នគរបាលផ្នែកប្រឆាំងការជួញដូរមនុស្ស និងរត់ពន្ធជនចំណាកស្រុក (Anti-Trafficking in Persons and Smuggling of Migrants) នៃប្រទេសម៉ាឡេស៊ី និងនគរបាលខេត្តព្រះសីហនុ បានរួមគ្នាធ្វើបេសកកម្មមួយ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ មករា ដើម្បីជួយជនរងគ្រោះជនជាតិម៉ាឡេស៊ី ដែលត្រូវបានបង្ខាំង និងបង្ខំឱ្យធ្វើការបោកប្រាស់តាមបណ្ដាញអ៊ីនធឺណិត។
អគ្គនាយកផ្នែកស៊ើបអង្កេតបទឧក្រិដ្ឋ នៃប្រទេសម៉ាឡេស៊ី លោក អាប់ដុល ចលីល ប៊ីនហាស់សាន់ (Datuk Seri Abdul Jalil Hassan) បានលើកឡើងថា កម្លាំងសមត្ថកិច្ចម៉ាឡេស៊ីបានជួយសង្គ្រោះជនជាតិម៉ាឡេស៊ី សរុបចំនួន ១១៦នាក់ ក្នុងចំណោមជនរងគ្រោះ១៤៥នាក់ ដែលបានរាយការណ៍ថា ត្រូវបានបង្ខាំង និងបង្ខំឱ្យធ្វើការបោកប្រាស់តាមបណ្ដាញអ៊ីនធឺណិត នៅក្នុងខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ជនជាតិម៉ាឡេស៊ី ៥នាក់ ក៏ត្រូវបានបញ្ជូនទៅដល់ស្រុកកំណើតវិញផងដែរ នៅថ្ងៃទី២៨ ខែមករា។ ជនរងគ្រោះទាំងនោះបានជឿអ្នកបោកប្រាស់ ដែលបានសន្យាថា នឹងផ្ដល់ប្រាក់ខែច្រើន ផ្ទុយទៅវិញពួកគេត្រូវបានបង្ខាំងខ្លួន ពេលមកដល់ប្រទេសកម្ពុជា និងបង្ខំឱ្យធ្វើការលើសកម្លាំង ដោយមិនទទួលបានប្រាក់កម្រៃឡើយ។
កន្លងមក ក្រសួងមហាផ្ទៃបានជួយសង្គ្រោះជនរងគ្រោះរាប់រយនាក់ចេញពីអគារក្រុមហ៊ុននានានៅក្នុងភ្នំពេញ ខេត្តព្រះសីហនុ និងតាមបណ្តាខេត្តផ្សេងៗទៀត ដែលរងគ្រោះដោយសារតែអំពើជួញដូរមនុស្ស។
ជនរងគ្រោះដែលសមត្ថកិច្ចជួយសង្គ្រោះកន្លងមករួមមានជនជាតិឥណ្ឌូណេស៊ី (Indonesia) វៀតណាម (Vietnam) ថៃ (Thailand) ម៉ាឡេស៊ី (Malaysia) ចិន (China) ប៉ាគីស្ថាន (Pakistan) ឥណ្ឌា (India) មីយ៉ាន់ម៉ា (Myanmar) និងហ្វីលីពីន (Philippines)ជាដើម។
មន្ត្រីអង្គការសង្គមស៊ីវិល ធ្លាប់លើកឡើងថា ដើម្បីទប់ស្កាត់បទល្មើសចាប់ជម្រិតតាមអនឡាញ និងបង្ខាំងមនុស្ស ឲ្យមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃ ត្រូវតែពង្រឹងវិធានការច្បាប់ ចាប់មេខ្លោងធំៗ និងគួរផ្សព្វផ្សាយពីឈ្មោះទីតាំងជាសាធារណៈ។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះក្រសួងមហាផ្ទៃមិនបានបង្ហាញទីតាំងជាក់លាក់នៅកន្លែងដែលមានការបង្ខាំងមនុស្សដោយខុសច្បាប់នោះឡើយ ហើយទីតាំងទាំងនោះនៅតែអាចបន្តអាជីវកម្មដដែល ខណៈបណ្ដាប្រទេសជិតខាងព្រួយបារម្ភ អំពីករណីពលរដ្ឋរបស់ខ្លួន ត្រូវបានគេជួញដូរ និងបង្ខាំងឲ្យធ្វើការងារឆបោកតាមបណ្ដាញសង្គមនៅក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។