ក្រុមកម្មករកាត់ដេរ ដែលធ្វើការអស់ជាច្រើនឆ្នាំ នៅរោងចក្រហ៊ឹងជីង ក្នុងសង្កាត់ស្ទឹងមានជ័យ នៅតែបន្តការទាមទារឲ្យថៅកែចិន បើកប្រាក់រំលឹកអតីតភាពការងារឲ្យពួកគេឲ្យបានឆាប់។ ការទាមទារប្រាក់អតីតភាពការងារនេះ គឺស្របទៅតាមប្រកាសរបស់ក្រសួងការងារ ដែលតម្រូវឲ្យថៅកែរោងចក្រ បើកឲ្យកម្មករ២ដងក្នុង១ឆ្នាំ ដោយគិតទៅតាមចំនួនឆ្នាំដែលពួកគាត់ធ្វើការជាកម្មករពេញសិទ្ធ។
ខាងរដ្ឋបាលរោងចក្រ ស្នើឲ្យកម្មករដែលតវ៉ានេះ វិលចូលធ្វើការវិញ ទម្រាំដល់ទី៣០ ខែកញ្ញា ទើបក្រុមហ៊ុនមានហិរញ្ញវត្ថុគ្រប់គ្រាន់ បើកប្រាក់រំលឹកអតីតភាពការងារឲ្យពួកគេ។ ប៉ុន្តែខាងកម្មករមិនព្រមទទួលយកសំណើនេះ ដោយតម្រូវឲ្យភាគីក្រុមហ៊ុនបើកប្រាក់ ឲ្យពួកគាត់ឲ្យបានឆាប់។
តំណាងកម្មករ លោក គឹម ប្ញទ្ធី ថ្លែងថា ពួកគាត់មាន៥០នាក់ មិនរង់ចាំដំណោះស្រាយទៅតាមការសន្យារបស់ថៅកែ រហូតដល់ខែចុងខែកញ្ញានោះទេ ព្រោះរោងចក្រប្រហែលជាអាចនឹងត្រូវបិទទ្វារនៅខែក្រោយ។ លោក គឹម ប្ញទ្ធី បញ្ជាក់ថា ពួកគាត់នឹងចូលធ្វើការវិញ នៅពេលណាដែលខាងភាគីរោងចក្រទូទាត់ប្រាក់រំលឹកអតីតភាពការងារ ជាមុនសិន។
លោក គឹម ប្ញទ្ធី ស្នើដល់ក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធចុះមកធ្វើការដោះស្រាយជាមួយភាគីរោងចក្រឲ្យកម្មករទទួលបានប្រាក់រំលឹកអតីតភាព ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកន្លងមក៖ «ស្នើដល់សម្ដេចតេជោ ដែលគាត់ប្រកាសចេញមកហើយ ឲ្យសហគ្រាសនានាបើកឲ្យកម្មករ។ សូមឲ្យគាត់ជួយគោរពតាមផង សូមឲ្យខាងបងៗ ក្រសួងនិងរោងចក្រធ្វើតាមសេចក្ដីប្រាសហ្នឹងផងបង។ អនុវត្តតាមសេចក្ដីប្រកាសហ្នឹង កម្មករគាត់ចង់បានលុយរបស់គាត់ដែរ។ គាត់ធ្វើការដើម្បីលុយអតីតភាពការងារហ្នឹង គាត់ធ្វើយូរហើយ»។
របបក្រុងភ្នំពេញដាក់ចេញសេចក្ដីប្រកាសមួយទៅដល់បណ្ដារោងចក្រកាត់ដេរទាំងអស់ អំពីការបើកប្រាក់អតីតភាពការងារជូនកម្មករ ឲ្យបាន២ដងក្នុង ១ឆ្នាំ ក្រោយពីឃើញមានបាតុកម្មជាញឹកញាប់តាមបណ្ដារោងចក្រជាច្រើន ទាមទារចំណុចនេះ។ គិតមកដល់នេះ ក្រុមសហជីពសង្កេតឃើញថា ការអនុវត្តសេចក្ដីប្រកាសនេះ នៅមិនទាន់បានពេញលេញនៅឡើយ ដោយសារថៅកែរោងចក្រមួយចំនួនមិនគោរពតាម។
លោក គឹម ប្ញទ្ធី ឲ្យដឹងថា នៅពេលដែលពួកគាត់ឈរតវ៉ានៅពីមុខរោងចក្រ ស្រាប់តែឃើញផ្នែករដ្ឋបាល និងថៅកែ ដើរចេញពីក្នុងរោងចក្រ បង្ខំឲ្យក្រុមកម្មករមួយក្រុមទៀតដែលជាប់កិច្ចសន្យាខ្លី វិលចូលធ្វើការវិញ ប៉ុន្តែពួកគេមិនព្រម។ ក្នុងហេតុការណ៍នោះ បណ្ដាលឲ្យកម្មការិនី ២នាក់របួសត្រង់ជើង ដោយសារក្រុមខាងថៅកែរោងចក្ររុញច្រានពួកគេឲ្យប្រញាប់ចូលធ្វើការ។
រោងចក្រ (Hoeng Chhing Garment Factory) ដែលមានទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ គឺជាប្រភេទរោងចក្រ ដែលទទួលយកផលិតមិនទាន់សម្រេចពីរោងចក្រដទៃ មកដេរបន្ត។ កម្មករសរុបដែលធ្វើការនៅរោងចក្រនេះ មាន ១៤០នាក់។ កម្មករមួយចំនួនជាកម្មករពេញសិទ្ធី មួយចំនួនទៀតជាកម្មករជាប់កិច្ចសន្យារយៈពេលខ្លី និងកម្មករទទួលបានឈ្នួលប្រចាំថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។