សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ថា ​មិន​អាច​ទប់​ស្កាត់​បទឧក្រិដ្ឋ​បង្ខាំង​មនុស្ស​បាន​

ដោយ ម៉ៅ សុធានី
2022.03.31
Share on WhatsApp
Share on WhatsApp
សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ថា ​មិន​អាច​ទប់​ស្កាត់​បទឧក្រិដ្ឋ​បង្ខាំង​មនុស្ស​បាន​ ជនជាតិថៃម្នាក់ ដែល​ត្រូវបាន​ជួយ​សង្គ្រោះពី​ការ​បង្ខាំង​ខ្លួន​ដោយ​ថៅកែជន​ជាតិ​ចិន​នៅក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។
រូប៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

មន្ត្រីសង្គមស៊ីវិល​ រិះគន់​ថា អាជ្ញាធរ​អនុវត្តច្បាប់ធូរ​រលុង​លើក្រុមឧក្រិដ្ឋជន​ ទើបករណី​បទល្មើស​ចាប់បង្ខាំង​មនុស្ស​នៅកម្ពុជា​មិនទាន់​មាន​ការថមថយ​​នៅ​ឡើយ។​ ប្រតិកម្ម​នេះ​ ធ្វើឡើងក្រោយ​ពីមន្ត្រីជាន់ខ្ពស់​ប៉ូលិសថៃ ​នឹងគ្រោង​មកកម្ពុជា​ពាក់ព័ន្ធ​ការ​ជួយសង្គ្រោះ​ជនជាតិថៃជាង៣ពាន់​នាក់ (៣.០០០)​ ដែលត្រូវបាន​ជនជាតិចិន​ចាប់បង្ខាំងខ្លួន​ឱ្យ​ធ្វើការ​ខុស​ច្បាប់​នៅកម្ពុជា។

មន្រ្តីសង្គមស៊ីវិល​ មើលឃើញថា​ ករណីចាប់ជម្រិតបង្ខាំង​មនុស្សឱ្យធ្វើការ​ខុសច្បាប់​នៅតែមាន​ការកើត​ច្រើន​នៅកម្ពុជា។ ពួកគេ​ព្រួយបារម្ភ​ថា បើក្រុមឧក្រិដ្ឋជន​នៅតែបន្ត​យកកម្ពុជា​ជាទីកន្លែង​បង្ខាំងមនុស្ស​ដូចសព្វ​ថ្ងៃនេះ​ នោះកម្ពុជា​នឹងរងផល​អវិជ្ជមាន​កាន់​តែខ្លាំង។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP Center) លោក យង់ គិមអេង ​​ចង់ឃើញ​អាជ្ញាធរ​ និងក្រសួងជំនាញ​បើកការស៊ើបអង្កេត​ឱ្យមានប្រសិទ្ធភាព​ចាប់ខ្លួន​មេខ្លោង​ដែលតែងតែ​យកកម្ពុជា​ធ្វើជា​កន្លែង​រកស៊ី​ខុសច្បាប់។ លោក យង់ គិមអេង​ មើលឃើញថា​ ក្នុងរយៈពេលចុងក្រោយ​នេះ ក្រុមឧក្រិដ្ឋជន​ដែល​ភាគច្រើន​ជា​ជនជាតិចិន បាន​បង្កហានិភ័យ​ច្រើនដល់​កម្ពុជា​ ក្នុងនោះរួមទាំង​ការកាន់​អាវុធ​បាញ់ប្លន់​តាមសាធារណៈ លំហូរគ្រឿងញៀន​ និង​ចាប់​មនុស្ស​បង្ខាំង​ដើម្បី​ជម្រិតទារ​ប្រាក់​ជាដើម៖ «បើមានជនជាតិចិន​ធ្វើអញ្ចឹងគួរ​តែមានការ​ស៊ើបអង្កេត​ ដាក់ទោសទណ្ឌ​គាត់​កុំឱ្យ​តែចេះ​ប្រព្រឹត្តបទល្មើស​តទៅទៀត។ បើមាន​ការបង្ខាំង​មនុស្ស​ដូចជាព័ត៌មាន​គេផ្សាយមែន​ជាសោកនាដកម្ម​មួយ​សម្រាប់​កម្ពុជា»

ប្រតិកម្មមន្ត្រីសង្គម​ស៊ីវិលរូបនេះ​ធ្វើឡើង​ក្រោយពី​មន្រ្តីជាន់ខ្ពស់ប៉ូលីស​ថៃនឹងគ្រោង​មកជួបអាជ្ញាធរ​កម្ពុជា​នៅថ្ងៃទី២ ខែមេសាខាង​មុខ​ ដើម្បី​ស្នើអន្តរាគមន៍​ជួយសង្គ្រោះ​ជនជាតិថៃប្រមាណ​ជាង៣ពាន់នាក់​ដែលត្រូវ​បានជនជាតិចិន​បង្ខាំងឱ្យធ្វើការ​ខុសច្បាប់​នៅកម្ពុជា។

