ក្រសួងសង្គមកិច្ច ចាប់ផ្ដើមបញ្ជូនមនុស្សចេញពីមណ្ឌលសង្គមកិច្ចព្រៃស្ពឺនៅរាជធានីភ្នំពេញហើយនៅថ្ងៃទី៩កុម្ភៈ ដើម្បីត្រៀមបិទមណ្ឌលនេះ បន្ទាប់ពីអង្គការសង្គមស៊ីវិលរកឃើញថាមានមនុស្សស្លាប់នៅក្នុងមណ្ឌលនេះជាបន្តបន្ទាប់។ ទោះជាយ៉ាងណា អតីតអ្នកជាប់ឃុំនៅមណ្ឌលនេះ និងមន្ត្រីសង្គមស៊ីវិល ថារដ្ឋាភិបាល គួរតែបិទមណ្ឌលសង្គមកិច្ចព្រៃស្ពឺឱ្យបានឆាប់ ដើម្បីកុំឱ្យអ្នកជាប់ឃុំស្លាប់បន្តទៀត។
ក្រសួងចាប់ផ្ដើមបញ្ជូនមនុស្សចេញពីមណ្ឌលសង្គមកិច្ចព្រៃស្ពឺ តាំងពីថ្ងៃទី៨ កុម្ភៈរហូតមក ហើយក្រសួងបានកំណត់អត្តសញ្ញាមនុស្សជាផ្នែកៗ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី ប្រាប់សារព័ត៌មានវីអូឌី ថា បុគ្គលដែលធ្លាប់ប្រើប្រាស់គ្រឿងញៀននឹងត្រូវបញ្ជូនទៅបន្សាបគ្រឿងញៀន ចំណែកជនអនាថាបញ្ជូនពួកគេទៅផ្ទះសម្បែងតាមខេត្តរៀងខ្លួន រីឯមនុស្សវិកលចរិតនឹងបញ្ជូនមណ្ឌលកែប្រែវិបល្លាសស្មារតី។ លោកបញ្ជាក់ថា ប្រសិនបើបញ្ជូនមនុស្សចេញពីមណ្ឌលមួយនេះអស់ ក្រសួងអាចនឹងបិទមណ្ឌលសំចតព្រៃស្ពឺតែម្ដង។
ការបញ្ជូនមនុស្សចេញពីមណ្ឌលសង្គមកិច្ចព្រៃស្ពឺនេះ ធ្វើឡើងបន្ទាប់ពី តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស OHCHR ប្រចាំនៅកម្ពុជា អ្នកស្រី រួអេដា អិលហាច (Roueida EI Hage) ជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត អំពីស្ថានភាពមណ្ឌលសំចតព្រៃស្ពឺនៅទីស្ដីការក្រសួងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៧ កុម្ភៈ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសង្គមកិច្ច ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៩ កុម្ភៈ ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ទោះជាយ៉ាងណាអតីតអ្នកជាប់ឃុំនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ លោកស្រី ជុំ ង៉ាន់ ប្រៀបមណ្ឌលមួយនេះថាជាឋាននរកសម្រាប់មនុស្ស ដោយពុំមែនជាកន្លែងអប់រំកែប្រែមនុស្សឡើយ។ ជាងនេះទៅទៀតលោកស្រីថា អាជ្ញាធរដាក់មនុស្សឆ្កួត ជនពិការ និងជនអនាថាលាយឡំជាមួយគ្នា ដោយគ្មានការអប់រំមើលថែនិងគ្មានអាហារហូបចុកគ្រប់គ្រាន់នោះទេ ដូច្នេះរដ្ឋាភិបាលគួរតែបិទមណ្ឌលនេះឱ្យបានឆាប់។
លោកស្រី ជុំ ង៉ាន់៖ «ថាចាប់ពួកខ្ញុំយកទៅកែប្រែ មានកែប្រែអី យកហ្នឹងយកទៅឃុំឃាំងតែម្ដង។ ឃុំឃាំងកុំឱ្យជនបរទេសបើកឡានមើលឃើញ ខូចសណ្ដាប់គេអីអ៊ីចឹងហើយយ៉ាង តាមមើល។ និយាយទៅគេចាប់កុំឱ្យទើសភ្នែកគេតែម្ដង។ បើមនុស្សឆ្កួតតែម្ដងយកទៅដាក់កន្លែងហ្នឹងវាត្រូវហើយ ព្រោះគ្នាវាឆ្កួតគ្នាវាមិនដឹងអី ប៉ុន្តែមនុស្សដែលគេមានកាយសម្បទារឹងមាំ គេដឹងខុសដឹងត្រូវដែរ ទៅចាប់គ្នាយកទៅដាក់កន្លែងហ្នឹង ដូចជាយកគ្នាទៅចុះនរកទាំងរស់តែម្ដង » ។
