អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់អាស៊ីសេរីថា កម្មការិនី ៨នាក់រងរបួសធ្ងន់ គឺដាច់ដៃម្ខាងចំនួន ៥នាក់ ហើយ ៧នាក់ទៀត បាក់ដៃម្នាក់ បែកក្បាល និងរលាត់ស្បែក ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកកម្មករ និងឡានដឹកជី ក្នុងស្រុកឧដុង្គ នៅព្រឹកថ្ងៃទី៤ មេសា។
កម្មការិនីរបួសធ្ងន់ទាំង ៨នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅរាជធានីភ្នំពេញ ឯកម្មករ ៤នាក់ទៀត រងរបួសស្រាល សម្រាកនៅមន្ទីរពេទ្យស្រុកឧដុង្គ។
លោកអភិបាលខេត្ត រៀបរាប់ថា សមត្ថកិច្ចជំនាញបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារ អ្នកបើកបររថយន្តដឹកកម្មករបើកជែង (វ៉ា) រថយន្តដឹកកម្មករមួយទៀត ស្រាប់តែទៅកៀរគ្នាជាមួយរថយន្តដឹកជីមួយគ្រឿង ដែលបើកបញ្ច្រាសទិសគ្នា បណ្ដាលឲ្យកម្មករចំនួន ៥នាក់ ដែលឈរដាក់ដៃចេញក្រៅឡានដាច់ដៃម្នាក់ម្ខាង៖ « គាត់វ៉ាគេ។ ជែង ពីលើឡានកម្មករគ្នាគាត់មួយទៀត។ ជែងឡើងខាងឆ្វេងវឹងទៅ ស្រាប់តែវាក់ ( ប៉ះ ) ជាមួយនឹងឡាន ដែលគេមកបញ្ច្រាសទិសគ្នានោះ។ អាឡានគេដឹកជី មកបញ្ច្រាសទិសគ្នា ហើយមកកៀរគ្នា។ វាមិនបានបុកពេញទំហឹងទេ។ វាគ្រាន់តែកៀរជញ្ជាំងគ្នា។ កៀរជញ្ជាំងឡាន នឹង ( ជញ្ជាំង ) ឡាន ហើយអត់មានក្រឡាប់ អត់មានអ្វីទេ គ្រាន់តែកៀរគ្នាខ្វោកអ៊ីចឹងទៅ ធ្វើឲ្យកម្មករដែលគាត់តែងជិះដាក់ដៃចេញក្រៅ គាត់តែងតោងឡាន តោងអ្វីហ្នឹង ហើយដៃចេញក្រៅហ្នឹង ប្រោកទៅ ដាច់ដៃអស់ ៥នាក់អ៊ីចឹងទៅ បាក់ដៃម្នាក់អ៊ីចឹងទៅ។ មួយឡានហ្នឹង ៤១នាក់ តែរងគ្រោះ ១២នាក់ របួសធ្ងន់នោះ រហូតដល់ដាច់ដៃចេញ ដាច់ដៃ ធ្លាក់ដៃចេញ ដាច់ដៃចេញពីគ្នា ហ្នឹង មានដល់ទៅ ៥នាក់។ បាក់ដៃម្នាក់ សល់ ២នាក់ទៀត យើងរាប់ថាធ្ងន់ដែរហ្នឹង គាត់បែកក្បាល និងរលាត់ស្បែក។ ដោយឡែក ៤នាក់ផ្សេងទៀត គាត់គ្រាន់តែធម្មតា របួសវាមិនធម្មតា តែតិចតួច របួសស្រាល » ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងម៉ោង ៦កន្លះព្រឹក នៅចំណុចលើផ្លូវជាតិលេខ ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣១ និង១៣២ ស្ថិតក្នុង ភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ កម្មការិនីរងរបួសធ្ងន់ស្រាលទាំង ១២នាក់ រស់នៅភូមិច្រកខ្លុង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះ ជាកម្មការិនីនៅរោងចក្រ រោងចក្រ ហ្គោលឌិនអាប់ភីរា (GA) រោងចក្រ ហើរាយ៍ហ្សិន (ផលិតកាបូប) និងរោងចក្រ ខាយណេង។ រោងចក្រទាំង៣ ស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ថា សមត្ថកិច្ចចាប់បានអ្នកបើករថយន្តដឹកកម្មករ និងកំពុងឃាត់ខ្លួនសាកសួរនៅស្នងការខេត្ត ដើម្បីកសាងសំណុំរឿងបន្តនីតិវិធីទៅតុលាការ។ ចំណែកកម្មការិនីរងរបួសទាំងអស់ អាជ្ញាធរ និងបេឡាជាតិរបបសន្តិសុខសង្គម នឹងរ៉ាប់រងលើការព្យាបាល។
តែយ៉ាងណា លោក វ៉ី សំណាង សម្ដែងការសោកស្ដាយគ្រោះថ្នាក់នេះ ហើយអំពាវនាវឲ្យអ្នកបើកបររថយន្តដឹកកម្មករនៅខេត្តកំពង់ស្ពឺទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាពរបស់កម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។