មន្ត្រីនគរបាលស្ត្រីដែលបំបៅដោះកូន ទទួលបានការដំឡើងឋានន្តរស័ក្តិ

មន្ត្រីនគរបាល​ស្រុក​សៀមប៉ាងអ្នកស្រី ស៊ីថុង សុខា ដែល​បានបំបៅ​ដោះ​កូន​ក្នុង​ពេល​បំពេញការងារ ​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្ដិ ​ពី​អនុសេនីយ៍ទោ​ទៅ​អនុសេនីយ៍ឯក។ ការដំឡើង​ឋានន្តរស័ក្ដិ​នេះ​ធ្វើឡើង ​បន្ទាប់ពី​មន្ត្រី​នគរបាល​រូបនេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ ​ហៅ​ទៅ​ចុះកិច្ចសន្យា​ឱ្យ​បញ្ឈប់​ការបង្ហោះ​រូបភាព​បំបៅ​ដោះ​កូន ដែល​ធ្វើឱ្យ​ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​ជាច្រើន។

ប្រធាន​ការិយាល័យ​ចាត់តាំង​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​លោក ឃួន គឹមលី ប្រាប់​កាសែតភ្នំពេញ​ប៉ុស្តិ៍ កាលពីថ្ងៃទី ១៦ ខែមីនាថា ការដំឡើង​ឋានន្តរស័ក្ដិ​នេះ​ គឺ​ជាការ​លើក​ទឹកចិត្ត​ដល់​ស្ត្រីរូបនេះ ​ដែល​​ពុះពារ​បំពេញ​ការងារ និង​បាន​ដើរតួនាទី​ជា​ម្តាយ​គំរូ ​ដល់​ស្ត្រី​ដទៃ​ក្នុង​ការបំបៅ​ដោះ​កូន​។

អ្នកស្រី​ ស៊ីថុង សុខា អាយុ ៣០ឆ្នាំ មានតួនាទីជា​អនុសេនីយ៍ទោទទួលបន្ទុក​ផ្នែកសណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀមប៉ាង​ ​បាន​ចូល​បម្រើ​ការងារ​ជា​នគរបាល​តាំងពី​ឆ្នាំ ២០១២​ មក។ កាលពី​ថ្ងៃទី​២ ខែមីនាកន្លងទៅនេះ អ្នកស្រីបាន​បង្ហោះ​រូបភាព​បំបៅ​ដោះកូន​ ដោយ​សរសេរ​ថា​ «​ព្រោះតែ​ជាម្តាយ ​មិន​ថា ក្នុង​កាលៈទេសៈ​ណា​ទេ​ ដើម្បី​កូន​ភ្លេច​អស់​ហើយ​ភាពអៀនខ្មាស នេះហើយ​ជីវិត​ពិត»​។

បន្ទាប់ពីនាងបង្ហោះរូបភាពបំបៅដោះកូននោះមក អនុសេនីយ៍ទោ ស៊ីថុង សុខា ក៏ត្រូវមេរបស់ខ្លួន គឺអធិការ​​ស្រុក​សៀម​ប៉ាង​​​លោក​ ​ជឹម​ ​អេង​​ តម្រូវឱ្យធ្វើកិច្ចសន្យាថា ឈប់បង្ហោះរូបភាពបែបនោះទៀត។ ការបង្ខំឱ្យធ្វើកិច្ចសន្យានេះបណ្ដាលឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបញ្ចេញមតិរិះគន់លោក​អធិការ ជឹម​ ​អេង យ៉ាងចាស់ដៃ។

ចំណែកក្រុម​អង្គការ​ ​សមាគម​ និង​សហជីព​ ​ចំនួន​ ៣​៩​ស្ថាប័ន​​ កាលពីថ្ងៃទី១១ ខែមីនា ​បានអំពាវនាវដល់​រដ្ឋាភិបាល​​ឲ្យចាត់វិធានការ​​សមស្រប​​ ដើម្បី​ធានា​​ថា​​ ​ឪពុក​ម្តាយ​​គ្រប់រូបដែលបំ​ពេញការ​ងារ ​​​ត្រូវ​​ទទួល​​បានការ​គាំពារ នៅក​ន្លែង​​ការងារ​​ ​និង​​​​ធានា​​ថា​​ ​សិទ្ធិ​របស់​ស្ត្រី​​ត្រូវ​បាន​​គោរព​​​និង​​លើក​ក​ម្ពស់​​។​​ ​ចំណែក ក្រុម​ការងារ​យេនឌ័រនៃក្រសួង​មហាផ្ទៃវិញ ក៏បាន​ផ្ញើលិខិត​ទៅ​អភិបាលខេត្ត​ស្ទឹងត្រែង ​ឱ្យ​ពិនិត្យ​លើ​ករណីនេះ និង​ជំរុញ​ឱ្យ​មាន​ការលើក​ទឹកចិត្ត​ដល់​ស្ត្រី​ ដែលជា​មន្ត្រី​នគរបាល​​បំបៅ​ដោះ​កូនកំពុងធ្វើការ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។