កម្មករ​សំណង់ ​៤នាក់​​ស្លាប់ ម្នាក់ទៀតពេទ្យ​​កំពុង​សង្គ្រោះ​បន្ទាន់​ ក្រោយ​ហេតុការណ៍​ដាច់​ខ្សែ​រ៉ក​ធ្លាក់​ពី​លើ​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ

ដោយ យ៉ង ចាន់តារា
2022.05.20
Share on WhatsApp
Share on WhatsApp
កម្មករ​សំណង់ ​៤នាក់​​ស្លាប់ ម្នាក់ទៀតពេទ្យ​​កំពុង​សង្គ្រោះ​បន្ទាន់​ ក្រោយ​ហេតុការណ៍​ដាច់​ខ្សែ​រ៉ក​ធ្លាក់​ពី​លើ​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ អគារនិងសាកសពរបស់កម្មករសំណង់នៅខេត្តព្រះសីហនុក្រោយហេតុការណ៍​គ្រោះថ្នាក់​ដាច់​ខ្សែ​រ៉ក​ធ្លាក់​ពី​​លើ​អគារ​​កំពុង​សាងសង់​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។
រូប៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

កម្មករ​សំណង់ ​៤នាក់ បាត់បង់​ជីវិត​ និង​ម្នាក់​ទៀត​រង​បួស​ធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់​ក្នុង​គ្រោះថ្នាក់​ ដាច់​ខ្សែ​រ៉ក​ធ្លាក់​ពី​លើ​អគារ​កំពុង​សាងសង់​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ។ សហជីព​ផ្នែក​គាំពារ​សិទ្ធិ​កម្មករ​សំណង់​ លើក​ឡើង​ថា​ សោកនាដកម្ម​បែប​នេះ​បាន​កើត​ឡើង ដោយសារ​តែ​អាជ្ញាធរ​ផ្នែក​តាម​ដាន​ការ​ដ្ឋាន​សំណង់​ និង​ក្រុម​ថៅកែ​ ខ្វះ​ការ​លើក​ស្ទួយ​ប្រព័ន្ធ​សុវត្ថិភាព​ដល់​ក្រុម​កម្មករ។

កម្មករ​សំណង់​ជា​ជនជាតិ​ខ្មែរ​ ចំនួន ៥នាក់​ បាន​ជិះ​កន្រ្តក​យន្ត​យក​សម្ភារៈ​ការងារ​ឡើង​អគារ​ការដ្ឋាន ហើយ​បាន​ធ្លាក់​ពី​លើ​អគារ​ជាន់​ទី១៥​ នៅ​ការ​ដ្ឋាន​កំពុង​សាងសង់​មួយ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី២០ ​ឧសភា។ កម្មករ​ចំនួន​ ៣នាក់​បាន​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង។ ចំណែក​កម្មករ​ពីរ​នាក់​ប្តី​ប្រពន្ធ​ ផ្សេង​ទៀត​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ប៉ុន្តែ​ប្រពន្ធ​ដែល​មាន​ឈ្មោះ សយ ម៉ាលីស​ ដែល​កំពុង​មាន​ផ្ទៃ​ពោះ​ផង បាន​ស្លាប់​ក្រោយ​ពី​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ លោក ជួន ណារិន្ទ​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ មក​ដល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​ម្ចាស់​អគារ​មួយ​នេះ​ ឱ្យ​ទទួល​ការ​ខុសត្រូវ​លើ​គ្រួសារ​សព និង​ជន​រង​គ្រោះ​ផ្សេង​ទៀត​នៅ​ឡើយ​ទេ។ លោក​ឱ្យ​ដឹង​ទៀត​ថា​ សមត្ថកិច្ច​ក៏​កំពុង​ស៊ើប​អង្កេត​បន្ថែម​ពី​ទីតាំង​កើត​ហេតុ កសាង​សំណុំ​រឿង​ជា​បន្ត​បន្ទាប់​ ដើម្បី​ធ្វើ​ការ​សម្រេច​ថា​ត្រូវ​បិទ​ការដ្ឋាន​ការ​សាង​សង់​អគារ​នេះ ឬ​ឱ្យ​ដំណើរ​ការ​បន្ត៖ «គាត់​[កម្មករ​សំណង់ឡើង​ទៅ​ធ្វើ​ការ​ តាម​ជណ្ដើរ​កន្ត្រក​យោង​ទៅ​ដល់​ជាន់​ទី១៥ ក៏​ដាច់​យោង​ហ្នឹង​ធ្លាក់​មក​ទៅ​ ហើយ​យើង​កំពុង​អនុវត្ត​វិធាន​ជំនាញ​របស់​យើង​ហើយ។ រក​ឱ្យ​ឃើញ​ថា ម្ចាស់​សំណង់ មេការ​សំណង់ ឥឡូវ​យើង​កំពុង​ ជា​មួយ​ជំនាញ​ពាក់ព័ន្ធ​ហើយ»

