រដ្ឋាភិបាល​​ជំរុញ​​​​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធចូលរួម​​ទប់​​ស្កាត់​​ការ​​កេង​​ប្រវ័ញ្ច​ផ្លូវ​ភេទ​​កុមារ​​ តាម​​​ប្រព័ន្ធ​​​អ៊ីនធឺណិត​

ដោយ អាស៊ីសេរី
2021.07.14
រដ្ឋាភិបាល​​ជំរុញ​​​​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធចូលរួម​​ទប់​​ស្កាត់​​ការ​​កេង​​ប្រវ័ញ្ច​ផ្លូវ​ភេទ​​កុមារ​​ តាម​​​ប្រព័ន្ធ​​​អ៊ីនធឺណិត​ (ឆ្វេងខាងលើ) លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វង សូត រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​​ដើម្បី​កុមារ ​​ក្នុង​ពិធី​ប្រកាស​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​សកម្មភាព​ដើម្បី​បង្ការ​ទប់ស្កាត់​និង​ឆ្លើយតប​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​(Online) ឆ្នាំ​២០២១-២០២៥​ នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា ឆ្នាំ២០២១ តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ ZOOM។
រូប៖ ហ្វេសប៊ុកក្រសួងមហាផ្ទៃ

កំណើន​នៃ​ការ​ប្រើ​ប្រាស់​​បច្ចេកវិទ្យា​​​ ឬ​​​អ៊ីនធឺណិត​នៅ​​ពេល​បច្ចុប្បន្ន​ ​អាច​នឹង​​​​ធ្វើ​ឲ្យ​​កុមារ​ងាយ​រង​គ្រោះ​ពី​​ការ​​លួងលោម រំលោភ​បំពាន់ និង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ។

រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​​ដើម្បី​កុមារលោក វង សូត លើក​ឡើង​​​​​​ថា​​ ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​​នៅ​កម្ពុជា​​មាន​លក្ខណៈ​​មិន​ខុស​គ្នា​ប៉ុន្មាន​​ពី​បណ្ដា​ប្រទេស​ផ្សេង​ទៀត​​​នោះទេ ​គឺ​​ភាគ​ច្រើន​កើត​ឡើង​តាម​រយៈ​​គេហទំព័រ បណ្ដាញ​​សង្គម​នានា​ និង​តាម​រយៈ​ទូរស័ព្ទ​ដៃ​វ័យ​ឆ្លាត (Smart Phone) ជាដើម​។ លោក​បញ្ជាក់​ថា បញ្ហា​ទាំង​នេះ​​ក៏​ជា​កង្វល់​របស់​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​គ្នា​ដែរ៖ «នៅ​កម្ពុជា​ស្រប​ពេល​​ដែល​បច្ចេកវិទ្យា​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ និង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​វ័យ​ឆ្លាត​មាន​ការ​ពេញ​និយម​នោះ ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​​បាន​ក្លាយ​ជា​ក្ដី​បារម្ភ​ថ្មី​មួយ​ទៀត​​ដែល​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​ធ្វើការ​រួម​គ្នា​ដើម្បី​ទប់​ស្កាត់ និង​ការពារ​ការ​រំលោភ​បំពាន​»។

ការ​ថ្លែងបែប​នេះ​​ធ្វើ​ឡើង​​ក្នុង​ពិធី​ប្រកាស​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​សកម្មភាព​ដើម្បី​បង្ការ​ទប់ស្កាត់​និង​ឆ្លើយតប​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​(Online) ឆ្នាំ​២០២១-២០២៥​ នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ZOOM​ ​ដោយ​មាន​​​តំណាងរដ្ឋាភិបាល អាជ្ញាធរ​​រាជធានី​ខេត្ត​​ នគរបាល តំណាង​ស្ថានទូត​បរទេសប្រចាំនៅ​កម្ពុជា ​​និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ ​អន្តរជាតិ​​​ ដែល​ធ្វើការ​​វិស័យ​សិទ្ធិ​កុមារចូលរួម។ 

