នៅសល់តែ២ថ្ងៃទៀតទេ នឹងដល់កាលកំណត់រយៈពេលនៃការតម្រូវឲ្យរុះរើបែរចិញ្ចឹមត្រី និងផ្ទះបណ្ដែតទឹកចេញឲ្យអស់ពីផ្ទៃទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញហើយ។
ប៉ុន្តែតំណាងពលរដ្ឋវៀតណាម ដែលរស់នៅលើផ្ទៃទន្លេនៅតែរក្សាជំហរគ្មានលទ្ធភាពរើចេញឲ្យទាន់ពេលទេ។ ប្រធានសមាគមវៀតណាមនៅកម្ពុជា លោក ស៊ឹម ជឺ ប្រាប់អាស៊ីសេរីថា ខាងសមាគមបានដាក់សំណើទៅអាជ្ញាធររាជធានីភ្នំពេញរួចហើយ ដើម្បីស្នើសុំពន្យារពេលក្នុងលក្ខណៈប្រសើរណាមួយ និងកំពុងរង់ចាំចម្លើយតបពីអាជ្ញាធរ។ លោក អះអាងថា ពលរដ្ឋវៀតណាមដែលរស់នៅលើផ្ទះបណ្ដែតទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងអស់ មានជាងមួយពាន់ (១.០០០)ផ្ទះ។ លោក បន្តថាពួកគាត់គ្មានលទ្ធភាពរើចេញទាន់ពេលវេលាទេ ហើយក៏មិនដឹងថា ត្រូវរើទៅណាដែរ ព្រោះគ្មានកន្លែងសម្រាប់រើទៅទេ។ លោក បញ្ជាក់ទៀតថា អ្នកទាំងនោះ ភាគច្រើនគឺស្នាក់នៅ និងប្រកបមុខរបរចិញ្ចឹមត្រីតាមបែរលើទន្លេសាប នៅភ្នំពេញច្រើនឆ្នាំមកហើយ ដូច្នេះពួកគាត់មិនដឹងត្រូវរើចេញទៅណាទេ។
លោក ស៊ឹម ជឺ ឲ្យដឹងទៀតថា ក្នុងនោះ ក៏មានផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាមខ្លះទៀត ប្រហែលមួយរយ(១០០) ផ្ទះ បានចល័តពីខេត្តកំពង់ឆ្នាំង ចូលមកភ្នំពេញ នៅពេលថ្មីៗនេះ។ លោកប្រាប់ថា ការចល័តនេះដោយសារអាជ្ញាធរខេត្តកំពង់ឆ្នាំងបានបណ្ដេញពួកគេចេញពីទីតាំងធ្លាប់រស់នៅដែរ៖ « ដោយសារបងប្អូនដែលគាត់រស់នៅទីហ្នឹង ច្រើនឆ្នាំមកហើយ ហើយបើសិនជាយើងឲ្យគាត់រកទីតាំងថ្មីទាល់តែឲ្យគាត់ហ្នឹងត្រៀមលក្ខណៈត្រឹមត្រូវ ព្រោះអ្វីត្រីបែរប្រសិនជាយើងឲ្យគាត់បម្លាស់ទៅទីកន្លែងគាត់ចាស់ចេញទៅ វាមានការខូចខាតច្រើន។អ៊ីចឹងសំណើយ៉ាងម្ដេចឲ្យសាលារាជធានីភ្នំពេញ មើលតាមខណៈណាឲ្យសមស្របឲ្យបងប្អូនបានចេញទៅ អ៊ីចឹងណា»។
លោក ស៊ឹម ជឺ ដដែលទទួលស្គាល់ថា អ្នករស់នៅលើផ្ទះបណ្ដែតទឹកមួយចំនួន បានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានមែន ដោយសារពួកគេមិនយល់ដឹងពីបញ្ហាទាំងនេះ។តែយ៉ាងណា លោកថា ខាងសមាគមបានអំពាវនាវឲ្យអ្នកចិញ្ចឹមត្រីតាមបែរទាំងអស់ចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីថែរក្សាបរិស្ថានរួម។
ជាមួយគ្នានេះ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងសមាគមខ្មែរឥស្លាម បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាពន្យារពេលការបណ្ដេញផ្ទះបណ្ដែតទឹក និងបែរចិញ្ចឹមត្រីរបស់ជនជាតិវៀតណាម និងជនជាតិចាមសិន ព្រោះពួកគេកំពុងជួបការលំបាកខ្លាំងក្នុងបរិបទការរាតត្បាតជំងឺកូវីដ១៩(Covid-19)ជុំវិញបញ្ហានេះ អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអាជ្ញាធររាជធានីភ្នំពេញ លោក ឃួង ស្រេង និង លោក ម៉េត មាសភក្ដី បានទេនៅថ្ងៃទី០៧មិថុនា។ប៉ុន្តែ លោក ឃួង ស្រេង បានប្រាប់សារព័ត៌មានក្នុងស្រុក(khmernas.com)ថា អាជ្ញាធរ នៅតែតម្រូវឲ្យរុះរើផ្ទះបណ្ដែតទឹក និងបែរចិញ្ចឹមត្រីឲ្យអស់តាមកាលកំណត់ ព្រោះការពន្យារពេលនឹងធ្វើឲ្យខូចប្រយោជន៍ពលរដ្ឋពី ៣ ទៅ ៤ លាននាក់។
ចំណែកសមាជិកសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ភួង ហ៊ីង គាំទ្រវិធានការរបស់សាលាក្រុង តែលោក អះអាងថាតាមបទពិសោធន៍ការចល័តបែរចិញ្ចឹមត្រីចេញ ត្រូវប្រើពេលប្រហែលកន្លះខែ ទៅមួយខែទើបអាចរុះរើទាន់។ លោក បន្តថាប្រសិនបើអាជ្ញាធរពិតជាចង់បណ្ដេញផ្ទះទាំងក្នុងរយៈពេលមួយសប្ដាហ៍មែន គឺមានតែជម្រើសអូសសណ្ដោងបែរ និងផ្ទះទាំងនោះ ចល័តចេញទើបទាន់៖ « មានតែវិធីមួយទេដែលលឿនមួយអាទិត្យអស់ មានតែវិធីមួយគាត់ មានតែវិធីសណ្ដោងផ្ទះ ហ្នឹងចេញឲ្យផុតរាជធានីភ្នំពេញមក រួចហើយឲ្យវារើបណ្ដើរមក អាហ្នឹងមាន។ ខ្ញុំមើលដែរព័ត៌មានហ្នឹងខ្ញុំមើលដែរ គេអត់មានចេញសំណងអ្វីទាំងអស់ណា»។
សាលារាជធានីភ្នំពេញ បានជូនដំណឹងឲ្យអ្នករស់នៅលើបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកចល័ត ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញត្រូវរុះរើ និងចល័តចេញជាបន្ទាន់ក្នុងរយៈពេលមួយសប្ដាហ៍ គិតពីថ្ងៃទី០២មិថុនាទៅ បើពុំដូច្នោះទេអាជ្ញាធរនឹងមានវិធានការច្បាប់។
ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ មិនបានបង្ហាញតួលេខអ្នកស្នាក់នៅលើផ្ទះបណ្ដែតទឹកមានទាំងអស់ចំនួនប៉ុន្មានទេ។តែភាគច្រើននៃអ្នកកំពុងស្នាក់នៅ ជាងមួយពាន់ (១.០០០)គ្រួសារនោះ គឺជាជនជាតិវៀតណាម និងជនជាតិចាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។