លោក​ឱ្យ​ដឹង​ទៀត​ថា កម្មករ​ដែល​នៅ​មាន​ជីវិត​ឈ្មោះ ហេង សីហា ​មាន​អាយុ ២៨​ឆ្នាំ​ និង​រង​របួស​ធ្ងន់ ហើយ​គ្រូ​ពេទ្យ​កំពុង​សង្គ្រោះ​បន្ទាន់។ លោក​បញ្ជាក់​ថា​ សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ថៅកែ​អគារ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា​ ម្ចាស់​អគារ​ការដ្ឋាន​មួយ​នេះ​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ ហើយ​សមត្ថកិច្ច​ក៏​បាន​រៀប​ចំ​សំណុំ​រឿង​ទៅ​តាម​នៅ​និតី​វិធី​ច្បាប់។

សហជីព​គាំពារ​សិទ្ធិ​កម្មករ​សំណង់​ចាត់​ទុក​ការ​បាត់បង់​អាយុ​ជីវិត​កម្មករ​ខ្មែរ​ចំនួន ​​៤នាក់​នេះថា ​ជា​សោកនាដកម្ម​ថ្មី​មួយ​ទៀត​ ដោយសារ​តែ​មាន​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​គ្រប់គ្រង​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ​ពី​ក្រុម​អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន។ សហជីព​ថា​ ភាគី​និយោជក​ត្រូវតែ​មាន​ការ​ទទួល​ខុសត្រូវ​ធំធេង​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ។

អគ្គ​លេខាធិការ សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា (BWTUC) លោក យ៉ាន់ ធី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កម្មករ​គ្រោះថ្នាក់​ប្រឈម​អាយុ​ជីវិត គឺ​ដោយសារ​តែ​អាជ្ញាធរ ឬ​អធិការ​កិច្ច​ការងារ មិន​បាន​ធ្វើ​កិច្ច​គាំពារ​ផ្នែក​សុវត្ថិភាព និង​ពិនិត្យ​បញ្ហា​បច្ចេកទេស​ឱ្យ​មាន​ភាព​ជាក់លាក់​ជូន​កម្មករ​ឡើយ។ លោក​បន្ត​ថា​ ករណី​នេះ​ក៏​អាច​មាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ និង​ការ​រំលោភ​សិទ្ធិ​កម្មករ​ក្នុង​ទម្រង់​រូបភាព​ជា​ច្រើន ក្នុង​នោះ​ភាគី​ថៅកែ​មួយ​ចំនួន​ បាន​បង្ខំ​ឱ្យ​កម្មករ​ធ្វើ​ការ​ច្រើន​ម៉ោង​ទាំង​ប្រថុយ​ប្រថាន​អាយុ​ជីវិត៖ «ជា​ការ​ធ្វើ​មួយ​វា​ហាក់ ដូចជា មិន​មាន​យន្តការ ឬ​ក៏​ការ​កំណត់​ណា​មួយ​ជាក់លាក់​ ផែនការ​ជាក់លាក់ ដែល​ថា​មួយ​ឆ្នាំ​ត្រូវ​ចុះ​អធិការ​កិច្ច​ប៉ុន្មាន​ដង​ ត្រូវ​មាន​របាយការណ៍​អី​ខ្លះ។ [អាជ្ញាធរ]​ ហាក់​បី​ដូច​ធ្វើ​ការ អនុវត្ត​តាម​ទៅ​តាម​ព្រឹត្តិការណ៍ អី​កើត​ឡើង បាន​ជា​គាត់​ចុះ​អធិការកិច្ច​ទៅ។ ដល់​ពេល​ហេតុការណ៍​ស្ងប់ស្ងាត់​ទៅ​ គាត់​ក៏​ស្ងប់​ស្ងាត់។ វា​ជា​បញ្ហា​មួយ ដែល​យើង​ឃើញ​ថា មក​ដល់​ពេល​នេះ​ សុវត្ថិភាព​កម្មករ​ផ្នែក​សំណង់ នៅ​តែ​មាន​បញ្ហា​ប្រឈម​ដដែល»

