កសិករ​នៅ​ខេត្ត​មួយ​ចំនួន​គ្រោង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជីក​ស្ដារ​​ប្រព័ន្ធ​ទឹក​ដើម្បី​ងាយ​ស្រួល​ធ្វើ​កសិកម្ម

ដោយ ប្រាជ្ញ ចេវ
2024.09.22
កសិករ​នៅ​ខេត្ត​មួយ​ចំនួន​គ្រោង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជីក​ស្ដារ​​ប្រព័ន្ធ​ទឹក​ដើម្បី​ងាយ​ស្រួល​ធ្វើ​កសិកម្ម ទិដ្ឋភាពព្រែកជីផុច ក្នុងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង រីកគោករាក់ បណ្តាលឱ្យប៉ះពាល់ការធ្វើកសិកម្មរបស់កសិករ ក្នុងតំបន់នោះ។ រូបកាលពីថ្ងៃទី ១៩ មិថុនា ២០២៤។
​រូប៖ ពលរដ្ឋផ្តល់ឱ្យ

កសិករ​មួយចំនួន​រស់នៅ​ខេត្តសៀមរាប ខេត្តព្រៃវែង កំពង់ឆ្នាំង និង ខេត្តស្វាយរៀង បាក់​ទឹកចិត្ត​ក្នុង​ការធ្វើ​កសិកម្ម​ប្រវាស់​មេឃ​ដដែលៗ ដោយសារ​រដ្ឋាភិបាល​ព្រងើយកន្តើយ​មិន​ព​ន្លឿ​ន ជីក​ស្តារ​ប្រព័ន្ធ​ទឹក នៅ​ទូទាំងប្រទេស​ឱ្យ​គ្រប់​ច្រកល្ហក ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​កសិករ​មានទឹក​គ្រប់គ្រាន់​ធ្វើស្រែ​។​

ប្រតិកម្ម​នេះ​ធ្វើឡើង ក្រោយពី​ប្រឡាយទឹក បឹងបួ និង​ព្រែក​ស្ទើរ​គ្រប់​តំបន់ បាន​រីង​គោក​រាក់ រីឯ​បឹងបួ​ខ្លះទៀត ដែល​ធ្លាប់តែ​សម្បូរ​ត្រី និង​អាង​ស្តុក​ទឹក​សំខាន់ ក៏​កំពុង​ប្រឈម​ការចាក់ដី​លុប​ជា​បន្តបន្ទាប់​ដែរ ធ្វើឱ្យ​បឹង​កាន់តែ​រួម​តូច​។ ចំណែកឯ​ប្រឡាយទឹក ដែលជា​បណ្ដាញទឹក​ត​ភ្ជាប់​ពី​ព្រែក និង​ទន្លេ ក៏​កំពុង​ប្រឈម​ការបាត់បង់​ដែរ​។​

កសិករ​រស់នៅ​ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោក​ស្ងួន ញៀន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី ២០ កញ្ញា​ថា កសិករ ០៨ ភូមិ ក្នុង​ឃុំ​តា​ជេស កំពុង​ពិភាក្សាគ្នា​បង្កើត​យុទ្ធនាកា​រ​ជាថ្មីទៀត ស្នើឱ្យ​រដ្ឋាភិបាល​ជីក​ស្ដារ​បណ្ដាញទឹក​ដើម្បី​ជួយ​អ្នកភូមិ​មានទឹក​គ្រប់គ្រាន់​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​។​

លោក​បន្ថែម​ថា ក្នុង​ឃុំ​តាជេស កសិករ​ជួប​បញ្ហា​ប្រឈម​ច្រើន ខ្វះ​ទឹក​ធ្វើស្រែ​ដោយសារ​ប្រឡាយ​ទឹក​មួយចំនួន ត្រូវ​ក្រុមហ៊ុន​ឯកជន​ចាក់​លុប​ជា​បន្តបន្ទាប់​។​

