សមត្ថកិច្ច​ចាប់​បាន​ជន​ដៃដល់​បាញ់​សម្លាប់​មនុស្ស​៣​នាក់​នៅ​ខែត្រ​មណ្ឌលគិរី

ដោយ អាស៊ីសេរី
2018.02.02
ផល ពេញ ៦២២ ជន​សង្ស័យ​បាញ់​សម្លាប់​មនុស្ស ៣​នាក់​នៅ​ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី ឈ្មោះ ផល ពេញ (កណ្ដាល) ផ្ដល់​ចម្លើយ​នៅ​មុខ​សមត្ថកិច្ច​នៅ​ថ្ងៃ​ទី​២ កុម្ភៈ ឆ្នាំ​២០១៨។
Screenshot

សមត្ថកិច្ច​អះអាង​ថា មេ​ប៉ុស្តិ៍​អូរ​​ឡែ ឈ្មោះ ផល ពេញ បាន​សារភាព​ថា លោក​ពិតជា​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​មន្ត្រី​កងរាជអាវុធហត្ថ មន្ត្រី​សង្គម​ស៊ីវិល និង​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ដោយសារ​តែ​ទាស់ទែង​ពាក្យ​សម្តី​គ្នា។

លោក ផល ពេញ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ នេះ ក្នុង​ហាង​គុយទាវ​មួយ​កន្លែង ក្នុង​ខែត្រ​ត្បូងឃ្មុំ។ មន្ត្រី​យោធា​ការពារ​ព្រំដែន ៣​នាក់ និង​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​ម្នាក់ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។

កាល​ពី​ថ្ងៃ​ទី​៣០ មករា មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល មន្ត្រី​អាវុធហត្ថ និង​ឆ្មាំ​អភិរក្ស​របស់​មន្ត្រី​បរិស្ថាន ៣​រូប ត្រូវ​បាន​ជនសង្ស័យ​បាញ់​សម្លាប់​អំឡុង​ពេល​ពួកគាត់​ចុះ​បំពេញ​បេសកកម្ម​ការពារ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស​សត្វព្រៃ​កែវសីមា ឋិត​នៅ​ឃុំ​សែនមនោរម្យ ស្រុក​អូរាំង  ខេត្ត​មណ្ឌលគិរី។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក ឡូ រ៉ង់ ដែល​ចុះ​អង្កេត​រឿង​នេះ សម្ដែង​ការ​សាទរ​ចំពោះ​ចំណាត់​ការ​របស់​សមត្ថ​កិច្ច ដែល​ចាប់​បាន​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​លើកទឹកចិត្ត​ដល់​បេសកកម្ម​ការពារ​ព្រៃឈើ​របស់​សហគមន៍ អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល។

​លោក​ថា ក្នុង​ចំណោម​ជនរងគ្រោះ ៣​នាក់​នោះ មាន​ម្នាក់​ជា​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន គឺ​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង រស់​នៅ​ខែត្រ​មណ្ឌលគិរី។ លោក​ចង់​ឲ្យ​រដ្ឋាភិបាល​បិទ​ការ​នាំ​ចេញ​ឈើ​ទៅ​ក្រៅ​ប្រទេស និង​បញ្ឈប់​អាជីវកម្ម​ឈើ​គ្រប់​រូបភាព ដើម្បី​ថែរក្សា​បរិស្ថាន និង​រួម​ចំណែក​កាត់​បន្ថយ​បាតុភាព​នានា៖ «យើង​ពិត​ជា​មាន​សេចក្ដី​រីករាយ និង​អបអរសាទរ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់​លើ និង​កងកម្លាំង​ប្រដាប់​អាវុធ។ យើង​សង្ឃឹម​ថា នឹង​មាន​វិធានការ​បន្តបន្ទាប់​ទៀត អ្នក​រក​ស៊ី​ឈើ​នៅ​ច្រក​ព្រំដែន​ទាំង​ប៉ុន្មាន​ស្រុក​នៅ​ខែត្រ​មណ្ឌលគិរី​ហ្នឹង»។​

លោក ឡូ រ៉ង់ អំពាវនាវ​សមត្ថកិច្ច​វែក​មុខ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ដែល​ជា​ឈ្មួញ​ឈើ​នៅ​តំបន់​នោះ ដ្បិត​តំបន់​នោះ​សំបូរ​ដោយ​បទល្មើស​ព្រៃឈើ ដែល​សមត្ថកិច្ច​ខ្មែរ​មួយ​ចំនួន​បើកដៃ​ឲ្យ​ឈ្មួញ​ជនជាតិ​វៀតណាម លូច​ចូល​មក​កាប់ និង​ដឹកជញ្ជូន​ឈើ​ក្នុង​ដី​ខ្មែរ​ចេញ​ទៅ​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។