កម្មករសំណង់ ៤នាក់ បាត់បង់ជីវិត និងម្នាក់ទៀតរងបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ក្នុងគ្រោះថ្នាក់ ដាច់ខ្សែរ៉កធ្លាក់ពីលើអគារកំពុងសាងសង់មួយកន្លែងក្នុងខេត្តព្រះសីហនុ។ សហជីពផ្នែកគាំពារសិទ្ធិកម្មករសំណង់ លើកឡើងថា សោកនាដកម្មបែបនេះបានកើតឡើង ដោយសារតែអាជ្ញាធរផ្នែកតាមដានការដ្ឋានសំណង់ និងក្រុមថៅកែ ខ្វះការលើកស្ទួយប្រព័ន្ធសុវត្ថិភាពដល់ក្រុមកម្មករ។
កម្មករសំណង់ជាជនជាតិខ្មែរ ចំនួន ៥នាក់ បានជិះកន្រ្តកយន្តយកសម្ភារៈការងារឡើងអគារការដ្ឋាន ហើយបានធ្លាក់ពីលើអគារជាន់ទី១៥ នៅការដ្ឋានកំពុងសាងសង់មួយនៅខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២០ ឧសភា។ កម្មករចំនួន ៣នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ចំណែកកម្មករពីរនាក់ប្តីប្រពន្ធ ផ្សេងទៀតត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែប្រពន្ធដែលមានឈ្មោះ សយ ម៉ាលីស ដែលកំពុងមានផ្ទៃពោះផង បានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់វិទ្យុអាស៊ីសេរីថា មកដល់ពេលនេះសមត្ថកិច្ចមិនទាន់រកឃើញម្ចាស់អគារមួយនេះ ឱ្យទទួលការខុសត្រូវលើគ្រួសារសព និងជនរងគ្រោះផ្សេងទៀតនៅឡើយទេ។ លោកឱ្យដឹងទៀតថា សមត្ថកិច្ចក៏កំពុងស៊ើបអង្កេតបន្ថែមពីទីតាំងកើតហេតុ កសាងសំណុំរឿងជាបន្តបន្ទាប់ ដើម្បីធ្វើការសម្រេចថាត្រូវបិទការដ្ឋានការសាងសង់អគារនេះ ឬឱ្យដំណើរការបន្ត៖ « គាត់ [ កម្មករសំណង់ ] ឡើងទៅធ្វើការ តាមជណ្ដើរកន្ត្រកយោងទៅដល់ជាន់ទី១៥ ក៏ដាច់យោងហ្នឹងធ្លាក់មកទៅ ហើយយើងកំពុងអនុវត្តវិធានជំនាញរបស់យើងហើយ។ រកឱ្យឃើញថា ម្ចាស់សំណង់ មេការសំណង់ ឥឡូវយើងកំពុង ជាមួយជំនាញពាក់ព័ន្ធហើយ » ។
លោកឱ្យដឹងទៀតថា កម្មករដែលនៅមានជីវិតឈ្មោះ ហេង សីហា មានអាយុ ២៨ឆ្នាំ និងរងរបួសធ្ងន់ ហើយគ្រូពេទ្យកំពុងសង្គ្រោះបន្ទាន់។ លោកបញ្ជាក់ថា សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណថៅកែអគារនេះនៅឡើយទេ ប៉ុន្តែលោកថា ម្ចាស់អគារការដ្ឋានមួយនេះត្រូវតែមានការទទួលខុសត្រូវ ហើយសមត្ថកិច្ចក៏បានរៀបចំសំណុំរឿងទៅតាមនៅនិតីវិធីច្បាប់។
សហជីពគាំពារសិទ្ធិកម្មករសំណង់ចាត់ទុកការបាត់បង់អាយុជីវិតកម្មករខ្មែរចំនួន ៤នាក់នេះថា ជាសោកនាដកម្មថ្មីមួយទៀត ដោយសារតែមានការធ្វេសប្រហែសក្នុងការគ្រប់គ្រងបច្ចេកទេសឱ្យបានត្រឹមត្រូវពីក្រុមអាជ្ញាធរ និងភាគីក្រុមហ៊ុន។ សហជីពថា ភាគីនិយោជកត្រូវតែមានការទទួលខុសត្រូវធំធេងចំពោះក្រុមគ្រួសារជនរងគ្រោះ។
