ពលរដ្ឋប្រមាណជាង១០០គ្រួសាររស់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងរងគ្រោះដោយទឹកលូហូរចូលជន់លិចភូមិជាង២ខែមកហើយនោះ រិះគន់ចំពោះការទទួលខុសត្រូវ និងដោះស្រាយរបស់អាជ្ញាធរមូលដ្ឋានមានការយឺតយ៉ាវ។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិលដែលឃ្លាំមើលរឿងនេះមានមន្ទិលសង្ស័យថាមានភាពមិនប្រក្រតីនៅពីក្រោយខ្នងនៃដំណើរបង្ហូរទឹកចេញពីសហគមន៍នោះ។ ចំណែកក្រុមអាជ្ញាធរមូលដ្ឋានវិញ បានបដិសេធចំពោះករណីនេះ។
រយៈពេលជាង២ខែមកហើយដែលអ្នកភូមិខ្វា រស់នៅត្រាំទឹកដោយផ្ទះសម្បែងរបស់ពួកគាត់លិចលង់ខ្លះដល់ដំបូលដោយទឹកលូពីគ្រប់មជ្ឈដ្ឋានសម្រុកហូរចូលសហគមន៍មួយនេះ។
ក្រុមប្រជាពលរដ្ឋអះអាងថា អាជ្ញាធរហាក់មិនបង្ហាញពីការយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះជូនពួកគាត់ឲ្យបានឆាប់រហ័សឡើយ។ សំឡេង
អ្នកភូមិដែលជម្លៀសខ្លួនចេញពីតំបន់ទឹកលិច មករស់នៅលើផ្លូវថ្នល់ជាប់របងសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូងបានដាក់ការសង្ស័យថា ការយឺតយ៉ាវក្នុងការរំដោះទឹកចេញបែបនេះជាចេតនាមួយដើម្បីដាក់សំពាធលើពលរដ្ឋ ឲ្យលក់ផ្ទះចាកចេញពីភូមិក្នុងតម្លៃថោក ហើយទុកតំបន់នោះវិនិយោគទៅឲ្យក្រុមហ៊ុនឯកជនផ្សេងៗ ដោយមិនពិបាកដោះស្រាយសំណងជូនពលរដ្ឋ ឬបណ្ដេញចេញដូចនៅតំបន់បឹងកក់ និងតំបន់ផ្សេងៗទៀតនៅក្នុងក្រុង។
ស្ត្រីអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិជាច្រើនទៀតមានប្រសាសន៍ថា នៅក្នុងភូមិនេះមានរណ្ដៅដីធំមួយមានជម្រៅរាប់សិបម៉ែត្រ ដែលអ្នកមានលុយម្នាក់ជីកយកអាចម៍ដីលក់ជាច្រើនឆ្នាំមកហើយ។
ចំណែកតំបន់អភិវឌ្ឍន៍ផ្សេងៗក៏បានបង្ហូរទឹកលូចូលរហូតពេញរណ្ដៅដីនោះហើយហៀរហូរជន់លិចដីផ្ទះភូមិជុំវិញនោះថែមទៀត ក្នុងរយៈពេលប្រមាណជាពីរឆ្នាំចុងក្រោយនេះ។ ប៉ុន្តែកាលពីមួយឆ្នាំមុននេះនៅមានលូបង្ហូរទឹកចេញវិញ ដោយមានលិចផ្ទះផ្លូវបន្តិចបន្តួចក្នុងរយៈពេលខ្លី ចំណែកនៅចុងឆ្នាំនេះលូចាស់នោះគ្មានការយកចិត្តទុកដាក់ថែទាំ ហើយក៏កប់បាត់រកមិនឃើញឡើយ។

លោកស្រីបន្តថា បញ្ហានេះអាចមានការត្រូវរ៉ូវគ្នារវាងម្ចាស់រណ្ដៅដីឬក្រុមហ៊ុនណាមួយជាមួយអាជ្ញាធរ ដើម្បីដាក់សំពាធលើពលរដ្ឋឲ្យទ្រាំរស់នៅនៅតំបន់នោះលែងបាន។ សំឡេង
ទាក់ទងករណីនេះដែរ ប្រជាពលរដ្ឋម្នាក់ទៀត លោក ចាន់ សុផល បានឲ្យដឹងដែរថា តំបន់សហគមន៍ភូមិខ្វានេះ អាជ្ញាធរក្រុងធ្លាប់ប្រកាសកំណត់ជាតំបន់អភិវឌ្ឍន៍តំបន់បៃតង។ សំឡេង
លោកបន្តថាមានហេតុផលមួយចំនួនដែលបញ្ជាក់ថា អាជ្ញាធរមិនគិតគូរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយអាចត្រូវរ៉ូវគ្នាជាមួយក្រុមហ៊ុនឯកជន ឬបុគ្គលអ្នកមានលុយដែលមានលុយចង់គ្រប់គ្រងតំបន់នេះផ្ដាច់មុខដោយដាក់សំពាធលើពលរដ្ឋតាមមធ្យោបាយផ្សេងៗ ដើម្បីឲ្យពលរដ្ឋពិបាករស់នៅហើយសម្រេចចាកចេញដោយខ្លួនឯង។ សំឡេង