លោក យ៉ាន់ ធី បន្ត​ថា សមត្ថកិច្ច​ត្រូវ​តែ​ស៊ើប​​អង្កេត​រឿង​នេះ​ប្រកប​ដោយ​តម្លាភាព​ ដើម្បី​អនុវត្ត​ច្បាប់​លើ​ភាគី​ដែល​ពាក់ព័ន្ធ។ ជា​មួយ​គ្នា​នេះ លោក​ទាមទារ​ដល់​អាជ្ញាធរ​ ត្រូវ​តែ​មាន​ការ​គ្រប់គ្រង​តឹងរ៉ឹង​លើ​ការដ្ឋាន​សំណង់​នៅ​តាម​អគារ​ជាច្រើន​ទៀត​ក្នុង​ខេត្ត​ព្រះសីហនុ និង​ត្រូវ​ជំរុញ​ឱ្យ​ភាគី​ថៅកែ​ពិនិត្យ​សម្ភារៈ​បច្ចេកទេស​ជា​ប្រចាំ​ ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​របស់​កម្មករ និង​បញ្ហា​សោកនាដកម្ម​នេះ​ត​ទៅ​ទៀត។

គ្រោះថ្នាក់​បែប​នេះ មិនមែន​កើត​ឡើង​ជា​លើក​ទី​មួយ​ទេ នៅ​ខេត្ត​ព្រះសីហនុ។ កាល​ពី​ចុងខែ​មិថុនា ឆ្នាំ២០១៩ អគារ​ខុនដូ (Condo) កម្ពស់ ៧ជាន់ កំពុង​សាងសង់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ដែល​មាន​ម្ចាស់ និង​អ្នក​ម៉ៅការ​សាងសង់​ជា​ជនជាតិ​ចិន បាន​បាក់​ដួល​រំលំ​សង្កត់​កម្មករ ដែល​កំពុង​ដេក​នៅ​ក្នុង​ការដ្ឋាន​ដែល​បណ្ដាល​ឱ្យ​កម្មករ​ស្លាប់​ចំនួន ២៨នាក់ និង​របួស​ចំនួន ២៦នាក់។

សហជីព​អះអាង​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្មករ​ផ្នែក​សំណង់​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ករណី​ធ្លាក់​ពី​លើ​អគារ​កាន់​តែ​ច្រើន។ ពួកគេ​ថា​ តួលេខ​ជាក់ស្ដែង​មាន​ចំនួន​ច្រើន​ជាង​តួលេខ​ដែល​អាជ្ញាធរ​បាន​បង្ហាញ​ ព្រោះ​អាជ្ញាធរ​ និង​ក្រុម​ថៅកែ​ការដ្ឋាន​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិន បាន​បិទបាំង​ព័ត៌មាន​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល