បុគ្គលិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង និង​ទទួល​ពួកគេ​ចូល​ធ្វើ​ការ​វិញ

ដោយ មាន ឫទ្ធិ
2023.04.24
បុគ្គលិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង និង​ទទួល​ពួកគេ​ចូល​ធ្វើ​ការ​វិញ សកម្មភាព​បុគ្គលិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចាយអិន អាយប៊ីស(Giant Ibis Transportation) លើកបដា​តវ៉ា​ កាលពីថ្ងៃទី២២ មេសា ដើម្បីទាមទារឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង​ទៅ​លើ​សហជីព និង​ទទួល​ពួកគេ​ចូល​ធ្វើការ​វិញ។
Photo: CLC Cambodia

បុគ្គលិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចាយអិន អាយប៊ីស(Giant Ibis Transportation)ទាមទារ ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង​ទៅ​លើ​សហជីព និង​ទទួល​ពួកគេ​ចូល​ធ្វើការ​វិញ។ ការ​ទាមទារ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ព្យួរ​កិច្ចសន្យាការងារ​តាំងតែ​ពី​ឆ្នាំ២០២០ ដោយ​មិន​បាន​កំណត់​ថ្ងៃ​ចូល​ធ្វើការងារ​វិញ​នោះ​ទេ។ មន្ត្រី​សហជីព​ឯករាជ្យ យល់ឃើញ​ថា ការ​រើសអើង​ទៅ​លើ​សហជីព ហាក់​កើត​ឡើង​ច្រើន​នា​ពេល​បច្ចុប្បន្ន និង​ស្នើ​ដល់​ក្រសួង​ការងារ ពិនិត្យ​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​ការងារ​ពី​សំណាក់​ម្ចាស់​ក្រុមហ៊ុន​ទៅ​លើ​កម្មករ។

បុគ្គលិក​ក្រុមហ៊ុន​ចាយ អិន អាយប៊ីស ជិត១០នាក់ នៅថ្ងៃទី២២ មេសា តវ៉ា​ទាមទារ​នៅ​ខាង​មុខ​ក្រុមហ៊ុន ដែល​ស្ថិត​នៅ​ខាង​ជើង​ផ្សារ​រាត្រី​ជាប់​មាត់​ទន្លេ ក្នុង​រាជ​ធានី​ភ្នំពេញ។ ពួកគាត់ កាន់​បដា​មួយ​ចំនួន​ដែល​សរសេរ​ថា បញ្ឈប់​ការ​គំរាម​កំហែង និង​ការ​រើសអើង​លើ​កម្មករ និង​សហជីព ហើយ​ការងារ​ជា​ឆ្នាំង​បាយ​របស់​កម្មករ គ្មាន​ការងារ គ្មាន​ជីវិត ។

ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន ចាយអិន អាយប៊ីស លោក សៀម ម៉ូរ៉ាឌី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី២២ មេសា​ថា មូលហេតុ​នៃ​ការ​តវ៉ា គឺ​បណ្ដាល​មក​ពី​ភាគី​ក្រុមហ៊ុន មិន​ទទួល​យក​បុគ្គលិក ដែល​ជា​សមាជិក​សហជីព ចូល​ធ្វើការ​វិញ​នោះ​ទេ។ លោក​បន្ត​ថា ក្រុមហ៊ុន បាន​តម្រូវ​ឲ្យ​បុគ្គលិក​ណា ដែល​ចង់​ចូល​ធ្វើការងារ​ឡើង​វិញ ត្រូវ​តែ​លាលែង​ពី​សហជីព​ជា​មុន​សិន។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ព្យួរ​កិច្ចសន្យា​ការងារ​តាំង​តែ​ពី​ឆ្នាំ ២០២០​មក​ម្ល៉េះ ដោយ​មិន​កំណត់​ពេល​វេលា​ចូល​ធ្វើការ​វិញ។ ក៏​ប៉ុន្តែ​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​រើស​បុគ្គលិក​ដើម្បី​ធ្វើការ តែ​បាន​រើស​អើង​លើ​បុគ្គលិក ដែល​ជា​សមាជិក​សហជីព​ដោយ​មិន​ទទួល​យក​ពួកគេ​ចូល​ធ្វើការ​វិញ​ឡើយ។

