស័យលើក្រុមគ្រូពេទ្យ និងបង្កើនជំនឿលើវិស័យសេវាសុខាភិបាលជូនប្រជាពលរដ្ឋឡើងវិញ៖ «ហើយក្នុងនាមគ្រូពេទ្យគាត់អត់អាចដែលបងប្អូនប្រាប់អ៊ីចឹងហើយ គាត់មិនយកចិត្តទុកដាក់ភ្លាមៗ ជាកំហុសគាត់ធំណាស់ គាត់ត្រូវពន្យល់ប្រាប់គ្រួសារឱ្យដឹងថា ស្លាប់ដោយសារអី គាត់ហើយហេតុអ្វីក្រោយពីវះហូរឈាម ហូរឈមហេតុអ្វីបានយកគាត់ទៅវះម្តងទៀតអាហ្នឹងជាកំហុសគ្រូពេទ្យទាំងអស់ គេអត់ដែលយកមនុស្សធ្វើដូចជាងឡានទេ » ។
របាយការណ៍របស់អង្គការយូនីសេហ្វឆ្នាំ២០១១ បានបង្ហាញថា ក្នុងមួយឆ្នាំៗ មានស្ត្រីជិត ២ពាន់នាក់ (១.៧០០) នាក់នៅក្នុងប្រទេសកម្ពុជា បានស្លាប់ខណៈកំពុងមានផ្ទៃពោះក្នុងពេលសម្រាលកូន និងក្រោយពេលសម្រាលកូនរួច ប៉ុន្តែភាគច្រើននៃមរណភាពរបស់មាតា និងទារកទាំងនេះ គួរតែអាចការពារបាន។ រីឯស្ថិតិអង្គការសុខភាពពិភពលោក បង្ហាញដែរថា អត្រាមរណភាពនៃមាតាក្នុងពេលសម្រាលកូននៅតាមជនបទ គឺមានចំនួនច្រើនលើសជាង ៣ដង នៅតាមទីក្រុង ហើយថា ចំនួនមាតាសម្រាលកូននៅកម្ពុជា ជិត ៤០% គឺផ្ដល់សេវាដោយឆ្មប ឬគ្រូពេទ្យពុំមានវិជ្ជាជីវៈជំនាញពិតប្រាកដក្នុងការជួយសង្គ្រោះជីវិតស្ត្រីជាមាតានៅពេលមានគ្រោះអាសន្នកើតឡើងក្នុងពេលសម្រាលកូនទេ ដូចជា កើតកូនមិនចេញ ឬធ្លាក់ឈាមខ្លាំងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។