លោក ស្ងួន ញៀន​៖ «គេ​អត់​បាន​ស្ដារ​ទៅតាម​ប្រឡាយ​ចាស់ៗ​ដែល​មាន​ទេ ប៉ុន្តែ​បែរជា​ទៅ​លុប​ប្រឡាយ​ទឹក​អស់ហើយ ហើយ​ប្រឡាយ​តូចៗ​ជាច្រើន​ដែល​សហគមន៍​អឺរ៉ុប​ធ្វើ​នឹង​ខាង​ក្រុមហ៊ុន​គឺ​បាន​លុបចោល​ទាំងអស់​។ អត់​មាន​មូលនិធិ​ណា​មក​ស្ដារ​ឡើង​វិញ​ទេ»

កសិករ​រូប​នេះ​បន្ថែម​ថា រដ្ឋាភិបាល​គួរតែ​បង្វែរ កញ្ចប់​ថវិកា​ឃុំ​/​សង្កាត់​មួយ​ផ្នែក ដើម្បី​ស្ដារ​ព្រែក ស្ទឹង បឹងបួ និង​ប្រឡាយ​ទឹក ជួយ​កសិករ​ឱ្យ​មាន​លទ្ធភាព​ធ្វើ​កសិកម្ម​ទាំងពីរ​រដូវ​។​លោក ស្ងួន ញៀន យល់ថា ប្រសិន​អាជ្ញាធរ​ជីក​ស្តារ​ប្រឡាយ បឹងបួ និង​ព្រែក កសិករ​នឹងធ្វើ​កសិកម្ម​បាន ២ ទៅ ៣​ដង​ក្នុង​មួយឆ្នាំ​ដោយ​មិន​ទុក​ដី​រាប់ម៉ឺន​ហិកតារ​ទំនេរ​ចោល​នោះឡើយ​។​

រីឯ​កសិករ​ម្នាក់ទៀត រស់នៅ​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង លោក ជា គា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅ​ពេល​ដែល​អាជ្ញាធរ​មិន​ជីក​ស្ដារ​ប្រឡាយ និង ព្រែក មិន​ត្រឹមតែ​ធ្វើឱ្យ​កសិករ​លំបាក​វេទនា​ប៉ុណ្ណោះ​ទេ ឱ្យ​តែ​ដល់​រដូវវស្សា មាន​ភ្លៀង​ធ្លាក់​ច្រើន ទឹកនឹង​ច្រាល់​ឡើង​លិច​ផ្ទះសម្បែង​របស់​អ្នកភូមិ​ជាច្រើន​គ្រួសារ​។​

លោក​ថា បច្ចុប្បន្ន​ប្រឡាយ​ទឹក និង​ព្រែក​មួយ​ខ្សែ​មាន​ប្រវែង​ជាច្រើន​គីឡូម៉ែត្រ​ក្នុង​តំបន់​ពួក​លោក​រស់នៅ កំពុង​គោក​រាក់​ដោយ​អន្លើ​នៅ​រដូវប្រាំង ផ្នែក​ខ្លះ​នៃ​ព្រែក​ស្មើនឹង​ដីស្រែ​របស់​ពលរដ្ឋ​។​

លោក ជា គា៖ «​ដីស្រែ​គ្មាន​ទឹក​មួយ​ដំណក់​នោះ​ទេវា​រាក់ ឥឡូវ​ក្លាយជា​ដីស្រែ​និង​ដី​ព្រែក​ស្មើគ្នា វា​រាក់​អស់រលីង»

កសិករ​រូប​នេះ​បន្ថែម​ថា បច្ចុប្បន្ន នៅ​គ្រា​ដែល​ប្រឡាយ​ទឹក និង​ព្រែក គោក​រាក់ ធ្វើឱ្យ​កសិករ​ខ្លះ​ភ័យខ្លាច ក្នុង​ការ​ធ្វើស្រែ​ពឹង​មេឃ ព្រោះ​ត្រូវ​ចំណាយពេល ថវិកា និង​កម្លាំង​ពលកម្ម​អសារ​បង់​។​

កសិករ​ម្នាក់ទៀត រស់នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប លោក ឃឹម ខា សង្កេត​ឃើញ​ថា រដូវប្រាំង​ស្ថានភាព​ទឹកស្ទឹង ក្នុង​តំបន់​ពួក​លោក​រស់នៅ​គោក​រាក់ និង​មាន​ផ្នែក​ខ្លះទៀត​កសិករ​ទន្ទ្រាន​យក​ដី​ចំណី​ស្ទឹង​ធ្វើស្រែ ធ្វើឱ្យ​ទឹកស្ទឹង​កាន់តែ​រួម​តូច​។​

