បុគ្គលិក​សណ្ឋាគារ​ហ្រ្គេតឌ្យូក​ប្រឈម​នឹង​បញ្ហា​ជីវភាព ខណៈ​ប្រាក់​សំណង​ការងារ​មិន​ទាន់​ទទួល​បាន

0:00 / 0:00

បុគ្គលិក​សណ្ឋាគារ ហ្រ្គេតឌ្យូក ភ្នំពេញ (Great Duke Phnom Penh) ជាង​១៥០​នាក់ កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​រស់នៅ ដោយសារតែ​ភាគី​ម្ចាស់​សណ្ឋាគារ​មិន​ព្រម​បើកប្រាក់​សំណង​ឱ្យ​ពួកគេ និង​អូស​បន្លាយ​ទំនាស់​ការងារ​មួយ​នេះ​អស់​រយៈពេល​ ៤​ខែ​ហើយ​។ ពួកគេ​ភាគច្រើន ដែល​មាន​វ័យ​ចំណាស់ ពិបាក​នឹង​រក​ការងារ​ធ្វើ​ផ្សេង ឯ​អ្នក​ខ្លះ​ទៀត​រក​ការងារ​បាន​ធ្វើ​ហើយ តែ​ត្រូវ​ក្រុមហ៊ុន​ផ្អាក​វិញ ដោយសារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។

ស្ថិត​ក្នុង​ផ្ទះ​ជួល​តូច​មួយ​ក្រោម​វត្ត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ អតីត​បុគ្គលិក​សណ្ឋាគារ ហ្គ្រេតឌ្យូក ភ្នំពេញ (Great Duke Phnom Penh) លោកស្រី ហេង ម៉ួយអេង រៀបរាប់​ថា ចាប់តាំង​ពី​សណ្ឋាគារ​មាន​បញ្ហា​ចាប់​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ លោកស្រី ក៏ដូចជា​បុគ្គលិក​ទាំងអស់ គឺ​មាន​ជីវភាព​លំបាកលំបិន​ជា​ខ្លាំង ព្រោះ​មិន​អាច​រក​ការងារ​ធ្វើ ដើម្បី​បាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ ដូច​ពីមុន​ទៀត​ឡើយ។

សព្វថ្ងៃ លោកស្រី និង​កូនស្រី​អាយុ ​៩​ឆ្នាំ​ម្នាក់ រស់នៅ​ជាមួយ​បងស្រី ដែល​ធ្វើការ​ផ្នែក​សំអាត​នៅ​ក្រសួង​មួយ​។ លោកស្រី​បន្ត​ថា រាល់​ចំណាយ​ថ្លៃ​បន្ទប់​ជួល ៥០​ដុល្លារ​ក្នុង​ខែ និង​ការ​ហូបចុក​១​ថ្ងៃៗ ប្រមាណ​ ៣ ទៅ​ ៤​ម៉ឺន​រៀល គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​បងស្រី។

លោកស្រី ហេង ម៉ួយអេង ដែល​ធ្លាប់​បម្រើការ​ផ្នែក​រៀបចំ​បន្ទប់ រយៈពេល ​៦​ឆ្នាំ នៅ​សណ្ឋាគារ​ហ្គ្រេតឌ្យូក ដើរ​ដាក់​ពាក្យសុំ​ធ្វើ​ការងារ​ជាច្រើន​កន្លែង​ដែរ ប៉ុន្តែ​មកដល់ពេលនេះ គឺ​មិន​មាន​ខាង​ក្រុមហ៊ុន​ណា ហៅ​គាត់​ទៅ​ធ្វើ​ការ​ទេ ខណៈ​ដែល​ជំងឺ​កូវីដ​១៩ កំពុង​ឆ្លង​រាលដាល​ដល់​ពលរដ្ឋ​ខ្មែរ។

លោកស្រី​ឱ្យ​ដឹង​ថា បើ​សរុប​ប្រាក់​សំណង​ការងារ ដែល​លោកស្រី ត្រូវ​ទទួល​បាន​ពី​ថៅកែ​សណ្ឋាគារ គឺ​មិន​ច្រើន​ណាស់ណា​ទេ ប៉ុន្តែ​ថៅកែ​បែរជា​តម្រូវ​ឱ្យ​បុគ្គលិក​ទទួល​សំណង​រំ​លស់​ ១​ខែ​ម្ដង រហូតដល់​៦​ខែ​ទៅវិញ ដោយ​លើក​ហេតុផល​ខ្វះ​ប្រាក់។

ស្ត្រី​វ័យ ៣១​ឆ្នាំ​រូប​នេះ ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល និង​ក្រសួង​ការងារ ជួយ​អន្តរាគមន៍​ទៅ​ម្ចាស់​សណ្ឋាគារ​ទូទាត់​​ប្រាក់​សំណង​ការងារ​ឱ្យ​បុគ្គលិក​គ្រប់ៗ​ គ្នា ដើម្បី​បាន​ប្រាក់​យក​ទៅ​ដោះស្រាយ​បញ្ហា​ជំពាក់​បំណុល​ធនាគារ និង​ចំណាយ​ផ្សេងៗ ​ទៀត៖ «ពួក​ខ្ញុំ​មិន​បាន​អី​ច្រើន​ណាស់ណា​ទេ ព្រោះ​ពួក​ខ្ញុំ​ធ្វើការ​បានតែ​ ៦​ឆ្នាំ​ហ្នឹង ហើយ​ប្រាក់ខែ​យើង​តិច មិនបាន​ច្រើន​អី​ទេ​។ ខ្ញុំ​ចង់​ឱ្យ​សម្ដេច​ និង​ក្រសួង​​ការងារ ជួយ​ឱ្យ​ម្ចាស់​សណ្ឋាគារ​ហ្នឹង ទូទាត់​សំណង​ឱ្យ​ពួក​ខ្ញុំ​ឆាប់ៗ​។ ហើយ​កុំ​ឱ្យ​បង់​រំ​លោះ សូម​ឱ្យ​ម្ចាស់​សណ្ឋាគារ​បង់​តែម្ដង»។

អតីត​បុគ្គលិក​ម្នាក់ទៀត ដែល​ធ្វើ​ជាជាង​អគ្គិសនី​នៅ​សណ្ឋាគារ​មួយ​នេះ ប្រមាណ​ ២០​ឆ្នាំ លោក ជា ចាន់ម៉ន ឱ្យ​ដឹង​ថា ក្នុង​កំឡុង​ពេល​ជាង ៤​ខែ​កន្លង​មក​នេះ គ្រួសារ​លោក ក៏​ជួប​បញ្ហា​ជីវភាព​ខ្លាំង​​ដែរ​។ លោក​ឱ្យ​ដឹង​ថា ទំនិញ​និង​របស់​ហូប ដែល​លក់​នៅ​តាម​ផ្សារ​ឡើងថ្លៃ នៅ​ពេល​មាន​ជំងឺ​កូវីដ​១៩ ​នេះ។

ជាច្រើន​ខែ​ដែរ​មក​ហើយ បុរស​វ័យ​ជាង ​៥០​ឆ្នាំ​រូប​នេះ ដែល​មាន​គ្រួសារ​រស់​ក្នុង​ផ្ទះ​ជួល​មួយ​ក្នុង​ក្រុងភ្នំពេញ ក៏​មិន​ទាន់​មាន​ការងារ​ធ្វើ​ដែរ។ លោក​បារម្ភ​ថា បើ​បន្ត​រក​ការងារ​ធ្វើ​មិនបាន​បែបនេះ​ទៀត មិនដឹង​ថា បាន​ប្រាក់​ពី​ណា មក​ចិញ្ចឹម​កូនស្រី​ទើប​កើត​បាន ៣​ខែ ហើយ​និង​ជួយ​ទំនុកបម្រុង​កូនប្រុស​ម្នាក់ ដែល​កំពុង​រៀន​ថ្នាក់​ទី​៩។

លោក​ស្នើ​ដល់​រដ្ឋាភិបាល​ចេញមុខ​ដោះស្រាយ បញ្ហា​វិវាទ​ការងារ​ជាមួយ​ថៅកែ​សណ្ឋាគារ​នេះ ដើម្បី​ឱ្យ​ពួកគាត់​ទាំងអស់​ដែល​ភាគច្រើន​មាន​វ័យ​ចំណាស់ បាន​ទទួល​ប្រាក់​សំណង​ការងារ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ លោក​រំពឹង​ថា នៅ​ពេល​បាន​ប្រាក់​នេះ លោក​នឹង​ទិញ​ម៉ូតូ​កង់​បី ផាស់អ៊ែ​ប (Passapp) ​មួយ​គ្រឿង បើក​រត់​ឌុប ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ៖ «កាល​យើង​ទាម​ទារជំងឺចិត្ត​ទៅ បាន​ ៥ ទៅ​ ៦​ពាន់​ដែរ​។ ឥឡូវ​យើង​យល់ព្រម​តាម​ការសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល គេ​មិន​គិត​ឱ្យ​ជំងឺ​ចិត្ត​យើង​ទេ​។ ការ​គណនា​ហ្នឹង ពួក​ខ្ញុំខ្លះ​បាន ៣​ពាន់ ខ្លះ​ ២​ពាន់ ដូច​ខ្ញុំ​អ៊ីចឹង អត់​បាន ​៣​ពាន់​ផង​ហ្នឹង​។ សូម​ឱ្យ​ក្រសួង​ដែល​ពាក់ព័ន្ធ​ហ្នឹង ជួយ​ឱ្យ​ម្ចាស់​អូតែល​ហ្នឹង កុំ​បង់​រំលស់​អី។ បង់​រំ​លស់​វា​តិចតួច​ណាស់ អ្នកខ្លះ​បាន ៧​ ទៅ​ ៨​រយ​ដុល្លារ រហូត​នៅ​ដល់​កោះកុង មក​បង់​រំលោះ យក​ ៦​ដង​ដែរ វា​តិចតួច​ណាស់​។ អ៊ីចឹង​ ! ក្រសួង​ពាក់ព័ន្ធ ជាពិសេស នាយករដ្ឋមន្ត្រី សូម​មេត្តា​ជួយ​ដល់​កូនចៅ ឱ្យ​ម្ចាស់​អូតែល​ហ្នឹង បង់​កញ្ចប់​ថវិកា​តែម្ដង»។

