ចំណាត់ការលើមន្ត្រីនគរបាលដែលបាញ់រះលើពលរដ្ឋនៅភ្នំពេញរងការរិះគន់
2019.05.04

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកខ្លះរិះគន់ និងខ្លះទៀតគាំទ្រចំពោះចំណាត់ការរបស់តុលាការក្រុងភ្នំពេញ ទៅលើករណី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោក ឌួង ណាគ្រី ជុំវិញការបាញ់រះទៅលើពលរដ្ឋពីរនាក់ប្តីប្រពន្ធ កាលពីយប់ថ្ងៃទី០១ ខែឧសភា។
ម្ចាស់គណនីហ្វេសប៊ុក ឈ្នោះ ហង់ សុភ័ក្ដ បានខមមិន (Comment) ទៅលើវីដេអូផ្សាយផ្ទាល់មួយជុំវិញការនាំខ្លួនលោក ឌួង ណាគ្រី ទៅតុលាការក្រុងភ្នំពេញ ថា ទាល់តែមានការរិះគន់ច្រើនទើបចាប់បញ្ជូនមកតុលាការ។ លោកសរសេរបន្ដថា បើគ្មានហ្វេសប៊ុកទេ ដឹងថា លាមកកសិកម្មហើយ គួរឱ្យខ្ពើម។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឱ្យអាស៊ីសេរីដឹង តាមប្រព័ន្ធតេឡេក្រាម (Telegram) ថា តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយ ចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត។
ស្រដៀងនឹងលោក ហង់ សុភ័ក្ដ ដែរ ម្ចាស់គណនីឈ្មោះ សួរ សំបូរ បានសរសេរថា បើគ្មានការឈូឆរតាមបណ្ដាញសង្គមហ្វេសប៊ុកទេ ម្ល៉េះគាត់បានទៅនៅក្រៅឃុំធ្វើព្រងើយហើយ បើរដ្ឋាភិបាលនៅតែធ្វើរបៀបនេះទៀត តើឱ្យប្រជាជនណាជឿទុកចិត្ដបាន។ លោកថា មានមនុស្សភ្លើទេដែលសរសើរ សម្រាប់លោក គឺសូន្យ។ ម្ចាស់គណនីឈ្មោះ សេង យ៉ូស្វេ បានសរសេរថា បើគ្មានហ្វេសប៊ុកទេ ប្រជាជនខ្មែរទាំងអស់ប្រហែលជាគ្មានយុត្តិធម៌ទេ។ ចំណែកម្ចាស់ហ្វេសប៊ុកម្នាក់ទៀតសរសេរចោទថា ហេតុអ្វីចាំបាច់ទាល់តែប្រជាពលរដ្ឋប្រតិកម្មខ្លាំង ទើបចាត់ការ។
ម្ចាស់ហ្វេសប៊ុកម្នាក់ទៀតគាំទ្រចំពោះចំណាត់ការនេះ។ ប៉ុន្តែលោក ស៊ន ច័ន្ទវាសនា ឆ្ងល់ថា គ្រាន់តែជាជនល្មើសម្នាក់សោះ ហើយជាបទល្មើសជាក់ស្ដែងទៀត តែហាក់ដូចជាអូសឫស្សីបញ្ច្រាសចុង ថ្នាក់លើទៅជានាំគ្នាការពារជនល្មើស ការពារធនធានមន្ត្រីពាល ស្ដាយស្រណោះម្ល៉េះ? លោកសរសេរ បន្ថែមទៀតថា បើថ្នាក់ដឹកនាំម្នាក់ៗរក្សាវប្បធម៌និទ្ទណ្ឌភាពម្ដងហើយម្ដងទៀតបែបនេះ កាលបានប្រទេសមួយនេះ អាចទៅជាប្រទេសនីតិរដ្ឋបាន ១០០ឆ្នាំទៀតមិនដឹងយ៉ាងណាផង?
នេះមិនមែនជាលើកជាទីមួយដែលបណ្ដាញសង្គមជួយផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនោះទេ កាលពីពេលថ្មីៗនេះ មេដឹកនាំរបបក្រុងភ្នំពេញបានបញ្ជាឱ្យ បញ្ចប់ដំណែងមេប៉េអិមខេត្តរតនគិរី លោក គឹម រស្មី រឿងពុករលួយ បញ្ចប់ដំណែងអភិបាលរងខេត្ដព្រះសីហនុពីររូបពាក់ព័ន្ធករណីហិង្សាក្នុងជម្លោះដីធ្លីមួយ។
លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យចាប់ខ្លួនលោក ឧកញ៉ា គិត ធាង ករណីជួញដូរគ្រឿងញៀន នៅមណ្ឌលកម្សាន្តរ៉ុក (Rock) ក្រោយមានការរិះគន់ថា លោក គិត ធាង អាចរួចពីសំណាញ់ច្បាប់។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា អាជ្ញាធរគួរតែអនុវត្តច្បាប់ ដោយទទួលខុសត្រូវចំពោះតួនាទី មិនត្រូវចាំតែបញ្ជារបស់មេដឹកនាំកំពូលៗ និងការបែកធ្លាយព័ត៌មាននៅលើបណ្ដាញសង្គមនោះទេ៕