សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលគិតគូរដល់កម្មករសំណង់បម្រើឱ្យព្រឹត្តិការណ៍ស៊ីហ្គេម
2023.05.07
ស្របពេលដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងមានមោទនភាពក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បញ្ហាអវិជ្ជមានមួយសំខាន់ក៏លេចឡើងព្រមគ្នាដែរ។ នោះគឺស្ថានភាពរស់នៅ និងការងារដ៏លំបាករបស់ក្រុមកម្មករ ដែលសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យព្រឹត្តិការណ៍កីឡាមួយនេះ។ សហជីពស្នើដល់រដ្ឋាភិបាលឱ្យដោះស្រាយបញ្ហានេះ និងលើកកម្ពស់ការគោរពសិទ្ធិកម្មករសំណង់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុខចិត្តចំណាយលុយ ៧លានដុល្លារ ដើម្បីប៉ាវប្រតិភូកីឡាអាស៊ាន ដើម្បីឱ្យគេឯងមើលឃើញពីភាព «ថ្លើមធំ» នៃរបបដឹកនាំរបស់លោក។ ប៉ុន្តែកម្មករសំណង់ដែលប្រឹងប្រែងជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមវិញ រដ្ឋាភិបាលរបស់លោកហាក់មិនបានគិតគូរដិតដល់ចំពោះពួកគាត់នោះឡើយ។
សារព័ត៌មានដ៏ល្បីរបស់ជប៉ុន អេសៀ នីកេ (Asia Nikkei) រាយការណ៍កាលពីថ្ងៃទី៤ ឧសភាថា កម្មករសំណង់ជាច្រើនត្រូវបានគេប្រមូលមកពីតាមខេត្ត តាមរយៈអ្នកម៉ៅការ ដើម្បីឱ្យមកសម្រុកធ្វើការ និងរៀបចំពហុកីឡាដ្ឋានមរតកតេជោ ទីដែលគេរៀបចំកម្មវិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃទី៥ ឧសភា។ ក្រៅពីកម្មករខ្មែរ ក៏មានកម្មករខ្លះ មកពីប្រទេសវៀតណាម និងបង់ក្លាដេស (Bangladesh) ផងដែរ។
អ្នកម៉ៅការមួយរូបបានថ្លែងប្រាប់សារព័ត៌មាន Asia Nikkei ថា ការជ្រើសរើសកម្មករនេះទើបតែចាប់ផ្ដើមកាលពីចុងខែមីនាសម្រាប់ការងារដ៏ទាន់ហន់មួយនេះ ប៉ុន្តែចំនួនកម្មករដែលរកបាន មិនទាន់គ្រប់គ្រាន់នោះទេ។ លោកស្រីឱ្យដឹងថា មានយប់ខ្លះ ក្រុមគូលីរបស់លោកស្រីនៅបន្តចាក់បេតុងរហូតដល់ម៉ោង ២ទៀបភ្លឺ មុននឹងក្រោកឡើងវិញនៅម៉ោង ៥ព្រឹក។ ការងាររបៀបនេះ ធ្វើឱ្យពួកគាត់ម្នាក់ៗល្ហិតល្ហៃ និងចង់ដាច់ខ្យល់ម្ដងៗ។ ទោះជាត្រូវធ្វើការធ្ងន់ និងថែមម៉ោងច្រើនក៏ដោយ កម្មករមួយចំនួនអះអាងថា ថៅកែមិនបានប្រាក់ឈ្នួលរហូតដល់ ២ខែក៏មាន ខណៈប្រាក់ឈ្នួលនោះត្រឹមចន្លោះពី ២០០ ទៅ ៣០០ ដុល្លារប៉ុណ្ណោះ។
ទាក់ទងនឹងស្ថានភាពរស់នៅវិញ សារព័ត៌មានអន្តរជាតិដដែលរាយការណ៍ថា កម្មកររាប់រយនាក់កំពុងស្នាក់នៅក្នុងលំនៅឋានបណ្ដោះអាសន្នដ៏កខ្វក់ជុំវិញពហុកីឡាដ្ឋាន។ លំនៅឋានបណ្ដោះអាសន្ននោះតូចចង្អៀត ហើយពួកគេត្រូវស្នាក់នៅរួមគ្នាចន្លោះពី ៣ ទៅ ៤ គ្រួសារក្នុងមួយបន្ទប់។ បន្ទប់ទឹករួមគ្នាជាច្រើនបានខូចលែងដំណើរការ ហើយក្លិនស្អុយអសោចបានភាយចេញពីលូ។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន មានប្រសាសន៍ថា រដ្ឋាភិបាលបានប្រកាសចំណាយថវិការាប់រយលានដុល្លារដើម្បីរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដូច្នេះមិនគួរមានករណីរំលោភបំពានសិទ្ធិការងារលើកម្មករដែលជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យព្រឹត្តិការណ៍នេះឡើយ។ លោកស្នើឱ្យរដ្ឋាភិបាលពិនិត្យ និងដោះស្រាយករណីនេះ ព្រមទាំងលើកកម្ពស់ការគោរពសិទ្ធិកម្មករសំណង់។
