ប៉ូលិសហុងកុងចាប់បានគ្រឿងញៀនទម្ងន់ជាង ៥១គ.ក ដែលមានតម្លៃជាង ៤លានដុល្លារនៅក្នុងទំនិញមានប្រភពពីកម្ពុជា។
មន្ត្រីគយនៅហុងកុងបានរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ (Crystal Methamphetamine) នៅក្នុង កៅអីអង្គុយរបស់កុមារសម្រាប់ដាក់ក្នុងរថយន្ត (ឬ car seats) ចំនួន ៣២កៅអី ដែលដឹកជញ្ជូនតាមកប៉ាល់ចេញពីកម្ពុជា ទៅក្រុងហុងកុង។ ទំនិញទាំងនោះបានទៅដល់កំពង់ផែនៅហុងកុង កាលពីថ្ងៃទី១៨ ខែកុម្ភៈ។
គេហទំព័រផ្លូវការរបស់គយនៅក្រុងហុងកុងឱ្យដឹងថា បន្ទាប់ពីធ្វើការងារអស់រយៈពេល ១៧ថ្ងៃ ប៉ូលិសបានចាប់ខ្លួនបុរស ២នាក់កាលពីថ្ងៃអាទិត្យទី៧ ខែមីនា ពាក់ព័ន្ធនឹងទំនិញមានផ្ទុកគ្រឿងញៀន ដឹកចេញពីកម្ពុជានេះ។ ពេលនេះក្រុមប៉ូលិសកំពុងស្រាវជ្រាវបន្ត។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅអគ្គនាយកនៃអគ្គនាយកដ្ឋានគយ លោក គុណ ញឹម ជាច្រើនដងតែទូរស័ព្ទចូលគ្មានអ្នកទទួលនៅល្ងាចថ្ងៃទី១០ ខែមីនា។ ចំណែកអគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ក៏មិនអាចទាក់ទងបានដែរ។ អគ្គលេខាធិការនៃ អាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន លោក មាស វារិទ្ធិ ប្រាប់អាស៊ីសេរីថា នៅមិនទាន់មានព័ត៌មាននេះទៅដល់ដៃលោកនៅឡើយ។ រីឯលេខាធិការរងអាជ្ញាធរនេះលោក នាក់ យុទ្ធា ថ្លែងថា អាជ្ញាធរបានទទួលព័ត៌មាននេះហើយ ប៉ុន្តែមិនទាន់អាចបញ្ជាក់អ្វីបាននៅឡើយទេ។
ព័ត៌មានពីគយនៅហុងកុងអោយដឹងថា បុរសម្នាក់មានអាយុ ៣៣ឆ្នាំ ដែលត្រូវចាប់ខ្លួននោះមានតួនាទីជានាយកក្រុមហ៊ុនមួយ ដែលទើបបង្កើតថ្មី ដើម្បីដឹកជញ្ជូនទំនិញនោះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង មើលឃើញថានេះមិនមែនជាលើកទី១ ដែលកម្ពុជាជាប់ឈ្មោះថាជាប្រទេស ដែលទាក់ទងនឹងការជួញដូរគ្រឿងញៀនមានទំហំធំបែបនេះ។ លោកថាមកដល់ពេលនេះ អាជ្ញាធរនៅតែត្រូវពលរដ្ឋមើលឃើញថាពុំអាចវែកមុខអ្នកពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទាំងនេះបាន ឬអាចចាប់បានតែអ្នកប្រើប្រាស់ និងអ្នកជួញដូរតូចតាចតាមសហគមន៍។
ក្នុងរយៈពេល ១០ថ្ងៃក្នុងខែមីនានេះ កម្ពុជាបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណីនៅទូទាំងប្រទេស និងឃាត់ខ្លួនមនុស្ស ៥២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។