ជាមួយ​គ្នា​នោះ ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ​(ក.ជ.ក)​ និង​អង្គការ​ពាក់ព័ន្ធ​បាន​ចេញ​​សេចក្ដី​​ប្រកាស​ព័ត៌មាន​រួម​​ទទួល​ស្គាល់ថា ​​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​ជា​បញ្ហា​​សកល និង​កំពុង​បង្ក​ហានិភ័យ​ដល់​កុមារ​គួរ​ព្រួយ​បារម្ភ។ បន្ថែម​ពី​នេះ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃលោក ស ខេង លើក​ឡើង​ដែរ​ថា​ ​ផល​អវិជ្ជមាន​នៃ​ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ​បច្ចេកវិទ្យា​ខុស​គោលដៅ និង​ការ​ជ្រៀត​​ពី​ក្រុម​ឧក្រិដ្ឋជន​បង្កើត​ឱ្យ​មាន​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​​កុមារ​តាម​ប្រព័ន្ធ​អនឡាញ និង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​​ក្នុង​ទម្រង់​ថ្មី​មួយ​​​ដែល​ពិភព​លោក​កំពុង​ប្រឈម​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ (Covid-19)

លោក ស ខេង ក៏​បាន​​​រំឭក​ឲ្យ​​​​​​អាជ្ញាធរ​ពាក់ព័ន្ធ​​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់​​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​​បច្ចេកវិទ្យាទំនើបនេះឲ្យ​បាន​។ លោក​ក៏​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើអន្តរាគមន៍ និង​ដោះស្រាយ​បទ​ល្មើស​បច្ចេកវិទ្យា ​ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ជា​អាទិភាព​​ដើម្បីដោះស្រាយ​ករណី​កុមាររងគ្រោះ​ឲ្យ​បាន​ទាន់​ពេល​វេលា​និង​មាន​ប្រសិទ្ធ​ភាព​។ ថ្វី​ត្បិត​តែ​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​លើ​​ច្បាប់​អន្តរជាតិ​នានា​ដែល​ធានា​ដល់​​សិទ្ធិ​កុមារ​​រួច​ហើយ​ក៏​ដោយ​ លោក ស ខេង ទទួល​​ស្គាល់​ថា​​ ច្បាប់​បញ្ញត្តិ​របស់​កម្ពុជា​មួយ​​ចំនួន នៅ​ខ្វះ​ចន្លោះ។ ដូច្នេះលោកបញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​មើល​​ច្បាប់​នានា​ដើម្បី​ធានា​ដល់​ការ​ទប់​ស្កាត់​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ​៖ «ការ​កេង​ប្រវ័ញ្ច និង​ឧក្រិដ្ឋកម្ម​គ្រប់​រូប​ភាព​រួម​ទាំង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ​ ដែល​ជា​ទម្រង់​ថ្មី​មួយ​កំពុង​រាលដាល និង​បង្ក​ហានិភ័យ​ខ្ពស់​​ដល់​កុមារ​លើ​ពិភព​លោក​រួម​ទាំង​កម្ពុជា​យើង​ផង​ដែរ»។​​

កម្ពុជា​បាន​​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​​មួយ​ចំនួន​រួច​ហើយ ដើម្បី​ការ​ពារ​កុមារ​ដូចជា​​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​ ​​ការ​ជួញដូរ​កុមារ ការ​ធ្វើ​ពេស្យា​កម្ម​ និង​​រូបភាព​អាស​អាភាស​លើ​កុមារ ​ការ​ទប់​ស្កាត់​​សកម្មភាព​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ ​​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​កុមារ​ ការ​​ទប់​ស្កាត់​អំពើ​​កេងប្រវ័ញ្ច និង​រំលោភ​បំពាន​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អនឡាញ (Online) ជាដើម​។

ការ​ស្រាវជ្រាវ​​របស់​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ ​​រក​ឃើញ​ថា​ នៅ​ឆ្នាំ​២០២០​កន្លងទៅ មាន​កុមារ​ប្រមាណ​​​ ៦០​ភាគរយ​ នៃ​កុមារ​​​ទាំង​អស់​ដែល​បាន​​ចូលរួម​ក្នុង​ដំណើរការ​អង្កេត​​​រាយការណ៍​ថា ​ធ្លាប់​​ជួប​ប្រទះ​ហានិភ័យ​នៃ​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​អនឡាញ ​ដូចជា ការ​លួង​លោម​ក្នុង​គោល​ដៅ​ផ្លូវ​ភេទ និង​ការ​បង្ខំ​ផ្ញើ​រូប​អាក្រាត​របស់​កុមារជាដើម។

