គណៈរដ្ឋមន្ត្រីបានសម្រេចឯកភាពទាំងស្រុងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុន លី យ៉ុងផាត់ សាងសង់ខ្សែបញ្ជូនថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ភ្ជាប់ពីភ្នំពេញទៅខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី មានទំហំទឹកប្រាក់វិនិយោគចំនួនជាង ៩២លានដុល្លារ។
ទីស្ដីការគណៈរដ្ឋមន្ត្រីប្រកាសថា គម្រោងវិនិយោគនេះនឹងដំណើរការប្រព័ន្ធសាងសង់ផ្ទេរប៊ី.អូ.ធី (BOT) ក្នុងរយៈពេលសម្បទាន ២៩ឆ្នាំ ដើម្បីអភិវឌ្ឍបណ្ដាញបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ងាយស្រួលក្នុងការបញ្ជូនថាមពលអគ្គិសនីទៅវិញទៅមកនៅទូទាំងប្រទេស។
យ៉ាងណាមិញ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ហៅការផ្តល់សិទ្ធិឲ្យក្រុមហ៊ុន លី យ៉ុងផាត់ ថាជាទង្វើខ្វះតម្លាភាព និងបក្ខពួកនិយម។ លោកបន្តថា រាជរដ្ឋាភិបាលទំនងជាមិនបានប្រកាសគម្រោងវិនិយោគនេះដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីធានាឲ្យមានតម្លាភាព និងទប់ស្កាត់អំពើពុករលួយឡើយ។ លោកបញ្ជាក់ថា តម្លៃអគ្គិសនីនឹងនៅតែមានតម្លៃខ្ពស់ ដរាបណារដ្ឋាភិបាលនៅតែផ្តល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគមិនមានលក្ខណៈប្រកួតប្រជែងនោះ។
វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់បន្ថែមពីមន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និងលោក លី យ៉ុងផាត់ បានទេ នៅថ្ងៃទី១១ ឧសភា ឆ្នាំ២០១៣។
ទោះយ៉ាងណាក្តី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា កន្លងទៅគម្រោងការអភិវឌ្ឍន៍ទាំងឡាយរបស់រាជរដ្ឋាភិបាល មិនសូវបានដាក់ឲ្យដេញថ្លៃប្រកួតប្រជែងជាសាធារណៈទេ។ លោកបន្តថា ដើម្បីធានាថាគ្រោងការណ៍អភិវឌ្ឍន៍របស់រដ្ឋមួយមានតម្លាភាព ពោលគឺត្រូវតែមានការប្រកួតប្រជែងគ្នារវាងក្រុមហ៊ុនឯកជនចម្រុះ។
កម្ពុជា មានប្រភពអគ្គិសនីចំនួន១១ ដែលបានចុះកិច្ចព្រមព្រៀងធ្វើការអភិវឌ្ឍផ្តល់ប្រភពឲ្យអគ្គិសនីកម្ពុជា ក្នុងនោះមាន ទិញអគ្គិសនីពីវៀតណាម ទិញអគ្គិសនីពីថៃ ទំនប់វារីអគ្គិសនីគីរីរម្យ១ វារីអគ្គិសនីកំចាយ វារីអគ្គិសនីគីរីរម្យ៣ វារីអគ្គិសនីអាតៃ វារីអគ្គិសនីស្ទឹងឫស្សីជ្រំក្រោម វារីអគ្គិសនីស្ទឹងតាតៃ រោងចក្រអគ្គិសនីធ្យូងថ្មរបស់ម៉ាឡេស៊ី និងរោងចក្រអគ្គិសនីធ្យូងថ្មរបស់ក្រុមហ៊ុនចិន និងវារីអគ្គិសនីសេសានក្រោម២។ អគ្គិសនីនៅថៃ មានតម្លៃប្រហែលជាង ២០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ អគ្គិសនីនៅវៀតណាម មានតម្លៃជាង ២០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងដែរ។ ចំណែកឯតម្លៃអគ្គិសនីនៅកម្ពុជា វិញ នៅតំបន់ដែលមានភ្លើងរដ្ឋទៅដល់ អគ្គិសនីមានតម្លៃចាប់ពី ៧០០រៀល ទៅដល់ ១.៥០០រៀល និងតាមតំបន់ដែលមិនមានភ្លើងរដ្ឋទៅដល់ អគ្គិសនីមានតម្លៃរហូតដល់ជាង ៣.០០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។