ជំនួយ​ការ​អគ្គស្នងការ​នគរបាលជាតិ​ថៃ​ លោក​ សុរា​ឆេត​ ហាក់​ផន​ (Surachate Hakparn)​ ប្រាប់​កាសែតបាងកកប៉ុស្តិ៍ (Bangkok Post)ថា លោកនឹងដឹកនាំ​មន្ត្រីជាន់ខ្ពស់ប៉ូលិស​​មកក្រុងភ្នំពេញ​ និង​មានការត្រៀមនាវា​មួយគ្រឿង​សម្រាប់ដឹកជញ្ជូនជនជាតិថៃ​ទាំងនោះ​វិលចូល​ប្រទេសថៃ​វិញ។ កាសែតបាងកកប៉ុស្តិ៍​ក៏បានបង្ហាញថា ​ជនជាតិចិន​ដែលចាប់បង្ខាំង​ជនជាតិថៃ​កន្លង​មក ក្រុមឧក្រិដ្ឋជនចិនទាំងនោះ​ក៏មានជាប់ទំនាក់ទំនង​យ៉ាងស្អិតរមួត​ជាមួយមន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ផងដែរ។

អ្នកដែលបាន​ជួយសង្គ្រោះភាគច្រើនចេញ​ពីទីតាំង​អគារ​ប្រតិបត្តិការ​ឆបោក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំនួញនៃ​គណបក្ស​កាន់អំណាច​ក្នុងនោះ​រួមមាន​ សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក កុក អាន​ ស្ថាបនិកក្រុមហ៊ុន ​ផាយផេ (Pi Pay) លោក ឬទ្ធី សំណាង​ និង​លោក ទ្រី ភាព ​ជាដើម។ នេះបើយោងតាម​សារព័ត៌មាន​ក្នុង​ស្រុក​វិអូឌី (VOD)

វិទ្យុអាស៊ីសេរីមិនអាច​ទាក់ទងអ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិលោក ឆាយ គឹមខឿន​ និងអគ្គនាយក​អន្តោប្រវេសន៍លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ដើម្បីសាកសួរ​បន្ថែមបញ្ហា​នេះបានទេ​​នៅថ្ងៃទី៣១​ ខែមីនា។

ចំណែកឯអ្នកនាំពាក្យ​ក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ​ លោកក៏​បដិសេធមិន​ធ្វើអធិប្បាយ​ជុំវិញរឿង​នេះ។

ប៉ុន្តែ លោក ឆាយ គឹមខឿន​ ប្រាប់កាសែត​វីអូឌី (VOD) កាលពីថ្ងៃទី៣០ ខែមីនាថា អាជ្ញាធរ​កម្ពុជានឹងសហការ​ប្រសិនបើ​សមត្ថកិច្ចថៃ​ទំនាក់ទំនង​មកកាន់​កម្ពុជា។ លោក​បន្តថា ក្នុងនាម​ប្រទេសជា​សមាជិក​អាស៊ាន​ដូចគ្នា​កម្ពុជា​នឹងសហការ​ក្នុងបង្ក្រាប​ ការជួញដូរមនុស្ស​ ការ​បង្ខាំង​មនុស្ស​ និងការឆ្លង​ដែនខុសច្បាប់​ជាដើម។

ចាប់​តាំង​ពី​​ខែ​មករា​ ដល់​ខែ​កញ្ញា ឆ្នាំ២០២១​កន្លងទៅ​ មាន​ជនជាតិ​ថៃ​​​ជិត ​១០០​​ ​ត្រូវ​បាន​មន្ត្រី​ស្ថានទូត​​ថៃ​ជួយ​សង្គ្រោះ​ពួកគេឱ្យ​​ត្រឡប់​​ទៅ​​ប្រទេស​ថៃ​វិញ។ ​ជន​ជាតិ​​ថៃ​​ទាំង​នោះ​​​ត្រូវ​បាន​​ជនជាតិ​ចិន​​បោក ​ឱ្យ​ទៅ​​ធ្វើ​ការ​​នៅ​ក្នុង​បន​ល្បែង​កាស៊ីណូ​អនឡាញ នៅ​ខេត្ត​កំពត​ រាជធានី​ភ្នំពេញ​ ក្រុង​ព្រះសីហនុ និង​ខេត្ត​បន្ទាយមានជ័យ​​ ​ដោយ​​សន្យា​​នឹង​ផ្ដល់​ប្រាក់​ឈ្នួល​​​ចន្លោះ​ពី​ ៧រយ ​ទៅ ​១ពាន់​ដុល្លារ (១០០០) ​ក្នុង​​មួយ​ខែ​។