អគ្គលេខាធិការ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) លោក យ៉ាន់ ធី ប្រាប់វិទ្យុអាស៊ីសេរីថា កម្មករគ្រោះថ្នាក់ប្រឈមអាយុជីវិត គឺដោយសារតែអាជ្ញាធរ ឬអធិការកិច្ចការងារ មិនបានធ្វើកិច្ចគាំពារផ្នែកសុវត្ថិភាព និងពិនិត្យបញ្ហាបច្ចេកទេសឱ្យមានភាពជាក់លាក់ជូនកម្មករឡើយ។ លោកបន្តថា ករណីនេះក៏អាចមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាប្រព័ន្ធ និងការរំលោភសិទ្ធិកម្មករក្នុងទម្រង់រូបភាពជាច្រើន ក្នុងនោះភាគីថៅកែមួយចំនួន បានបង្ខំឱ្យកម្មករធ្វើការច្រើនម៉ោងទាំងប្រថុយប្រថានអាយុជីវិត៖ « ជាការធ្វើមួយវាហាក់ ដូចជា មិនមានយន្តការ ឬក៏ការកំណត់ណាមួយជាក់លាក់ ផែនការជាក់លាក់ ដែលថាមួយឆ្នាំត្រូវចុះអធិការកិច្ចប៉ុន្មានដង ត្រូវមានរបាយការណ៍អីខ្លះ។ [ អាជ្ញាធរ ] ហាក់បីដូចធ្វើការ អនុវត្តតាមទៅតាមព្រឹត្តិការណ៍ អីកើតឡើង បានជាគាត់ចុះអធិការកិច្ចទៅ។ ដល់ពេលហេតុការណ៍ស្ងប់ស្ងាត់ទៅ គាត់ក៏ស្ងប់ស្ងាត់។ វាជាបញ្ហាមួយ ដែលយើងឃើញថា មកដល់ពេលនេះ សុវត្ថិភាពកម្មករផ្នែកសំណង់ នៅតែមានបញ្ហាប្រឈមដដែល » ។
លោក យ៉ាន់ ធី បន្តថា សមត្ថកិច្ចត្រូវតែស៊ើបអង្កេតរឿងនេះប្រកបដោយតម្លាភាព ដើម្បីអនុវត្តច្បាប់លើភាគីដែលពាក់ព័ន្ធ។ ជាមួយគ្នានេះ លោកទាមទារដល់អាជ្ញាធរ ត្រូវតែមានការគ្រប់គ្រងតឹងរ៉ឹងលើការដ្ឋានសំណង់នៅតាមអគារជាច្រើនទៀតក្នុងខេត្តព្រះសីហនុ និងត្រូវជំរុញឱ្យភាគីថៅកែពិនិត្យសម្ភារៈបច្ចេកទេសជាប្រចាំ ដើម្បីទប់ស្កាត់បញ្ហាប្រឈមរបស់កម្មករ និងបញ្ហាសោកនាដកម្មនេះតទៅទៀត។
គ្រោះថ្នាក់បែបនេះ មិនមែនកើតឡើងជាលើកទីមួយទេ នៅខេត្តព្រះសីហនុ។ កាលពីចុងខែមិថុនា ឆ្នាំ២០១៩ អគារខុនដូ (Condo) កម្ពស់ ៧ជាន់ កំពុងសាងសង់នៅក្នុងក្រុងព្រះសីហនុ ដែលមានម្ចាស់ និងអ្នកម៉ៅការសាងសង់ជាជនជាតិចិន បានបាក់ដួលរំលំសង្កត់កម្មករ ដែលកំពុងដេកនៅក្នុងការដ្ឋានដែលបណ្ដាលឱ្យកម្មករស្លាប់ចំនួន ២៨នាក់ និងរបួសចំនួន ២៦នាក់។
សហជីពអះអាងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មករផ្នែកសំណង់ប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត និងករណីធ្លាក់ពីលើអគារកាន់តែច្រើន។ ពួកគេថា តួលេខជាក់ស្ដែងមានចំនួនច្រើនជាងតួលេខដែលអាជ្ញាធរបានបង្ហាញ ព្រោះអាជ្ញាធរ និងក្រុមថៅកែការដ្ឋានដែលភាគច្រើនជាជនជាតិចិន បានបិទបាំងព័ត៌មានទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។