កម្ពុជា​និង​ម៉ាឡេស៊ី​សហការ​គ្នា​រំដោះ​ជនជាតិ​ម៉ាឡេស៊ី​ជាង​១០០​នាក់​ពី​កន្លែង​ឃុំខ្លួន​ដោយ​បង្ខំ

ដោយ យន់ សាមៀន
2023.01.28

នគរ​បាល​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​រត់ពន្ធ​ជន​ចំណាកស្រុក (Anti-Trafficking in Persons and Smuggling of Migrants) នៃ​ប្រទេស​ម៉ាឡេស៊ី និង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​រួម​គ្នា​ធ្វើ​បេសកកម្ម​មួយ កាល​ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ មករា ដើម្បី​ជួយ​ជនរងគ្រោះ​ជនជាតិ​ម៉ាឡេស៊ី ដែល​ត្រូវ​បាន​បង្ខាំង និង​បង្ខំ​ឱ្យធ្វើ​ការបោកប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត។

អគ្គនាយក​ផ្នែក​ស៊ើបអង្កេត​បទឧក្រិដ្ឋ នៃ​ប្រទេស​ម៉ាឡេស៊ី លោក អាប់ដុល ចលីល ប៊ីនហាស់សាន់ (Datuk Seri Abdul Jalil Hassan) បាន​លើកឡើង​ថា កម្លាំង​សមត្ថកិច្ច​ម៉ាឡេស៊ី​បាន​ជួយ​សង្គ្រោះ​ជនជាតិ​ម៉ាឡេស៊ី សរុប​ចំនួន ១១៦​នាក់ ក្នុងចំណោម​ជនរងគ្រោះ​១៤៥​នាក់ ដែល​បាន​រាយការណ៍​ថា ត្រូវ​បាន​បង្ខាំង និង​បង្ខំ​ឱ្យធ្វើ​ការបោកប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត នៅក្នុង​ខេត្ត​ព្រះសីហនុ។ ជាមួយ​គ្នា​នេះ ជនជាតិ​ម៉ាឡេស៊ី ៥​នាក់ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ស្រុក​កំណើត​វិញ​ផង​ដែរ នៅ​ថ្ងៃទី​២៨ ខែ​មករា។ ជនរងគ្រោះ​ទាំងនោះ​បាន​ជឿ​អ្នក​បោក​ប្រាស់ ដែល​បាន​សន្យា​ថា នឹង​ផ្ដល់​ប្រាក់​ខែ​ច្រើន ផ្ទុយ​ទៅវិញ​ពួកគេ​ត្រូវ​បាន​បង្ខាំង​ខ្លួន ពេល​មក​ដល់​ប្រទេស​កម្ពុជា និង​បង្ខំ​ឱ្យធ្វើ​ការ​លើស​កម្លាំង ដោយ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ឡើយ។

កន្លង​មក ក្រសួង​មហាផ្ទៃ​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ​រាប់​រយ​នាក់​ចេញ​ពី​អគារ​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ដែល​រងគ្រោះ​ដោយសារ​តែ​អំពើ​ជួញដូរ​មនុស្ស។

ជនរងគ្រោះ​ដែល​សមត្ថកិច្ច​ជួយសង្គ្រោះ​កន្លងមក​រួមមាន​ជនជាតិ​ឥណ្ឌូណេស៊ី (Indonesia) វៀតណាម (Vietnam) ថៃ (Thailand) ម៉ាឡេស៊ី (Malaysia) ចិន (China) ប៉ាគីស្ថាន (Pakistan) ឥណ្ឌា (India) មីយ៉ាន់ម៉ា (Myanmar) និង​ហ្វីលីពីន (Philippines)​ជាដើម។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ធ្លាប់​លើកឡើង​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​ចាប់​ជម្រិត​តាម​អនឡាញ និង​បង្ខាំង​មនុស្ស ឲ្យ​មាន​ប្រសិទ្ធភាព ក្រសួង​មហាផ្ទៃ ត្រូវតែ​ពង្រឹង​វិធានការ​ច្បាប់ ចាប់​មេខ្លោង​ធំៗ និង​គួរ​ផ្សព្វផ្សាយ​ពី​ឈ្មោះ​ទីតាំង​ជា​សាធារណៈ។

ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ​ក្រសួង​មហាផ្ទៃ​មិន​បាន​បង្ហាញ​ទីតាំង​ជាក់លាក់​នៅ​កន្លែង​ដែល​មានការ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​នោះ​ឡើយ ហើយ​ទីតាំង​ទាំងនោះ​នៅតែ​អាច​បន្ត​អាជីវកម្ម​ដដែល ខណៈ​បណ្ដា​ប្រទេស​ជិត​ខាង​ព្រួយ​បារម្ភ អំពី​ករណី​ពលរដ្ឋ​របស់​ខ្លួន ត្រូវ​បាន​គេ​ជួញដូរ និង​បង្ខាំង​ឲ្យ​ធ្វើ​ការងារ​ឆបោក​តាម​បណ្ដាញ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។