ចាប់​តាំង​ពី​ចុងខែ​ធ្នូ​ឆ្នាំ ២០១៩ ក្រុម​បុគ្គលិក​សណ្ឋាគារ ហ្គ្រេតឌ្យូក ភ្នំពេញ បាន​ចេញ​តវ៉ា​ទាមទារ​ប្រាក់​សំណង​ការងារ​របស់​ពួកគេ ជាច្រើនលើក​ច្រើន​សា រហូតដល់​ទទួល​បាន​ដំណោះស្រាយ​មួយ​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល នៅ​ពាក់​ខែ​កុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ខាង​ថៅកែ​សណ្ឋាគារ គឺ​ឧកញ៉ា ខូវ សម្បត្តិ បែរជា​មិន​ព្រម​បើកប្រាក់​ឱ្យ​កម្មករ តាម​សេចក្ដី​សម្រេច​នោះ​ឡើយ​។​

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល ថ្លែង​ថា ចំនួន​ទឹកប្រាក់​សរុប​ដែល​ខាង​ថៅកែ​ត្រូវ​បើក​ឱ្យ​បុគ្គលិក​នោះ គឺ​ប្រមាណ​ ៧០​ម៉ឺន​ដុល្លារ ប៉ុន្តែ​ទំហំ​ទឹកប្រាក់​នេះ អាច​ធ្លាក់​នៅ​ត្រឹម​ចន្លោះ​ពី ៤០​ម៉ឺន​ដុល្លារ ទៅ ៥០​ម៉ឺន​ដុល្លារ​វិញ ដោយសារ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដកចេញ​ប្រាក់​សំណង​ជំងឺ​ចិត្ត។

លោក​យល់​ថា វិវាទ​ការងារ​ដែល​បន្លាយ​ជាច្រើន​ខែ​មកនេះ ភាគី​ថៅកែ​គួរតែ​បញ្ចប់​ក្នុង​ពេល​មាន​មាន​ជំងឺ​កូវីដ​១៩​ នេះ ដោយ​បើកប្រាក់​សំណង​ផ្ដាច់​ឱ្យ​បុគ្គលិក​ទាំងអស់ ដើម្បី​បញ្ឈប់​ការ​តវ៉ា​ត​ទៅ​ទៀត និង​មាន​ឱកាស​រក​ការងារ​ធ្វើ ដើម្បី​ចិញ្ចឹម​គ្រួសារ៖ «ខ្ញុំ​យល់ថា គេ​ដូច​ជា​មាន​ចេតនា​អី​មិនល្អ ពីព្រោះ​ការពិត​គួរតែ​ដោះស្រាយ​បញ្ហា​ហ្នឹង ឱ្យ​កម្មករ​ដាច់ស្រេច​សិន បាន​ដាក់​កន្លែង​ហ្នឹង​ទៅ​ជា​​កន្លែង​ព្យាបាល​អ៊ីចឹង​។ ទៅជា​សំណង​ហ្នឹង មិនបាន​ទូទាត់​ហើយ បែរ​ជា​យក​កន្លែង​ទៅ​ដាក់​ព្យាបាល ហាក់បីដូច​ជា​មាន​ចេតនា​មួយ​មិនល្អ​ក្នុង​ហ្នឹង​។ កម្មករ​ខ្លះ គាត់​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​​ទេ នៅ​ពេល​ដែល​សំណង​អត់​ទាន់​បាន បែរ​ជា​យក​សណ្ឋាគារ​ធ្វើជា​កន្លែង​ព្យាបាល​ជំងឺ​កូវីដ​ហ្នឹង»។

ប្រធាន​សហព័ន្ធ​រូប​នេះ ឱ្យ​ដឹង​ថា ខាង​ក្រសួង​ការងារ នៅ​មិនទាន់​ចេញ​អន្តរាគមន៍​ដោះស្រាយ​បញ្ចប់​រឿង​នេះ​នៅឡើយ ថ្វីបើ​ពួកគាត់​បាន​ដាក់​ញត្តិ​ជូន​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង ៣​ដង​មក​ហើយ។​

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ទេស រុក្ខាផល និង​មេធាវី​តំណាង​ឱ្យ​ថៅកែ​សណ្ឋាគារ លោក នូវ ពិសិដ្ឋ បាន​ទេ ដោយ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

ក្រុម​អ្នកតវ៉ា​សរុប ​១៥២​នាក់ ប្រកាន់​ជំហរ​ថា ពួកគេ​នឹង​នាំចេញ​តវ៉ា​ទាមទារ​ប្រាក់​សំណង​ការងារ​នេះ ពី​ម្ចាស់​សណ្ឋាគារ​ថ្មី​ទៀត ដរាបណា​នៅ​មិនទាន់​ទទួល​ដោះស្រាយ​ពី​ក្រសួង​ការងារ និង​អាជ្ញាធរ​​ពាក់ព័ន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។