ថ្វីត្បិត​តែ​​កម្ពុជា​មិន​ទាន់​មាន​​របាយការណ៍​​ជាក់​លាក់​​ពី​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ តែ​អាជ្ញាធរ​​​សន្និដ្ឋាន​ថា ​​ការ​កេង​ប្រវ័ញ្ច​នេះ​កើត​ឡើង​ជា​មធ្យម​​មាន​ប្រមាណមួយ​រយ​ហាសិប ​(១៥០)​ ករណី ក្នុង​១​ឆ្នាំ​ ក្នុង​រូបភាព​ជា​ការ​លួងលោម​កុមារ​តាម​អនឡាញ ការ​ផលិត ការ​​ចែកចាយ​រូបភាព និង​ចែក​ចាយ​សម្ភារ​អាសអាភាស​កុមារ ព្រម​ទាំង​​ការ​សម្លុត​​គំរាម​កំហែង​​​តាម​អ៊ីនធឺណិត​​ជាដើម។

ពលរដ្ឋ​​​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញលោកស្រី ចាន់​ ផល្គុន ​​ថ្លែងថា លោកស្រីមិន​សូវ​​​ដឹង​ពី​បញ្ហា​ការ​កេង​ប្រវ័ញ្ច​​​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ទេ ដោយ​សារ​មិន​ធ្លាប់​ជួប​ប្រទះ។ តែ​​យ៉ាង​ណា​លោកស្រី ព្រួយ​បារម្ភ​ថា ​ក្មេងៗនឹង​ងាយ​ចាញ់​បោក​ ឬ​ងាយ​​រង​ការ​កេង​ប្រវ័ញ្ច​នេះ ដោយ​សារ​ពួកគេ​​ស្ថិត​ក្នុង​វ័យ​ចង់​ចេះ ចង់​​ដឹង​ច្រើន​ពី​បច្ចេកវិទ្យា។ ជាង​នេះ​ទៅ​ទៀតលោកស្រី​យល់​ថា ​​ពលរដ្ឋ​ក្រីក្រ និង​ខ្វះ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ជា​ក្រុម​ប្រឈម​ខ្ពស់​នៃ​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ ព្រោះ​ពួកគាត់​​រវល់​ធ្វើការ​ និង​មិន​សូវ​មាន​ពេល​វេលា​​តាមដាន​សកម្មភាព​ និង​ការ​រៀន​សូត្រ​របស់​កូន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​៖ «អ៊ីចឹង​ពួកគាត់​ហ្នឹង​ងាយ​រងគ្រោះ​ជាង​ពួក​យើង​ទៀត។ យើង​ចេះ​តែ​ណែនាំ​បាន​ យើង​មាន​ពេល​ពន្យល់​។ តែ​អ្នក​ខ្លះ​គាត់​អត់​មាន​ពេល ហើយ​ក៏​គាត់​អត់​យល់​។ អ៊ីចឹង​ងាយ​មែនទែន។ ងាយ​លង់​ទៅ​នឹង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ ផ្លូវ​អារម្មណ៍ ហើយ​និង​មនុស្ស​វ័យ​ជំទង់»។

អ្នក​ឃ្លាំមើល​សិទ្ធិ​កុមារ​ ក៏​សង្កេត​ឃើញ​ថា ​កុមារ​នៅ​កម្ពុជា​ងាយ​នឹង​ចាញ់​បោក ឬ​រង​គ្រោះ​ពី​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ដែរ ក្នុង​ស្ថានភាព​ដែល​កុមារ​ត្រូវ​ការ​រៀន​សូត្រ​ទាំង​ស្រុង​​តាម​ប្រព័ន្ធ​អនឡាញ​ជា​ចាំបាច់​ នៅ​ពេល​នេះ។

