ចំណាត់ការ​លើ​មន្ត្រី​នគរបាល​ដែល​បាញ់រះ​លើ​ពលរដ្ឋ​នៅ​ភ្នំពេញ​រង​ការ​រិះគន់

0:00 / 0:00

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្លះ​រិះគន់ និង​ខ្លះ​ទៀត​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ ទៅលើ​ករណី អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោក ឌួង ណាគ្រី ជុំវិញ​ការ​បាញ់រះ​ទៅលើ​ពលរដ្ឋ​ពីរ​នាក់​ប្តី​ប្រពន្ធ កាលពី​យប់​ថ្ងៃ​ទី​០១ ខែ​ឧសភា។

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្នោះ ហង់ សុភ័ក្ដ បាន​ខមមិន (Comment) ទៅលើ​វីដេអូ​ផ្សាយ​ផ្ទាល់​មួយ​ជុំវិញ​ការ​នាំ​ខ្លួន​លោក ឌួង ណាគ្រី ទៅ​តុលាការ​ក្រុង​ភ្នំពេញ ថា ទាល់តែ​មានការ​រិះគន់​ច្រើន​ទើប​ចាប់​បញ្ជូន​មក​តុលាការ​។ លោក​សរសេរ​បន្ដ​ថា បើ​គ្មាន​ហ្វេសប៊ុក​ទេ ដឹង​ថា លាមក​កសិកម្ម​ហើយ គួរ​ឱ្យ​ខ្ពើម​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឱ្យ​អាស៊ីសេរី​ដឹង តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram) ថា តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​អាវុធ​ដោយ​មិន​មានការ​អនុញ្ញាត។

ស្រដៀង​នឹង​លោក ហង់ សុភ័ក្ដ ដែរ ម្ចាស់​គណនី​ឈ្មោះ សួរ សំបូរ បាន​សរសេរ​ថា បើ​គ្មាន​ការ​ឈូឆរ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទេ ម្ល៉េះ​គាត់​បាន​ទៅ​នៅ​ក្រៅ​ឃុំ​ធ្វើ​ព្រងើយ​ហើយ បើ​រដ្ឋាភិបាល​នៅតែ​ធ្វើ​របៀប​នេះ​ទៀត តើ​ឱ្យ​ប្រជាជន​ណា​ជឿ​ទុក​ចិ​ត្ដ​បាន​។ លោក​ថា មាន​មនុស្ស​ភ្លើ​ទេ​ដែល​សរសើរ សម្រាប់​លោក គឺ​សូន្យ​។ ម្ចាស់​គណនី​ឈ្មោះ សេង យ៉ូស្វេ បាន​សរសេរថា បើ​គ្មាន​ហ្វេសប៊ុក​ទេ ប្រជាជន​ខ្មែរ​ទាំងអស់​ប្រហែលជា​គ្មាន​យុត្តិធម៌​ទេ​។ ចំណែក​ម្ចាស់​ហ្វេសប៊ុក​ម្នាក់ទៀត​សរសេរ​ចោទ​ថា ហេតុអ្វី​ចាំបាច់​ទាល់តែ​ប្រជាពលរដ្ឋ​ប្រតិកម្ម​ខ្លាំង ទើប​ចាត់ការ​។

ម្ចាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​គាំទ្រ​ចំពោះ​ចំណាត់ការ​នេះ​។ ប៉ុន្តែ​លោក ស៊ន ច័ន្ទវាសនា ឆ្ងល់​ថា គ្រាន់តែ​ជា​ជនល្មើស​ម្នាក់​សោះ ហើយ​ជា​បទល្មើស​ជាក់ស្ដែង​ទៀត តែ​ហាក់​ដូចជា​អូស​ឫស្សី​បញ្ច្រាស​ចុង ថ្នាក់លើ​ទៅជា​នាំគ្នា​ការពារ​ជនល្មើស ការពារ​ធនធាន​មន្ត្រី​ពាល ស្ដាយស្រណោះ​ម្ល៉េះ​? លោក​សរសេរ បន្ថែម​ទៀត​ថា បើ​ថ្នាក់ដឹកនាំ​ម្នាក់ៗ​រក្សា​វប្បធម៌​និទ្ទណ្ឌភាព​ម្ដង​ហើយ​ម្ដងទៀត​បែបនេះ កាល​បាន​ប្រទេស​មួយ​នេះ អាច​ទៅជា​ប្រទេស​នីតិរដ្ឋ​បាន ១០០​ឆ្នាំ​ទៀត​មិន​ដឹង​យ៉ាងណា​ផង​?

​នេះ​មិនមែន​ជា​លើក​ជាទី​មួយ​ដែល​បណ្ដាញ​សង្គម​ជួយ​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​នោះ​ទេ កាល​ពី​ពេល​ថ្មីៗ​នេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ​បាន​បញ្ជា​ឱ្យ បញ្ចប់​ដំណែង​មេ​ប៉េអិម​ខេត្ត​រតនគិរី លោក គឹម រស្មី រឿង​ពុករលួយ បញ្ចប់​ដំណែង​អភិបាលរង​ខេត្ដ​ព្រះសីហនុ​ពីរ​រូប​ពាក់ព័ន្ធ​ករណី​ហិង្សា​ក្នុង​ជម្លោះដីធ្លី​មួយ​។

លោក ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​លោក ឧកញ៉ា គិត ធាង ករណី​ជួញដូរ​គ្រឿងញៀន នៅ​មណ្ឌល​កម្សាន្ត​រ៉ុក (Rock) ក្រោយ​មានការ​រិះគន់​ថា លោក គិត ធាង អាច​រួច​ពី​សំណាញ់​ច្បាប់​។ មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា អាជ្ញាធរ​គួរតែ​អនុវត្ត​ច្បាប់ ដោយ​ទទួលខុសត្រូវ​ចំពោះ​តួនាទី មិន​ត្រូវ​ចាំតែ​បញ្ជា​របស់​មេដឹកនាំ​កំពូលៗ និង​ការ​បែក​ធ្លាយ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។