លោក​ថា ប្រសិនបើ​អាជ្ញាធរ​ជីក​ស្តារ​ស្ទឹង​នោះ​មិន​ត្រឹមតែ​ជួយ​កសិករ​មាន​ទឹក​បូម​ដាក់​ស្រែ​ប៉ុណ្ណោះ​ទេ នឹង​បង្កើត​ទីតាំង​អភិរក្ស​ត្រី ជួយ​សេដ្ឋកិច្ច​សហគមន៍​។​

លោក ឃឹម ខា​៖ «​បើ​វា​ខះ​ទៅ វា​អត់​មាន​ត្រី​ទេ អត់​មាន​ទឹក​ឱ្យ​គោ​ផឹក ប្រសិនបើ​គេ​ជីក​បាន​គឺ​វា​អត់​ខះ​ទេ ហើយ​ស្រែក​ក៏​ធ្វើ​បានល្អ​ទៀត»​

របាយការណ៍​វិភា​ជ​ធនធាន​មូលនិធិ​ឃុំ​-​សង្កាត់​បង្ហាញថា កម្ពុ​ជាមាន​ ​ឃុំ​/​សង្កាត់​សរុប​ចំនួន​ជាង ១ ពាន់ ៦ រយ​ (.៦៥២) ហើយ​ឃុំ​/​សង្កាត់​នីមួយៗ​ទទួល​បាន​ថវិកា​ចន្លោះ​ពី​៧​ម៉ឺន​ដុល្លារ​ទៅ​ជាង​២០​ម៉ឺន​ដុល្លារ ដោយ​ផ្អែកលើ​ដង់ស៊ីតេ​ប្រជាជន ទំហំ​ផ្ទៃដី និង​សេដ្ឋកិច្ច​។​

រីឯ មេឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង លោក ឃា​ម ឆាង ឱ្យដឹង​ថា បច្ចុប្បន្ន​ក្នុង​ឃុំ​របស់​លោក​ពុំ​មាន​គម្រោង​ប្រើប្រាស់​កញ្ចប់​ថវិកា​ឃុំ ជីក​ស្តារ​ប្រឡាយទឹក និង​ប្រព័ន្ធ​ទឹក​នោះ​ឡើយ ដោយ​កញ្ចប់​ថវិកា​ភាគច្រើន យកទៅ​ជួសជុល និង​កសាង​ផ្លូវថ្នល់​ជា​អាទិភាព​។​

លោក​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​ប្រើប្រាស់​កញ្ចប់​ថវិកា​ឃុំ​ផ្អែកលើ​ការប្រជុំ​សម្រេច​របស់​សមាជិក​ក្រុមប្រឹក្សាឃុំ ដោយ​យោង​លើ​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​ជា​អាទិភាព។

លោក ឃាម ឆាង៖ «​សម្រាប់​បញ្ហា​គឺ​មកពី​ខាង​ភូមិ​ឃុំ​មក ពេល​ចុះ​មូលដ្ឋាន​សួរ​បញ្ហា​ប្រឈម​របស់​គាត់​យក​មក​ដោះស្រាយ ដើម្បី​ចាប់​អាទិភាព​សំខាន់​ទាំងអស់ ព្រោះថា​គម្រោង​ស្ដារ​ប្រឡាយ​វា​ល្អ​សម្រាប់​ជួយ​ពលរដ្ឋ​ជាច្រើន​គ្រួសារ»

