គណៈកម្មការសម្រាប់ដោះស្រាយកូដកម្ម បាតុកម្មនៃក្រសួងការងារ សម្រេចឲ្យថៅកែរោងចក្រ ហ៊ឹង ជីង (Hoeng Gin) ជនជាតិចិន ផ្ដល់ប្រាក់សំណងដល់កម្មករប្រមាណ ៥០នាក់ ដែលតវ៉ាទាមទារបើកប្រាក់ឈ្នួល និងប្រាក់រំលឹកអតីតភាពការងារ។ ក្រុមកម្មករ ព្រមទទួលសំណងជាង ៣ម៉ឺនដុល្លារ (៣២,៤០០) តាមការសម្របសម្រួលពីក្រសួងការងារ ដើម្បីបញ្ចប់វិវាទការងារមួយនេះ។
តំណាងកម្មករ លោកស្រី ពៅ លីណា ឲ្យដឹងថា ក្រសួងការងារនឹងទាក់ទងទៅខាងថៅកែរោងចក្របើកប្រាក់សំណងឲ្យកម្មករ នៅថ្ងៃទី២១ ខែតុលា។ លោកស្រីបន្តថា ថវិកាទាំងអស់នឹងបែងចែកឲ្យកម្មករ គិតទៅតាមចំនួនឆ្នាំធ្វើការ ដោយទទួលបាន ១០៥ដុល្លារក្នុងមួយឆ្នាំ៖ «ឧទាហរណ៍ថា ខ្ញុំ៩ឆ្នាំ យក១០៥ គុណនឹង ៩ឆ្នាំអ៊ីចឹង បានប៉ុន្មាន។ និយាយបើគិតក្នុងរយៈពេលដែលពួកខ្ញុំអត់ការងារធ្វើហ្នឹង គ្មានទៅបានអីចំណេញទេ។ និយាយទៅវាចូលក្បាលបីខែ វាស្នើនឹងលុយដែលយើងដេកស៊ីបីខែហ្នឹងដែរ។ វាមិនបានយកមកប៉ុណ្ណឹង គ្រប់គ្រាន់ទេ។ ប៉ុន្តែយើងសុខចិត្តបញ្ចប់ត្រឹមហ្នឹងទៅ ដើម្បីកុំឲ្យខាតពេលច្រើនទៀតអ៊ីចឹង ព្រោះដេកចាំក្នុងរោងចក្រហ្នឹង វាយូរដែរ។ ខ្ញុំសួរកម្មករគ្នាឯងអ៊ីចឹង គាត់ក៏ព្រមយកប៉ុណ្ណឹង បញ្ចប់ព្រោះអស់សមត្ថភាពដេកយាមហើយ ព្រោះភ្លើងក៏ផ្ដាច់ ទឹកក៏ផ្ដាច់ ខ្លាចមានបញ្ហា ដូចជំងឺគ្រុនឈាម»។
វិវាទការងាររវាងកម្មករ និងថៅកែរោងចក្រ អូសបន្លាយអស់រយៈពេលជាង ៣ខែហើយ ដោយសារថៅកែមិនបានបើកប្រាក់ឈ្នួល រួមនឹងប្រាក់រំលឹកអតីតភាពការងារឲ្យកម្មករទាន់ពេលវេលា គិតចាប់តាំងពីខែកក្កដាកន្លងមក។ ក្នុងកំឡុងពេលនោះ ក្រុមកម្មករធ្វើបាតុកម្មនៅមុខរោងចក្រ និងដាក់វេនគ្នាដេកយាមរោងចក្រ ដោយខ្លាចថៅកែលួចបញ្ជូនសម្ភារៈចេញពីរោងចក្រ។
រោងចក្រ (Hoeng Gin Garment Factory) ដែលមានទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ គឺជារោងចក្រ ដែលទទួលយកផលិតផលមិនទាន់សម្រេចពីរោងចក្រដទៃ មកផលិតបន្ត ដោយមានកម្មករធ្វើការសរុប ១៥០នាក់។ កម្មករមួយចំនួនជាកម្មករពេញសិទ្ធិធ្វើការចាប់ពី ៣ឆ្នាំដល់ ៩ឆ្នាំ កម្មករខ្លះជាប់កិច្ចសន្យារយៈពេលខ្លី និងកម្មករខ្លះទៀត ជាកម្មករទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃ៕
( កម្មកររោងចក្រ ហ៊ឹង ជីង (Hoeng Gin) ពេលនាំគ្នាទៅតវ៉ានៅមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ដើម្បីរកអន្តរាគមន៍ទៅថៅកែឱ្យបើកប្រាក់ឈ្នួល និងប្រាក់រំលឹកអតីតភាពការងារ។ រូប៖ សហជីព CCAWDU)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។