រីឯក្នុងខែមករា ឆ្នាំ២០២២ នេះវិញ ​​ពលករ​ថៃជាង ៥រយ​(៥៥៨) ​នាក់​​បាន​ចាញ់​បោក​ និង​ត្រូវ​បានគេបង្ខំ​ឱ្យ​ធ្វើ​ការ​ខុសច្បាប់​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ​ ក្នុង​ខេត្តពោធិ៍សាត់​ កោះកុង ក្រុងប៉ោយប៉ែត និងខេត្ត​ព្រះសីហនុ​។ អាជ្ញាធរ​ថៃ​បាន​សហការ​ជា​មួយ​អាជ្ញាធរ​កម្ពុជា​ជួយ​សង្គ្រោះ​បញ្ជូន​ពួកគេទៅ​ប្រទេស​ថៃ​វិញ​។

ជុំវិញ​រឿង​នេះ នាយក​រង​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូលោក អំ សំអាត​ បន្តស្នើយ៉ាង​ទទូចដល់រដ្ឋាភិបាល​ឱ្យមានការ​ទប់ស្កាត់​ករណីចាប់ជម្រិត​មនុស្ស​ឱ្យមាន​ប្រសិទ្ធភាព។ លោក​បារម្ភថា បើករណី​បទល្មើសឧក្រិដ្ឋ​ជាច្រើននៅតែ​បន្តកើតឡើងឥតថមថយ​បែបនេះ ​ពលរដ្ឋជាម្ចាស់ស្រុក​នឹងប្រឈម​ជួបបញ្ហា​អសន្តិសុខ ​និងរស់នៅ​ទាំងមាន​ការភ័យខ្លាច​៖ «អង្គការសង្គមស៊ីវិល​មានការព្រួយបារម្ភទីមួយកាស៊ីណូ​ខុសច្បាប់​ ជួលអគារ​ខុសច្បាប់​ឱ្យក្លាយជា​កន្លែងមួយ​​នៃការប្រព្រឹត្តបទល្មើស​ក្នុងការចាប់ជម្រិត​ ជួញដូរ​កម្លាំងពលកម្ម ​ប្រើប្រាស់​ក្នុងការប្រព្រឹត្តបទ​ឧក្រិដ្ឋផ្សេងៗ​។ យើងទាមទារ​ឱ្យមាន​ការបង្ក្រាប​ និង​ការ​ទប់ស្កាត់​ឱ្យបាន។ បើជនណា​ពាក់ព័ន្ធជា​មន្រ្តីណាមួយ​ក៏​ដោយ​ត្រូវតែ​អនុវត្ត​តាម​ផ្លូវច្បាប់​»

កាល​ពី​ថ្ងៃ​ទី១០ ខែមីនា ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​រួម​គ្នា​​មួយ​ដោយ​ពួក​គេ​​​ព្រួយ​​បារម្ភ​​ជា​​ខ្លាំង​​ចំពោះ​ការ​​កើន​​ឡើង​​នៃ​ការ​​ជួញ​​ដូរ​​មនុស្ស ​ការ​ចាប់​​បង្ខំ​​ឱ្យធ្វើ​​ពលកម្ម​ អំពើ​​ទាសភាព និង​​ទារុណ​កម្ម នៅ​តាម​​បរិវេណ​​អគារ​​នានា​នៅ​​កម្ពុជា។ ពួក​គេ​ក៏​បាន​បញ្ជាក់​​ថា ការ​​រំលោភ​បំពាន​​ពាក់​ព័ន្ធ​​នឹង​​ជនបរ​ទេស​ ដែល​​ត្រូវ​​បាន​​ចាប់​ជំរិត លក់ ជួញដូរ ឬត្រូវ​បោក​​បញ្ឆោត ឲ្យ​ទទួល​​ការ​ងារ​​នៅ​​ក្នុង​​ខេត្ត​មួយ​ចំនួន រួមមាន ខេត្ត​ព្រះ​សីហនុ ភ្នំពេញ ពោធិ៍សាត់ កោះកុង ជា​ដើម។ បន្ទាប់​មក​ពួក​គេ​​ត្រូវ​បាន​​ឃុំ​ខ្លួន​ ក្នុង​​បរិវេណ​​អគារ​ធំៗ និង​​ត្រូវ​​បង្ខំ​​ឲ្យ​ធ្វើ​ការ​​លើស​ម៉ោង គ្មាន​ពេល​​សំរាក​​ជា​ដើម។ ជន​រង​គ្រោះ​​ដែល​បាន​​រត់​គេច​​ខ្លួន​​រួច បាន​​រាយការណ៍​​ថា ពួក​គេ​ត្រូវ​បាន​​ធ្វើ​បាប​​ទាំង​​រាង​កាយ ផ្លូវ​ចិត្ត រង​អំពើ​​ហិង្សា​​ពី​​សំណាក់​ក្រុម​​ដែល​​បង្ខាំង​​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល