បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ មានកន្លែងធម្មជាតិ និងប្រាសាទបុរាណ រួមទាំងអតីតមូលដ្ឋានប្រវត្តិសាស្ត្ររបស់ខ្មែរក្រហមចំនួនជាង ៣០កន្លែង ដែលអាចអភិវឌ្ឍទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យទៅកម្សាន្ត ហើយអាចបង្កើតការងារខ្លះឲ្យពលរដ្ឋនៅក្នុងតំបន់ ព្រមទាំងអាចរកកម្រៃបានពីវិស័យទេសចរណ៍ផង។
ប៉ុន្តែសព្វថ្ងៃនេះ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅខេត្តជាប់ព្រំដែនថៃ មួយនេះ គឺតិចតួចនៅឡើយ បើទោះបីជាខេត្តនេះមានច្រកព្រំដែនចំនួន៣ ហើយមានភ្ញៀវឆ្លងកាត់ពីប្រទេសថៃ ជារៀងរាល់ថ្ងៃក៏ដោយ។
មូលហេតុដែលភ្ញៀវទេសចរមិនទាន់ចាប់អារម្មណ៍ទៅកម្សាន្តនៅខេត្តឧត្តរមានជ័យ គឺដោយសារតែតំបន់ទាក់ទាញទេសចរណ៍ជាច្រើនកន្លែង នៅមិនទាន់អភិវឌ្ឍ។
អាជ្ញាធរស្រុកអន្លង់វែង និងមន្ត្រីមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ យល់ឃើញថា អតីតមូលដ្ឋានយោធាខ្មែរក្រហមនៅស្រុកអន្លង់វែង ជាច្រើនកន្លែង គឺជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រយ៉ាងសំខាន់ ដែលអាចទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ឲ្យទៅទស្សនាក្នុងពេលអនាគត។
បច្ចុប្បន្ន ទាំងមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ និងអាជ្ញាធរស្រុកអន្លង់វែង កំពុងប្រឹងប្រែងសហការជាមួយអន្តរក្រសួងរបស់រដ្ឋាភិបាល ដើម្បីរៀបចំអភិវឌ្ឍអតីតមូលដ្ឋានសំខាន់ៗរបស់ខ្មែរក្រហមចំនួន ១៤កន្លែង ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ទទួលភ្ញៀវទេសចរដ៏សម្បូរបែបនៅពេលអនាគត។
ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ គឺអ្នកស្រី ធិននី មុន្នីរស្មី។ អ្នកស្រីមានប្រសាសន៍ថា បច្ចុប្បន្ននេះ ខេត្តឧត្តរមានជ័យ មានតំបន់ធម្មជាតិដែលកំណត់ទុកចំនួន ៥កន្លែងធំៗ ប្រាសាទបុរាណចំនួន១៥ និងអតីតមូលដ្ឋានខ្មែរក្រហមដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រចំនួន ១៤កន្លែងទៀត ដែលអាចទាក់ទាញភ្ញៀវទេសចរ និងបង្កើតការងារឲ្យប្រជាពលរដ្ឋនៅពេលអនាគតបាន។
ប្រធានមន្ទីរទេសចរណ៍ដដែលបញ្ជាក់ថា ថ្វីត្បិតតែពេលនេះខេត្តឧត្តរមានជ័យ មានរមណីយដ្ឋានទេសចរណ៍រហូតដល់ទៅជាង ៣០កន្លែង ក៏ប៉ុន្តែក្នុងមួយខែៗមានភ្ញៀវទេសចរជាតិចំនួនពី ១.៥០០នាក់ទៅ ២.០០០នាក់ ព្រមទាំងភ្ញៀវបរទេសពី ៣០នាក់ទៅ ៥០នាក់ប៉ុណ្ណោះ ដែលទៅកម្សាន្ត ពីព្រោះតែតំបន់ទេសចរណ៍ភាគច្រើនមិនទាន់អភិវឌ្ឍ។

អ្នកស្រី ធិននី មុន្នីរស្មី មានប្រសាសន៍ទៀតថា បច្ចុប្បន្ននៅខេត្តឧត្តរមានជ័យ ក្រៅតែពីខំប្រឹងប្រែងអភិវឌ្ឍប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ឲ្យភ្ញៀវអាចទៅទស្សនា គឺអាជ្ញាធរក៏កំពុងប្រឹងប្រែងរៀបចំអភិវឌ្ឍអតីតមូលដ្ឋានខ្មែរក្រហមនៅស្រុកអន្លង់វែង ចំនួន ១៤កន្លែង នៅតាមជួរភ្នំដងរែក ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដែរ។ អ្នកស្រីបញ្ជាក់ថា ក្នុងចំណោមអតីតមូលដ្ឋានខ្មែរក្រហមសំខាន់ៗចំនួន ១៤កន្លែង គឺបច្ចុប្បន្ន អាជ្ញាធរទើបតែរៀបចំបាន ៣កន្លែងប៉ុណ្ណោះ៖ « ទីមួយ នៅផ្ទះតា ម៉ុក តំបន់អូរជីក គឺខាងមជ្ឈមណ្ឌលឯកសារកម្ពុជា បានចូលរួមធ្វើជារូបថត ជាផ្ទាំងប៉ាណូ ផែនទី ហើយនិង រូបថត ព្រមទាំង ប្រវត្តិរបស់សម័យ ខ្មែរក្រហម ដាក់នៅ ទីនោះ »។
សព្វថ្ងៃនេះ អ្នកទេសចរសំដៅទៅលេងនៅស្រុកអន្លង់វែង គឺតែងចាប់អារម្មណ៍ទៅមើលផ្ទះតា ម៉ុក អតីតមេដឹកនាំកងទ័ពខ្មែរក្រហមដែលនៅមានសេសសល់ គុកដាក់មនុស្ស ព្រមទាំងឡានសម្រាប់ផ្សាយវិទ្យុរបស់កម្ពុជាប្រជាធិបតេយ្យ ជាដើម។ លើសពីនេះ អ្នកខ្លះទៀតក៏បន្តដំណើរទៅលើខ្នងភ្នំដងរែក ដើម្បីមើលផ្នូរខ្មោចរបស់ ប៉ុល ពត អតីតមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ដែលភាគច្រើនស្គាល់ថាជារបបខ្មែរក្រហម។
បុរសដែលនៅថែរក្សាផ្នូរ ប៉ុល ពត លោក មា ច្រូន មានប្រសាសន៍ថា បច្ចុប្បន្ននេះមិនសូវសម្បូរភ្ញៀវទៅមើលផ្នូររបស់ ប៉ុល ពត ទេ។ ការទៅមើលផ្នូររបស់ ប៉ុល ពត នេះ សម្រាប់ពលរដ្ឋខ្មែរតម្រូវឲ្យបង់ប្រាក់តិចតួច ប៉ុន្តែសម្រាប់ភ្ញៀវបរទេស គឺម្នាក់ ២ដុល្លារអាមេរិក ហើយយូរៗទើបគេឃើញភ្ញៀវខ្មែរ និងបរទេស ២-៣នាក់ចូលទៅមើលម្ដង។ លោក មា ច្រូន បញ្ជាក់ថា លោកចង់ឲ្យរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅកន្លែងផ្នូរ ប៉ុល ពត និងតំបន់ប្រវត្តិសាស្ត្រជាច្រើនកន្លែងទៀតឲ្យល្អស្អាត ដើម្បីឲ្យភ្ញៀវទេសចរទស្សនាបានច្រើន៖ « កន្លែងនេះចង់ឲ្យជាតំបន់ទេសចរណ៍ល្អ ចង់ឲ្យរៀបចំកន្លែង ហ្នឹងមានបង់ដាក់ក្រោម ដើមឈើ មានបង្គន់អនាម័យ ពីព្រោះខែបុណ្យទានឃើញអ្នកមកពីភ្នំពេញ ចូលមក មើលច្រើន »។
អភិបាលស្រុកអន្លង់វែង លោក ហោ ជិនវិរៈយុទ្ធ មានប្រសាសន៍ថា ការរៀបចំអភិវឌ្ឍអតីតមូលដ្ឋានខ្មែរក្រហមឲ្យក្លាយទៅជាកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រនេះ គឺជាគម្រោងរបស់រដ្ឋាភិបាល មិនមែនគម្រោងរបស់អាជ្ញាធរមូលដ្ឋានទេ ប៉ុន្តែអាជ្ញាធរជាអ្នកអនុវត្តន៍ទៅតាមគោលការណ៍របស់អន្តរក្រសួង៖ « បច្ចុប្បន្ននេះ យើង គាំទ្រចំពោះ ការរៀបចំ គោលដៅ និងប្លង់តាមរយៈការឯកភាពគ្នាកន្លងមក ។ ឥឡូវហ្នឹងគោលដៅចំនួន២ គឺយើងបាន សហប្រតិបត្តិការរួម គ្នាហើយ ។ ទី១ គឺផ្ទះតា ម៉ុក នៅអូរ ជីក និងទី២ គឺផ្ទះតា ម៉ុក នៅលើ ភ្នំដងរែក »។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ដែលជាប្រធានគណៈកម្មការអន្តរក្រសួង ក្នុងកិច្ចការរៀបចំតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនៅស្រុកអន្លង់វែង បានថាយ៉ាងណានៅឡើយនៅថ្ងៃទី៩ ខែកក្កដា។

អនុក្រឹត្យស្ដីពីការកំណត់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែងរបស់រដ្ឋាភិបាល ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១០ បានរក្សាទុកអតីតមូលដ្ឋានយោធាសំខាន់ៗរបស់ខ្មែរក្រហមអន្លង់វែងនៅក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម្រាប់អនាគត បំណងទុកឲ្យមជ្ឈមណ្ឌលនយោបាយចុងក្រោយបង្អស់របស់អតីតអង្គការចាត់តាំងនយោបាយ និងយោធានៃកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) បានគង់វង្ស ជាប្រយោជន៍ទុកឲ្យសាធារណជនជាតិ និងអន្តរជាតិ យល់ដឹង និងចងចាំអំពីនយោបាយរបស់មេដឹកនាំនៃរបបប្រល័យពូជសាសន៍។ ការពារបរិស្ថានធម្មជាតិក្នុងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងអភិរក្ស អភិវឌ្ឍទេសចរណ៍បែបប្រវត្តិសាស្ត្រ និងធម្មជាតិ។
តំបន់ដែលរដ្ឋាភិបាលរក្សាទុក ១៤កន្លែងនោះ មានកន្លែងដុតសព ប៉ុល ពត ទំហំផ្ទៃដីជាង ១ហិកតារ កន្លែងកាត់ទោស ប៉ុល ពត ទំហំផ្ទៃដី ៤៤៩ម៉ែត្រក្រឡា កន្លែងផ្ទះតា ម៉ុក លើខ្នងភ្នំដងរែក ផ្ទៃដីទំហំជាង ៣ហិកតារ កន្លែងច្នៃគ្រាប់កាំភ្លើងលើភ្នំ២០០ ទំហំផ្ទៃដីជាង ១ហិកតារ រោងយាម ២កន្លែងរបស់ផ្ទះ ប៉ុល ពត ខៀវ សំផន និងជំរំអ្នកនយោបាយនៃរដ្ឋាភិបាលខ្មែរក្រហមនៅក្បាលទន្សោងទំហំផ្ទៃដីជាង ១១៧ហិកតារ ព្រមទាំងផ្ទះតា ម៉ុក នៅតំបន់អូរជីក ទំហំជាង ១ហិកតារ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។