លោក សុខ គីន៖ «រដ្ឋាភិបាល ភ្នាក់ងាររបស់រដ្ឋាភិបាល ជាពិសេសក្រសួងការងារគួរតែបកស្រាយអាហ្នឹងឱ្យបានច្បាស់ ដើម្បីបង្ហាញទៅសាធារណជនថា ភាគីណាមួយជាអ្នកទទួលខុសត្រូវទៅលើការរំលោភសិទ្ធិរបស់កម្មករ ការរំលោភលក្ខខណ្ឌការងាររបស់កម្មករនិយោជិតហ្នឹង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ហៅកាត់ថា ខេមសុក (CAMSOC) គឺលោក វ៉ាត់ ចំរើន ដើម្បីសុំការឆ្លើយតបអំពីរឿងនេះបាននៅឡើយទេ កាលពីថ្ងៃទី៥ និងទី៦ ឧសភា ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលមានតួនាទីជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC ផងនោះ បានសរសេរលើហ្វេសប៊ុកកាលពីថ្ងៃទី៥ ឧសភា ដោយទទួលស្គាល់ថា កម្ពុជាមិនមែនជាស្ថានសួគ៌នោះទេ។ ប៉ុន្តែក្នុងពេលជាមួយគ្នា លោកចាត់ទុកការចុះផ្សាយអំពីរឿងនេះថា ជាការបន្ទាបបន្ថោកកម្ពុជាទៅវិញ។
ទាក់ទងរឿងនេះដែរ អ្នកវិភាគនយោបាយលោក គឹម សុខ កត់សម្គាល់ថា រដ្ឋាភិបាលមិនបានបង្ហាញខ្ទង់ចំណាយជាក់លាក់ទៅលើអ្នកធ្វើការបម្រើឱ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមនោះឡើយ ក្នុងនោះក៏រាប់ទាំងការចំណាយទៅលើកម្មករសាងសង់ហេដ្ឋារចនាសម្ពន្ធកីឡាផងដែរ។ លោកសង្ស័យថា រដ្ឋាភិបាលអាចមិនមានថវិកាគ្រប់គ្រាន់ដើម្បីរៀបចំព្រឹត្តិការណ៍នេះ ហើយប្រហែលជាពឹងទៅលើលុយរបស់ពួកក្រុមឧកញ៉ាមួយចំនួនដែលរកស៊ីទុច្ចរិត។
លោក គឹម សុខ៖ «ពិធីនានា ដែលក្រុមលោក ហ៊ុន សែន រៀប តាំងពីអង្គរសង្ក្រាន្ត ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេមហ្នឹង ហាក់ដូចជាបង្ខំមន្ត្រីរាជការ ប្រមូលប្រជាពលរដ្ឋ កម្មករ-កម្មការិនី ឱ្យមកធ្វើការជំពាក់ប្រាក់ខែសិន ឬក៏ជំពាក់លុយឈ្នួលសិន ហើយទើបរដ្ឋាភិបាលព្យាយាមដោះស្រាយជាបន្តបន្ទាប់ បន្តិចម្ដងៗ ហើយមែនទែនទៅ ប្រសិនបើដោះស្រាយមិនបាន ទំនងជាមិនទូទាត់ឱ្យទៅទៀត»។
លោក ខៀវ កាញារីទ្ធ ធ្លាប់និយាយកាលពីខែមេសាថា ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌កំពុងចែកគ្នាភ័យ ព្រោះជិតដល់ថ្ងៃស៊ីហ្គេមហើយ ប៉ុន្តែអនុគណៈកម្មការនីមួយៗមិនដែលទទួលបានផែនការលម្អិត រួមទាំងការបែងចែកថវិកាលម្អិតអ្វីបន្តិចនោះទេ។
រដ្ឋាភិបាលបានប្រកាសពីគម្រោងចំណាយថវិកាប្រមាណ ២០០ លានដុល្លារសម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នេះ។ បើតាមលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC រដ្ឋាភិបាលបានចំណាយអស់ជិត ១២០ លានរួចទៅហើយ គិតត្រឹមមួយសប្ដាហ៍មុនពេលកម្មវិធីចាប់ផ្ដើមជាផ្លូវការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។