មន្ត្រីសង្គមស៊ីវិល រិះគន់ថា អាជ្ញាធរអនុវត្តច្បាប់ធូររលុងលើក្រុមឧក្រិដ្ឋជន ទើបករណីបទល្មើសចាប់បង្ខាំងមនុស្សនៅកម្ពុជាមិនទាន់មានការថមថយនៅឡើយ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពីមន្ត្រីជាន់ខ្ពស់ប៉ូលិសថៃ នឹងគ្រោងមកកម្ពុជាពាក់ព័ន្ធការជួយសង្គ្រោះជនជាតិថៃជាង៣ពាន់នាក់ (៣.០០០) ដែលត្រូវបានជនជាតិចិនចាប់បង្ខាំងខ្លួនឱ្យធ្វើការខុសច្បាប់នៅកម្ពុជា។
មន្រ្តីសង្គមស៊ីវិល មើលឃើញថា ករណីចាប់ជម្រិតបង្ខាំងមនុស្សឱ្យធ្វើការខុសច្បាប់នៅតែមានការកើតច្រើននៅកម្ពុជា។ ពួកគេព្រួយបារម្ភថា បើក្រុមឧក្រិដ្ឋជននៅតែបន្តយកកម្ពុជាជាទីកន្លែងបង្ខាំងមនុស្សដូចសព្វថ្ងៃនេះ នោះកម្ពុជានឹងរងផលអវិជ្ជមានកាន់តែខ្លាំង។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP Center) លោក យង់ គិមអេង ចង់ឃើញអាជ្ញាធរ និងក្រសួងជំនាញបើកការស៊ើបអង្កេតឱ្យមានប្រសិទ្ធភាពចាប់ខ្លួនមេខ្លោងដែលតែងតែយកកម្ពុជាធ្វើជាកន្លែងរកស៊ីខុសច្បាប់។ លោក យង់ គិមអេង មើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមឧក្រិដ្ឋជនដែលភាគច្រើនជាជនជាតិចិន បានបង្កហានិភ័យច្រើនដល់កម្ពុជា ក្នុងនោះរួមទាំងការកាន់អាវុធបាញ់ប្លន់តាមសាធារណៈ លំហូរគ្រឿងញៀន និងចាប់មនុស្សបង្ខាំងដើម្បីជម្រិតទារប្រាក់ជាដើម៖ «បើមានជនជាតិចិនធ្វើអញ្ចឹងគួរតែមានការស៊ើបអង្កេត ដាក់ទោសទណ្ឌគាត់កុំឱ្យតែចេះប្រព្រឹត្តបទល្មើសតទៅទៀត។ បើមានការបង្ខាំងមនុស្សដូចជាព័ត៌មានគេផ្សាយមែនជាសោកនាដកម្មមួយសម្រាប់កម្ពុជា »។
ប្រតិកម្មមន្ត្រីសង្គមស៊ីវិលរូបនេះធ្វើឡើងក្រោយពីមន្រ្តីជាន់ខ្ពស់ប៉ូលីសថៃនឹងគ្រោងមកជួបអាជ្ញាធរកម្ពុជានៅថ្ងៃទី២ ខែមេសាខាងមុខ ដើម្បីស្នើអន្តរាគមន៍ជួយសង្គ្រោះជនជាតិថៃប្រមាណជាង៣ពាន់នាក់ដែលត្រូវបានជនជាតិចិនបង្ខាំងឱ្យធ្វើការខុសច្បាប់នៅកម្ពុជា។
ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោក សុរាឆេត ហាក់ផន (Surachate Hakparn) ប្រាប់កាសែតបាងកកប៉ុស្តិ៍ (Bangkok Post)ថា លោកនឹងដឹកនាំមន្ត្រីជាន់ខ្ពស់ប៉ូលិសមកក្រុងភ្នំពេញ និងមានការត្រៀមនាវាមួយគ្រឿងសម្រាប់ដឹកជញ្ជូនជនជាតិថៃទាំងនោះវិលចូលប្រទេសថៃវិញ។ កាសែតបាងកកប៉ុស្តិ៍ក៏បានបង្ហាញថា ជនជាតិចិនដែលចាប់បង្ខាំងជនជាតិថៃកន្លងមក ក្រុមឧក្រិដ្ឋជនចិនទាំងនោះក៏មានជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាផងដែរ។
អ្នកដែលបានជួយសង្គ្រោះភាគច្រើនចេញពីទីតាំងអគារប្រតិបត្តិការឆបោកដែលមានទំនាក់ទំនងជាមួយអ្នកជំនួញនៃគណបក្សកាន់អំណាចក្នុងនោះរួមមាន សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា លោក កុក អាន ស្ថាបនិកក្រុមហ៊ុន ផាយផេ (Pi Pay) លោក ឬទ្ធី សំណាង និងលោក ទ្រី ភាព ជាដើម។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកវិអូឌី (VOD)។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន និងអគ្គនាយកអន្តោប្រវេសន៍លោក គៀត ច័ន្ទថារិទ្ធ ដើម្បីសាកសួរបន្ថែមបញ្ហានេះបានទេនៅថ្ងៃទី៣១ ខែមីនា។
ចំណែកឯអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ លោកក៏បដិសេធមិនធ្វើអធិប្បាយជុំវិញរឿងនេះ។
ប៉ុន្តែ លោក ឆាយ គឹមខឿន ប្រាប់កាសែតវីអូឌី (VOD) កាលពីថ្ងៃទី៣០ ខែមីនាថា អាជ្ញាធរកម្ពុជានឹងសហការប្រសិនបើសមត្ថកិច្ចថៃទំនាក់ទំនងមកកាន់កម្ពុជា។ លោកបន្តថា ក្នុងនាមប្រទេសជាសមាជិកអាស៊ានដូចគ្នាកម្ពុជានឹងសហការក្នុងបង្ក្រាប ការជួញដូរមនុស្ស ការបង្ខាំងមនុស្ស និងការឆ្លងដែនខុសច្បាប់ជាដើម។
ចាប់តាំងពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ មានជនជាតិថៃជិត ១០០ ត្រូវបានមន្ត្រីស្ថានទូតថៃជួយសង្គ្រោះពួកគេឱ្យត្រឡប់ទៅប្រទេសថៃវិញ។ ជនជាតិថៃទាំងនោះត្រូវបានជនជាតិចិនបោក ឱ្យទៅធ្វើការនៅក្នុងបនល្បែងកាស៊ីណូអនឡាញ នៅខេត្តកំពត រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តបន្ទាយមានជ័យ ដោយសន្យានឹងផ្ដល់ប្រាក់ឈ្នួលចន្លោះពី ៧រយ ទៅ ១ពាន់ដុល្លារ (១០០០) ក្នុងមួយខែ។
រីឯក្នុងខែមករា ឆ្នាំ២០២២ នេះវិញ ពលករថៃជាង ៥រយ(៥៥៨) នាក់បានចាញ់បោក និងត្រូវបានគេបង្ខំឱ្យធ្វើការខុសច្បាប់នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តពោធិ៍សាត់ កោះកុង ក្រុងប៉ោយប៉ែត និងខេត្តព្រះសីហនុ។ អាជ្ញាធរថៃបានសហការជាមួយអាជ្ញាធរកម្ពុជាជួយសង្គ្រោះបញ្ជូនពួកគេទៅប្រទេសថៃវិញ។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត បន្តស្នើយ៉ាងទទូចដល់រដ្ឋាភិបាលឱ្យមានការទប់ស្កាត់ករណីចាប់ជម្រិតមនុស្សឱ្យមានប្រសិទ្ធភាព។ លោកបារម្ភថា បើករណីបទល្មើសឧក្រិដ្ឋជាច្រើននៅតែបន្តកើតឡើងឥតថមថយបែបនេះ ពលរដ្ឋជាម្ចាស់ស្រុកនឹងប្រឈមជួបបញ្ហាអសន្តិសុខ និងរស់នៅទាំងមានការភ័យខ្លាច៖ « អង្គការសង្គមស៊ីវិលមានការព្រួយបារម្ភទីមួយកាស៊ីណូខុសច្បាប់ ជួលអគារខុសច្បាប់ឱ្យក្លាយជាកន្លែងមួយនៃការប្រព្រឹត្តបទល្មើសក្នុងការចាប់ជម្រិត ជួញដូរកម្លាំងពលកម្ម ប្រើប្រាស់ក្នុងការប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗ។ យើងទាមទារឱ្យមានការបង្ក្រាប និងការទប់ស្កាត់ឱ្យបាន។ បើជនណាពាក់ព័ន្ធជាមន្រ្តីណាមួយក៏ដោយត្រូវតែអនុវត្តតាមផ្លូវច្បាប់ »។
កាលពីថ្ងៃទី១០ ខែមីនា ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយដោយពួកគេព្រួយបារម្ភជាខ្លាំងចំពោះការកើនឡើងនៃការជួញដូរមនុស្ស ការចាប់បង្ខំឱ្យធ្វើពលកម្ម អំពើទាសភាព និងទារុណកម្ម នៅតាមបរិវេណអគារនានានៅកម្ពុជា។ ពួកគេក៏បានបញ្ជាក់ថា ការរំលោភបំពានពាក់ព័ន្ធនឹងជនបរទេស ដែលត្រូវបានចាប់ជំរិត លក់ ជួញដូរ ឬត្រូវបោកបញ្ឆោត ឲ្យទទួលការងារនៅក្នុងខេត្តមួយចំនួន រួមមាន ខេត្តព្រះសីហនុ ភ្នំពេញ ពោធិ៍សាត់ កោះកុង ជាដើម។ បន្ទាប់មកពួកគេត្រូវបានឃុំខ្លួន ក្នុងបរិវេណអគារធំៗ និងត្រូវបង្ខំឲ្យធ្វើការលើសម៉ោង គ្មានពេលសំរាកជាដើម។ ជនរងគ្រោះដែលបានរត់គេចខ្លួនរួច បានរាយការណ៍ថា ពួកគេត្រូវបានធ្វើបាបទាំងរាងកាយ ផ្លូវចិត្ត រងអំពើហិង្សាពីសំណាក់ក្រុមដែលបង្ខាំងពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។