គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី៩ កក្កដា រៀបចំពិធីបុណ្យគម្រប់ខួប ១ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនលោកបណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ គណបក្សនេះក៏អំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាល បង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យថ្មីមួយ ដើម្បីស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ថ្លែងក្នុងពិធីនេះដោយជំរុញឲ្យរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច បើកការស៊ើបអង្កេតលើករណីឃាតកម្មលើបណ្ឌិត កែម ឡី នេះបន្ថែមទៀត ពីព្រោះថា ការបាញ់សម្លាប់បណ្ឌិត កែម ឡី រយៈពេល ១ឆ្នាំមកហើយ នៅមិនទាន់រកឃើញឃាតកក្រៅពីឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះនៅឡើយ។
លោក យ៉េង វីរៈ បញ្ជាក់ថា រដ្ឋាភិបាលគួរតែស្នើសុំឲ្យភាគីអន្តរជាតិ មកជួយស៊ើបអង្កេតលើករណីឃាតកម្មនេះ ដើម្បីរកយុត្តិធម៌ជូនក្រុមគ្រួសារបណ្ឌិត កែម ឡី និងពលរដ្ឋខ្មែរទូទៅដែលគោរពស្រឡាញ់លោក កែម ឡី៖ « វានៅលើថា តើរដ្ឋាភិបាល យើងហ្នឹង ស្វាគមន៍ឬអត់ ? ទទួលឬអត់ ? បើយើង អញ្ជើញគេ ពេល ហ្នឹងគេ មិនមែនមកត្រួតយើង គេចូលមកផ្ដេសផ្ដាសឯណា គឺគេចូលមក តាមការ អញ្ជើញរបស់រដ្ឋជាភាគី ហើយបើសិនជាប្រមុខរាជរដ្ឋាភិបាលយើង ក្នុងនាមជាតំណាងរដ្ឋអធិបតេយ្យមួយអញ្ជើញគេ វាជារឿងធម្មតាទេ ហើយមានឧទាហរណ៍ដែលយើងរៀបចំដែលកំពុងដំណើរការមកដល់ថ្ងៃនេះ គឺតុលាការ ខ្មែរក្រហម នេះ គឺជាឧទាហរណ៍មួយដែលយើងបើកច្រកឲ្យចៅក្រម ព្រះរាជអាជ្ញា មេធាវីអន្តរជាតិ ដែលគេមានជំនាញក្នុងការស៊ើបអង្កេតក្នុងការកាត់ក្ដីសំណុំរឿងប្រល័យពូជសាសន៍ជាដើម ចូលមក ធ្វើការ នៅក្នុងប្រទេសខ្មែរយើង » ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើពិធីរំឭកខួបគម្រប់ ១ឆ្នាំ ឧទ្ទិសកុសលចំពោះវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃទី៩ កក្កដា ដែលមានអ្នកចូលរួមជាង ៦០នាក់ នៅឯទីស្នាក់ការបក្សរបស់ខ្លួនក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន លើកឡើងថា លោកបណ្ឌិត កែម ឡី គឺជាមនុស្សម្នាក់ដែលហ៊ាននិយាយការពិតពីបញ្ហាសង្គមហើយ និងនយោបាយឥតខ្លាចរអា៖ « អ៊ីចឹងយើងនៅតែបន្តទាមទារឲ្យស្ថាប័នមានសមត្ថកិច្ច ស្ថាប័នតុលាការ រកការពិត ឲ្យឃើញ ចំពោះលោកបណ្ឌិត កែម ឡី » ។
លោកបញ្ជាក់ថា បណ្ឌិត កែម ឡី ចង់ឃើញយុត្តិធម៌សម្រាប់សង្គមខ្មែរ ហើយលោកក៏ចង់ឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន មានការរៀបចំអភិបាលកិច្ចល្អសម្រាប់ប្រទេសជាតិដែរ។
បើទោះជាតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ និងផ្ដន្ទាទោសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មមកលើបណ្ឌិត កែម ឡី ក្ដី ប៉ុន្តែពលរដ្ឋរាប់លាននាក់ដែលគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី ព្រមទាំងអង្គការសង្គមស៊ីវិលជាច្រើនទៀត នៅតែចាត់ទុកថា ការស៊ើបអង្កេតរបស់តុលាការហាក់នៅមានមន្ទិលសង្ស័យនៅឡើយ។
បុណ្យគម្រប់ខួប ១ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី នេះ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងគណបក្សនយោបាយមួយចំនួន បានអំពាវនាវឲ្យរដ្ឋាភិបាលបង្កើតឲ្យមានគណៈកម្មការស៊ើបអង្កេតឲ្យឯករាជ្យមួយ ព្រោះការស៊ើបអង្កេតកន្លងទៅនៅមានមន្ទិលសង្ស័យច្រើន។
ទោះជាយ៉ាងណាក្ដី មន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រសួងនៅមិនទាន់ទទួលបានសំណើសុំជាផ្លូវការពីគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលសុំឲ្យអាជ្ញាធររដ្ឋាភិបាលស៊ើបអង្កេតបន្ថែមនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។