ប្រធាន​ផ្នែក​​សិទ្ធិ​ស្ត្រី និង​កុមារ​នៃ​សមាគម​សិទ្ធិ​មនុស្ស​​អាដហុកអ្នកស្រី ម៉ៅ ម៉ាប់ ​ឲ្យ​ដឹង​​​ថា ​​​កុមារ​ភាគច្រើន​​​កំពុង​ប្រើប្រាស់​​ទូរស័ព្ទ និង​ប្រព័ន្ធ​អនឡាញ​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ ក្នុង​បរិបទ​​​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​ជំងឺ​កូវីដ-​១៩​នេះ​​។ ចំណែក​ឪពុក​ម្ដាយ​វិញ ​មិន​សូវ​បាន​រឹតត្បិត​ និង​តាម​ការ​សកម្មភាព​កូន​ដែរ ព្រោះ​ជាប់​រវល់​រក​ចំណូល​។ អ្នកស្រីបន្ត​ថា ​ក្មេង​ស្រី​ងាយ​រងគ្រោះ​ពី​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​អ៊ីនធឺណិត​ជាង​ក្មេង​ប្រុស ហើយ​ពួកគេ​អាច​នឹង​មាន​វិបត្តិ​ផ្លូវ​ចិត្ត ឬ​វិប្បដិសារី​ពេញ​មួយ​ជីវិត​ ប្រសិន​បើ​រង​ការ​បោក​ប្រាស់​នេះ។​​ អ្នក​ឃ្លាំមើល​សិទ្ធិ​កុមារ​​រូប​នេះ​ ជំរុញ​អាជ្ញាធរ​​អនុវត្ត​ច្បាប់ ​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​​ឧក្រិដ្ឋជន​តាម​អ៊ីនធឺណិត​​ យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ ​ទើប​អាច​ទប់​ស្កាត់​​​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​របស់​កុមារ​​​។ ម្យ៉ាង​ទៀត​ អាជ្ញាធរ និង​អាណាព្យាបាល​ត្រូវ​តែ​សកម្ម​​ទាំង​អស់​គ្នា​ ក្នុង​ការ​អប់រំ​ឲ្យ​ក្មេងៗ​​បាន​យល់​ដឹង​ពី​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ​តាម​អនឡាញ៖ «ទាមទារ​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​ចូលរួម​ ហើយ​ជា​ពិសេស​ដែរ​ហ្នឹង គឺ​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ដែល​​ធ្វើការ​ទាក់ទង​នឹង​ការ​អប់រំ​ផ្សព្វផ្សាយ​​តាម​មូលដ្ឋាន​ហ្នឹង​ក៏​គួរ​តែ​ចូលរួម​ផ្សព្វផ្សាយ​​អំពី​បញ្ហា​ហ្នឹង​ផង​ដែរ ពី​ព្រោះ​ថា ​ពេល​ខ្លះ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​​គាត់​អាច​ទៅ​​អត់​ដល់​តំបន់​ដាច់​ស្រយាល​​មួយ​ចំនួន។ អ៊ីចឹង​អង្គការ​ដែល​ធ្វើការ​ទាក់ទង​រឿង​ផ្សព្វផ្សាយ​ហ្នឹង​ក៏​ត្រូវ​តែ​បង្កើន​ការ​ចូលរួម​នៅ​ក្នុង​ការ​រួម​ចំណែក​ផ្សព្វផ្សាយ​ពី​បញ្ហា​ហ្នឹង​ទៅ​ដល់​បងប្អូន​។ ជា​ពិសេស​នៅ​តាម​សហគមន៍​ហ្នឹង​ផង​ដែរ»។

​​អង្គការ​យូនីសេហ្វ​(UNICEF)​​​​​ធ្លាប់​រក​ឃើញ​ថា ​​​កុមារី​ និង​ក្មេង​ស្រី​ជំទង់​រង​ការ​​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​អនឡាញ​ខ្ពស់​ជាង​ក្មេង​ប្រុស​ ខណៈ​​​នៅ​​កម្ពុជា ​​មាន​ក្មេង​ស្រី​ជំទង់​​អាយុ​ពី​ ១៥ ​ទៅ ​២៤ ​ឆ្នាំ​​ ​ជាង​ប៉ែតសិប​ (​៨៤,៤) ​ភាគរយ​ កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ខណៈ​​​​​​ក្មេង​ប្រុស​​មាន​ជាង​កៅសិប (​៩១,៥)​ ភាគរយ៕​​​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។