សមាគមថៅកែរោងចក្រអះអាងថា កង្វះខាតវត្ថុធាតុដើមលែងជាបញ្ហាចោទសម្រាប់រោងចក្រកាត់ដេរនៅកម្ពុជាទៀតហើយ ប៉ុន្តែរឿងធំជាងនេះទៀតនោះ គឺពេលនេះ រោងចក្រកំពុងខ្វះទីផ្សារនាំចេញផលិតផល ដោយសារតែហាងទំនិញធំៗ នៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ត្រូវបិទទ្វារដោយសារតែការផ្ទុះរាលដាលជំងឺកូវីដ-១៩។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៨ មីនាថា រោងចក្រកាត់ដេរនៅកម្ពុជាកំពុងប្រឈមមុខនឹងការដួលរំលំក្នុងពេលឆាប់ៗ នេះហើយ ពីព្រោះក្រុមហ៊ុនបញ្ជាទិញនៅអឺរ៉ុប និងអាមេរិកបានផ្អាកទទួលយកទំនិញដែលបានផលិតរួច ស្របពេលទំនិញដែលមិនទាន់បានផលិត ត្រូវបញ្ឈប់ជាបណ្តោះអាសន្នសិន។ លោកថា ក្រុមហ៊ុនបញ្ជាទិញបានផ្ញើរលិខិតស្តីពីការផ្អាកការទទួលយកទំនិញនេះមកខាងថៅកែរោងចក្រជាបន្តបន្ទាប់ និងចាប់ផ្តើមអនុវត្តភ្លាមៗ ដោយមិនបានជូនដំណឹងជាមុនឡើយ។ លោកបញ្ជាក់ថា ការផ្អាកនេះមានរយៈពេល២ ខែ ដូច្នេះអំឡុងពេលនេះ ខាងថៅកែរោងចក្រនឹងមានវិបត្តិហិរញ្ញវត្ថុ ដោយសារមិនមានលុយបង្វិលគ្រប់គ្រាន់៖« អ្នកបញ្ជាទិញភាគច្រើននៅអាមេរិក និងនៅអឺរ៉ុប គេផ្អាកទទួលឥវ៉ាន់ ព្រោះហាងវាបិទ។ ឥវ៉ាន់ដែលយើងផលិតរួចហើយ គេអត់ទទួលយកឥវ៉ាន់ដែលកំពុងផលិត គេឱ្យយើងឈប់ផលិតភ្លាមៗ ផ្អាកជាបណ្តោះអាសន្ន។ អ៊ីចឹង គិតយ៉ាងម៉េច ? ជិតដួលហើយ ជិតដួល ព្រោះអត់មានលុយហូរចូល។ ពេលដែលអ្នកបញ្ជាទិញអត់ទទួលឥវ៉ាន់ មានន័យថា គេអត់បើកលុយឱ្យយើងទេ។ អ៊ីចឹងសួរថារយៈពេល ២ខែ យើងមានលុយឯណាបើកឱ្យកម្មករ ? វាអត់មានលុយបើកឱ្យកម្មករទេ ហើយយើងមានន័យថា រោងចក្រជួបបញ្ហាចំពោះមុខ បញ្ហាហ្នឹងខ្លាំង ហើយអ្នកបញ្ជាទិញ គេអត់ទទួលខុសត្រូវទេ » ។
លោក ខេន លូ ថ្លែងទៀតថា លោកមិនទាន់ដឹងអំពីតួលេខរោងចក្រដែលនឹងត្រូវបិទទ្វារនោះទេ ប៉ុន្តែលោកថា ផលប៉ះពាល់ជាក់ស្តែងនឹងលេចចេញនៅអំឡុងពេល ១ ទៅ ២សប្តាហ៍ខាងមុខទៀតនេះ។ លោកបញ្ជាក់ថា ខាងថៅកែរោងចក្រមិនទាន់ដឹងថា ត្រូវដោះស្រាយបញ្ហានេះដោយរបៀបណាទេ ប៉ុន្តែទំនងជាត្រូវសុំការយោគយល់ពីកម្មករ និងសុំជំនួយខ្លះទៀតពីរដ្ឋាភិបាល។ លោកបញ្ជាក់ថា ខាងរោងចក្រមិនមានលទ្ធភាពបើកប្រាក់ឈ្នួល ៤០% ឱ្យកម្មករដែលត្រូវព្យួរពីការងារ តាមអ្វីដែលរដ្ឋាភិបាលបានដាក់ចេញនោះទេ ព្រោះពេលនេះមិនមែនជារឿងខ្វះវត្ថុធាតុដើមទៀតឡើយ តែជារឿងខ្វះទីផ្សារនាំចេញទៅវិញ។

អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ដើម្បីសុំការអធិប្បាយរឿងនេះបានទេ នៅថ្ងៃទី២៨ មីនា ដោយលោកមិនលើកទូរស័ព្ទ។ ចំណែក អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ឯក ថា បានបង្វែរសំណួរពាក់ព័ន្ធនឹងបញ្ហានេះទៅខាងក្រសួងពាណិជ្ជកម្មវិញ។ អាស៊ីសេរីបានទាក់ទងទៅអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ ដើម្បីសុំការបកស្រាយរឿងនេះដែរ តែទូរស័ព្ទចូល ពុំមានអ្នកទទួល។
ដោយឡែក អ្នកនាំពាក្យគណបក្សកាន់អំណាច គឺលោក សុខ ឥសាន ដែលតែងបញ្ចេញយោបល់លើបញ្ហាជាច្រើននោះ ក៏សុំមិនធ្វើអត្ថាធិប្បាយរឿងនេះដែរ ដោយលោកបង្វែរឱ្យទៅសួរខាងក្រសួងការងារវិញ។ អាស៊ីសេរីក៏បានទាក់ទងទៅអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ទៀត តែលោកមិនលើកទូរស័ព្ទទេ នៅថ្ងៃទីដដែលនេះ។
ទោះជាយ៉ាងណា អាស៊ីសេរីនឹងព្យាយាមសុំការឆ្លើយតបរឿងនេះពីមន្ត្រីរដ្ឋាភិបាលនៅពេលក្រោយទៀត។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុតសម្រាប់ផលិតផលវាយនភ័ណ្ឌរបស់កម្ពុជា ដូច្នេះការផ្អាកការបញ្ជាទិញនេះ នឹងប៉ះពាល់យ៉ាងខ្លាំងដល់ការងាររបស់កម្មករកាត់ដេរ។ លោកស្នើឱ្យរដ្ឋាភិបាលរកដំណោះស្រាយរឿងនេះជាបន្ទាន់ ដើម្បីជួយដល់កម្មករ និងស្រោចស្រង់វិស័យកាត់ដេររបស់កម្ពុជា៖« រដ្ឋាភិបាលត្រូវមានថវិកាបម្រុងបែបណា ដើម្បីជួយផ្គត់ផ្គង់ទៅដល់បងប្អូនកម្មករ - កម្មការិនីនៅពេលពួកគាត់បាត់បង់ការងារ អស់ក្រុមហ៊ុនបញ្ជាទិញ ក្នុងរយៈពេលមេរោគកូរ៉ូណានេះ » ។
វិស័យកាត់ដេរបានផ្តល់ការងារលើសពី ៧៥ម៉ឺននាក់ដល់កម្មករ ហើយពលរដ្ឋខ្មែរជាង ៣លាននាក់ទៀត រស់នៅពឹងផ្អែកលើវិស័យនេះ។ វិស័យនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
ទោះជាយ៉ាងណា មេដឹកនាំសហជីព លោក រ៉ុង ឈុន បារម្ភថា ការផ្អាកការបញ្ជាទិញដោយទីផ្សារអឺរ៉ុប និងអាមេរិកនេះ នឹងធ្វើឱ្យកម្មកររាប់សែននាក់បាត់បង់ការងារធ្វើ ហើយបើវិបត្តិជំងឺកូវីដ-១៩ អូសបន្លាយរយៈពេលយូរទៀតនោះ វិស័យកាត់ដេរកម្ពុជាអាចនឹងប៉ះពាល់ទាំងស្រុងតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។