លោក ហោ ណាំហុង ដែលជាឧបនាយករដ្ឋមន្ត្រីដែរនោះ បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្នុងសន្និសីទកាសែត នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ភាគីកម្ពុជា នឹងទទួលបានជោគជ័យ ដោយសារតែកម្ពុជា មានឯកសារគ្រប់គ្រាន់ទទួលស្គាល់ជាអន្តរជាតិថា ប្រាសាទព្រះវិហារ និងដីទំហំ ៤,៦គីឡូម៉ែត្រក្រឡា នៅក្បែរប្រាសាទព្រះវិហារនោះ គឺជាកម្មសិទ្ធិរបស់កម្ពុជា។
លោក ហោ ណាំហុង៖ «ដូច្នេះ ចំណុច៣ ដែលយើងត្រូវចាប់អារម្មណ៍ គឺចំណុចទី១ អធិបតីភាពរបស់កម្ពុជា។ ចំណុចទី២ តំបន់ជុំវិញប្រាសាទព្រះវិហារ ទី៣ ក្នុងទឹកដីកម្ពុជា ហើយអធិបតេយ្យកម្ពុជា វាទាមទារឲ្យមានកំណត់ទឹកដីរបស់វា។ ធម្មតា អធិបតីភាពរបស់រដ្ឋនីមួយៗ មិនមែនស្ថិតនៅពាសណាពាសណីទេ ត្រូវតែមានកំណត់។ កំណត់នេះនៅកន្លែងណា? កំណត់នេះក្នុងអង្គហេតុតុលាការបានយល់ច្បាស់លាស់ក្នុងអង្គហេតុ គឺថាទឹកដីនៅជុំវិញប្រាសាទព្រះវិហារ តំបន់ជុំវិញប្រាសាទព្រះវិហារ គឺកំណត់ដោយផែនទីឧបសម្ពន្ធ១ ធ្វើឡើងដោយគណៈកម្មការចម្រុះបារាំង-សៀម ពីឆ្នាំ១៩០៤ ទៅឆ្នាំ១៩១៧»។
លោកបន្តថា ភាគីកម្ពុជា មានអ្នកជំនាញច្បាប់ និងអ្នកជំនាញផែនទីកម្ពុជា ទាំងបរទេស និងជាតិ សរុបចំនួន ១២នាក់។ សវនាការដោយផ្ទាល់មាត់រវាងភាគីកម្ពុជា និងថៃ នៅតុលាការយុត្តិធម៌អន្តរជាតិនោះ គឺមានរយៈពេល ៥ថ្ងៃ ចាប់ថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។