ជុំវិញរឿងនេះនាយកទទួលបន្ទុកចាត់ការទូទៅ នៃអង្គការលីកាដូ លោក អុំ សំអាត នៅតែព្រួយបារម្ភខ្លាចរដ្ឋាភិបាលគ្រាន់តែបញ្ជូនមនុស្សមួយចំនួនចេញពីមណ្ឌលដោយមិនបានបិទមណ្ឌលសង្គមកិច្ចព្រៃស្ពឺ។ លោកបញ្ជាក់ថា មណ្ឌលមួយនេះរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើនឆ្នាំមកហើយ ដូច្នេះលោកថា ជម្រើសដែលល្អប្រសិនបើក្រសួងមិនអាចកែប្រែអ្នកជាប់ឃុំបានទេ ក្រសួងគួរតែបិទមណ្ឌលនេះចោលតែម្ដង ដើម្បីកុំមានការរិះគន់ដល់រដ្ឋាភិបាលនិងធ្វើឱ្យខូចមុខមាត់កម្ពុជាថាជាប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក អំ សំអាត៖ «អីចឹងជាជំហររបស់អង្គការលីកាដូ យើងគិតថា ការកែលំអហ្នឹងវាច្រើនហើយ តែមិនអាចទៅរួច។អីចឹងយើងនៅតែរក្សាថាគួរតែសុំបិទមណ្ឌលហ្នឹងទៅពីព្រោះ ការអូសពេលបន្លាយវាអាចនឹងមានរឿងការរំលោភសិទ្ធិមនុស្សកើតឡើងទៀតហើយ។អីចឹងអ្វីដែលអង្គការលីកាដូនៅតែរក្សាជំហរដូចកាលដែលយើងចេញកាលពីចុងឆ្នាំឆ្នាំ២០២២គឺសុំឱ្យបិទមណ្ឌល ដោយសារវាអត់មានអ្វីកែប្រែហើយវាបង្កើននូវការរំលោភសិទ្ធិមនុស្សហ្នឹងបាទ » ។
មណ្ឌលសង្គមកិច្ចព្រៃស្ពឺ គឺជាកន្លែងដែលអាជ្ញាធរបានចាប់មនុស្សចាស់ កុមារនៅតាមចិញ្ចើមផ្លូវ អ្នកគ្មានទីជម្រក អ្នកប្រើប្រាស់គ្រឿងញៀន ស្ត្រីរកស៊ីផ្លូវភេទ និងជនវិកលចរិតជាដើមយកទៅអប់រំកែប្រែនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៉ុន្តែអង្គការសិទ្ធិមនុស្ស និងអ្នកធ្លាប់ជាប់ឃុំនៅទីនោះថា មណ្ឌលសង្គមកិច្ចព្រៃស្ពឺ មិនបានបង្រៀនវិជ្ជាជីវៈដល់អ្នកជាប់ឃុំនៅទីនោះទេ។
កន្លងទៅថ្មីៗ នេះអង្គការលីកាដូរកឃើញមនុស្សពីរនាក់បានស្លាប់ ពេលកំពុងឃុំខ្លួនដោយមិនត្រឹមត្រូវក្នុងមណ្ឌលសង្គមកិច្ចព្រៃស្ពឺរបស់រដ្ឋ ដែលស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២២។ លើសពីនេះ អង្គការនេះបញ្ជាក់ថា ខ្លួនមានភស្តុតាងបង្ហាញថា មនុស្សជាង ១០នាក់បានស្លាប់ ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់នៅចន្លោះពីខែកក្កដា និងខែសីហា ឆ្នាំ២០២២។ បន្ទាប់ពីទទួលបានព័ត៌មានអំពីការស្លាប់ អង្គការលីកាដូបានដាក់លិខិតស្នើសុំការអនុញ្ញាតបញ្ជូនក្រុមគ្រូពេទ្យវាយតម្លៃ និងព្យាបាលអ្នកជាប់ឃុំនៅក្នុងមណ្ឌលដែរ ប៉ុន្តែ លិខិតស្នើសុំ ដែលដាក់ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ពុំបានទទួលការឆ្លើយតបទេ ស្របពេលការរឹតត្បិតក្នុងការចូលទៅកាន់មណ្ឌលព្រៃស្ពឺនោះនៅតែបន្តកើតមានដដែល។
អង្គការនេះបញ្ជាក់ទៀតថា គិតត្រឹមខែសីហា ឆ្នាំ២០២២ ដែលជាអំឡុងពេលនៃការកើនឡើងនូវអ្នកជាប់ឃុំនៅក្នុងមណ្ឌលឃុំខ្លួនព្រៃស្ពឺ មានមនុស្សជាង ៤០០នាក់ ត្រូវបានឃុំខ្លួនដោយមិនត្រឹមត្រូវ ដោយគ្មានការយកចិត្តទុកដាក់ និងអើពើពីបុគ្គលិកមណ្ឌល រហូតដល់មានមនុស្សស្លាប់២នាក់។ សាក្សីមួយចំនួនបញ្ជាក់ថា ស្ថានភាពមណ្ឌល ដូចឋាននរក ដោយមានបន្ទប់ឃុំឃាំងចង្អៀតណែនខ្លាំង កង្វះចំណីអាហារ មានការប្រើអំពើហិង្សាដល់អ្នកមិនស្ដាប់តាមការណែនាំ ខណៈការថែទាំសុខភាពអ្នកជាប់ឃុំ គឺទទួលបានតែថ្នាំប៉ារ៉ាសេតាម៉ុល (Paracetamol) តែប៉ុណ្ណោះ ទោះបីជាមានជំងឺធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។
មន្ត្រីសង្គមស៊ីវិល ជឿជាក់ថា ប្រសិនបើរដ្ឋាភិបាលមិនបិទមណ្ឌលនេះឱ្យបានឆាប់ទេនោះ នឹងធ្វើឱ្យមនុស្សស្លាប់ដោយសារការរំលោភសិទ្ធិមនុស្សបន្តទៀតជាមិនខានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។