នារីខ្មែរ-អាមេរិកាំង ម្នាក់ អាយុ ២១ឆ្នាំ នឹងចូលរួមប្រកួតប្រជែងបវរកញ្ញា អ៊ីនធឺខនធីនិនថល យូអេសអេ សម្រាប់ឆ្នាំ២០១៦ (Intercontinental) USA 2016) នៅថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦ ក្នុងរដ្ឋម៉ារីឡែន (Maryland)។
នេះជាលើកដំបូងហើយដែលមាននារីខ្មែរតំណាងឲ្យរដ្ឋវឺជីនៀ (Virginia) ចូលរួមប្រឡងប្រណាំងជាមួយបវរកញ្ញាជាច្រើនទៀតពីរដ្ឋចំនួនជិត ៣០ ទូទាំងសហរដ្ឋអាមេរិក។
កញ្ញា ជា ផល្លា ដែលបច្ចុប្បន្នជានិស្សិតឆ្នាំទី៣ នៅសកលវិទ្យាល័យ ខំមិនវ៉ែល រដ្ឋវឺជីនៀ (Commonwealth University of Virginia) ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា កញ្ញាធ្លាប់បានជាប់ជាបវរកញ្ញាលំដាប់លេខ២ ក្នុងការប្រកួតប្រជែងបវរកញ្ញាខ្មែរ-អាមេរិកាំង ឌីស៊ី កាលពីឆ្នាំ២០១៤។ កញ្ញាសំដែងក្តីមោទនភាពជាខ្លាំងដែលមានឱកាសចូលរួមប្រកួតប្រជែងនៅឆ្នាំនេះ និងតំណាងឲ្យរដ្ឋវឺជីនៀ៖ «មូលហេតុដែលខ្ញុំចង់ប្រឡងបវរកញ្ញា Intercontinental USA ពីព្រោះខ្ញុំចង់បង្ហាញពីសម្រស់ស្ត្រីខ្មែរ និងចង់បង្ហាញពីវប្បធម៌ខ្មែរ។ ខ្ញុំកើតនៅស្រុកនេះមែន ប៉ុន្តែខ្ញុំស្រឡាញ់វប្បធម៌ខ្មែរ និងចង់រក្សាឲ្យបានគង់វង្ស»។
កញ្ញា ផល្លា បន្តថា ក្នុងការប្រកួតប្រជែងទេពកោសល្យ នាងនឹងសំដែងរបាំអប្សរាសម្រាប់ឲ្យទស្សនិកជនឃើញ និងស្គាល់ពីភាពរស់រវើកនៃរបាំមួយនេះ។ កញ្ញាថា ប្រសិនបើនាងមានសំណាងបានជាប់ជាបវរកញ្ញា អ៊ីនធឺខនធីនិនថល យូអេសអេ សម្រាប់ឆ្នាំ២០១៦ នាងនឹងចំណាយពេលវេលាដើម្បីផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យកូនខ្មែរថែរក្សាប្រពៃណីវប្បធម៌ អារ្យធម៌ខ្មែរ និងប្រឹងប្រែងរៀនសូត្រដើម្បីអនាគតរបស់ខ្លួន ទោះបីជារស់នៅទីណាក៏ដោយ៖ «បើសិនជាខ្ញុំបវរកញ្ញា ខ្ញុំចង់ជួយកូនខ្មែរនៅស្រុកខ្មែរ និងនៅគ្រប់ប្រទេសទាំងអស់ជាមួយអង្គការ Children Network។ ខ្ញុំចង់ឲ្យកូនខ្មែរស្រឡាញ់ប្រពៃណីខ្មែរ និងតស៊ូរៀនសូត្រឲ្យបានជោគជ័យ»។
កញ្ញា ជា ផល្លា គឺជាកូនស្រីតែមួយគត់របស់លោក ជា សំអឿន និងអ្នកស្រី ជា ម៉ារី ដែលបច្ចុប្បន្នរស់នៅក្នុងក្រុងស្ទឺរលីង (Sterling) រដ្ឋវឺជីនៀ។
តាំងតែពីតូចមក ផល្លា ត្រូវបានមាតាបិតានាំទៅហ្វឹកហាត់រាំរបាំខ្មែរ រួមមានរបាំអប្សរា និងចេះលេងព្យាណូ (Piano) ស្ទាត់ជំនាញ។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងដោយផ្ទាល់មកកញ្ញា ជា ផល្លា តាមលេខទូរស័ព្ទដៃ ៥៧១ ២៤២ ៥៧១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។