អ្នកភូមិរូបនេះបានឲ្យដឹងទៀតថា បើអាជ្ញាធរមានឆន្ទៈដោះស្រាយពិតជាអាចធ្វើទៅបានឆាប់ ពីព្រោះមានច្រកអាចរំដោះទឹកចេញពីតំបន់នោះបានដោយបង្កើតប្រព័ន្ធលូថ្មីបង្ហូរទឹកនោះទៅបឹងទំពុន។ ម្យ៉ាងទៀតអ្នកភូមិបានពឹងឲ្យអ្នកបច្ចេកទេសគូសប្លង់បណ្ដាញប្រព័ន្ធលូបង្ហូរទឹកចេញ និងចំនួនទឹកដែលត្រូវចំណាយក្នុងការអនុវត្តប្លង់នោះហើយដាក់ជូនអាជ្ញាធរជាជំនួយលើការសម្រេចចិត្តដោះស្រាយបញ្ហាទឹកជន់លិចសហគមន៍ខ្វា ប៉ុន្តែពុំមានការឆ្លើយតបថាយ៉ាងណានោះទេ។
ឆ្លើយតបបញ្ហានេះ ចៅសង្កាត់រង សង្កាត់ដង្កោ ខណ្ឌដង្កោ អ្នកស្រី សឿង សរី មានប្រសាសន៍ពន្យល់ថា អាជ្ញាធរពុំដែលមានគំនិតស៊ុមគ្រលុំគ្នាជាមួយក្រុមហ៊ុនវិនិយោគណាមួយហើយមកធ្វើបាបប្រជាពលរដ្ឋខ្លួនឯងឲ្យរស់វេទនានោះទេ។ ផ្ទុយទៅវិញមានតែព្យាយាមស្នើទៅរដ្ឋាភិបាលសុំឲ្យលើកលែងតំបន់នោះចេញពីគម្រោងអភិវឌ្ឍន៍អាងស្តុកទឹក និងស្នើធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នាថែមទៀតនៅថ្ងៃខាងមុខ។ សំឡេង
កាលពីថ្ងៃទី១៣វិច្ឆិកា អ្នកភូមិខ្វាប្រមាណ១រយនាក់បាននាំគ្នាទៅតវ៉ានៅមុខសាលាខណ្ឌដង្កោដោយនាំយកនូវការលំបាករបស់ពួកគាត់ដោយសារទឹកលិចផ្ទះ ការខាតបង់ទ្រព្យសម្បត្តិ និងដាក់ញត្តិទាមទារឲ្យអាជ្ញាធរខណ្ឌដង្កោជួយអន្តរាគមន៍ ទៅម្ចាស់រណ្ដៅដីនៅភូមិនោះ និងភាគីពាក់ព័ន្ធផ្សេងៗទៀតជួយផ្ដល់ថវិកាសាងសង់ប្រព័ន្ធលូដើម្បីរំដោះទឹកចេញពីសហគមន៍ភូមិខ្វានោះឲ្យបានឆាប់។
---សំឡេង---
ក្នុងការតវ៉ានោះអាជ្ញាធរខណ្ឌ និងប្រជាពលរដ្ឋបានជជែកតវ៉ាគ្នាយ៉ាងតឹងតែងដោយសារការដោះស្រាយរបស់អាជ្ញាធរខណ្ឌ គ្មានជម្រើសអ្វីថ្មីក្រៅពីដាក់ម៉ាស៊ីនបូមទឹកចេញ ប៉ុន្តែមធ្យោបាយនោះពលរដ្ឋមើលឃើញថាពុំមានប្រសិទ្ធភាព ពីព្រោះការប្រើម៉ាស៊ីនប៉ូមនោះ តាំងពីទឹកលិចត្រឹមជង្គង់ រហូតទឹកឡើងលិចដំបូលផ្ទះរហូតសព្វថ្ងៃនេះ។
តែទោះអាជ្ញាធរខណ្ឌបានអះអាងថា ខ្លួនបានស្នើទៅអាជ្ញាធរក្រុង សុំជំនួយអ្នកបច្ចេកទេសមកសិក្សាតំបន់នោះឲ្យច្បាស់លាស់ជាមុនសិនមុននឹងប្រើគ្រឿងចក្របុក ឬកាយកាត់ផ្លូវដាក់លូថ្មី ប៉ុន្តែចំពោះមុខអត់មានជម្រើសអ្វីក្រៅពីប្រើម៉ាស៊ីនបូមទឹកនោះចេញបណ្ដោះអាសន្នទេ។
---សំឡេង---
ក្រុមប្រជាពលរដ្ឋហាក់មិនសប្បាយចិត្ត ចំពោះការផ្ដល់ដំណោះស្រាយប្រើម៉ាស៊ីនប៉ូមនោះឡើយ ព្រោះម៉ាស៊ីននោះតូច ហើយដំណើរការមិនជាប់លាប់ទៀត ប៉ុន្តែពួកគាត់ក៏គ្មានជម្រើសអ្វីក្រៅពីទន្ទឹងរងចាំមើលការដោះស្រាយរបស់អាជ្ញាធរខណ្ឌ ហើយនាំគ្នារំសាយការប្រមូលផ្តុំតវ៉ានោះបណ្ដោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។