មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន ដោយមានសហការជាមួយបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក ក្នុងអំឡុងពេល៣ ខែកន្លងមកនេះ បានរកឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ជិត១ពាន់គ្រាប់ នៅកន្លែងនាវាចម្បាំងលិច ក្នុងអំឡុងសង្គ្រាមពីឆ្នាំ១៩៧០-១៩៧៥ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
គ្រាប់ជិត ១ពាន់គ្រាប់ទាំងនេះ ត្រូវបានគេស្តុកទុកនៅទីតាំងសុវត្ថិភាពឆ្ងាយពីទីប្រជុំជនជាប់មាត់ទន្លេ និងមានការយាមការពារ ២៤/២៤ ម៉ោង។
មេបញ្ជាការកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹក លោកឧត្តមសេនីយ៍ទោ ម៉ី សុភា ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ដកស្រង់សំដីថា នាវាលិចនេះ មានចំនួន ២គ្រឿងគឺតូចមួយគ្រឿងនិងធំមួយគ្រឿង ដែលមានគ្រាប់សរុបប្រមាណពី ១០០ ទៅ ២០០ តោន។ លោកបន្តថា នាវាតូចត្រូវបានប្រជាពលរដ្ឋ ពុះច្រៀកលក់អេតចាយ បន្សល់តែគ្រាប់នៅរាយប៉ាយ។
ការរកឃើញនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែកញ្ញា បានបង្កើតក្រុមជំនាញពិសេសនៃកងអនុសេនាធំបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ដែលមានសមាជិកចំនួន ៥៥រូប ដើម្បីចុះអនុវត្តកិច្ចសហប្រតិបត្តិការរុករកនាវាចម្បាំងដែលលិច និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ បានជាច្រើនតោន។
របាយការណ៍របស់អាជ្ញាធរមីនឱ្យដឹងថា កម្ពុជាក៏បានបោសសំអាតផ្ទៃដីគ្រាប់មីនបង្កប់ក្រោមដី ចំនួនជិត២៥០គីឡូម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់មីនជិត ៣០ម៉ឺនគ្រាប់ ក្នុងនោះរួមមាន គ្រាប់មីនប្រឆាំងនឹងមនុស្សជាតិ មីនប្រឆាំងរថក្រោះ និងសំណល់ជាតិផ្ទុះ បន្សល់ទុកពីសង្គ្រាម អស់រយៈពេល១៤ឆ្នាំ ចាប់ពីឆ្នាំ២០០៦ រហូតដល់ខែកក្កដា ឆ្នាំ២០២០។
កម្ពុជាក៏បានប្ដេជ្ញាបោសសម្អាតមីនឱ្យអស់ នៅឆ្នាំ២០២៥ ខាងមុខ និងគ្រោងចំណាយថវិកា ២០លានដុល្លារ ដោយមានជំនួយគាំទ្រពីដៃគូអភិវឌ្ឍន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។