ចំណែក​យុវជន​រស់នៅ​ខេត្តព្រៃវែង លោក រំចង់ សំណាង សង្កេត​ឃើញ​ថា នៅ​គ្រា​ដែល​ប្រឡាយ​ទឹក និង​ព្រែក ដែល​ជា​អាង​ស្តុក​ទឹក​យ៉ាង​សំខាន់ របស់​កសិករ​រីង​ខះ​គោក​រាក់​នៅ​រដូវប្រាំង​ហើយ​ផ្នែក​ខ្លះ​នៃ​ព្រែក​មានការ​ចាក់​ដី​លុប​ធ្វើជា​កម្មសិទ្ធិឯកជន​  នឹង​ធ្វើ​ឱ្យ​កសិករ​ប្រឈម​បញ្ហា​ច្រើន រួមមាន​បាត់បង់​ត្រី​សាច់ ធ្លាក់ចុះ​ប្រាក់ចំណូល និង​ខ្វះ​ទឹក​ធ្វើ​កសិកម្ម​  ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ចំណាកស្រុក​កាន់តែ​ច្រើន​។​

លោក រំ​ចង់ សំណាង​៖ «​បើ​ខែប្រាំង​ធ្វើស្រែ​រំពឹង​មេឃ ហើយ​ហ្នឹង​ពឹងផ្អែក​ទៅលើ​កសិករ​គាត់​បុក​អណ្ដូង គាត់​មិន​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ពេញលេញ​មួយឆ្នាំ​បី​ដង​ទេ ប៉ុន្តែ​បើ​ខែវស្សា​គឺ​ពឹង​ផ្អែក​ទៅ​លើ​ទឹកភ្លៀង»

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​កញ្ញា អ៊ឹម រចនា បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី ២០ កញ្ញា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក​។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក លោក​ ​ចាន់ យុត្ថា ក៏​មិនទាន់​អាច​ទាក់ទង​បានដែរ នៅ​ថ្ងៃ​ដដែល​នេះ​។​

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ផ្នែក​ធនធានទឹក និង​ជា​ប្រធាន​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុន​លាប ពន្យល់​ថា ប្រភព​ទឹក​ប្រឡាយ ស្ទឹង អូរ បឹងបួ និង​ព្រែក អាជ្ញាធរ​គួរ​រក្សា​ឱ្យ​គង់ ដើម្បី​ជួយ​កសិករ​ធ្វើ​កសិកម្ម អភិរក្ស​ជីវចម្រុះ និង​ផ្តល់​បរិយាកាស​ធម្មជាតិ​ជួយ​វិស័យ​ទេសចរណ៍ ព្រមទាំង​ជា​ប្រភព​ចំណី​សត្វ និង​មនុស្ស ជាដើម​។​

លោក​បារម្ភ​ថា ប្រសិនបើ​ធនធានធម្មជាតិ​ទាំងនេះ​បាត់បង់ គឺជា​បន្ទុក​បន្ថែម​ទៀត នាំ​ឱ្យ​ប្រែប្រួល​អាកាសធាតុ បង្ក​ការ​លំបាក​កាន់តែ​ខ្លាំង ប៉ះពាល់​ជីវភាព​កសិករ​រយៈពេល​វែង​។​

លោក លាង ប៊ុន លាភ​៖ «​ធម្មជាតិ​ខូច​ហើយ​បរិយាកាស​ក៏​ប្រែប្រួល​ហើយ ដី​សើម​ត្រពាំង​អូរ​ខ្លះ​លែង​មាន ហើយ​បន្ទុក​កាន់តែ​ខ្លាំង​ទៅលើ​ការប្រែប្រួល​អាកាសធាតុ បង្ហូរ​មក​ក៏​ប្រែប្រួល ប្រព័ន្ធ​ទឹក​ក៏​ប្រែប្រួល ធ្វើ​ឱ្យ​មាន​ផល​លំបាក​កាន់តែ​ខ្លាំង​ជា​រឿង​ដែល​យើង​គួរតែ​យកចិត្តទុកដាក់»។ កសិករ​ទទូច​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ឱ្យ​បាន​ល្អិតល្អន់​ជុំវិញ​រឿង​នេះ​ដើម្បី​ការពារ​ភោគទ្រព្យ​ជាតិ​ឱ្យ​គង់វង្ស ផ្តល់​ប្រយោជន៍​ច្រើន​ខាង​វិស័យ​កសិកម្ម បង្កើន​សេដ្ឋកិច្ច​គ្រួសារ និង​បង្កើត​សោភ័ណភាព​បរិស្ថាន​ធម្មជាតិ ក្នុង​សហគមន៍ កាត់បន្ថយ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។