លោក សៀម ម៉ូរ៉ាឌី៖ «ការ​ទាមទារ​នេះ គឺ​ឲ្យ​រដ្ឋាភិបាល​មើល​ឡើង​វិញ ទៅ​លើ​វិស័យ​កម្មករ​ជាពិសេស​ក្រសួង​ការងារ​ជា​ក្រសួង​ពាក់ព័ន្ធ ត្រូវតែ​ដោះស្រាយ​ឲ្យ​កម្មករ​និយោជិក​យើង​ហ្នឹង ឲ្យ​បាន​សមរម្យ ឲ្យ​បាន​ត្រឹមត្រូវ ទៅ​តាម​នីតិវិធី​ច្បាប់ ព្រោះ​ច្បាប់​ការងារ​យើង​មាន​ហើយ​ច្បាប់​ស្រុក​ខ្មែរ ហេតុ​អ្វី​យើង​មិន​យក​ច្បាប់​មក​និយាយ​បាទ ហេតុអ្វី​បាន​ជា​យើង​ទៅ​កាន់ជើង​ថៅកែ​ទៅ​វិញ ថៅកែ​ដែល​មាន​លុយ បាទ ហើយ​ក្រសួង​មួយ​ទាំងមូល​ទៅ​កាន់ជើង​ថៅកែ ដែល​មាន​លុយ​ហើយ​មក​ធ្វើ​បាប កម្មករ​និយោជិក ដែល​គាត់​ស៊ី​អត់​ស៊ី​ឃ្លាន គាត់​អ្នក​ទៅ​ធ្វើ​ការ​មិន​មែន ជា​អ្នក​មាន​លុយ​មាន​កាក់​អ្វី​នោះ​ទេ»។

លោក សៀម ម៉ូរ៉ាឌី អះអាង​ថា ធ្លាប់​មាន​ការ​ចរចា​រវាង​សហជីព និង​ភាគី​ក្រុមហ៊ុន​នៅ​ក្រសួង​ការងារ​នូវ​លក្ខខណ្ឌ​មួយចំនួន ក៏​ប៉ុន្តែ​មិន​មាន​អ្វី​ដែល​អាច​ឲ្យ​ខាង​សហជីព​ទទួល​យក​បាន​នោះ​ទេ។ លោក​បន្ត​ថា ក្រុមហ៊ុន បាន​ឲ្យ​បុគ្គលិក ដែល​ធ្លាប់​ធ្វើការ​នៅ​ទី​នោះ ទទួល​យក​កិច្ច​សន្យា​ថ្មី ដោយ​មិន​បាន​ផ្ដល់​ប្រាក់​រំលឹក​អតីតភាព​ការងារ និង​មិន​បាន​ផ្ដល់​ប្រាក់​កំឡុង​ពេល​ព្យួរ​កិច្ច​សន្យា​ការងារ​នោះ​ទេ។ លោក​ស្នើ​ដល់​ក្រសួង​ការងារ ដោះស្រាយ​រឿង​នេះ​ដោយ​វិជ្ជាជីវៈ និង​មិន​លំអៀង​ទៅ​ដល់​ភាគី​អ្នក​មាន​លុយ មាន​អំណាច។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅថ្ងៃទី២២ មេសា។

ទោះជាយ៉ាងណា ប្រធាន​សហភាព​ការងារ​កម្ពុជា(CLC)លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​ទាមទារ​របស់​ក្រុម​បុគ្គលិក ដែល​ជា​សមាជិក​សហជីព​ទាំង​នេះ គឺ​បណ្ដាល​មក​ពី​ភាគី​ក្រុមហ៊ុន រើសអើង​ទៅ​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​មិន​ទទួលយក​ពួកគេ​ចូល​ធ្វើការងារ​វិញ។ លោក​ស្នើ​ដល់ ក្រសួង​ការងារ​ពិនិត្យ ទៅ​លើ​ការ​រំលោភ​សិទ្ធិ​កម្មករ​នៅ​តាម​កន្លែង​ការងារ ពី​សំណាក់​ភាគី​ក្រុមហ៊ុន និង​ដោះស្រាយ​វិវាទ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក អាត់ ធន់៖ «ខ្ញុំ​គិត​ថា បញ្ហា​នេះ​វា​កើត​ឡើង​ច្រើន សម្រាប់​កម្មករ​នា​ពេល​បច្ចុប្បន្ន ហើយ​មាន​តិចតួច​ណាស់ ដែល​កម្មករ​តវ៉ា ហើយ​ក្រសួង​ក៏​ត្រូវ​ពិនិត្យ​ឡើង​វិញ ចំពោះ​ការ​មិន​អនុវត្ត​ច្បាប់ ឬ​ក៏​រំលោភ​សិទ្ធិ​ផ្សេងៗ​ទៅ​លើ​កម្មករ​ហ្នឹង ហើយ​កម្មករ ដែល​តវ៉ា​នៅ​ក្រុមហ៊ុន​ចាយអិន អាយ ប៊ីស នេះ​គួរ​តែ​ត្រូវ​បាន ឲ្យ​ពួក​គេ​ចូល​ធ្វើការ និង​ទទួល​បាន​លក្ខខណ្ឌ​ដូច​អ្វី ដែល​ពួកគេ​ធ្លាប់​ទទួល​ដូច​ពី​ខាង​ដើម​ដែរ​បាទ»។

ក្រុម​បុគ្គលិក និង​សហជីព​នៅ​តែ​ស្នើ​ដល់​ក្រសួង​ការងារ​ពន្លឿន​នីតិវិធី ដោះស្រាយ​វិវាទ​ការងារ​នេះ ដើម្បី​ជួយ​ការពារ​សិទ្ធិ​ចូលរួម​សហជីព​នៅ​កន្លែង​ការងារ និង​ឲ្យ​ពួក​គាត់​ឆាប់​បាន​ចូល​ធ្វើការងារ​វិញ ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។